អាលេលូយ៉ា! អាលេលូយ៉ា!
បងប្អូនជាទីស្រឡាញ់ !
នៅពេលនេះយើងពោរពេញដោយអំណរសប្បាយ ជាពិសេសរួមជាមួយនាងម៉ារីម៉ាដាឡា នាងម៉ារីដែលជាម្ដាយលោកយ៉ាកុប នាងសាឡូមេដែលបានទិញគ្រឿងក្រអូប យកទៅអប់ព្រះសពព្រះយេស៊ូ។
នៅថ្ងៃស្អែកពេលព្រឹក យើងនឹងស្តាប់អត្ថបទពីសន្តយ៉ូហាន ដែលស្ដីអំពីសាវ័កពីរនាក់ គឺលោកសិលា និងលោកយ៉ូហាន ដែលធ្វើដំណើរទៅដល់ផ្នូររបស់ព្រះយេស៊ូ។ នៅពេលគេមើលឃើញផ្នូរហើយ គេមិនឃើញសពព្រះយេស៊ូទេ។ គេសម្លឹងមើលសំពត់ស្នបនៅទីនោះ និងក្រណាត់ដែលគេគ្របព្រះសិរសាព្រះអង្គមូលទុកដោយឡែក។
នៅពេលដែលយើងស្ដាប់ក្រុមស្ត្រីៗ ដែលកំពុងទិញទឹកក្រអូបម្ដងទៀត គឺដូចនៅក្នុងភូមិបេតថានី ដែលមានរឿងទាក់ទងទៅនឹងទឹកក្រអូបម្ដងទៀត។ នៅពេលយើងស្ដាប់រឿងក្រុមគ្រីស្តទូតដែលចូលនៅក្នុងផ្នូរឃើញតែសំពត់មួយ និងក្រណាត់ដែលគេគ្របព្រះសិរសាព្រះយេស៊ូ។ ប្រហែលជាយើងគិតថា លោកអភិបាលមានរឿងមួយទៀតដែលទាក់ទងទៅនឹងក្រណាត់ដ៏តូចតាចដែលស្អុយ។ តាមពិត នៅក្នុងរាត្រីដ៏ពិសិដ្ឋនេះ យើងបានចូលនៅក្នុងភាពងងឹតនៃភាពស្ងៀមស្ងាត់របស់ព្រះយេស៊ូដែលសោយទិវង្គត ។ យប់នេះ យើងជួបជុំគ្នានៅខាងមុខភ្លើង បន្តិចទៀតយើងជួបជុំគ្នានៅមុខទឹកដើម្បីប្រារព្វពិធីដ៏អស្ចារ្យមួយគឺ អាថ៌កំបាំងនៃជំនឿរបស់យើង ព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ គឺបានរស់ឡើងវិញពីចំណោមមនុស្សស្លាប់ទាំងអស់។
បងប្អូនជាទីស្រឡាញ់!
យើងបានទទួលជីវិតថ្មីតាមរយៈភ្លើងអម្បាញ់មិញ ភ្លើងដែលជម្រះចិត្តគំនិត បន្តិចទៀតយើងទទួលជីវិតថ្មីតាមរយៈទឹក ដែលនាំឱ្យយើងគិតសារជាថ្មី។ ពិតមែនរាត្រីដ៏វិសុទ្ធនេះ យើងពោរពេញដោយអំណរសប្បាយដ៏ពេញលក្ខណៈ ដោយប៉ុន្មានថ្ងៃកន្លងមកយើងចូលនៅក្នុង ភាពក្បត់ អំពើហិង្សា អំពើស្អប់ និងទុក្ខលំបាករបស់ព្រះយេស៊ូ។ ប៉ុន្តែយប់នេះ គឺជាក្ដីសង្ឃឹម ជាជីវិត ជាកម្លាំងកាយកម្លាំងចិត្ត ដែលមកពីព្រះជាម្ចាស់នៅក្បែរយើង ។
យប់នេះទឹកក្រអូបដែលស្ត្រីបានប្រើនៅភូមិបេតថានី ទៅជាទឹកក្រអូបរបស់ព្រះយេស៊ូដែលមានព្រះជន្មរស់ឡើងវិញនៅពេញពិភពលោក នៅទីនេះ និងនៅពេលនេះ។
ដូច្នេះយើងមិនត្រូវការទិញទឹកក្រអូបថែមទៀត ដើម្បីជូតជើងព្រះយេស៊ូទេ តាមពិតយើងអត់ត្រូវការក្រុមស្ត្រីៗ ដើម្បីយកទឹកក្រអូបមកអប់ព្រះសពព្រះយេស៊ូទេ ដោយសារនៅពេលនេះផ្នូរនៅទទេហើយ។
តាមពិតកំណាត់ដ៏តូចដែលស្អុយ ដែលព្រះយេស៊ូបានប្រើដើម្បីលាងជើងរបស់ក្រុមសាវ័ក ដែលប្រើរាល់ថ្ងៃដើម្បីលាងជើងរបស់យើង នៅពេលនេះកំណាត់សំពត់នោះនៅក្នុងផ្នូរហើយ។ ប៉ុន្តែ នៅពេលនេះក្រណាត់នោះដូចយើងមានព្រះភ័ក្រ្តរបស់ព្រះយេស៊ូ យើងមានរូបកាយរបស់ព្រះយេស៊ូ ដែលភ្ជាប់ទៅនឹងក្រណាត់សំពត់ហ្នឹង។ ហេតុនេះហើយ យើងមិនការលាងកំណាត់សំពត់នេះ យើងមិនត្រូវការជម្រះក្រណាត់នេះ។ ដោយសារក្រណាត់នេះ បានភ្ជាប់ជាមួយនឹងរូបកាយ និងព្រះភ័ក្រ្តរបស់ព្រះយេស៊ូ និងនៅពេលនេះរូបកាយរបស់ព្រះយេស៊ូ មានព្រះជន្មរស់ឡើងវិញ នៅពេលនេះរូបកាយ និងព្រះភ័ក្រ្តរបស់ព្រះយេស៊ូជាប់នៅលើក្រណាត់នេះអស់កល្បជានិច្ច ។
បងប្អូនជាទីស្រឡាញ់
យប់នេះ យើងឆ្លងពីភាពងងឹតឆ្ពោះទៅរកពន្លឺនៃព្រះអាទិត្យ គឺព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ យប់នេះយើងឆ្លងពីអំពើបាបដែលសម្លាប់យើងពីមួយថ្ងៃទៅមួយថ្ងៃ ដើម្បីចូលទៅក្នុងជីវិតថ្មីដែលជាជីវិតអស់កល្បជានិច្ច។ ជាពិសេស សម្រាប់បងប្អូនដែលបានធ្វើជំហានទី២ បន្តិចទៀតបងប្អូននឹងទទួលអគ្គសញ្ញាជ្រមុជទឹក នៅក្នុងទឹកដ៏មានជីវិត នៅក្នុងភ្លើងនៃព្រះវិញ្ញាណដ៏វិសុទ្ធ ។
ពិតមែនបងប្អូនដែលជាបេក្ខជន បន្តិចទៀតនឹងមានក្លិនដ៏ក្រអូបបំផុត ដោយសារទទួលប្រេងពិសិដ្ឋ ដែលជាប្រេងដែលមិនអាចដាក់តម្លៃលក់បាន ជាប្រេងដែលយើងក្បត់មិនបាន។ ដោយសារប្រេងនេះ នាំឱ្យព្រះហស្ថរបស់ព្រះអង្គ សញ្ញាសម្គាល់របស់ព្រះអង្គ តាមរយៈអគ្គសញ្ញាជ្រមុជទឹក បានឆ្លាក់នៅក្នុងខ្លួនរបស់យើងអស់កល្បជានិច្ច ដែលយើងលុបមិនបាន។ បន្តិចទៀតបងប្អូននឹងស្អាតបំផុត ដោយសារបំពាក់អាវសដែលគ្មានប្រឡាក់ ជាអាវសដែលមានតែរូបរបស់ព្រះយេស៊ូផ្ទាល់ រូបកាយរបស់ព្រះយេស៊ូ ព្រះសិរសារបស់ព្រះយេស៊ូដែលមានព្រះជន្មរស់ឡើងវិញ។ អាវសនេះ បំពាក់ដើម្បីទទួលជីវិតអស់កល្បជានិច្ច និងជាពិសេសទទួលព្រះកាយព្រះគ្រីស្តនៅលើកទីមួយ នៅក្នុងអគ្គសញ្ញាទទួលព្រះកាយព្រះគ្រីស្តនៅក្នុងយប់នេះ។
ដូច្នេះនៅពេលនេះ ខ្ញុំអធិដ្ឋានអធិដ្ឋានយ៉ាងជិតស្និទ្ធបំផុត ជាមួយបងប្អូនដែលជាបេក្ខជនទទួលពិធីជ្រមុជទឹកនៅក្នុងយប់ដ៏សុខសាន្តនេះ យប់ដ៏វិសុទ្ធនេះ។ ជាពិសេស ខ្ញុំអធិដ្ឋានសម្រាប់បងប្អូនដែលទទួលអគ្គសញ្ញាជ្រមុជទឹកមិនបាន ដោយសារកូវីដ-១៩ បានផ្ទុះកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ជាពិសេសនៅក្នុងរាជធានីភ្នំពេញ ខេត្តកណ្ដាល និងខេត្តព្រះសីហនុ។ ខ្ញុំអធិដ្ឋានសម្រាប់បងប្អូនទាំងអស់ ដែលកំពុងភ្ជាប់ជាមួយយើងខ្ញុំតាមហ្វេសប៊ុក តាមយូធូប ដែលមិនមានឱកាសចូលអភិបូជាដើម្បីអធិដ្ឋាន និងជាពិសេសនៅក្នុងរាត្រីដ៏វិសុទ្ធនេះ។ ខ្ញុំអធិដ្ឋានរួមជាមួយលោកឪពុកជាទីស្រឡាញ់ ដែលយប់នេះលោកឪពុកបានថ្វាយអភិបូជាតែម្នាក់ឯង ឬជាមួយបងប្អូនគ្រីស្តបរិស័ទបន្តិចបន្ទួច ខ្ញុំអធិដ្ឋានជាមួយក្រុមគ្រួសារ ដែលភ្ជាប់ជាមួយយើង ដែលនៅសល់តែអភិបូជាដែលយើងកំពុងផ្សព្វផ្សាយ ដើម្បីចូលនៅក្នុងជីវិតថ្មីដែលយើងទទួលពីព្រះជាម្ចាស់។ ប៉ុន្តែ ទោះបីយប់នេះយើងមានការភ័យខ្លាច មានការឈឺចាប់ មានឧបសគ្គនានាជាច្រើន ដែលជំងឺកូវីដ-១៩ បានកើតឡើងនៅក្នុងជីវិតរបស់យើង ក្នុងសង្គមរបស់យើង។ ប៉ុន្តែ យប់នេះព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ អាលេលូយ៉ា! អាលេលូយ៉ា!។
នៅក្នុងប្រទេសកម្ពុជាក៏ដូចជាពិភពលោកទាំងមូល ដែលត្រូវការបិទភ្លើង មិនចេញធ្វើដំណើរពីម៉ោង៨យប់ដល់ម៉ោង៦ព្រឹក ក៏យើងនៅតែមិនអាចបិទដំណឹងល្អដែលប្រកាសថា ព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ អាលេលូយ៉ា! អាលេលូយ៉ា!។
ពិតមែនដំណឹងល្អនេះ ណែនាំឱ្យយើងពោរពេញដោយសេចក្ដីសង្ឃឹម និងរំពេចនោះភាពងងឹតនៃស្បៃរាត្រីនេះនឹងភ្លឺ។ ដោយភាពងងឹតនៃជីវិតរបស់យើងរលត់អស់ហើយ ដោយសារយើងដឹងថា យើងជឿថាព្រះជាម្ចាស់មិនលះបង់ចោលយើង ព្រះជាម្ចាស់បានឱ្យព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ និងយើងអាចទីពឹងលើព្រះជាម្ចាស់នៅគ្រប់កាលៈទេសៈនៃជីវិតរបស់យើង ដើម្បីការពារថែរក្សាសេចក្ដីសង្ឃឹមតទៅមុខទៀត។
ជីវិតត្រូវតែបន្ត នៅក្នុងយប់នេះពន្លឺយ៉ាងត្រចះត្រចង់ រួមជាមួយបងប្អូនដែលនឹងទទួលពិធីជ្រមុជទឹក ដែលជាសញ្ញាមួយដ៏ស្អាតបំផុត ដែលណែនាំឱ្យយើងមើលឃើញព្រះហឫទ័យស្រឡាញ់របស់ព្រះជាម្ចាស់។ យប់នេះយើងលែងភ័យខ្លាចហើយ យប់នេះយើងពោរពេញដោយសេចក្ដីក្លាហាន ពោរពេញដោយចិត្តអង់អាច គំនិតថ្មីៗច្នៃប្រឌិតដើម្បីឱ្យសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ អាចកើតឡើងនៅពេលនេះ នៅថ្ងៃនេះ នៅទីនេះ តាមរយៈសិរីភាពដែលយើងផ្ដល់នៅក្នុងព្រះសហគមន៍នីមួយៗ តាមភូមិនីមួយៗរបស់យើង គឺដល់បងប្អូនថែមទៀត។
យប់នេះយើងមានកម្លាំង ដោយសារយើងមានសេចក្ដីសង្ឃឹម យើងដឹងថាជីវិតបានភ្ជាប់សេចក្ដីសង្ឃឹមនេះ។ នៅក្នុងភូមិភាគភ្នំពេញទាំងមូលនៅថ្ងៃនេះ ខ្ញុំអញ្ជើញយ៉ាងឱឡារឹកដល់បូជាចារ្យទាំងអស់ ក្រុមបុព្វជិតបុព្វជីតាទាំងអស់ ព្រះសហគមន៍នីមួយៗនៅក្នុងភូមិភាគយើងទាំង៤៩កន្លែង យុវជន យុវនារី កូនក្មេង ជំទង់ ការិយាល័យនីមួយៗ ការិយាល័យអប់រំជំនឿ ការិយាល័យផ្សព្វផ្សាយព័ត៌មាន ការិយាល័យអប់រំសិក្សា សិល្បៈ សហគ្រិនសង្គម គ្រីស្តបរិស័ទដែលជាអ្នកស្ម័គ្រចិត្តបម្រើព្រះសហគមន៍ និងអង្គការនីមួៗ ឱ្យភ្ញាក់ឡើងដើម្បីនៅក្នុងខែខាងមុខនេះ ឱ្យយើងទៅជាតួអង្គយ៉ាងសកម្មបំផុត ដើម្បីសាងសង់សារជាថ្មីនូវ វិស័យការសិក្សា វិស័យសង្គម វិស័យសេដ្ឋកិច្ច វិស័យវប្បធម៌ និងជាពិសេសតាមផ្លូវវិញ្ញាណទូទាំងប្រទេសកម្ពុជា នៅកន្លែងដែលយើងរស់នៅ។ តាមពិត យើងរៀងៗខ្លួននៅក្នុងជំនាញរបស់យើងផ្ទាល់ មានសមត្ថភាពជាច្រើន ដើម្បីណែនាំឱ្យបងប្អូនដែលបាត់បង់នូវសេចក្ដីសង្ឃឹម ឆ្លងផ្លូវនៃភាពងងឹត ដើម្បីរកឃើញជីវិតសាជាថ្មី។ យើងជាមនុស្ស ដែលមានសមត្ថភាពជាច្រើន ដើម្បីណែនាំបងប្អូនដែលបាត់បង់អ្វីៗទាំងអស់ ដោយសារកូវីដ-១៩ អាចរកឃើញសេចក្ដីសង្ឃឹមសាជាថ្មី។
ខ្ញុំសង្ឃឹមនៅក្នុងភូមិភាគភ្នំពេញរបស់យើងទាំងមូល ព្រះសហគមន៍របស់យើងទៅជាសញ្ញាសម្គាល់នៃជីវិត ដែលយប់នេះយើងប្រារព្វដោយភ្លើងដែលនាំឱ្យយើងមានកម្លាំងដ៏ពេញលក្ខណៈ ដើម្បីទៅជាមិត្តសម្លាញ់របស់ព្រះយេស៊ូ និងគ្រីស្តទូតដែលប្រកាសដំណឹងល្អដ៏ពិតប្រាកដមែន។
ដូច្នេះនៅក្នុងភូមិភាគភ្នំពេញទាំងមូល តាមស្ថាប័ននីមួយៗ តាមព្រះសហគមន៍នីមួយៗ តាមការិយាល័យនីមួយៗ តាមកម្លាំងដែលយើងមានគ្រប់ទីកន្លែង យើងនឹងរៀបចំផែនការយ៉ាងច្បាស់លាស់ នៅពេលបរិយាកាសដ៏ពិបាកនៃកូវីដ-១៩កន្លងផុតទៅ ដើម្បីឱ្យជីវិតឈ្នះ ឈ្នះ និងឈ្នះទៀត។
អាលេលូយ៉ា! អាលេលូយ៉ា! ព្រះយេស៊ូគ្រីស្តមានព្រះជន្មរស់ឡើងវិញ សូមឱ្យក្លិនក្រអូបរបស់ព្រះអង្គនៅពេញខ្លួនខ្ញុំ សូមឱ្យក្រណាត់បរិសុទ្ធដែលមានរូបរាងរបស់ព្រះយេស៊ូផ្ទាល់ នៅលើខ្លួនរបស់ខ្ញុំអស់តជានិច្ច។ អាលេលូយ៉ា! អាលេលូយ៉ា!៕
+ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ
អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ
ប្រទេសកម្ពុជា