រហូតដល់សព្វថ្ងៃ រដ្ឋាភិបាលត្រូវការប្រើអំណាចយ៉ាងខ្លាំង ដើម្បីឱ្យប្រជាជនយល់ ដើម្បីឱ្យប្រជាជនយកចិត្តទុកដាក់ ហើយការទទួលបានជោគជ័យលើវីរុសកូវីដ១៩នេះមិនមែនអាស្រ័យលើក្រសួងសុខាភិបាល ឬរដ្ឋាភិបាល ឬអាជ្ញាធរ ប៉ុន្តែគឺលើបុគ្គលម្នាក់ៗដែលត្រូវតែយកចិត្តទុកដាក់។ នេះជាការថ្លែងឡើងរបស់ លោកអភិបាល អូលីវីយ៉េ ជីតហរស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ។
លោកបានលើកឡើងដូចនេះក្នុងអភិបូជាសប្តាហ៍ទីបីនៃរដូវបុណ្យចម្លង ពីព្រះសហគមន៍សន្តីម៉ារីញញឹម ចំការទៀងថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ «គ្រីស្តបរិស័ទម្នាក់ជាសង្គហៈមួយរូប»។
លោកអភិបាល អូលីវីយ៉េថ្លែងថា ដូចយើងបានស្តាប់អត្ថបទទីពីរ តាមរយៈសន្តយ៉ូហានព្រះយេស៊ូបានរំលឹកអំពីធម្មវិន័យ ធម្មវិន័យ របស់ព្រះអង្គគឺឱ្យយើងធ្វើដូចម្តេចដើម្បីរស់នៅក្នុងធម្មវិន័យនេះ។
លោកថា៖ «មានន័យថា យើងស្រឡាញ់គ្នាទៅវិញទៅមកដូចព្រះយេស៊ូបានស្រឡាញ់យើង។ ប្រសិនបើមានអ្នកណាពោលថាខ្ញុំស្គាល់ព្រះអង្គហើយ តែមិនកាន់តាមធម្មវិន័យរបស់ព្រះអង្គ អ្នកនោះនិយាយកុហក ហើយសេចក្តីពិតមិនស្ថិតនៅក្នុងខ្លួនគេទេ»។
លោកថា ព្រះយេស៊ូមិនប្រើអំណាចដើម្បីឱ្យយើងដើរតាមធម្មវិន័យរបស់ព្រះអង្គ ប៉ុន្តែព្រះយេស៊ូដូចជាមានរបៀបមួយដែរ ដើម្បីឱ្យយើងភ្ញាក់ស្មារតី។ ប្រសិនបើយើងមិនដើរតាមធម្មវិន័យរបស់ព្រះយេស៊ូ យើងត្រូវតែស្ថិតនៅក្នុងទុក្ខលំបាកនិងវេទនា។ ផ្ទុយទៅវិញប្រសិនបើយើង ដើរតាមធម្មវិន័យរបស់ព្រះយេស៊ូ យើងស្ថិតក្នុងសេចក្តីសុខ និងសេចក្តីសង្ឃឹម ដោយដឹងថាព្រះជាម្ចាស់ និងសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ ភ្ជាប់នឹងយើង។
លោកអភិបាល អូលីវីយ៉េ បានធ្វើការប្រៀបធៀបនឹងបញ្ហាដែលកើតឡើងសព្វថ្ងៃក្នុងប្រទេសកម្ពុជាដែរ ដោយតាមពិតវិន័យ ច្បាប់ មិនត្រូវតែអនុវត្តន៍ដោយសារគេគំរាម ឬដោយសារគេបង្ខំ ប៉ុន្តែវាជាធម្មជាតិរបស់ពលរដ្ឋម្នាក់ៗ។
លោកបានមានប្រសាសន៍ថា ៖ «ច្បាប់ដែលយើង មាននៅក្នុងប្រទេសនីមួយៗ មិនមែនដើម្បីធ្វើបាបប្រជារាស្រ្ត ច្បាប់នីមួយៗគឺដើម្បីឱ្យប្រជារាស្ត្ររស់នៅក្នុងសេចក្តីសុខ រស់នៅក្នុងសុខដុមរមនា លុះត្រាតែប្រជាជនម្នាក់ៗយកចិត្តទុកដាក់ គោរពច្បាប់ហ្នឹង»។
នៅក្នុងរដូវកូវីដ-១៩នេះ រដ្ឋាភិបាលបានបង្កើតច្បាប់ថ្មីៗ ប៉ុន្តែច្បាប់ថ្មីៗទាំង នេះមិនមែនដើម្បីដាក់ពិន័យទេ ប៉ុន្តែពិន័យប្រសិនបើយើងមិនបានអនុវត្តន៍មែន។ប្រសិនបើបុគ្គលម្នាក់មានការទទួលខុសត្រូវខ្ពស់ នៅក្នុងការអនុវត្តវិន័យនិងច្បាប់ដែលយើងមានសព្វថ្ងៃ យើងដឹងថាប្រហែលយើងអាចទៅមុខបាន។ បើម្នាក់ៗមិនគោរពច្បាប់ឬវិន័យនេះទេ វានឹងជះឥទ្ធិពលដល់ប្រទេសយើងទាំងមូល មិនមែនតែសម្រាប់ទីក្រុងភ្នំពេញប៉ុណ្ណោះទេ។
លោកអភិបាលរូបនេះបានបន្ថែមថា បុគ្គលគ្រប់រូបត្រូវគិតពិចារណាអំពីរបៀបដែលយើងត្រូវតែធ្វើរហូតដល់សព្វថ្ងៃដើម្បីឱ្យយើងស្តាល់ច្បាប់ថ្មីៗ ដែលទើបតែបង្កើតឡើង និងត្រូវតែចាប់អ្នកដែលល្មើស។ ដូចយើងបានឃើញនៅទីក្រុងភ្នំពេញ យើងមានទាហាន ប៉ូលីស ច្រើនណាស់ ដើម្បីចាប់ប្រជាជនដែលមិនបានអនុវត្តន៍និងគោរពតាម ច្បាប់ថ្មីៗនោះ។
លោកថា ៖ «យើងកុំគិតថាយើងអាចគេចខ្លួនបាន មិនមានមនុស្សណាម្នាក់ដែលមានអំណាចអាចនៅលើច្បាប់បានទេ_ច្បាប់ណែនាំឱ្យយើងរស់នៅក្នុងក្តីសុខដុមរមនា រស់នៅក្នុងសេចក្តីសុខ។ ដូចព្រះយេស៊ូមានព្រះបន្ទូលថ្ងៃនេះ ធម្មវិន័យរបស់ព្រះយេស៊ូគឺបានណែនាំឱ្យយើង មានសេចក្តីសុខ លុះត្រាតែយើងគោរពធម្មវិន័យហ្នឹង»។
លោកអភិបាល អូលីវីយ៉េ ថា ៖ «ព្រះយេស៊ូមិនបានប្រើអំណាច ប៉ុន្តែប្រសិនបើយើងចាប់អារម្មណ៍ ព្រះយេស៊ូបានគំរាមយើងដែរ។ អ្នកណាមិនធ្វើតាមធម្មវិន័យ អ្នកនោះត្រូវតែវេទនា អ្នកណាមិនគោរពតាមធម្មវិន័យ អ្នកនោះជាអ្នកដែលនិយាយកុហក និងឥតមានសេចក្តីពិតស្ថិតស្ថេរទេ»។
លោកថា ប្រសិនបើបងប្អូនទាំងអស់គ្នា ចង់មានសេចក្តីសុខ ឱ្យយើងយកចិត្តទុកដាក់រួមជាមួយគ្នា ជាពិសេសយើងដែលជាគ្រីស្តបរិស័ទ នៅក្នុងភូមិភាគភ្នំពេញទាំងមូល ដើម្បីធ្វើតាមច្បាប់របស់រដ្ឋ ដើម្បីផលប្រយោជន៍រួម និងឱ្យយើងធ្វើតាមធម្មវិន័យរបស់ព្រះយេស៊ូ ដែលអញ្ជើញយើងឱ្យយើងចេះស្រឡាញ់គ្នាទៅវិញទៅមកដូច ព្រះយេស៊ូបានស្រឡាញ់យើង៕