លោកអូលីវីយ៉េ​ ៖ «​ច្បាប់​ដែល​យើង​​មាននៅ​ក្នុង​ប្រទេស​នីមួយៗ​ ​មិនមែន​ដើម្បី​ធ្វើបាប​ប្រជា​រា​ស្រ្តទេ​ ​ច្បាប់​នីមួយៗ​​​ដើម្បី​ឱ្យ​ប្រជារាស្ត្រ​​រស់នៅ​ក្នុង​សេចក្តី​សុខ»

រហូតដល់​សព្វថ្ងៃ​ ​រដ្ឋាភិបាល​ត្រូវ​ការប្រើអំណាច​យ៉ាង​ខ្លាំង​ ​ដើម្បី​ឱ្យ​ប្រជាជន​យល់​ ​ដើម្បី​ឱ្យ​ប្រជា​​ជន​យកចិត្តទុកដាក់​ ហើយ​ការ​ទទួល​បាន​ជោគជ័យលើវីរុសកូវីដ១៩​នេះ​មិន​មែន​អាស្រ័យ​លើក្រសួងសុខាភិបាល​ ឬរដ្ឋាភិបាល ឬអាជ្ញាធរ​ ​ប៉ុន្តែគឺ​លើ​​បុគ្គល​ម្នាក់ៗ​ដែល​​ត្រូវតែ​យកចិត្តទុកដាក់​។​ នេះជាការ​ថ្លែងឡើង​របស់ លោកអភិបាល ​អូ​លី​វី​យ៉េ ​ជី​ត​ហ​រ​ស្លេ ​អភិបាល​ព្រះ​សហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ​។ លោក​បានលើកឡើងដូចនេះ​ក្នុង​អភិបូជា​ស​ប្តាហ៍ទីបី​នៃ​រដូវ​បុណ្យ​ចម្លង​ ​ពី​ព្រះ​សហគមន៍​សន្តី​ម៉ា​រី​ញញឹម​ ​ចំការ​ទៀង​ថ្ងៃ​ទី​១​៨​ ​ខែ​មេសា​ ​ឆ្នាំ​២​០​២​១ «​គ្រី​ស្ត​បរិស័ទ​ម្នាក់​ជា​សង្គហៈ​មួយ​រូប​»។លោកអភិបាល អូលីវីយ៉េ​ថ្លែងថា ​ដូច​យើង​បាន​ស្តាប់​អត្ថបទ​ទីពីរ​ ​តាមរយៈ​សន្ត​យ៉ូ​ហាន​ព្រះ​យេស៊ូ​បាន​រំលឹក​អំពី​ធម្ម​វិ​ន័យ​ ​ធម្ម​វិ​ន័យ​ ​របស់​ព្រះអង្គ​គឺ​ឱ្យ​យើង​ធ្វើ​ដូចម្តេច​ដើម្បី​រស់នៅ​ក្នុង​ធម្ម​វិ​ន័យ​នេះ​។ លោកថា៖ «​មានន័យ​ថា​ យើង​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅមក​ដូច​ព្រះ​យេស៊ូ​បាន​ស្រឡាញ់​យើង​។ ​ប្រសិនបើ​មាន​អ្នកណា​ពោលថា​ខ្ញុំ​ស្គាល់​ព្រះអង្គ​ហើយ​ ​តែ​មិន​កាន់​តាម​ធម្ម​វិ​ន័យ​របស់​ព្រះអង្គ​ ​អ្នកនោះ​និយាយ​កុហក​ ​ហើយ​សេចក្តីពិត​មិន​ស្ថិតនៅ​​ក្នុង​ខ្លួន​គេ​ទេ​»​។​  លោកថា ​ព្រះ​យេស៊ូ​មិន​ប្រើអំណាច​​ដើម្បី​ឱ្យ​យើង​ដើរតាម​ធម្ម​វិ​ន័យ​របស់​ព្រះអង្គ​ ​ប៉ុន្តែ​​ព្រះ​យេស៊ូ​ដូចជា​មាន​របៀប​មួយ​ដែរ​ ​ដើម្បី​ឱ្យ​យើង​ភ្ញាក់ស្មារតី​។ ​ប្រសិនបើ​យើង​មិន​ដើរតាម​ធម្ម​វិ​ន័យ​របស់​ព្រះ​យេស៊ូ​ ​យើង​ត្រូវតែ​ស្ថិតនៅ​ក្នុង​ទុក្ខ​លំបាក​និង​វេទនា។​ ​ផ្ទុយទៅវិញ​ប្រសិនបើ​យើង​ ​ដើរតាម​ធម្ម​វិ​ន័យ​របស់​ព្រះ​យេស៊ូ​ ​យើង​ស្ថិត​ក្នុង​សេចក្តី​សុខ​ ​និង​សេចក្តីសង្ឃឹម​ ​ដោយ​ដឹង​​ថា​ព្រះជាម្ចាស់​ ​និង​សេចក្តី​ស្រឡាញ់​របស់​ព្រះជាម្ចាស់​ ភ្ជាប់នឹង​យើង​។​លោក​អភិបាល​ ​អូ​លី​វី​យ៉េ  បាន​ធ្វើ​ការ​​ប្រៀបធៀប​នឹង​បញ្ហា​ដែល​កើតឡើង​សព្វថ្ងៃ​ក្នុង​ប្រទេស​កម្ពុជាដែរ​​ ដោយ​​តាមពិត​វិ​ន័យ​ ​ច្បាប់​ ​មិន​ត្រូវតែ​អនុវត្ត​ន៍​ដោយសារ​គេ​​គំរាម​ ​ឬ​ដោយសារ​គេ​បង្ខំ​ ​ប៉ុន្តែ​វាជា​ធម្មជាតិ​របស់​​ពលរដ្ឋ​ម្នាក់ៗ​។​  លោក​បានមានប្រសាសន៍ថា ៖ «​ច្បាប់​ដែល​យើង​ ​មាននៅ​ក្នុង​ប្រទេស​នីមួយៗ​ ​មិនមែន​ដើម្បី​ធ្វើបាប​ប្រជា​រា​ស្រ្ត ​ច្បាប់​នីមួយៗ​គឺ​ដើម្បី​ឱ្យ​ប្រជារាស្ត្រ​​រស់នៅ​ក្នុង​សេចក្តី​សុខ​ ​រស់នៅ​ក្នុង​សុខដុម​រម​នា​ ​លុះត្រាតែ​ប្រជាជន​ម្នាក់ៗ​យកចិត្តទុកដាក់​ ​គោរពច្បាប់​ហ្នឹង»​។​  ​នៅ​ក្នុង​រដូវ​កូ​វី​ដ​-​១​៩​នេះ​ ​រដ្ឋាភិបាល​បាន​បង្កើត​ច្បាប់​ថ្មីៗ​ ​ប៉ុន្តែ​ច្បាប់​ថ្មីៗ​ទាំង​ ​នេះ​មិនមែន​ដើម្បី​ដាក់​ពិន័យទេ​​ ប៉ុន្តែ​​ពិន័យ​ប្រសិនបើ​យើង​មិនបាន​អនុវត្តន៍​មែន​។​​ប្រសិនបើ​បុគ្គល​​ម្នាក់​មាន​ការទទួ​លខុសត្រូវ​ខ្ពស់​ ​នៅ​ក្នុង​ការ​អនុវត្ត​វិ​ន័យ​និង​ច្បាប់​ដែល​យើង​មាន​សព្វថ្ងៃ​ ​យើង​ដឹង​ថា​ប្រហែល​យើង​អាច​ទៅមុខ​បាន​។ បើ​ម្នាក់ៗ​​មិន​គោរពច្បាប់ឬវិន័យនេះទេ​ វានឹង​​ជះ​ឥទ្ធិពល​ដល់​ប្រទេស​យើង​ទាំងមូល​ ​មិនមែន​តែ​សម្រាប់​ទី​ក្រុងភ្នំពេញ​ប៉ុណ្ណោះទេ​។​  ​លោក​អភិបាលរូប​នេះ​បាន​បន្ថែមថា បុគ្គលគ្រប់​រូប​ត្រូវ​​គិតពិចារណា​អំពី​របៀប​ដែល​យើង​ត្រូវតែ​ធ្វើ​រហូតដល់​សព្វថ្ងៃ​ដើម្បី​ឱ្យ​យើង​ស្តាល់​ច្បាប់​ថ្មីៗ​ ​ដែល​ទើប​តែ​បង្កើត​ឡើង និង​​ត្រូវតែ​ចាប់​អ្នក​ដែល​ល្មើស​។​ ​ដូច​យើង​បានឃើញ​នៅ​ទី​ក្រុងភ្នំពេញ​ ​យើង​មាន​ទាហាន​ ​ប៉ូលីស​ ​ច្រើន​ណាស់​ ​ដើម្បី​ចាប់​ប្រជាជន​ដែល​មិនបាន​អនុវត្តន៍​​និង​គោរព​តាម​ ​ច្បាប់​ថ្មីៗ​នោះ​។​  លោកថា ៖ «​យើង​កុំ​គិតថា​យើង​អាច​គេច​ខ្លួន​បាន​ ​មិន​មាន​មនុស្ស​ណា​​ម្នាក់​ដែល​មានអំណាច​អាច​នៅ​លើ​ច្បាប់​បានទេ​_​ច្បាប់​ណែនាំ​ឱ្យ​យើង​រស់នៅ​ក្នុង​ក្តី​សុខដុម​រម​នា​ ​រស់​​នៅ​ក្នុង​សេចក្តី​សុខ​។​ ​ដូច​ព្រះ​យេស៊ូ​មាន​ព្រះបន្ទូល​ថ្ងៃនេះ​ ​ធម្ម​វិ​ន័យ​របស់​ព្រះ​យេស៊ូ​គឺ​បាន​ណែនាំ​ឱ្យ​យើង​ ​មាន​សេចក្តី​សុខ​ ​លុះត្រាតែ​យើង​គោរព​ធម្ម​វិ​ន័យ​ហ្នឹង»​។​  លោកអភិបាល​ ​អូ​លី​វី​យ៉េ  ថា ៖ «​ព្រះ​យេស៊ូ​មិនបាន​ប្រើអំណាច​ ​ប៉ុន្តែ​ប្រសិនបើ​យើង​ចាប់អា​រម្មណ៍​ ​ព្រះ​យេស៊ូ​បាន​គំរាម​យើងដែរ។ ​អ្នកណា​មិន​ធ្វើតាម​ធម្ម​វិ​ន័យ​ ​អ្នកនោះ​ត្រូវតែ​វេទនា​ ​អ្នកណា​មិន​គោរព​តាម​ធម្ម​វិ​ន័យ​ ​អ្នកនោះ​ជា​​អ្នក​ដែល​និយាយ​កុហក​ ​និង​ឥតមាន​សេចក្តីពិត​ស្ថិតស្ថេរ​ទេ​»។​ លោកថា ​ប្រសិនបើ​បងប្អូន​ទាំងអស់គ្នា​ ​ចង់​មាន​សេចក្តី​សុខ​ ឱ្យ​យើង​យកចិត្តទុកដាក់​រួម​ជាមួយគ្នា​ ​ជាពិសេស​យើង​ដែល​ជា​គ្រី​ស្ត​បរិស័ទ​ ​នៅ​ក្នុង​ភូមិភាគ​ភ្នំពេញ​ទាំងមូល​ ​ដើម្បី​ធ្វើតាមច្បាប់​របស់​រដ្ឋ​ ​ដើម្បី​ផលប្រយោជន៍​រួម​ ​និង​ឱ្យ​យើង​​ធ្វើតាម​ធម្ម​វិ​ន័យ​របស់​ព្រះ​យេស៊ូ​ ​ដែល​អញ្ជើញ​យើង​ឱ្យ​យើង​ចេះ​ស្រឡាញ់​គ្នា​ទៅវិញទៅមក​ដូច​ ​ព្រះ​យេស៊ូ​បាន​ស្រឡាញ់​យើង​៕