អាទិត្យ​ទី​១៥​នៃ​រដូវ​ធម្មតា ព្រះសហគមន៍​សន្តី​ម៉ារី​ញញឹម ចំការទៀង ថ្ងៃទី​១១ ខែ​កក្កដា ឆ្នាំ​២០២១ “ផលផ្លែ​នៃ​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ” បងប្អូន​ជា​ទី​ស្រឡាញ់

បង​ប្អូន​ទាំង​អស់​ដែល​បាន​ភ្ជាប់​ជា​មួយ​យើង​នៅ​ក្នុង​អភិបូជា​នេះ យើង​កំពុង​ស្តាប់​ព្រះបន្ទូល​របស់​ព្រះយេស៊ូ។ ថ្ងៃ​នេះ ព្រះបន្ទូល​របស់​ព្រះយេស៊ូ ទោះ​បី​មាន​បង​ប្អូន​ខ្លះ​កំពុង​ព្យាបាល​ជំងឺ​កូវីដ-១៩ ទោះ​បី​មាន​ខ្លះ​កំពុង​ធ្វើ​ចត្តាឡីស័ក ប៉ុន្តែ​ជា​ព្រះបន្ទូល​សម្រាប់​យើង​រៀងៗ​ខ្លួន។ “ព្រះយេស៊ូ​ត្រាស់​ហៅ​សាវ័ក​ទាំង​១២​នាក់​មក រួច​ទ្រង់​ចាត់​គេ​ពីរៗ​នាក់​ឱ្យ​ទៅ​ទាំង​ប្រទាន​អំណាច​ដើម្បី​ដេញ​ខ្មោច​ផង”។ បង​ប្អូន​ជា​ទី​ស្រឡាញ់ យើង​ជា​សាវ័ក​ដែល​ព្រះយេស៊ូ​បាន​ជ្រើស​រើស ព្រះយេស៊ូ​ត្រាស់​ហៅ​យើង​ដើម្បី​ឱ្យ​យើង​ទៅ​ប្រកាស​ដំណឹង​ល្អ។ ឥត​មាន​កាលៈទេសៈ​ណា​មួយ ឥត​មាន​ស្ថានភាព​ណា​មួយ ឥត​មាន​បរិយាកាស​ណា​មួយ ដែល​ណែនាំ​ឱ្យ​យើង​ឥត​មាន​សមត្ថភាព​ដើម្បី​ប្រកាស​ដំណឹង​ល្អ។

សប្តាហ៍​មុន យើង​បាន​ឃើញ​ព្រះយេស៊ូ​ណែនាំ​ឱ្យ​យើង​ធ្វើ​តាម​ព្រះយេស៊ូ មាន​ន័យ​ថា​ធ្វើ​ដូច​ព្រះយេស៊ូ​ចេញ​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ។ ថ្ងៃ​នេះ គឺ​ព្រះយេស៊ូ​ដែល​បាន​ចាត់​យើង​ឱ្យ​យើង​ទៅ​ប្រកាស​ដំណឹង​ល្អ ពិត​មែន​យើង​មិន​អាច​ចេញ​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ។ ប៉ុន្តែ សព្វ​ថ្ងៃ​តាម​ស្ថានភាព​របស់​យើង តាម​កន្លែង​ដែល​យើង​នៅ តាម​កម្លាំង​កាយ​កម្លាំង​ចិត្ត​ដែល​យើង​មាន យើង​ដឹង​ថា​យើង​បាន​ទទួល​បេសកកម្ម​មួយ​យ៉ាង​ពិសេស គឺ​ប្រកាស​ដំណឹង​ល្អ​តាម​របៀប​ព្រះយេស៊ូ។ ប្រហែល​យើង​អាច​និយាយ​ថា ខ្ញុំ​ឥត​មាន​សមត្ថភាព ខ្ញុំ​ឥត​មាន​កម្លាំង​កាយ​កម្លាំង​ចិត្ត ខ្ញុំ​កំពុង​ភ័យ​ខ្លាច ខ្ញុំ​ជា​មនុស្ស​តូច​តាច ខ្ញុំ​ជា​មនុស្ស​ដែល​គ្មាន​ចំណេះ​ដឹង។

បង​ប្អូន​ជា​ទី​ស្រឡាញ់ យើង​បាន​ស្តាប់​អត្ថបទ​ទី​១​នៅ​ពេល​ព្រះជាម្ចាស់​បាន​ជ្រើស​រើស អរមូស គឺ​ព្រះជាម្ចាស់​បាន​ជ្រើស​អរមូស​ពី​ក្រោយ​ហ្វូង​គោ។ ព្រះអង្គ​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា “ចូរ​ទៅ​ថ្លែង​ពាក្យ​ក្នុង​នាម​ខ្ញុំ ប្រាប់​អ៊ីស្រាអែល​ជា​ប្រជារាស្ត្រ​របស់​យើង”។ តាម​ពិត ព្រះជាម្ចាស់​បាន​ជ្រើស​រើស​មនុស្ស​តូច​តាច​ម្នាក់​ដែល​គ្មាន​អ្វី​អស្ចារ្យ ជា​កសិករ ជា​អ្នក​គង្វាល ប៉ុន្តែ​ព្រះជាម្ចាស់​បាន​ជ្រើស​រើស​គាត់​ដើម្បី​ប្រកាស​ដំណឹង​ល្អ។ យើង​ដឹង​ថា យើង​ជា​គ្រីស្ត​បរិស័ទ​ដែល​បាន​ទទួល​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ យើង​ជា​គ្រីស្ត​បរិស័ទ​ដែល​បាន​ទទួល​សញ្ញា​សម្គាល់​ពី​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ ដើម្បី​ឱ្យ​យើង​ទៅ​ប្រកាស​ដំណឹង​ល្អ។ យើង​បាន​ស្តាប់​អត្ថបទ​ទី​២ “នៅ​ក្នុង​អង្គ​ព្រះគ្រីស្ត​បង​ប្អូន​ក៏​បាន​ជឿ​សង្ឃឹម​លើ​ព្រះអង្គ ហើយ​បាន​ទទួល​សញ្ញា​សម្គាល់​ពី​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​តាម​ព្រះបន្ទូល​សន្យា ព្រះជាម្ចាស់​ប្រទាន​ព្រះវិញ្ញាណ​មក​ចិញ្ចឹម​ចិត្ត​យើង ដោយ​ដឹង​ថា​យើង​នឹង​ទទួល​មរតក​នៅ​ពេល​ព្រះអង្គ​លោះ​ប្រជារាស្ត្រ​របស់​ព្រះអង្គ​ឱ្យ​បាន​សម្រេច ដើម្បី​ឱ្យ​យើង​កោត​សរសើរ​សិរី​រុង​រឿង​របស់​ព្រះជាម្ចាស់” យើង​បាន​ទទួល​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ។

សប្តាហ៍​មុន ខ្ញុំ​បាន​និយាយ​អំពី​ព្រះអំណោយ​ទាន​ដែល​យើង​បាន​ទទួល​នៅ​ក្នុង​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ។ ថ្ងៃ​នេះ ខ្ញុំ​ចង់​បញ្ជាក់​អំពី​ផ្លែ​នៃ​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​នៅ​ក្នុង​ជីវិត​របស់​យើង ផ្លែ​នេះ​គឺ​មាន៖

  • សេចក្តី​ស្រឡាញ់
  • អំណរ
  • សេចក្តី​សុខ​សាន្ត
  • ចិត្ត​អត់​ធ្មត់
  • ចិត្ត​សន្តោស​មេត្តា
  • ចិត្ត​សប្បុរស
  • ចិត្ត​ស្លូត​បូត
  • ចេះ​យោគ​យល់
  • ភក្តី​ភាព
  • ចេះ​បន្ទាប​ខ្លួន​ឯង
  • ចេះ​តម​ការ​សប្បាយ
  • ចេះ​ទប់​ចិត្ត​ខ្លួន​ឯង។

បង​ប្អូន​ជា​ទី​ស្រឡាញ់ នេះ​ជា​ផ្លែ​នៃ​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ ផ្លែ​ដែល​យើង​បាន​ទទួល​នៅ​ក្នុង​ជីវិត​របស់​យើង។ សព្វ​ថ្ងៃ ទោះ​បី​យើង​ពិបាក​ក៏​ដោយ​នៅ​ក្នុង​កូវីដ-១៩ ទោះ​បី​យើង​ភ័យ​ខ្លាច​ក៏​ដោយ​យើង​ដឹង​ថា​ផ្លែ​នេះ​គឺ​ជា​ផ្លែ​ដែល​ភ្ជាប់​នឹង​ខ្លួន​យើង។ ឱ្យ​យើង​គិត​ពិចារណា តើ​យើង​មាន​សេចក្តី​ស្រឡាញ់​អ្វី​ខ្លះ? តើ​យើង​មាន​អំណរ​អ្វី​ខ្លះ? តើ​យើង​មាន​សេចក្តី​សុខ​សាន្ត​អ្វី​ខ្លះ? តើ​យើង​មាន​ចិត្ត​អត់​ធ្មត់? តើ​យើង​មាន​ចិត្ត​សន្តោស​មេត្តា? តើ​យើង​មាន​ចិត្ត​សប្បុរស? តើ​យើង​មាន​ចិត្ត​ស្លូត​បូត? តើ​យើង​ចេះ​យោគ​យល់​គ្នា? តើ​យើង​មាន​ភក្តី​ភាព? តើ​យើង​ចេះ​បន្ទាប​ខ្លួន? តើ​យើង​ចេះ​ទប់​ចិត្ត​ខ្លួន​ឯង? នេះ​ជា​ផ្លែ​ដែល​យើង​មាន​នៅ​ក្នុង​ជីវិត​របស់​យើង លុះត្រាតែ​យើង​ជាប់​ជា​មួយ​ព្រះជាម្ចាស់​ដែល​បាន​ត្រាស់​ហៅ​យើង ដែល​ស្រឡាញ់​យើង។

នៅ​ក្នុង​ផ្លែ​នេះ យើង​អាច​រក​ឃើញ​កម្លាំង​ដើម្បី​ថែរក្សា​ជីវិត​របស់​យើង​ជា​គ្រីស្ត​បរិស័ទ ជីវិត​របស់​យើង​ជា​ព្រះសហគមន៍។ ខ្ញុំ​ចង់​រំលឹក​ដល់​បង​ប្អូន យើង​ជា​ប្រជារាស្ត្រ​របស់​ព្រះជាម្ចាស់​ដ៏​មាន​ជីវិត ដោយសារ​ព្រះជាម្ចាស់​ជា​ព្រះ​ដែល​មាន​ព្រះជន្ម​គង់​នៅ។ កុំ​ឱ្យ​យើង​ភ្លេច នៅ​ពេល​ព្រះជាម្ចាស់​បាន​សម្តែង​ព្រះអង្គ​ដល់​លោក​មូសេ ព្រះអង្គ​មាន​ព្រះបន្ទូល​ថា “ខ្ញុំ​ជា​ព្រះ​ដែល​មាន​ព្រះជន្ម​គង់​នៅ”។ យើង​ជា​បុត្រ​ធីតា​របស់​ព្រះជាម្ចាស់​ដែល​មាន​ព្រះជន្ម​គង់​នៅ មាន​ន័យ​ថា​យើង​ជា​ប្រជា​រាស្ត្រ​ដែល​ពោរ​ពេញ​ដោយ​ជីវិត។

ថ្ងៃ​នេះ ខ្ញុំ​ចង់​ជម្រុញ​ដល់​ព្រះសហគមន៍​គ្រប់​ទី​កន្លែង សព្វ​ថ្ងៃ​យើង​មាន​ព្រះសហគមន៍​មួយ​ចំនួន​ដែល​ជាប់​ធ្វើ​ចត្តាឡីស័ក​ដោយ​សារ​មាន​កូវីដ​ខ្លះៗ។ យើង​មាន​បព្វជិត​បព្វជីតា គ្រីស្ត​បរិស័ទ​មួយ​ចំនួន​ដែល​កំពុង​ធ្វើ​ចត្តាឡីស័ក ដោយសារ​បាន​ជាប់​ដោយ​ផ្ទាល់ ឬ​ប្រយោល។ យើង​មាន​បង​ប្អូន​មួយ​ចំនួន​ដែល​កំពុង​ភ័យ​ខ្លាច មាន​ខ្លះ​គាត់​រត់​ទៅ​ទិញ​ឧបករណ៍​តេស​បឋម ដើម្បី​មើល​តើ​យើង​មាន​ជំងឺ​កូវីដ​ឬ​អត់? នៅ​ក្នុង​ស្ថានភាព​នេះ ប្រសិន​បើ​យើង​មើល​អ្វី​ដែល​យើង​បាន​ទទួល​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​នៅ​ក្នុង​ការ​ផ្សាយ​ព័ត៌មាន។ សព្វ​ថ្ងៃ ព័ត៌​មាន​គេ​មិន​សូវ​និយាយ​អំពី​បង​ប្អូន​ដែល​បាន​ជា​សះស្បើយ គឺ​គេ​សង្កត់​ធ្ងន់​ទៅ​លើ​អ្នក​ដែល​បាន​ឆ្លង​ថ្មី និង​អ្នក​ដែល​ស្លាប់។ ដូច្នេះ ណែនាំ​ឱ្យ​យើង​ភ័យ​ថែម​ទៀត ណែនាំ​ឱ្យ​យើង​អស់​សង្ឃឹម​ថែម​ទៀត ណែនាំ​ឱ្យ​យើង​គាំង ណែនាំ​ឱ្យ​យើង​ស្ទះ។ ប៉ុន្តែ យើង​ជា​ប្រជា​រាស្ត្រ​ពោរពេញ​ដោយ​ជីវិត​ដែល​មក​ពី​ព្រះជាម្ចាស់​ដែល​មាន​ព្រះជន្ម​គង់​នៅ ដូច្នេះ​យើង​មិន​អាច​ស្ទះ យើង​មិន​អាច​គាំង ទោះបី​ភ័យ​ក៏​ដោយ ទោះបី​ខ្លាច​ក៏​ដោយ យើង​ដឹង​ថា​ព្រះយេស៊ូ​គង់​នៅ។

ដូច្នេះ សំខាន់​បំផុត​ឱ្យ​យើង​ថែរក្សា​៣​កុំ​៣​ការពារ ឱ្យ​យើង​យក​ចិត្ត​ទុក​ដាក់​នៅ​ក្នុង​ជីវិត​របស់​យើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ ប៉ុន្តែ ឱ្យ​យើង​យក​ចិត្ត​ទុក​ដាក់​មួយ​ចំណុច​ទៀត ដែល​សំខាន់​បំផុត​ដើម្បី​ឱ្យ​ព្រះសហគមន៍​យើង​មាន​ជីវិត គឺ៖

  • យក​ចិត្ត​ទុក​ដាក់​លើ​ជីវិត​ខាង​ផ្លូវ​វិញ្ញាណ នៅ​ក្នុង​ការ​អធិដ្ឋាន នៅ​ក្នុង​ការ​ចូល​អភិបូជា​ប្រចាំ នៅ​ក្នុង​ការ​ស្តាប់​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់។ ជា​ពិសេស សម្រាប់​បង​ប្អូន​ដែល​កំពុង​ធ្វើ​ចត្តាឡីស័ក ដោយសារ​យើង​មាន​ពេល​ទំនេរ​ច្រើន​ណាស់ ដូច្នេះ​ជា​ពេល​វេលា​ដើម្បី​មើល តើ​ខ្ញុំ​ស្រឡាញ់​ព្រះជាម្ចាស់​ដល់​កម្រិត​ណា? តើ​ខ្ញុំ​សប្បាយ​ចិត្ត​អធិដ្ឋាន​ជា​មួយ​ព្រះជាម្ចាស់​ឬ​ទេ?
  • ឱ្យ​យើង​យក​ចិត្ត​ទុក​ដាក់​នៅ​គ្រប់​ព្រះសហគមន៍​អំពី​កម្មវិធី​អប់រំ​ជំនឿ សប្តាហ៍​នេះ​ខ្ញុំ​នឹង​មាន​ប្រជុំ​ពី​ចម្ងាយ (ZOOM) ជា​មួយ​គ្រូ​អប់រំ​ជំនឿ​តាម​កម្រិត ដើម្បី​ឱ្យ​យើង​ជម្រុញ​តាម​កន្លែង​នីមួយៗ​ឱ្យ​កម្ម​វិធី​អប់រំ​ជំនឿ​របស់​យើង​ទៅ​មុខ។
  • ឱ្យ​យើង​បន្ត​យក​ចិត្ត​ទុក​ដាក់​អប់រំ​ណែនាំ​យុវជន​យុវនារី សម្រាប់​ខែ​សីហា ខែ​កញ្ញា យើង​មាន​គម្រោងការ ទី​១​ចូល​រួម​នៅ​ក្នុង​ការ​អធិដ្ឋាន​សម្រាប់​សុខ​សន្តិ​ភាព រួម​ជា​មួយ​យុវជន​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា និង​នៅ​ក្នុង​ទ្វីប​អាស៊ី​ទាំង​មូល នៅ​ថ្ងៃ​ទី​៧ ខែ​សីហា ខាង​មុខ​នេះ។ ទី​២ យើង​កំពុង​រៀប​ចំ​មហា​សន្និបាត​យុវជន​នៅ​ក្នុង​ភូមិភាគ​ភ្នំពេញ ប្រសិន​បើ​យើង​ធ្វើ​ផ្ទាល់​មិន​បាន​យើង​ធ្វើ​ពី​ចម្ងាយ (ZOOM) នៅ​ថ្ងៃ​ទី​៩-១២ ខែ​កញ្ញា ខាង​មុខ​នេះ។ ដូច្នេះ នៅ​ក្នុង​ខែ​កក្កដា ខែ​សីហា ជា​មួយ​ក្រុម​យុវជន ជា​មួយ​ការិយាល័យ​យុវជន យើង​នឹង​រៀប​ចំ​ដើម្បី​ឱ្យ​មហា​សន្និបាត​របស់​យើង នៅ​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ​អាច​កើត​ឡើង​នៅ​ខែ​កញ្ញា។ ដោយសារ យើង​ត្រូវ​តែ​មាន​ជីវិត​ត​ទៅ​ទៀត ដោយសារ​យើង​ជា​ប្រជារាស្ត្រ​របស់​ព្រះជាម្ចាស់​ដែល​ពោរពេញ​ដោយ​ជីវិត។
  • ឱ្យ​យើង​បន្ត​យក​ចិត្ត​ទុក​ដាក់​លើ​កម្មវិធី​អប់រំ​សិក្សា ដើម្បី​ឱ្យ​យើង​សាលា​របស់​យើង​នីមួយៗ​បន្ត​ណែនាំ​អប់រំ​ក្មេងៗ​ដល់​ប្រលង​ឌីប្លម​ផង ប្រលង​បាក់ឌុប​ផង ឡើង​ថ្នាក់​និង​ចូល​រៀន​ឆ្នាំ​សិក្សា​ថ្មី​ផង ដោយ​សង្ឃឹម​យើង​អាច​ចូល​នៅ​ក្នុង​សាលា​យើង​វិញ​បាន។
  • ឱ្យ​យើង​យក​ចិត្ត​ទុក​ដាក់​នឹង​មេត្តា​ករុណា មេត្តា​ករុណា​គឺ​ជា​អ្វី​ដែល​សំខាន់​បំផុត ដើម្បី​ឱ្យ​ជីវិត​របស់​យើង​ទៅ​ជា​ជីវិត​ដែល​ភ្ជាប់​ជា​មួយ​ព្រះជាម្ចាស់ ដោយសារ​ព្រះជាម្ចាស់​ជា​សេចក្តី​ស្រឡាញ់។ ដូច្នេះ មេត្តា​ករុណា​របស់​យើង​មិន​អាច​ស្ទះ យើង​អាច​រក​មធ្យោបាយ​ថែម​ទៀត​ដើម្បី​ជាប់​ជា​មួយ​បង​ប្អូន​ឯទៀតៗ។

សរុប​មក ជីវិត​ខាង​ផ្លូវ​វិញ្ញាណ ការ​អប់រំ​ជំនឿ ការ​អប់រំ​ណែនាំ​យុវជន អប់រំ​សិក្សា និង​ធម៌​មេត្តា​ករុណា ប្រសិន​បើ​យើង​មើល​ហ្នឹង ណែនាំ​ឱ្យ​ព្រះសហគមន៍​របស់​យើង​នៅ​មាន​ជីវិត។ ខ្ញុំ​ជឿ​ថា​យើង​អាច​ធ្វើ​បាន លុះ​ត្រា​តែ​យើង​អធិដ្ឋាន យើង​ស្តាប់​ព្រះជាម្ចាស់ ជា​ពិសេស​នៅ​ក្នុង​ទំនុក​តម្កើង​ថ្ងៃ​នេះ “ព្រះអម្ចាស់​ផ្ទាល់​ប្រទាន​មង្គល​ឱ្យ​យើង​គ្រប់ៗ​គ្នា ចំណែក​ផែនដី​បង្កើត​ផល្លា​ភោគ​ផល​ផ្លែ​ផ្កា​សំបូរ​មិន​ខ្វះ”។ នេះ​ជា​សេចក្តី​ពិត ព្រះជាម្ចាស់​ប្រទាន​មង្គល​ឱ្យ​យើង បង្កើត​ផល្លា​ភោគ​ផល​ផ្លែ​ផ្កា​សំបូរ​មិន​ខ្វះ។ នៅ​ក្នុង​ផ្លែ​ហ្នឹង យើង​មាន​ជា​ពិសេស​គឺ​ផ្លែ​នៃ​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​ដែល​មាន សេច​ក្តី​ស្រឡាញ់ អំណរ សេចក្តី​សុខ​សាន្ត ចិត្ត​អត់​ធ្មត់ ចិត្ត​សន្តោស​មេត្តា ចិត្ត​សប្បុរស ចិត្ត​ស្លូត​បូត ចេះ​យោគ​យល់​គ្នា ភក្តី​ភាព ចេះ​បន្ទាប់​ខ្លួន ចេះ​ទប់​ចិត្ត​ខ្លួន​ឯង។

បង​ប្អូន​ជា​ទី​ស្រឡាញ់ យើង​បន្ត​អធិដ្ឋាន​សម្រាប់​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​សុំ​ព្រះជាម្ចាស់​ប្រទាន​ព្រះពរ​ដល់​ព្រះសហគមន៍​យើង។ ជា​ពិសេស ឱ្យ​យើង​ទទួល​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​ដ៏​ពេញ​លក្ខណៈ ដើម្បី​ឱ្យ​យើង​ហ៊ាន​ទៅ ដូច​ពី​ដើម​លោក​អរមូស​បាន​ទៅ​ប្រកាស​ដំណឹង​ល្អ ដូច​ពី​ដើម​សាវ័ក​បាន​ទៅ​ប្រកាស​ដំណឹង​ល្អ។ នៅ​ក្នុង​បរិយាកាស​នេះ យើង​ទៅ​ដែរ​ដើម្បី​ប្រកាស​ដំណឹង​ល្អ ដោយ​កែប្រែ​ចិត្ត​គំនិត ព្រះរាជ្យ​របស់​ព្រះជាម្ចាស់​កំពុង​យាង​មក ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​គង់​នៅ​ជា​មួយ​យើង យើង​ពោរ​ពេញ​ដោយ​កម្លាំង​ដោយសារ​ព្រះជាម្ចាស់​មាន​ព្រះជន្ម​គង់​នៅ និង​យើង​ជា​ប្រជារាស្ត្រ​ដ៏​មាន​ជីវិត ជីវិត​ដែល​មក​ពី​ព្រះជាម្ចាស់។ អាម៉ែន៕

+ លោក​អភិបាល អូលីវីយ៉េ ជ្មីតហស្លេ
អភិបាល​ព្រះសហគមន៍​កាតូលិក​កម្ពុជា
ភូមិភាគ​ភ្នំពេញ

Facebook
Twitter
LinkedIn

អត្ថបទថ្មី

សាលាសន្តឡាសាលពោធិ៍ធំពង្រីកបេសកកម្មអប់រំកុមារ

នាព្រឹកថ្ងៃទី៣០​ ខែតុលាលោកអភិបាលអូលីវីយ៉េ ជ្មីតហស្លេ​ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ​ បានអញ្ជើញជាអធិបតីក្នុងពីធីបាចទឹកព្រះពរ និងសម្ពោធអគារសិក្សាថ្មីសន្តឡាសាលពោធិ៍ធំ​ ​ដែលទទួល​ខុស​ត្រូវ​ដោយ​ក្រុម​បព្វជិត​​ឡាសាល មានទីតាំងក្នុងភូមិពោធិ៍ធំ​ សង្កាត់​អរិយក្សត្រ ក្រុងអរិយក្សត្រ​ ខេត្តកណ្តាល។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោកបូជាចារ្យ​ បងប្រុស​ បងស្រី​ តំណាងអាជ្ញាធរដែនដី​ សិស្សានុសិស្ស​ អាណាព្យាបាល​ យ៉ាងច្រើនកុះករ​។ មានប្រសាសន៍​សំណេះសំណាលក្នុងពិធីកាត់ខ្សែបូ លោកអភិបាលអូលីវីយ៉េ លើកឡើងថា នៅទីនេះមាតាបិតាមានសំណាងណាស់ ដោយសារកូនៗរៀននៅសាលាដ៏ល្អ មានការអប់រំដ៏ល្អមិនគិតថ្លៃ។ លោកក៏បានថ្លែងអំណរគុណដល់​ក្រុម​បព្វជិត​ឡាសាល

សិស្សនៃ​វិទ្យាល័យសន្តហ្រ្វង់ស្វ័រ ចំនួន​៨នាក់​ ទទួលបាន​និទ្ទេស A ពីការ​​ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

សិស្សថ្នាក់ទី១២ ជំនាន់ទី១៩ ឆ្នាំ​សិក្សា​២០២៣-២០២៤ ចំនួន​៨ នាក់របស់​សាលា​ចំណេះទូទៅ​សន្តហ្វ្រង់ស្វ័រ ទទួល​បាននិទ្ទេសA ក្នុង​ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នេះ​បើ​យោង​តាម​លទ្ធផល​ដែល​បាន​បូកសរុប​ដោយ​សាលាផ្ទាល់។ លោកអូលីវីយ៉េ ជ្មីតហស្លេ ជា​ស្ថាបនិក និង​ជា​អភិបាល​ព្រះសហគមន៍កាតូលិកភូមិភាគ​ភ្នំពេញ​មានប្រសាសន៍ថា ក្នុងឆ្នាំនេះ សាលា​មាន៨នាក់ជាប់និទ្ទេសA  ស្មើនឹង២២,២២​ភាគរយនៃសិស្ស៣៦នាក់។ លោក​ថា «នេះ​ជាមោទនភាពរបស់ព្រះសហគមន៍កាតូលិកដែលបានបង្កើតគ្រឹះស្ថានអប់រំ​ដ៏ល្អបំផុត ដែលមានលទ្ធផលប្រហែលជាទទួលបាន លេខមួយនៅទូទាំងប្រទេស ដែលមាននិទ្ទេសA ច្រើនដូចនេះ។» លោក​បញ្ជាក់ថា ជោគជ័យនេះបាន​ដោយសារតែសិស្សសាលារបស់យើងសព្វថ្ងៃ ទទួលការអប់រំពីព្រះសហគមន៍កាតូលិកតាំងពីមត្តេយ្យសិក្សា

ប្រធានមណ្ឌលសិប្បកម្ម ដូងតាកែវ ចូលរួមកម្មវិធី «ASEAN HERITAGE Train» ដើម្បីបង្ហាញពីការកែច្នៃធនធានធម្មជាតិឡើងវិញ

មណ្ឌលសិប្បកម្ម ដូងតាកែវ ក្នុងនាមព្រះសហគមន៏កាតូលិក​នៅ​ព្រះរាជាណាចក្រកម្ពុជា បាន​ចូលរួម​កម្មវិធីASEAN HERITAGE Train- Enhancing Connectivity towards Cultural Diversity ដែល​បានរៀបចំឡើងរយៈពេល១៨ថ្ងៃ គឺចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤។ កម្មវិធីនេះបានចាប់ផ្តើម​ដំណើរ​​ការ​នៅ​ប្រទេស​ឡាវ រួចបន្ត​ឆ្លងកាត់ប្រទេសថៃ និង​បញ្ចប់នៅប្រទេសម៉ាឡេស៊ី។ គោលបំណងកម្មវិធីនេះ គឺដើម្បី​លើក​កម្ពស់​ភាព​សុខដុម​រមនា​ក្នុង​តំបន់ និងពង្រឹងការផ្លា​ស់ប្តូរវប្បធម៌នៅតាមប​ណ្តោយផ្លូវ​ដ៏គួរឱ្យទាក់ទាញ​ ដោយមានការ​​ចូលរួម​ក្នុង​សកម្មភាពផ្សេងៗ រួមមាន​​ ការសម្តែងជាសាធារណៈ ការតាំងពិព័រណ៌

Subscribe to our newsletter

Don't miss new updates on your email