“បីកុំ បីការពារ បីថែរក្សា”
បងប្អូនជាទីស្រឡាញ់
ប៉ុន្មានដងយើងបានសួរខ្លួនឯងថា តើព្រះជាម្ចាស់ជានរណា? នៅថ្ងៃនេះក្នុងអត្ថបទទីពីរ យើងបានស្ដាប់ចម្លើយ គឺព្រះជាម្ចាស់ជាសេចក្តីស្រឡាញ់។ នេះគឺជាចម្លើយតែម្ដងគត់ នៅក្នុងគម្ពីរទាំងឡាយពីសម្ព័ន្ធមេត្រីចាស់ដល់សម្ព័ន្ធមេត្រីថ្មី គឺយើងបានស្ដាប់តែម្ដងនៅក្នុងអត្ថបទរបស់សន្តយូហានថ្ងៃនេះ “ត្បិតព្រះជាម្ចាស់ជាសេចក្តីស្រឡាញ់”។ យើងបានឃើញយ៉ាងជាក់ស្ដែង ពីដើមរៀងមកព្រះជាម្ចាស់ដែលជាព្រះបិតា បានបង្ហាញធម៌មេត្តាករុណាដល់មនុស្សលោក ដោយបានបង្កើតយើង ថែរក្សាយើង ការពារយើង ផ្ញើព្រះយេស៊ូដែលជាព្រះសង្គ្រោះដើម្បីឱ្យយើងមានជីវិត តាមរយៈការបូជាព្រះជន្មរបស់ព្រះយេស៊ូ និងព្រះអង្គមានព្រះជន្មរស់ឡើងវិញ។ ប៉ុន្តែ ថ្ងៃនេះសន្តយូហាន ហ៊ានសរសេរថា “ដ្បិតព្រះជាម្ចាស់ជាសេចក្តីស្រឡាញ់”។
ថ្ងៃនេះ យើងបានស្ដាប់ព្រះជាម្ចាស់ជាសេចក្តីស្រឡាញ់ មានន័យដូចម្ដេច ព្រះយេស៊ូបានសម្ដែងឱ្យយើងយល់អំពីធម្មវិន័យរបស់ព្រះយេស៊ូ ឱ្យយើងយល់អំពីគោលដៅរបស់ព្រះជាម្ចាស់សម្រាប់មនុស្សយើង។ តើគោលដៅរបស់ព្រះជាម្ចាស់សម្រាប់មនុស្សយើងគឺអ្វី? គឺធ្វើឱ្យយើងមានអំណរយ៉ាងស្ថិតស្ថេរ ឱ្យយើងមានអំណរសប្បាយដ៏ពេញលក្ខណៈ។ តើអំណរសប្បាយនេះមកពីណា? ខ្ញុំសូមអញ្ជើញបងប្អូន សម្លឹងមើលនៅមុខអាសនៈថ្ងៃនេះ នៅមុខអាសនៈថ្ងៃនេះយើងមានសួនផ្កាយ៉ាងស្អាតបំផុត។ នៅពាក់កណ្ដាលសួនផ្កានេះ យើងឃើញមានព្រះនាងម៉ារី យើងមានសន្តយ៉ូសែប ដែលកំពុងសម្លឹងមើលព្រះនាងម៉ារីដោយភ្ជាប់ជាមួយព្រះកុមារយេស៊ូ។ នៅក្នុងសួនផ្កានេះ ប្រសិនបើយើងងើបមុខមើលបន្តិច យើងបានឃើញអាសនៈ ដែលបន្តិចទៀតយើងនឹងថ្វាយសក្ការៈបូជារបស់ព្រះយេស៊ូ។ អាសនៈដែលជាតុសក្ការៈ ដែលព្រះយេស៊ូបានបូជាជីវិត។ ប្រសិនបើយើងងើបមុខមើលបន្តិចទៀត យើងនឹងបានឃើញព្រះឈើឆ្កាង គឺយើងបានឃើញព្រះយេស៊ូដែលបានបូជាជីវិតនៅលើព្រះឈើឆ្កាងនេះ។
បងប្អូនជាទីស្រឡាញ់ តាមពិតសូមបងប្អូនមើលពីលើទៅ គឺឱ្យយើងមើលព្រះយេស៊ូដែលបានបូជាជីវិត ការបូជាជីវិតរបស់ព្រះយេស៊ូគឺជាសេចក្តីស្រឡាញ់ដ៏កំពូល ដែលនាំឱ្យយើងយល់អំពីព្រះបន្ទូលដែលយើងបានស្ដាប់ថ្ងៃនេះ “ត្បិតព្រះជាម្ចាស់ជាសេចក្តីស្រឡាញ់” គឺព្រះបិតាដែលបានយកចិត្តទុកដាក់ជាមួយមនុស្សយើងទាំងអស់ ដើម្បីឱ្យយើងទទួលជីវិតតាមរយៈព្រះយេស៊ូ ដែលបានសោយព្រះទិវង្គតនៅលើព្រះឈើឆ្កាង។ ពេលយើងមើលចុះក្រោម យើងបានឃើញតុសក្ការៈជាតុសក្ការៈបូជាដែលបន្តិចទៀតខ្ញុំនឹងថ្វាយសក្ការៈបូជាដែលជាអភិបូជាមែន ប៉ុន្តែដែលជាព្រះយេស៊ូដែលប្រទានព្រះកាយ និងព្រះលោហិតព្រះគ្រីស្តសម្រាប់យើងថ្ងៃនេះ។ ពេលយើងមើលចុះក្រោមបន្តិចទៀត យើងនឹងបានឃើញព្រះនាងម៉ារី សន្តយ៉ូសែប ប្រសិនបើយើងមើលចុះក្រោមមកបន្តិចទៀត យើងនឹងឃើញបងប្អូនយើងដែលបានចូលអភិបូជាតាមរយៈ ហ្វេសប៊ុកភេចថ្មីរបស់យើង https://www.facebook.com/LiveCatholicChannel និងយូធូបភូមិភាគភ្នំពេញ https://www.youtube.com/channel/UCXifCD3q9-cPkVk3gOB9L6Q យើងគឺជាប្រជារាស្ត្ររបស់ព្រះជាម្ចាស់ យើងចូលនៅក្នុងសួនផ្កាដ៏ស្អាតនេះរួមជាមួយព្រះនាងម៉ារី ជាមួយសន្តយ៉ូសែប ដើម្បីចូលរួមនៅក្នុងសក្ការៈបូជារបស់ព្រះគ្រីស្ត និងដើម្បីទទួលអំណរសប្បាយ គឺជាអំណរសប្បាយដ៏ស្ថិតស្ថេរ។
ពិតមែនបងប្អូនជាទីស្រឡាញ់ នៅក្នុងព្រះយេស៊ូគ្រីស្តរួមជាមួយសន្តយ៉ូសែប រួមជាមួយព្រះនាងម៉ារី ដែលជាគ្រួសារដ៏វិសុទ្ធ យើងជាគ្រួសារតែមួយ។ ថ្ងៃនេះ ដែលយើងថ្វាយអភិបូជាសម្រាប់ថ្ងៃអាទិត្យ ទោះបីយើងមិនអាចជួបជុំគ្នាបានប៉ុន្តែនៅក្នុងផ្លូវវិញ្ញាណ ដឹងថាយើងជាគ្រួសារតែមួយ។ ដែលចូលរួមនៅក្នុងសក្ការៈបូជារបស់ព្រះយេស៊ូ ដែលបានសោយព្រះទិវង្គតនៅលើព្រះឈើឆ្កាង ដើម្បីឱ្យយើងមានជីវិតអស់កល្បជានិច្ច។ ដូច្នេះ សំណួរដែលយើងត្រូវការមានថ្ងៃនេះ មិនមែនតែតើព្រះជាម្ចាស់ជានរណា? គឺយើងមានចម្លើយហើយ ព្រះជាម្ចាស់ជាសេចក្តីស្រឡាញ់ មិនមែនតែតើធម្មវិន័យរបស់ព្រះយេស៊ូគឺជាអ្វី? គឺសូមស្រឡាញ់គ្នាទៅវិញទៅមក ដូចព្រះយេស៊ូបានស្រឡាញ់យើងដែរ។ យើងមានសំណួរមួយទៀត ដែលយើងត្រូវការគិតពិចារណាគឺ តើយើងជាគ្រីស្តបរិស័ទបច្ចុប្បន្ននេះ នៅក្នុងពេលវេលាដ៏ពិបាកនេះ យើងធ្វើដូចម្ដេចដើម្បីអនុវត្តព្រះបន្ទូលនេះ? តើយើងធ្វើដូចម្ដេចដើម្បីស្រឡាញ់គ្នាទៅវិញទៅមកដូចព្រះយេស៊ូមានព្រះបន្ទូលដល់យើង? តើយើងធ្វើដូចម្ដេចដើម្បីឱ្យយើងបង្ហាញអំពីឋានៈ អំពីលក្ខខណ្ឌរបស់ព្រះជាម្ចាស់ ដែលជាសេចក្តីស្រឡាញ់ដ៏ពេញលក្ខណៈ? នៅពេលនេះ យើងត្រូវការពិចារណាសារជាថ្មី។
បងប្អូនជាទីស្រឡាញ់ ពីប៉ុន្មានខែកន្លងមកយើងបានស្ដាប់ “បីកុំ បីការពារ” ប៉ុន្តែថ្ងៃនេះខ្ញុំសូមអញ្ជើញបងប្អូនដែលជាព្រះសហគមន៍កាតូលិក ភូមិភាគភ្នំពេញរបស់យើង គិតថែមទៀត បីកុំ បីការពារ និងបីថែរក្សា។ ខ្ញុំសូមអញ្ជើញ ឱ្យនៅក្នុងព្រះសហគមន៍យើងយកចិត្តទុកដាក់ដើរតាម បីកុំ បីការពារ របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលតទៅទៀត។ ប៉ុន្តែ ឱ្យយើងថែមបីថែរក្សា តើបីថែរក្សានោះមានអ្វីខ្លះ?
ថែរក្សាទីមួយ គឺឱ្យយើងទទួលខុសត្រូវយ៉ាងខ្ពស់បំផុត ការទទួលខុសត្រូវយ៉ាងខ្ពស់បំផុត នៅក្នុងគ្រប់តួនាទីដែលយើងទទួល។ ជាពិសេស សម្រាប់យើងដែលជាព្រះសហគមន៍ តើយើងត្រូវតែទទួលខុសត្រូវដូចម្ដេច? យើងជាបូជាចារ្យ យើងជាបងប្រុសបងស្រី យើងជាគ្រីស្តបរិស័ទ យើងត្រូវតែទទួលខុសត្រូវយ៉ាងខ្ពស់បំផុត នៅក្នុងបេសកកម្មរបស់យើង។ តើបេសកកម្មរបស់យើងនៅក្នុងព្រះសហគមន៍គឺជាអ្វី? បងប្អូនសូមស្ដាប់ម្ដងទៀត មេរៀនរបស់លោកគ្រូ ដួង សាវង្ស ដែលយើងបានស្ដាប់ពីថ្ងៃអង្គារក្នុងហ្វេសបុក https://www.facebook.com/LiveCatholicChannel គឺលោកគ្រូ វង្ស បានបង្ហាញអំពីព្រះសហគមន៍ដែលព្រះសហគមន៍មានតួនាទីបីគឺ៖
- ទីមួយ អធិដ្ឋាន
- ទីពីរ អប់រំជំនឿ
- ទីបី ចែករំលែកធម៌មេត្តាករុណារបស់ព្រះជាម្ចាស់ដល់បងប្អូនឯទៀតៗ។
ដូច្នេះ ឱ្យយើងទទួលខុសត្រូវខ្ពស់នៅក្នុងគ្រប់កម្រិត គ្រប់ការិយាល័យ គ្រប់លោកឪពុក យើងត្រូវការសួរខ្លួនឯងពីរយៈពេលបីខែ ដែលយើងជួបជុំគ្នាមិនបាន តើយើងបានយកចិត្តទុកដាក់អប់រំជំនឿដល់គ្រីស្តបរិស័ទរបស់យើងឬទេ? យើងបានឃើញនៅតាមសាលា គេបានរៀនពីចម្ងាយ (Online) ហើយក្រសួងអប់រំ យុវជន និងកីឡា ក៏បានបង្កើតអែប (App) ថ្មីមួយ ដើម្បីជួយពីកម្រិតថ្នាក់ទី១ដល់ថ្នាក់ទី១២ អាចចូលទៅម្ដងដើម្បីរៀនមេរៀនតាមសៀវភៅ ដែលមាននៅក្នុងគម្រោងការណ៍សិក្សាក្នុងឆ្នាំថ្មីនេះ។ យើងដែលជាលោកឪពុក យើងដែលជាគ្រូអប់រំជំនឿ តើយើងធ្វើដូចម្ដេចដើម្បីអប់រំជំនឿត? ជាពិសេសសម្រាប់ជំហានទីមួយ ដែលយើងមានជំហានទីមួយរាប់រយនាក់ នៅក្នុងភូមិភាគភ្នំពេញ។ តើយើងទុកចោលគេ ឬយើងយកចិត្តទុកដាក់អប់រំតាមកម្មវិធីផ្សេងៗដែលយើងមាន? អប់រំតាម ZOOM អប់រំតាម MESSENGER អប់រំតាម TELEGRAM។
យើងមានលោកគ្រូ ដួង សាវង្ស រាល់ថ្ងៃគាត់មានរយៈពេលកន្លះម៉ោង ដើម្បីអប់រំជំនឿដែលគាត់បង្រៀនមេរៀននៅតាមរយៈហ្វេសបុកភេច https://www.facebook.com/LiveCatholicChannel។ ប៉ុន្តែ នេះមិនទាន់ល្មមទេខ្ញុំសូមអញ្ជើញលោកឪពុក គ្រូអប់រំជំនឿ តាមមូលដ្ឋាន តាមមណ្ឌលសកម្មភាពនីមួយៗ យកចិត្តទុកដាក់ដើម្បីមានកម្មវិធីអប់រំជំនឿ តាមមធ្យោបាយដែលយើងមានសព្វថ្ងៃដូចជា ZOOM, MESSENGER, TELEGRAM, GOOGLEMEET,WHATSAPP ឬទូរសព្ទផ្ទាល់សម្រាប់បងប្អូនដែលអត់មានឧបករណ៍ ឬមធ្យោបាយអ្វីសោះ ដើម្បីក្នុងមួយសប្តាហ៍មួយម៉ោងយើងបន្តអប់រំជំនឿដល់បងប្អូនរបស់យើង។ ការិយាល័យយុវជន ជំទង់ និងកុមារ ត្រូវតែយកចិត្តទុកដាក់ដើម្បីមានសិក្ខាសាលា ដើម្បីមានការផ្សាយផ្ទាល់ ដូចថ្ងៃនេះម៉ោង៣រសៀលជាមួយយុវជនរបស់យើង នៅក្នុងភូមិភាគភ្នំពេញទាំងមូល។ យកចិត្តទុកដាក់ ដើម្បីអប់រំគ្រប់កម្រិត ប៉ុន្តែនេះគឺជាកម្រិតភូមិភាគ តែនៅតាមមណ្ឌលសកម្មភាពនីមួយៗ តើយើងធ្វើដូចម្ដេចដើម្បីឱ្យមេរៀនដែលមេៗយុវជនបានទទួល ដើម្បីទៅដល់ក្មេងៗដែរ? តើយើងធ្វើដូចម្ដេចដើម្បីបង្កើតក្រុម ZOOM, MESSENGER, TELEGRAM, GOOGLEMEET,WHATSAPP តាមមណ្ឌលសកម្មភាពនីមួយៗ ឬតាមព្រះសហគមន៍នីមួយៗ ដើម្បីឱ្យយុវជនយុវនារី និងកូនក្មេង អាចទទួលមេរៀនខ្លះៗ និងពិចារណាដើម្បីគិតថែមទៀត?
នេះគឺជាអ្វីដែលយើងត្រូវការគិតពិចារណាមែនទែន ដើម្បីយកចិត្តទុកដាក់ថែរក្សាការទទួលខុសត្រូវរបស់យើង។ យើងទទួលខុសត្រូវយើងមិនអាចដេកលក់ យើងទទួលខុសត្រូវយើងមិនអាចនិយាយថាចាំមើលសិន យើងទទួលខុសត្រូវដឹកនាំអប់រំជំនឿ ដឹកនាំអធិដ្ឋាន ដឹកនាំធម៌មេត្តាករុណា ដើម្បីឱ្យការទទួលខុសត្រូវរបស់យើងទៅជាពេញលក្ខណៈ។
ថែរក្សាទីពីរ គឺឱ្យយើងថែរក្សាសាមគ្គីភាព យើងជាគ្រីស្តបរិស័ទគឺយើងស្រឡាញ់គ្នាទៅវិញទៅមក មិនមែនស្រឡាញ់គ្នាទៅវិញទៅមកនៅតែក្នុងព្រះសហគមន៍របស់យើងជាគ្រីស្តបរិស័ទតែប៉ុណ្ណឹងទេ។ ប៉ុន្តែ ឱ្យយើងស្រឡាញ់គ្នាទៅវិញទៅមកនៅក្នុងមហាគ្រួសារ ដែលយើងជាប្រជារាស្រ្តនៅក្នុងព្រះជាម្ចាស់តែម្ដង។ បងប្អូនជាទីស្រឡាញ់ ប្រហែលបងប្អូនបានស្ដាប់ធម្មទេសនារបស់ខ្ញុំកាលពីសប្តាហ៍មុន បងប្អូនបានមើលវីដេអូដែលបានផ្សាយ “យើងជាគ្រួសារតែមួយពីវគ្គទី១ ដល់វគ្គទី៦”។ យើងបានឃើញ យើងបានយកចិត្តទុកដាក់នៅក្នុងសាមគ្គីភាព ដោយចែករំលែកម្ហូបអាហារដល់បងប្អូនដែលកំពុងខ្វះខាត ដោយបានប្រមូលអ្វីដែលយើងមានយ៉ាងជាក់ស្ដែង នៅក្នុងស្រែ នៅក្នុងកសិដ្ឋាន នៅក្នុងដីរបស់យើង។ នេះជាលក្ខណៈដ៏ធំ គឺលក្ខណៈភូមិភាគ រួមជាមួយបងប្អូនដែលបានជួយយ៉ាងជាក់ស្ដែង នៅតាមកន្លែងក្នុងរាជធានីភ្នំពេញ។ប៉ុន្តែ យើងជាគ្រីស្តបរិស័ទទាំងអស់ដូចខ្ញុំធ្លាប់និយាយថា “គ្រីស្តបរិស័ទមួយរូបគឺជាក្រុមសង្គហៈមួយរូបដែរ”។ ហេតុនេះហើយ ថែរក្សាទីពីរគឺសាមគ្គីភាព សាមគ្គីភាពនៅក្នុងសេចក្តីស្រឡាញ់ គឺយើងរៀងៗខ្លួនយើងយកចិត្តទុកដាក់ ដើម្បីទៅរកមធ្យោបាយយ៉ាងជាក់ស្ដែង។ មិនមែនតែនិយាយនៅលើបបូរមាត់ទេ ប៉ុន្តែយើងចែករំលែកសាមគ្គីភាពរួមជាមួយបងប្អូនដែលកំពុងពិបាក។
ដោយសារយើងដឹង អ្វីដែលយើងបានឃើញប្រហែលនៅសល់តែតំបន់ពណ៌លឿងក្នុងរាជធានីភ្នំពេញ និងតំបន់ក្រហមមានតិច។ ប៉ុន្តែ មិនទាន់រួចខ្លួនទេកូវីដ-១៩ក៏នៅមាន បងប្អូនដែលកំពុងខ្វះខាត ខ្វះម្ហូបអាហារ ខ្វះអ្វីៗទាំងអស់ក៏នៅមាន។ ដូច្នេះ ព្រះសហគមន៍របស់យើងត្រូវការថែរក្សាចំណុចទីពីរ គឺសាមគ្គីភាពយ៉ាងជាក់ស្ដែង ឱ្យយើងគិតតាមព្រះសហគមន៍នីមួយៗរបស់យើងអង្គុយគិត តើយើងធ្វើដូចម្ដេច ដើម្បីចូលរួមជាមួយបងប្អូនដែលកំពុងពិបាក?
នៅក្នុងអាទិត្យនេះ ខ្ញុំចង់ឱ្យចិត្តគំនិតរបស់បងប្អូនទូលំទូលាយថែមទៀត អាទិត្យនេះខ្ញុំនឹងភ្ជាប់ជាមួយព្រះសហគមន៍ឡាវ និងព្រះសហគមន៍នេប៉ាល់។ នៅប្រទេសឡាវកំពុងតែពិបាក ពេលនេះគឺបិទប្រទេសទាំងស្រុង ទាំងភូមិ ទាំងស្រុក ទាំងខេត្ត ទាំងទីក្រុង។ នៅប្រទេសនេប៉ាល់ គេកំពុងតែឆ្លងជំងឺកូវីដ-១៩ពីប្រទេសឥណ្ឌា គឺជាមហាកំពូលនៃទុក្ខលំបាក។ ដូច្នេះ អាទិត្យនេះខ្ញុំនឹងផ្ញើដោយនាមព្រះសហគមន៍កាតូលិក ភូមិភាគភ្នំពេញ នូវថវិកាមួយចំនួនដើម្បីលើកទឹកចិត្តបងប្អូននៅប្រទេសឡាវ និងបងប្អូននៅប្រទេសនេប៉ាល់។ យើងទាំងអស់គ្នា យើងអធិដ្ឋានដើម្បីចូលរួមនិងបង្ហាញសាមគ្គីភាពដែលយើងត្រូវតែមាន។
ថែរក្សាទីបី គឺការអធិដ្ឋាន ដោយសារការអធិដ្ឋានគឺជាអ្វីដែលសំខាន់បំផុត នៅក្នុងខែឧសភានេះគឺជាខែព្រះនាងម៉ារី យើងមានឱកាសថែមទៀតដើម្បីអធិដ្ឋានផ្គាំ។ ខ្ញុំក៏សូមអរគុណដល់មណ្ឌលសកម្មភាពកំពង់សោម ដែលបានរៀបចំកម្មវិធីអធិដ្ឋានផ្គាំ ១៥ម៉ោងជារៀងរាល់ថ្ងៃ។ យើងមានបូជាចារ្យ បងស្រី ក្រុមគ្រួសារ១៥ក្រុម តាំងពីព្រឹកដល់ល្ងាច អធិដ្ឋានផ្គាំតៗតាមកន្លែងគេជារៀងរាល់ថ្ងៃ។ ដូច្នេះ នេះជាឧទាហរណ៍មួយយ៉ាងជាក់ស្ដែង ភូមិភាគភ្នំពេញរាល់ថ្ងៃយើងមានម៉ោង ៥.៣០នាទីល្ងាច យើងអធិដ្ឋានផ្គាំតៗ។ ប៉ុន្តែ នៅតាមកន្លែងនីមួយៗឱ្យយើងយកចិត្តទុកដាក់ដែរ ដើម្បីអធិដ្ឋានផ្គាំភ្ជាប់ជាមួយព្រះនាងម៉ារី ដើម្បីសូត្រធម៌ថ្មីដែលសម្ដេចប៉ាប ផ្ញើថ្មីៗនេះសម្រាប់សន្តយ៉ូសែប ដើម្បីអធិដ្ឋានរួមជាមួយព្រះកាយ ដើម្បីអធិដ្ឋានដោយស្តាប់ព្រះគម្ពីរដំណឹងល្អ ដូចយើងបានផ្សាយរាល់ថ្ងៃនៅក្នុងហ្វេសបុកភេច https://www.facebook.com/LiveCatholicChannel របស់យើង។ យើងមានធម្មទេសនាផង យើងមានសូត្រផ្គាំក្នុងមួយថ្ងៃពីរដងផង យើងមានគម្ពីរដំណឹងល្អមួយជំពូកៗជារៀងរាល់ថ្ងៃផង។ ដូច្នេះ ជាពេលវេលាដើម្បីយកចិត្តទុកដាក់ថែរក្សាអធិដ្ឋានជានិច្ច។ អធិដ្ឋានជាកម្លាំងមួយរបស់យើង ដូចព្រះយេស៊ូមានព្រះបន្ទូលយ៉ាងច្បាស់ “ប្រសិនបើយើងមិនភ្ជាប់ជាមួយព្រះយេស៊ូទេ យើងមិនមែនជាមិត្តសំឡាញ់របស់ព្រះយេស៊ូទេ ប្រសិនបើយើងមិនភ្ជាប់ជាមួយព្រះយេស៊ូទេ យើងមិនមានអំណរសប្បាយស្ថិតស្ថេរទេ ប្រសិនបើយើងមិនភ្ជាប់ជាមួយព្រះយេស៊ូទេ យើងគ្មានផ្លូវដើម្បីរកឃើញសេចក្តីសុខ និងសេចក្តីស្រឡាញ់ដ៏ពិតប្រាកដនៅក្នុងជីវិតរបស់យើងបានឡើយ”។
ហេតុនេះហើយ បងប្អូនជាទីស្រឡាញ់យើងមានបីកុំ យើងមានបីការពារ និងយើងមានបីថែរក្សា
បីថែរក្សារបស់យើង គឺ ទទួលខុសត្រូវ សាមគ្គីភាព និងអធិដ្ឋាន ឱ្យយើងយកចិត្តទុកដាក់អស់ពីកម្លាំងកាយកម្លាំងចិត្ត និងអស់ពីជំនឿ។
នៅក្នុងព្រះសហគមន៍ យើងគឺជាគ្រួសារតែមួយ ដែលមានវិន័យតែមួយគឺ “សូមស្រឡាញ់គ្នាទៅវិញទៅមកដូចព្រះយេស៊ូបានស្រឡាញ់យើងដែរ”។
បីកុំ បីការពារ បីថែរក្សា។ អាម៉ែន៕
+ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ
អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ
ប្រទេសកម្ពុជា