បងប្រុស ប៉ូល វិន កាន់ ៖ បូជាចារ្យ​គឺ​ប្រើ​ជីវិត​សម្រាប់​ព្រះគ្រីស្ត

«ប្រើជីវិត​សម្រាប់​ព្រះគ្រីស្ត​អស់កល្បជានិច្ច មាន​ន័យ​ថា មិនមែន​សម្រាប់​ផ្ទាល់ខ្លួន ប៉ុន្តែ​សម្រាប់ព្រះជាម្ចាស់​ជាអាទិភាព» នេះជា​សម្តី​របស់​និស្សិត​ទេវវិទ្យាល័យ ប៉ូល វិន កាន់ ​ដែល​បាន​ទទួល​មុខងារ​ជាអ្នក​បម្រើ​អាសនៈ ពី​លោក​អភិបាល​ អូលីវីយ៉េ ជ្មីត​អីស្ល៊ែ អភិបាល​ព្រះសហគមន៍កាតូលិភូមិភាគ​ភ្នំពេញ នា​ល្ងាច​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ២០២១ នៅព្រះវិហារ​សន្ត សិលា និង​សន្ត​ប៉ូល នៃមណ្ឌលសកម្មភាព​ភ្នំពេញថ្មី ក្នុងឱកាស​បុណ្យ​រំឭក​ដល់​សន្ត​យ៉ូហានបាទីស្ត និង​បិទឆ្នាំ​សិក្សា​នៅ​ទេវវិទ្យាល័យ​សន្ត​ យ៉ូហាន​ម៉ារី​វីយ៉ាណែ ដោយ​មាន​តំណាងបូជាចារ្យ និងតំណាងគ្រីស្ត​បរិស័ទចូលរួមតិចតួបំផុត។

និស្សិត​រូប​នេះ​បន្ត​ថា ជីវិត​នៅទេវវិទ្យាល័យ​សប្បាយ ដោយ​យើង​មិនត្រឹម​តែរៀន​នៅក្នុង​ទេវវិទ្យាល័យទេ ប៉ុន្តែ​នៅ​ចុង​សប្ដាហ៍​យើង​ទៅ​បម្រើព្រះសហគមន៍ដោយ​ស្គាល់គ្រីស្ត​បរិស័ទ​​ដែល​ជាអ្នក​ផ្ដល់​កម្លាំង​ចិត្ត​ដល់ពួក​យើង​ជានិស្សិត​ទេវវិទ្យាល័យ។

មុន​ពេលមាន​វិបត្តិកូវីដ​១៩ និស្សិត​ទេវវិទ្យាល័យ​ទាំង​អស់​ត្រូវ​មាន​សកម្មភាព​របស់​ខ្លួន​នៅ​តាម​ព្រះសហគមន៍នីមួយៗ​ជារៀង​រាល់ថ្ងៃ​សៅរ៍និង​អាទិត្យ ដើម្បីទទួល​បាន​បទ​ពិសោធន៍​រួមជាមួយ​នឹង​ព្រះសហគមន៍ និង​បម្រើ​បងប្អូន​ក្នុង​ជំនឿ​ ព្រមទាំង​អ្នក​ផ្សេងទៀត។

បងប្រុស ប៉ូល វិន កាន់ មាន​ប្រសាសន៍​ថា «ពេល​វេលានៅ​ទេវវិទ្យាល័យ​ពិតជា​សំខាន់​សម្រាប់​​ខ្ញុំ​​មុន​នឹង​ចេញទៅ​ប្រកាស​ដំណឹងល្អ និង​សម្រាប់​បងប្អូនឯទៀតៗ​ដែល​ត្រៀម​នឹង​ចូល​ទេវវិទ្យាល័យ​​ដែរ ដោយ​ត្រូវការ​រៀន​រស់​នៅ​បម្រើ​ព្រះជាម្ចាស់តាមរយៈ​ការ​បម្រើ​ព្រះសហគមន៍»។

បងប្រុសកាន់​បន្ថែម​ថា ការ​អធិដ្ឋាន​ពិត​ជាសំខាន់​ដោយ​អាចរិះគិតដោយ​មាន​អំណរសប្បាយ​ដែលជាកម្លាំង​ឱ្យ​យើង​បន្ត​ទៅមុខ «​ដើម្បី​យល់​ថាជីវិត​យើង​នៅក្នុង​ទេវវិទ្យាល័យ​មិនមែនរស់​នៅ​ផ្ទាល់ខ្លួន ប៉ុន្តែ​ត្រូវ​ត្រៀម​ខ្លួនជានិច្ច​ដើម្បី​បម្រ​ព្រះជាម្ចាស់​ដែល​មាន​វត្ត​មាន​នៅក្នុង​​បងប្អូន​ដែល​យើង​ទៅចួប​រាល់​សប្ដាហ៍»។​

នៅក្នុង​ធម្មទេសនា នា​ឱកាស​នោះ លោក​អភិបាល អូលីវីយ៉េ មានប្រសាសន៍ថា សូម​ឲ្យ​និស្សិត​ទេវវិទ្យាល័យទាំងអស់​គ្នា ចេះ​បង្ហាញព្រះគ្រីស្ត​ដូច​​លោក​យ៉ូហានបាទីស្ត។ លោក​បន្ថែម​ថា​ ថ្ងៃនេះ​យើង​ធ្វើ​ពិធី​តែង​តាំង​បងប្រុស ប៉ូល វិន កាន់ ជាអ្នក​បម្រើ​អាសនៈ ជាជំហាន​មួយ​ដើម្បី​ក្លាយ​ទៅជាបូជាចារ្យ ធ្វើ​សក្ការៈ​បូជា​ដោយ​នាម​ព្រះយេស៊ូ ដោយ​ណែនាំ​ឱ្យ​បងប្អូន​លែង​មើល​យើងតែ​មើលឃើញព្រះយេស៊ូវិញ។

លោក​បន្ថែម​ថា ថ្ងៃ​នេះ​បងប្រុស ប៉ូល វិន​ កាន់ ទទួល​តួនាទី​អ្នក​បម្រើ​អាសនៈជាផ្លូវ​ការណ៍ ជា​ពេលវេលាមួយ​ដើម្បី​ហាត់​ថែម​ទៀត​ ដើម្បីស្គាល់​ព្រះយេស៊ូ និង​នៅ​ថ្ងៃ​អនាគត​អាច​​បង្ហាញ​ស្នាព្រះហស្ត និង​សិរីរុងរឿង​របស់​ព្រះជាម្ចាស់ ដើម្បីលើកតម្កើង​ព្រះនាម​ព្រះអង្គ។​

«សម្រាប់​ជីវិត​ជាបូជាចារ្យ ខ្ញុំ​បាន​រិះ​គិតជាច្រើន។ សម្រាប់​ខ្ញុំ​កំពុង​បន្តរិះគិត​ក្នុង​ការត្រាស់ហៅ សូម​ផ្ដែផ្ដាំដល់​យុវជន សូមមានចិត្ត​ក្លាហាន​​លះបង់​បំណង​ផ្ទាល់​ខ្លួន ​ដើម្បី​គិត​ពីព្រះជាម្ចាស់ និង​ព្រះសហគមន៍​ត្រូវ​ការ​យើង​ទាំងអស់គ្នា»។ នេះ​ជា​ការ​លើក​ឡើង​របស់​អ្នក​បម្រើ​តុ​អាសនៈ វិន​ កាន់។

លោក​ ប៉ូល វិន កាន់ ជាគ្រីស្ត​បរិស័ទមកពី​ព្រះសហគមន៍​ចំប៉ានៃមណ្ឌលសកម្មភាព​ទន្លេមេគង្គ មានបងប្អូនទាំងអស់ ៦នាក់ ហើយឪពុកម្ដាយប្រកបមុខរបរជាអ្នកនេសាទ។ លោកជាកូន ៥ក្នុងក្រុមគ្រួសារកាតូលិកតាំងពីជំនាន់ដូនតាមក។ លោក​បាន​ចូលរៀននៅទេវវិទ្យាល័យក្នុងឆ្នាំ​២០១៤ ដោយមាន​ការលើកទឹកចិត្តនិងជំរុញពីក្រុមគ្រួសារលោក ឱ្យបន្តដំណើរការត្រាស់ហៅ​របស់ព្រះជាម្ចាស់ជាបូជាចារ្យ។

បូជាចារ្យ​កាតូលិក  គឺ​រស់នៅ​លីវអស់​មួយ​ជីវិត និង​រស់នៅ​ដោយ​បម្រើ​ព្រះសហគមន៍​ ដោយ​បម្រើ​អគ្គ​សញ្ញានានា និងបម្រើ​បងប្អូន​ឯទៀតៗ​ ក្នុង​បេសកកម្មប្រកាសដំណឹងល្អ​របស់​ព្រះយេស៊ូគ្រីស្ត។

លោក​អភិបាល​ អូលីវីយ៉េ មាន​ប្រសាសន៍ទៀតថា ​នៅទីនេះទេវវិទ្យាល័យ ប្រៀប​បាន​នឹង​វត្ត​អារាមផងដែរ ដូចព្រះសង្ឃ​នៅ​ជាមួយ​​​កូននេន ហើយ​នៅទីនេះ​យើង​មាន​កូនសិស្សរបស់​លោក​អភិបាល​៤​នាក់​នៅជាមួយ​គ្នា ងាយ​ស្រួល​អប់រំ ប៉ុន្តែក្នុងពេលនេះ ​មិនសូវ​មានឱកាស​យកបទពិសោធតាម​ព្រះសហគមន៍​នីមួយៗ​ ដោយសារ​ត្រូវបាន​បិទទ្វារ​​ព្រោះ​កូវីដ១៩។

លោក​អភិបាល​​​សង្ឃឹមថា ​ឆ្នាំ​ក្រោយការ​អប់រំ​នៅ​ទេវវិទ្យាល័យ​នឹងងាយ​ស្រួល​ជាង​ ដើម្បី​​​បន្តការរៀប​ចំ​ខ្លួន​ជាបូជាចារ្យរបស់​និស្សិត​ទាំង​អស់។ សព្វ​ថ្ងៃ​ពួកគេ​កំពុង​រៀន​តាម​អន​ឡាញ​ខ្លះ និង​មាន​បូជាចារ្យ​ខ្លះ​មក​បង្រៀន​។

នៅ​ក្នុងប្រទេស​កម្ពុជា​ សព្វ​ថ្ងៃ​ ព្រះសហគមន៍​មាន​និស្សិត​ទេវវិទ្យាល័យ ចំនួន​៥​រូប ដែល​៤​រូប​ទទួល​ជា​សិស្ស​របស់​លោក​អភិបាល និង​មួយ​រូប​ទៀត​កំពុង​ត្រៀម​ខ្លួន។ ជាមួយ​គ្នានេះ លោកអភិបាល​ឲ្យ​ដឹងថា ព្រះសហគមន៍​ក៏មាននិស្សិត​ទេវវិទ្យាល័យ ចំនួន​៣​នាក់​ទៀត​កំពុង​រៀន​នៅ​ប្រទេស​ថៃ​ផងដែរ។

លោក​បន្ថែម​ថា «ដូច្នេះ​នេះ​ជាបរិយាកាស ជាស្ថានភាព​ពិភពលោក​សព្វថ្ងៃ​ យើង​មាន​តែ​អធិដ្ឋានដើម្បី​ឱ្យ​មាន​សេរីភាព​ក្នុង​ការធ្វើដំណើរ​និង​​រៀន​ក្នុង​ពេល​ឆាប់ៗនេះ ដោយ​មាន​ការ​បង្កើត​ទំនាក់​ទំនង និង​ជាពិសេស​អធិដ្ឋាន​ឱ្យ​មាន​កូនសិស្សលោក​អភិបាល​មួយចំនួន​ទៀត​នាឆ្នាំសិក្សាថ្មីខាងមុខនេះ»៕

ដោយ ដាលីស

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី

កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ

អបអរសាទរ សិស្សវិទ្យាល័យ សន្តហ្វ្រង់ស្វ័រ បច្ចេកទេសកម្រិត៣ ប្រឡងជាប់ ១០០%

ប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ចំនួន ៤១នាក់ បានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ មួយរយភាគរយ នាសម័យប្រឡងថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦ ក្នុងនោះមានស្រី ២០នាក់។បើតាមការឱ្យដឹងពី លោក យុន សំអាត នាយកសាលាខាងលើ បានរៀបរាប់ឱ្យដឹងថា លទ្ធផលប្រឡងបញ្ចប់ឆ្នាំសិក្សា និងប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត ៣ សម័យប្រឡងថ្ងៃទី២២

លោកឪពុក យ៉ូហាន អ៊ុន រំលឹកថា៖ «ព្រះយេស៊ូទាមទារចិត្តស្រឡាញ់ និងការចែករំលែកនូវអ្វីដែលយើងមាន»

ភ្នំពេញ៖ នៅក្នុងពិធីអភិបូជានាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅព្រះវិហារកាតូលិកសន្តសិលា និងសន្តប៉ូល លោកឪពុក យ៉ូហាន អ៊ុន សុន (Fr. Jean Un Son) បានលើកឡើងនូវសារអប់រំលត់ដំផ្លូវចិត្តយ៉ាងជ្រាលជ្រៅមួយដល់គ្រីស្ដបរិស័ទទាំងអស់ អំពីការស្វែងរក «អាហារផ្លូវព្រលឹង» និងការផ្លាស់ប្តូរជីវិតតាមរយៈការចែករំលែកសេចក្ដីស្រឡាញ់។ នៅក្នុងធម្មទេសនា លោកឪពុកបានគូសបញ្ជាក់ថា មនុស្សទូទៅតែងតែខិតខំប្រឹងប្រែងធ្វើការយ៉ាងលំបាក ដើម្បីស្វែងរកអាហារចិញ្ចឹមរូបរាងកាយ និងសុវត្ថិភាពផ្លូវកាយ ប៉ុន្តែច្រើនដង មនុស្សបានមើលរំលងភាពស្រេកឃ្លាននៃ

Subscribe to our newsletter

Don't miss new updates on your email