បងប្អូនជាទីស្រឡាញ់
ថ្ងៃនេះ យើងគោរពព្រះជាម្ចាស់ដែលជាព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ (ព្រះត្រៃឯក)។ យើងបានស្ដាប់អត្ថបទទី១ អំពីគម្រោងការដ៏អស្ចារ្យដែលព្រះជាម្ចាស់បានរៀបចំសម្រាប់ប្រជារាស្រ្តអ៊ីស្រាអែលពីដើម និងដែលបានរៀបចំសម្រាប់យើងសព្វថ្ងៃ។ គម្រោងការនេះ គឺ “អ្នកត្រូវកាន់តាមវិន័យ និងតាមបទបញ្ជារបស់ព្រះអង្គ ដែលខ្ញុំបានប្រគល់ឱ្យអ្នកនៅថ្ងៃនេះ ដើម្បីឱ្យទាំងអ្នក ទាំងកូនចៅរបស់អ្នកមានសុភមង្គលហើយ មានអាយុយឺនយូរនៅលើទឹកដីដែលព្រះជាម្ចាស់របស់អ្នកប្រទានឱ្យអ្នករហូតតទៅ”។ នេះជាព្រះបន្ទូលសន្យារបស់ព្រះជាម្ចាស់ ឱ្យយើងទាំងអស់គ្នាមានសុភមង្គល មានអាយុយឺនយូរនៅលើទឹកដីដែលព្រះជាម្ចាស់ប្រទានឱ្យ។
សព្វថ្ងៃ សម្រាប់យើងទឹកដីដែលព្រះជាម្ចាស់ប្រទានឱ្យ គឺនៅលើទឹកដីនៃប្រទេសកម្ពុជារបស់យើង។ ដោយដឹងថា ព្រះជាម្ចាស់ដែលជាព្រះបិតាបានជ្រើសរើសយើង បានជ្រើសរើសយើងជាប្រជារាស្ត្ររបស់ព្រះអង្គនៅលើទឹកដីយើង។ ព្រះជាម្ចាស់ បានណែនាំនៅក្នុងព្រះវិញ្ញាណដ៏វិសុទ្ធឱ្យយើងទទួលស្គាល់ថា ពិតមែនយើងជាបុត្រធីតារបស់ព្រះជាម្ចាស់។ ដូចយើងបានស្ដាប់នៅក្នុងអត្ថបទទី២ ដោយសារព្រះវិញ្ញាណនេះយើងបន្លឺសំឡេងឡើងថា “អាប៉ា ឱព្រះបិតា” គឺព្រះវិញ្ញាណដែលផ្ដល់សក្ខីភាព ឱ្យវិញ្ញាណរបស់យើងខ្ញុំដឹងថា យើងពិតជាបុត្រធីតាបស់ព្រះជាម្ចាស់មែន។ យើងទទួលបេសកកម្មពីព្រះយេស៊ូផ្ទាល់ ដែលថ្ងៃនេះព្រះអង្គមានព្រះបន្ទូលដល់យើងថា “ចូរចេញបង្ហាត់មនុស្សគ្រប់ជាតិសាសន៍ ឱ្យធ្វើជាសាវ័ក ហើយធ្វើពិធីជ្រមុជទឹកឱ្យគេនៅក្នុងព្រះនាមព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ”។
បងប្អូនជាទីស្រឡាញ់ នេះជាគម្រោងការដ៏អស្ចារ្យរបស់ព្រះជាម្ចាស់សម្រាប់ប្រជារាស្ត្ររបស់ព្រះអង្គពីដើមរៀងមករហូតដល់សព្វថ្ងៃ។ គឺយើងជាប្រជារាស្ត្រដែលព្រះជាម្ចាស់ជាព្រះបិតាបានជ្រើសរើស យើងមានសមត្ថភាពដើម្បីហៅព្រះជាម្ចាស់ថាព្រះបិតា នៅក្នុងព្រះវិញ្ញាណដ៏វិសុទ្ធ។ ដោយសារ យើងជាបុត្រាបុត្រីរបស់ព្រះជាម្ចាស់ និងនៅក្នុងព្រះយេស៊ូគ្រីស្តយើងទទួលបេសកកម្មមួយយ៉ាងពិសេស គឺបង្ហាត់ឱ្យមនុស្សទាំងឡាយធ្វើជាសាវ័ក និងណែនាំឱ្យគេទទួលពិធីជ្រមុជទឹកនៅក្នុងព្រះនាមព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។
នៅក្នុងខែឧសភានេះ យើងបានផ្ញើជីវិតទៅលើព្រះនាងម៉ារីជាពិសេស និងនៅក្នុងខែមិថុនា ដែលបន្តិចទៀតយើងនឹងចូល យើងគោរពជាពិសេសព្រះយេស៊ូដែលមានព្រះហឫទ័យស្រឡាញ់មនុស្សលោក និងគោរពព្រះនាងនារីដែលមានព្រះបេះដូងស្រឡាញ់យើងដែរ។ ជាពេលវេលាពិសេស នៅក្នុងខែមិថុនាដើម្បីផ្ញើជីវិតរបស់យើងសារជាថ្មីទៅលើព្រះជាម្ចាស់ ដែលមានព្រះហឫទ័យស្រឡាញ់មនុស្សលោក។
ថ្ងៃនេះ ដែលយើងគោរពព្រះជាម្ចាស់ ជាព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ យើងដូចជាមានពិសោធន៍យ៉ាងប្លែក អំពីសេចក្តីស្រឡាញ់ដែលព្រះជាម្ចាស់មាន។ សេចក្តីស្រឡាញ់រវាងព្រះបិតានិងព្រះបុត្រា នៅក្នុងព្រះវិញ្ញាណដ៏វិសុទ្ធ។ ដូច្នេះ យើងមើលឃើញថ្ងៃនេះព្រះវិញ្ញាណដ៏វិសុទ្ធដែលជាសេចក្តីស្រឡាញ់ រវាងព្រះបិតានិងព្រះបុត្រាកំពុងធ្វើដំណើរ។ ធ្វើដំណើរពីព្រះបិតាទៅព្រះបុត្រា ពីព្រះបុត្រាទៅព្រះបិតា និងដោយសារព្រះជាម្ចាស់ស្រឡាញ់យើងយ៉ាងខ្លាំង ព្រះជាម្ចាស់បានបើកព្រះហឫទ័យស្រឡាញ់របស់ព្រះអង្គ ដើម្បីបង្កើតយើងជាបុត្រធីតារបស់ព្រះអង្គ។ ដូចជា ព្រះវិញ្ញាណដ៏វិសុទ្ធយាងចេញពីព្រះបេះដូងរបស់ព្រះយេស៊ូ ដើម្បីសណ្ឋិតលើយើងដូចយើងបានគោរពពីសប្តាហ៍មុន ណែនាំឱ្យយើងជាព្រះសហគមន៍ ណែនាំឱ្យយើងជាព្រះកាយព្រះគ្រីស្ត ណែនាំឱ្យយើងជាមហាគ្រួសារនៅក្នុងព្រះយេស៊ូគ្រីស្ត ចូលរួមនៅក្នុងអាថ៌កំបាំងនៃព្រះជាម្ចាស់ ដើម្បីធ្វើជាអង្គមួយ។ នេះជាការអស្ចារ្យដែលថ្ងៃនេះយើងគោរព ប្រសិនបើយើងនឹកឃើញមួយភ្លែត យើងចូលនៅក្នុងព្រះហឫទ័យស្រឡាញ់របស់ព្រះជាម្ចាស់តែម្តង យើងចូលនៅក្នុងជីវិតរបស់ព្រះជាម្ចាស់តែម្ដង។ យើងមិនមែនជាព្រះជាម្ចាស់ ដែលនៅស្ថានបរមសុខ យើងនៅលើផែនដីសព្វថ្ងៃ យើងធ្វើដំណើរជាមួយគ្នានៅក្នុងគ្រួសារតែមួយ ដែលពោរពេញដោយសេចក្តីស្រឡាញ់ដែលមកពីព្រះជាម្ចាស់ដ៏ពិតប្រាកដមែន។
ព្រះវិញ្ញាណដ៏វិសុទ្ធយាងមក ណែនាំឱ្យយើងទៅរកផ្លូវនានា យើងឃើញសព្វថ្ងៃទោះបីយើងពោរពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ។ ទោះបីយើងពោរពេញដោយសេចក្តីស្រឡាញ់ដែលមកពីព្រះជាម្ចាស់ ទោះបីយើងចង់ចូលរួមនៅក្នុងគម្រោងការរបស់ព្រះអង្គ ដែលណែនាំឱ្យយើងមានសុភមង្គល ឱ្យយើងមានអាយុយឺនយូរនៅលើផែនដីនេះ។ យើងឃើញជំងឺកូវីដ-១៩ ក៏នៅតែបន្តរារាំងផ្លូវនៃសុភមង្គលរបស់យើង ក៏នៅតែបន្តធ្វើជាទុក្ខលំបាកសម្រាប់បងប្អូនរបស់យើងយ៉ាងច្រើន។ ពីមួយថ្ងៃទៅមួយថ្ងៃ យើងចេះតែសង្ឃឹមថាប្រហែលថ្ងៃស្អែកយើងអស់កូវីដហើយ ផ្ទុយទៅវិញពីមួយថ្ងៃទៅមួយថ្ងៃ យើងមើលតួលេខទោះបីមានអ្នកជាសះស្បើយពីជំងឺកូវីដយ៉ាងច្រើនក៏ដោយ ទោះបីចំនួនអ្នកដែលបានចាក់វ៉ាក់សាំងរួចហើយមានច្រើនក៏ដោយ។ ក៏យើងនៅតែឃើញថា ពីមួយថ្ងៃទៅមួយថ្ងៃមានអ្នកឆ្លងជំងឺកូវីដថ្មីៗ ពី៥០០នាក់ឡើងទៅ។ យើងក៏បានឃើញ ជំងឺនេះចាប់ផ្តើមចេញពីរាជធានីភ្នំពេញទៅដល់ខេត្តនានា ជាពិសេសចូលតាមរោងចក្រ ពីរោងចក្រចូលដល់ភូមិ។ តាមពិត គម្រោងការរបស់ព្រះជាម្ចាស់សម្រាប់ផែនដីនេះ ជួនកាលយើងថាមិនសូវយល់ ប៉ុន្តែថ្ងៃនេះយើងយល់ យើងមានសុភមង្គលមែន។ តើយើងមានសុភមង្គលរបៀបណា? គឺយើងត្រូវការធ្វើតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ជានិច្ច។
បងប្អូនជាទីស្រឡាញ់ តាមពិតថ្ងៃនេះខ្ញុំត្រូវការទៅថ្វាយអភិបូជានៅព្រះសហគមន៍សន្តយ៉ូសែប ផ្សារតូច ដើម្បីនឹករឭកដល់វិញ្ញាណក្ខន្ធរបស់លោកអភិបាល អ៊ីវ រ៉ាមូស ដែលបានទទួលមរណៈភាព១០០ថ្ងៃ។ ដោយសារ ផ្សារតូចជាកន្លែងមួយជាប្រវត្តិសាស្រ្តរបស់លោកអភិបាល អ៊ីវ ប៉ុន្តែថ្មីៗនេះយើងបានទទួលដំណឹងថាយើងមិនអាចទៅផ្សារតូចបានទេ ដោយសារតំបន់នោះចូលនៅក្នុងតំបន់លឿងទុំសារជាថ្មី។ ពីម្សិលមិញ ខ្ញុំត្រូវធ្វើដំណើរទៅព្រែកដាច់ដើម្បីទៅសួរសុខទុក្ខបងប្អូនដែលបាត់ផ្ទះ ដោយសារការបាក់ដីស្រុតចូលទន្លេមេគង្គថ្មីៗនេះ ដែលមានចំនួន១៦គ្រួសារ។ មុនខ្ញុំចេញធ្វើដំណើរ ខ្ញុំបានទទួលដំណឹងថា ជំងឺកូវីដ-១៩បានវាយលុកចូលទៅដល់ភូមិព្រែកដាច់ហ្នឹងហើយ ដូច្នេះខ្ញុំមិនអាចទៅបានទេ។ ហើយក្រោយមក ម្សិលមិញខ្ញុំក៏មានគម្រោងការថានឹងទៅព្រះសហគមន៍សន្តីម៉ារីញញឹម ចំការទៀង នៅខេត្តតាកែវ។ ដូចបងប្អូនបានដឹងហើយថា នៅក្នុងរយៈពេលបីខែកន្លងមក បានឃើញខ្ញុំផ្សាយអភិបូជាពីព្រះសហគមន៍សន្តីម៉ារីញញឹម នៅចំការទៀងរហូត។ ក៏ប៉ុន្តែ ពីម្សិលមិញដែរនៅចំការទៀងយើងមាន៨នាក់ ដែលនៅក្បែរព្រះវិហាររបស់យើង និងនៅលើទឹកដីព្រះវិហាររបស់យើងតែម្ដង បានជាប់ដោយប្រយោលពីមីងម្នាក់ដែលបានកើតជំងឺកូវីដនៅរោងចក្រ។ ដូច្នេះ យើងមិនអាចថ្វាយអភិបូជានៅទីនោះបានទេ ជាលើកទី១នៅក្នុងរយៈពេល២០ឆ្នាំដែរ។ ខ្ញុំក៏សូមអរគុណដល់ក្រុមសិល្បៈ និងក្រុមគ្រីស្តបរិស័ទព្រះសហគមន៍សន្តីម៉ារីញញឹម ចំការទៀងដែលបានជួយយើងនៅក្នុងរយៈពេល៣ខែកន្លងមក ដើម្បីមានអភិបូជាជារៀងរាល់សប្តាហ៍។ ថ្ងៃនេះ ជាក្រុមសិល្បៈ និងក្រុមភ្លេងដែលបានជាប់ដោយប្រយោលជាមួយនឹងជំងឺកូវីដ-១៩ ដូច្នេះគេត្រូវធ្វើចក្តាឡីសាក់ក្នុងផ្ទះ ឬនៅក្នុងបរិវេណព្រះវិហារ។ ដូច្នេះ យើងបានឃើញគម្រោងការរបស់ព្រះជាម្ចាស់សម្រាប់យើងគឺជាអ្វី?
បន្តិចទៀត យើងចូលនៅក្នុងខែមិថុនាជាពេលវេលា ដើម្បីមើលសារជាថ្មីអំពីគម្រោងការរបស់ព្រះជាម្ចាស់។ នៅពេលនោះ យើងនឹងគោរពព្រះហឫទ័យស្រឡាញ់របស់ព្រះយេស៊ូគ្រីស្ត នៅពេលយើងគោរពព្រះបេះដូងនៃព្រះនាងម៉ារី។ សប្តាហ៍ក្រោយ យើងគោរពព្រះយេស៊ូដែលជាព្រះកាយព្រះគ្រីស្ត ជាពេលវេលាសម្រាប់យើងដើម្បីសាបព្រោះ និងសូមព្រះជាម្ចាស់ប្រទានព្រះពរលើដីស្រែម្ដងទៀត។ នៅថ្ងៃទី១ ខែមិថុនា យើងចូលនៅក្នុងទិវាសិទ្ធិកុមារអន្តរជាតិ ដូច្នេះជាពេលវេលាមួយ ដើម្បីចូលនៅក្នុងជីវិតដែលព្រះជាម្ចាស់ប្រទានសារជាថ្មី និងដើម្បីសួរខ្លួនឯងថា តើសុភមង្គលដែលព្រះជាម្ចាស់មានព្រះបន្ទូលសន្យា ខ្ញុំធ្វើដូចម្ដេចដើម្បីឱ្យសុភមង្គលនេះកើតឡើង? ទោះបី យើងរស់នៅក្នុងបរិយាកាសដ៏ពិបាកនេះ បរិយាកាសពិបាកសម្រាប់សង្គម បរិយាកាសពិបាកសម្រាប់ព្រះសហគមន៍ បរិយាកាសពិបាកសម្រាប់ក្រុមគ្រួសារយ៉ាងច្រើន ដែលបាត់បង់ការងារ ដែលបាត់បង់ចំណូលពីមួយខែទៅមួយខែ បរិយាកាសពិបាកសម្រាប់ក្រុមគ្រួសារមួយចំនួន បាត់បង់បងប្អូនដែលបានស្លាប់ដោយសារជំងឺកូវីដ-១៩។ ដូច្នេះ សំណួររបស់យើងមានតែមួយ តើយើងធ្វើដូចម្ដេចដើម្បីគោរពឋានៈដ៏ពិសេស ដែលយើងបានទទួលពីព្រះជាម្ចាស់?
ព្រះជាម្ចាស់ បានជ្រើសរើសយើងដើម្បីធ្វើជាបុត្រាបុត្រីរបស់ព្រះអង្គ។ ដើម្បីគោរពឋានៈនេះ ដើម្បីគោរពកិត្តិយសដែលយើងទទួលពីព្រះជាម្ចាស់ផ្ទាល់ យើងមានផ្លូវតែមួយ គឺយើងបំពេញបេសកកម្មរបស់យើងដ៏ពេញលក្ខណៈ។ ទោះបីមានជំងឺកូវីដ-១៩ក៏ដោយ យើងក៏នៅតែបំពេញបេសកកម្មរបស់យើងដ៏ពេញលក្ខណៈ។ បេសកកម្មរបស់យើង គឺដូចព្រះយេស៊ូមានព្រះបន្ទូលយ៉ាងច្បាស់នៅថ្ងៃនេះថា “សូមចេញទៅបង្ហាត់មនុស្សគ្រប់ជាតិសាសន៍ឱ្យធ្វើជាសាវ័ក”។ នេះជាបេសកកម្មដែលយើងជាគ្រីស្តបរិស័ទនៅក្នុងព្រះសហគមន៍ យើងបានទទួល។ ដូច្នេះ នៅក្នុងខែមិថុនានេះ ឆាប់ៗនេះនៅថ្ងៃទី១ ខែមិថុនា ដែលជាថ្ងៃយើងគោរពសន្តយ៉ូស្ទីន យើងក៏នឹករលឹកដល់និស្សិតនៃសាលាអប់រំជំនឿសន្តយ៉ូស្ទីន ដែលផ្អាករៀនយូរហើយ។ នៅថ្ងៃដែលយើងគោរពសន្តយ៉ូស្ទីន ដែលជាឧបការីនៃគ្រូអប់រំជំនឿ ដោយសារសន្តយ៉ូស្ទីននៅក្នុងសតវត្សទី១ បានបង្កើតសាលាអប់រំជំនឿដំបូងនៅទីក្រុងរ៉ូម មុនធ្វើជាមរណៈសាក្សី។ នៅថ្ងៃនោះ ខ្ញុំនឹងប្រជុំជាមួយបូជាចារ្យទាំងអស់នៅក្នុងភូមិភាគភ្នំពេញ ដើម្បីគិតពិចារណា៖
ទី១ អំពីកម្មវិធីអប់រំជំនឿ តើយើងធ្វើដូចម្ដេចដើម្បីបន្តអប់រំជំនឿដល់បេក្ខជនរបស់យើងទាំងអស់ ដែលកំពុងត្រៀមធ្វើជំហានទី១ ដែលកំពុងត្រៀមធ្វើជំហានទី២ ត្រៀមទទួលព្រះកាយព្រះគ្រីស្ត ត្រៀមទទួលអគ្គសញ្ញាលាបថ្ងាស? យើងមានរាប់រយនាក់នៅក្នុងភូមិភាគភ្នំពេញ ដោយសារបរិយាកាសនៃជំងឺកូវីដ-១៩ ដែលផ្អាកការជួបជុំគ្នាក៏នៅយូរទៀត យើងនឹងប្រជុំបន្ទាន់ដើម្បីរកមធ្យោបាយណាមួយសម្រាប់ដោះស្រាយបញ្ហានេះ។
ទី២ អំពីកុមារ ជំទង់ និងយុវជន នៅក្នុងបេសកកម្មរបស់យើងទាំងយុវជនយុវនារី ទាំងជំទង់ និងកូនក្មេង។ នៅក្នុងខែមិថុនា រួមជាមួយការិយាល័យយុវជន ជំទង់ និងកុមារ ភូមិភាគភ្នំពេញ យើងកំពុងរៀបចំផែនការ ដើម្បីឱ្យខែមិថុនាយើងពោរពេញដោយអត្ថន័យ ដើម្បីឱ្យកូនក្មេងតាមមណ្ឌលសកម្មភាពនីមួយៗនៅក្នុងខែមិថុនា ប្រហែល៤០០០នាក់តាមរយៈប្រធានយុវជន មេកាយរិទ្ធិ ដើម្បីទៅសួរសុខទុក្ខ ដើម្បីផ្ញើសម្ភារៈសិក្សា ដើម្បីផ្ញើដំណាប់ស្វាយតិចៗ ដើម្បីឱ្យគេមានរសជាតិនៅក្នុងជីវិតរបស់គេដែរ ដើម្បីលើកទឹកចិត្ត ជាពិសេសដើម្បីបង្ហាញថាយើងជាគ្រួសារតែមួយ។
យើងបន្ត ជាមួយការិយាល័យការសិក្សាកាតូលិក ដើម្បីផ្សាយតាមកម្មវិធី Telegram តាមកម្មវិធី Google Meet ដើម្បីឱ្យសិស្សានុសិស្សពីថ្នាក់ទី១ដល់ថ្នាក់ទី១២ អាចរៀនពីចម្ងាយ ដើម្បីឱ្យវិទ្យាស្ថានសន្តប៉ូល បន្តរៀនពីចម្ងាយ ដើម្បីឱ្យកូនមត្តេយ្យបន្តរៀន។ បន្តិចទៀត យើងនឹងឃើញរបាយការណ៍នៃការសិក្សារបស់សាលាព្រះសហគមន៍កាតូលិក។ យើងបានឃើញដែរ មានសាលាខ្លះបាន ១០០% មានសាលាខ្លះបាន ០% មានសាលាខ្លះបាន ២០% មានសាលាខ្លះបាន ៥០% ក្នុងចំណោមកូនៗដែលអាចចូលរៀនបាន។ ដូច្នេះ យើងទាំងអស់គ្នាយើងត្រូវការទៅរកមធ្យោបាយថែមទៀត ដើម្បីឱ្យយើងឡើង ពី០ដល់១០០% ពី២០ដល់១០០% ពី៥០ដល់១០០% និងរក្សា ១០០% សម្រាប់កន្លែងដែលបាន១០០% រួចហើយ។ ដោយសារ យើងនឹកឃើញដល់ព្រះយេស៊ូនៅពេលដែលព្រះយេស៊ូបាត់កូនចៀមតែមួយក្បាល ក្នុងចំណោមកូនចៀម១០០ក្បាល ក៏ព្រះយេស៊ូបានទុកកូនចៀម៩៩ក្បាលឱ្យនៅ ហើយទៅស្វែងរកកូនចៀម១ក្បាលដែលវង្វេងបាត់នោះ។ ដូច្នេះ សម្រាប់យើងជាព្រះសហគមន៍ជាតួនាទីរបស់យើង យើងមិនអាចទុកបងប្អូនណាម្នាក់បានទេ យើងមាន៩៩នាក់យើងបាត់ម្នាក់ យើងត្រូវការចេញដើម្បីដើរតាម។ យើងដើរតាមបេក្ខជនអប់រំជំនឿ ដើរតាមសិស្ស-និស្សិត តាមកូនក្មេង តាមជំទង់ តាមយុវជនយុវនារី តាមលោកតាលោកយាយ ដើម្បីឱ្យយើងទាំងអស់គ្នាយល់ថា យើងមានព្រះបិតា យើងមានព្រះបុត្រា យើងមានព្រះវិញ្ញាណដ៏វិសុទ្ធ ដែលស្រឡាញ់គ្នាណាស់។ នៅក្នុងព្រះសហគមន៍យើងជាគ្រួសារតែមួយដែលស្រឡាញ់គ្នាណាស់។
ដូច្នេះបងប្អូនជាទីស្រឡាញ់ យើងនៅតែបន្តធ្វើសង្រ្គាមដើម្បីសម្លាប់ជំងឺកូវីដ-១៩ ជាសង្រ្គាមដ៏វិសុទ្ធដែលណែនាំឱ្យយើងរួមគ្នាទទួលខុសត្រូវយ៉ាងខ្ពស់។ ដោយយកចិត្តទុកដាក់ ដូចព្រះជាម្ចាស់បានបញ្ជាយើង ឱ្យយើងធ្វើតាមធម្មវិន័យ ឱ្យយើងធ្វើតាមបទបញ្ជារបស់ព្រះអង្គទាំងអស់។ យើងធ្វើតាមធម្មវិន័យរបស់ព្រះយេស៊ូគឺ “ស្រឡាញ់គ្នាទៅវិញទៅមកដូចព្រះយេស៊ូបានស្រឡាញ់យើង”។ យើងធ្វើតាមបទបញ្ជារបស់រាជរដ្ឋាភិបាល “៣កុំ ៣ការពារ” យើងធ្វើតាមអនុសាសន៍របស់លោកអភិបាលព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ “៣ថែរក្សា” ដើម្បីឱ្យយើងរួមគ្នាឈ្នះជំងឺកូវីដ-១៩ឆាប់ៗនេះ។ យើងបន្តអធិដ្ឋានអស់ពីសមត្ថភាព ខ្ញុំសង្ឃឹមថាមានបងប្អូនចូលរួមអភិបូជាពីចម្ងាយច្រើនតាមរយៈ https://www.facebook.com/LiveCatholicChannel។ ដោយសារ យើងឥតមានអភិបូជាដោយផ្ទាល់ពីយូរខែមកហើយ ដូច្នេះយើងនៅសល់តែផ្លូវមួយនេះ កុំឱ្យយើងមើលងាយផ្លូវនេះ។ ព្រោះថាមានតែផ្លូវហ្នឹង ដើម្បីអធិដ្ឋាន ដើម្បីយល់ថាយើងជាគ្រួសារតែមួយ។ ដូច្នេះ ហ្វេសបុកភេច https://www.facebook.com/LiveCatholicChannel ជាឧបករណ៍មួយយ៉ាងពិសេសដើម្បីឱ្យយើងបន្តធ្វើការជាមួយគ្នា សម្រុះសម្រួលជាមួយគ្នាដោយយល់ថា ពិតមែននៅក្នុងព្រះត្រៃឯកយើងជាគ្រួសារតែមួយ យើងជាបងប្អូនគ្នានៅក្នុងព្រះយេស៊ូគ្រីស្ត យើងទទួលបេកកម្មមួយយ៉ាងពិសេស។
ថ្មីៗនេះ បងប្អូនបានឃើញខ្ញុំបានទៅសួរសុខទុក្ខដល់សម្តេចសង្ឃទាំងពីរគណៈ (ទាំងសម្តេចសង្ឃ ទេព វង្ស ទាំងសម្តេចសង្ឃ បួរ គ្រី) ខ្ញុំក៏បានទៅសួរសុខទុក្ខដល់សាលារាជធានីភ្នំពេញ។ ដោយសារយើងចែកម៉ាស់មែន ប៉ុន្តែជាពេលវេលាមួយដើម្បីបង្ហាញថា យើងជាព្រះសហគមន៍កាតូលិកមិនឆ្ងាយពីសាសនាដទៃ ព្រះសហគមន៍កាតូលិកមិនឆ្ងាយពីសង្គមបច្ចុប្បន្ននេះ ព្រះសហគមន៍កាតូលិកមិនឆ្ងាយពីបងប្អូនដែលកំពុងរងទុក្ខលំបាក។ ផ្ទុយទៅវិញ យើងជាគ្រួសារតែមួយនៅក្នុងព្រះសហគមន៍ដោយសារយើងបានទទួលអគ្គសញ្ញាជ្រមុជទឹក ប៉ុន្តែយើងជាគ្រួសារតែមួយនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជាទាំងមូល ជាមួយគ្រប់វិស័យ គ្រប់ស្ថាប័ន។ ដោយសារ យើងជាប្រជារាស្ត្រនៅក្នុងអង្គព្រះគ្រីស្ត ប៉ុន្តែយើងជាប្រជារាស្ត្រតែមួយលើទឹកដីរបស់យើង ដែលជាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះជាម្ចាស់បានជ្រើសរើសឱ្យយើង។ ដូច្នេះ បេសកកម្មដែលយើងទទួលមិនមែនជាអ្វីដែលតូចតាចមួយ តែជាបេសកកម្មមួយយ៉ាងធំណាស់ បេសកកម្មតែមួយគ្រប់គឺ ចូលនៅក្នុងគម្រោងការរបស់ព្រះជាម្ចាស់ ដូចព្រះអង្គមានព្រះបន្ទូលពីដើម “ខ្ញុំបានប្រគល់ឱ្យអ្នកនៅថ្ងៃនេះ មានសុភមង្គល មានអាយុយឺនយូរ”។
សូមព្រះជាម្ចាស់ប្រទានព្រះពរដល់បងប្អូនទាំងអស់ សូមព្រះជាម្ចាស់ប្រទានព្រះពរដល់ព្រះសហគមន៍របស់យើង។ ថ្ងៃនេះ សូមព្រះជាម្ចាស់ប្រទានព្រះពរដល់ម្តាយទាំងអស់ ជាពិសេសនៅប្រទេសបារាំង (ថ្ងៃនេះជាបុណ្យម្តាយ)។ ខ្ញុំក៏សូមព្រះជាម្ចាស់ប្រទានព្រះពរដល់យើងទាំងអស់គ្នា នៅក្នុងព្រះវិញ្ញាណដ៏វិសុទ្ធពិតមែនយើងជាបុត្រាបុត្រីរបស់ព្រះជាម្ចាស់។ អាម៉ែន៕
+ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ
អភិបាលព្រះសហគមន៍កាតូលិក ភូមិភាគភ្នំពេញ
ប្រទេសកម្ពុជា