“តើកន្សែងកខ្វក់ដ៏តូចនេះ នឹងទៅជាយ៉ាងណា?”
ពួកទាហាននិងមេដឹកនាំ ព្រមទាំងកងរក្សាព្រះវិហាររបស់ជនជាតិយូដា នាំគ្នាចាប់ព្រះយេស៊ូហើយចងព្រះអង្គ។
ពេលនោះ លោកពីឡាត់បង្គាប់ឱ្យទាហានយកព្រះយេស៊ូទៅវាយនឹងរំពាត់ ហើយគេក៏ទះកំផ្លៀងព្រះអង្គ។
ប្រជាជនស្រែកថា “សូមឆ្កាងទៅ! សូមឆ្កាងទៅ!”
គេក៏ឆ្កាងព្រះអង្គនៅទីនោះ។
បងប្អូនជាទីស្រឡាញ់
តាមពិតព្រះយេស៊ូមិនបានលះបង់ខ្លួន ព្រះយេស៊ូអត់បានចោលតួនាទីរបស់ព្រះអង្គនៅក្នុងសួនកេតសេម៉ានី។ កាលនៅក្នុងសួនកេតសេម៉ានី ព្រះយេស៊ូបានសម្រេចចិត្តបំពេញព្រះហឫទ័យរបស់ព្រះជាម្ចាស់ ដែលជាព្រះបិតារបស់ព្រះអង្គ។ នៅក្នុងគម្ពីររបស់សន្តយូហាន ស្ដីអំពីការរងទុក្ខលំបាករបស់ព្រះយេស៊ូ ដែលយើងស្ដាប់អម្បាញ់មិញ យើងបានឃើញរឿងព្រះយេស៊ូរហូតដល់ចុងបញ្ចប់ បានកើតឡើងយ៉ាងសាហាវបំផុត។ គេចាប់ព្រះយេស៊ូ គេមើលងាយព្រះយេស៊ូ គេចំអកព្រះយេស៊ូ គេបង្ហាញការស្អប់ចំពោះព្រះយេស៊ូ គេប្រើអំពើហិង្សាទៅលើរូបកាយរបស់ព្រះយេស៊ូផ្ទាល់។ ចុងក្រោយបំផុត នៅពេលព្រះយេស៊ូនៅលើឈើឆ្កាង ពួកទាហានយកសម្លៀកបំពាក់របស់ព្រះអង្គមកចែកជាបួនចំណែក ដើម្បីចែកគ្នាម្នាក់មួយៗ។ រីឯអាវក្រហមទុំធំ ក៏ពួកគេចាប់ឆ្នោតដើម្បីចែកគ្នាដែរ។
យើងនឹករលឹកម្ដងទៀត នៅពេលព្រះយេស៊ូទៅដល់ភូមិបេតថានី នៅពេលនោះគេខ្លាចក្នុងការចែករំលែកទឹកក្រអូបយ៉ាងថ្លៃ។ ប៉ុន្តែ ថ្ងៃនេះគេមិនភ្លេចចែករំលែកអាវកម្សត់បំផុតរបស់ព្រះយេស៊ូដែលប្រឡាក់ឈាម។ ខ្ញុំជឿថានៅក្នុងអាវដែលគេកំពុងចែករំលែក មានកន្សែងដោយតូចដែលព្រះយេស៊ូបានប្រើដើម្បីជូតជើងរបស់ក្រុមសាវ័ក នៅក្នុងកម្មវិធីជប់លៀងចុងក្រោយពីយប់។ តាមពិតកន្សែងដ៏តូចនេះស្អុយនិងប្រឡាក់ ដោយអំពើបាបរបស់ពិភពលោកក៏ដូចជាអំពើបាបរបស់យើងដែរ។
បងប្អូនជាទីស្រឡាញ់
យប់នេះ នៅក្នុងភាពស្ងប់ស្ងាត់នៃដួងចិត្តរបស់យើង នៅក្នុងភាពស្ងៀមស្ងាត់នៃជីវិតរបស់យើងជាពេលវេលាដើម្បីសម្លឹងមើលព្រះយេស៊ូនៅលើឈើឆ្កាង។ កន្សែងដ៏តូចដែលប្រឡាក់និងស្អុយ ដោយសារអំពើបាបនៃពិភពលោក ដោយសារអំពើបាបរបស់យើងខ្ញុំនៅពេលនេះ ភ្ជាប់នៅលើឈើឆ្កាងជាមួយព្រះយេស៊ូ។ ឈើឆ្កាងនេះធ្ងន់ណាស់ ព្រះយេស៊ូបានដួលបីដង ដោយសារឈើឆ្កាងនេះគឺជាសញ្ញាសម្គាល់នៃអំពើឃោរឃៅ អំពើសាហាវ អំពើហិង្សា ការស្អប់ ការច្រណែន ដែលចេញពីដួងចិត្តរបស់មនុស្សយើង។ ព្រះយេស៊ូបានលីឈើឆ្កាងនេះ នៅពេលនេះព្រះយេស៊ូក៏ចាប់ឈើឆ្កាងហ្នឹងដែរ ។ នៅក្បែរឈើឆ្កាងនេះ មានតែក្រុមស្ត្រីដែលបានធ្វើដំណើរជាមួយព្រះយេស៊ូដោយមានចិត្តស្មោះ។ នៅក្នុងក្រុមស្ត្រីនោះ មានព្រះនាងម៉ារីដែលជាព្រះមាតារបស់ព្រះយេស៊ូ និងមានសាវ័កដ៏ជាទីស្រឡាញ់របស់ព្រះយេស៊ូដែរ។ ទាំងសាវ័កដ៏ជាទីស្រឡាញ់របស់ព្រះយេស៊ូ ទាំងមាតារបស់ព្រះយេស៊ូកំពុងស្រក់ទឹកភ្នែក ដោយមើលឃើញទុក្ខលំបាករបស់បុត្ររបស់ព្រះនាងម៉ារី ដែលកំពុងសោយទិវង្គតនៅក្នុងការឈឺចាប់បំផុត។ ទុក្ខលំបាករបស់ម្ចាស់ និងមិត្តសម្លាញ់ដ៏ពិសេសរបស់លោកយ៉ូហាន ដែលកំពុងសោយទិវង្គតនៅក្នុងការឈឺចាប់បំផុត។ ប៉ុន្តែ ព្រះយេស៊ូមើលសាវ័កដ៏ជាទីស្រឡាញ់ មើលក្រុមស្ត្រីដែលមានព្រះនាងម៉ារីជាមាតា មើលយើងទាំងអស់គ្នានៅក្នុងដង្ហើមចុងក្រោយរបស់ព្រះយេស៊ូ។ ពេលព្រះយេស៊ូលាងជើងដោយកន្សែងដ៏តូច ព្រះអង្គបានចាប់ផ្ដើមជម្រះចិត្តគំនិតរបស់យើង។ នៅពេលហ្នឹងមានតែព្រះនាងម៉ារី ប្រហែលមានតែលោកយូហានដែលបានយល់ អំពីសញ្ញាសម្គាល់ដែលព្រះយេស៊ូកំពុងបង្ហាញ។ ហេតុនេះហើយ ព្រះយេស៊ូគ្រីស្តនៅក្នុងដង្ហើមចុងក្រោយសុខចិត្តប្រទានព្រះនាងម៉ារី ធ្វើជាព្រះមាតារបស់យើង សុខចិត្តប្រទានសាវ័ករបស់ព្រះអង្គធ្វើជាគំរូ និងជាមិត្តសម្លាញ់របស់យើង ដើម្បីណែនាំឱ្យយើងអាចចូលនៅក្នុងអាថ៌កំបាំងនៃព្រះជន្មរបស់ព្រះបុត្រាបន្តិចម្ដងៗ។
បងប្អូនជាទីស្រឡាញ់
យប់នេះសូមយើងឈរនៅក្បែរឈើឆ្កាង កុំឱ្យយើងរត់ចេញ កុំឱ្យយើងគេចខ្លួន។ សូមឱ្យយើងទាំងអស់គ្នាមើលអ្នកដែលគេចាក់ ឱ្យយើងសម្លឹងមើលព្រះយេស៊ូគ្រីស្តនៅលើឈើឆ្កាង។ យប់នេះ សូមផ្ញើជីវិតរបស់យើងផ្ទាល់ទៅលើព្រះយេស៊ូ ដែលជាជីវិតពោរពេញដោយទុក្ខលំបាក និងពោរពេញដោយអំណរសប្បាយដែរ។ ជីវិតរបស់យើងដែលពោរពេញទៅដោយសេចក្ដីភ័យខ្លាច ក៏ប៉ុន្តែពោរពេញដោយសេចក្ដីសង្ឃឹមដែរ។ ជីវិតរបស់យើងដែលពោរពេញទៅដោយចំណង ហើយក៏ពេញដោយក្ដីសុបិននិងសេចក្ដីសង្ឃឹមសម្រាប់ថ្ងៃអនាគតដែរ ។ សូមកុំឱ្យយើងភ័យខ្លាច និងខ្លាចខ្ជះខ្ជាយពេលវេលារបស់យើងនៅក្បែរឈើឆ្កាង។ កុំឱ្យយើងភ័យខ្លាចដោយទុកព្រះយេស៊ូចោលនៅលើឈើឆ្កាង តែផ្ទុយទៅវិញសូមឱ្យយើងទុកព្រះយេស៊ូលាងជើងរបស់យើងដោយកន្សែងដ៏តូចរបស់ព្រះអង្គ។
រឿងព្រះយេស៊ូសោយទិវង្គតនៅលើឈើឆ្កាង ដែលយើងកំពុងប្រារព្ធយប់នេះ ជារឿងមួយដែលកើតឡើងកាលពីជាង២០០០ឆ្នាំមុន ។ ប៉ុន្តែ ជារឿងដែលកំពុងកើតពីមួយថ្ងៃទៅមួយថ្ងៃនៅក្នុងពិភពលោករបស់យើង។ សូមរំឭកអំពីធម្មទេសនារបស់ខ្ញុំកាលពីថ្ងៃអាទិត្យ ដែលខ្ញុំបានរំឭកអំពីអ្វីដែលយើងបានចោលដោយឥតមានប្រយោជន៍នៅក្នុងពិភពលោក។ យើងចោលម្ហូបអាហារ ទ្រព្យសម្បត្តិ សុខភាព លុយដើម្បីកសាងអាវុធ ដាំដំណាំផលិតគ្រឿងញៀន ដោយចោលនិងស្អប់នូវអ្វីដែលព្រះជាម្ចាស់បានប្រទាន ជាពិសេសចូលពេលវេលាដ៏សំខាន់ដែលយើងអាចទុកសម្រាប់ព្រះជាម្ចាស់ និងសម្រាប់បងប្អូនឯទៀតៗនៅក្នុងជីវិតរបស់យើង។
យប់នេះ ចូរយើងនាំគ្នាមើលព្រះយេស៊ូគេចាក់នៅលើឈើឆ្កាង ចូលផ្ញើប្រទេសនិងពិភពលោករបស់យើងដែលកំពុងប្រឆាំងនឹងកូវី-១៩។ ចូរយើងផ្ញើភាពអយុត្តិធម៌ និងការបាត់បង់តម្លៃថ្លៃថ្នូរនៃជីវិតរបស់មនុស្សមួយចំនួននៅក្នុងពិភពលោក។ ចូរផ្ញើប្រទេសភូមា និងប្រទេសនានាដែលកំពុងជាប់នឹងសង្រ្គាម។ ចូរផ្ញើស្ត្រីមេម៉ាយ មនុស្សកម្សត់ទុគ៌ត ក្មេងកំព្រាដែលគេកំពុងប្រើប្រាស់និងធ្វើបាបពីមួយថ្ងៃទៅមួយថ្ងៃ។ ចូរយើងផ្ញើយុវជនយុវនារីដែលគ្មានសេចក្ដីសង្ឃឹមនៅថ្ងៃអនាគត។ ផ្ញើចាស់ជរាដែលនៅក្នុងសង្គមបច្ចុប្បន្ននេះបានបោះបង់ចោល និងផ្ញើទុក្ខលំបាកទាំងអស់ទៅលើព្រះយេស៊ូនៅលើឈើឆ្កាង។
បងប្អូនជាទីស្រឡាញ់
យប់នេះយើងនាំគ្នាមើលព្រះយេស៊ូ ដែលត្រូវគេចាក់នៅលើឈើឆ្កាងដោយផ្ញើជីវិតរបស់យើងផ្ទាល់ ដែលជាជីវិតដ៏តូចតាចប៉ុន្តែជាជីវិតដែលមានតម្លៃ នៅក្នុងព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់ដែលជាព្រះបិតារបស់យើង។
យប់នេះយើងចូលនៅក្នុងភាពស្ងៀមស្ងាត់នៃផ្នូររបស់ព្រះយេស៊ូ និងប្រហែលយើងសួរខ្លួនឯងតើកន្សែងដ៏តូចតាចដែលប្រឡាក់នឹងស្អុយទៅជាយ៉ាងណា?
+ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ
អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ
ប្រទេសកម្ពុជា