ម្តាយនៃចៅអធិរាជ កុងស្តង់តាំង នៅឆ្នាំ៣២៦ ឈ្មោះ ហេឡេន គាត់បានធ្វើបូជនីយចរទៅដីដ៏វិសុទ្ធ ទៅទីក្រុងយេរូសាឡឹម តាមប្រពៃណី។ នៅពេលនោះ គាត់បានរកឃើញឈើឆ្កាងដែលគេបានប្រើដើម្បីឆ្កាងព្រះយេស៊ូ ក្រោយមកគាត់បានសាងសង់ព្រះវិហារមួយនៅលើឈើឆ្កាងនេះ ជាទីតាំងដែលគេបានឆ្កាងព្រះយេស៊ូ។ ចាប់ពីពេលនោះមក នៅថ្ងៃទី១៤ ខែកញ្ញា ជាថ្ងៃដែលយើងគោរពព្រះឈើឆ្កាងពោរពេញដោយសិរីរុងរឿង។
នៅពេលយើងបញ្ចូលពាក្យទាំងពីរ “ព្រះឈើឆ្កាង” និង “សិរីរុងរឿង” ដូចជាមិនសូវស៊ីគ្នាទេ។ ឈើឆ្កាងជានិមិត្តរូបនៃសេចក្តីស្លាប់ ឈើឆ្កាងជានិមិត្តរូបនៃបរាជ័យ ដូចជាជីវិតរបស់ព្រះយេស៊ូបានបរាជ័យហើយ។ ព្រះយេស៊ូបានប្រកាសដំណឹងល្អ បានខិតខំធ្វើអំពើល្អ បានខិតខំជួយអ្នកក្រីក្រ ជួយអ្នកជំងឺ មានមនុស្សជាច្រើនបានដើរតាមព្រះយេស៊ូពោរពេញដោយសេចក្តីសង្ឃឹម។ ចុងក្រោយ ព្រះយេស៊ូបានសោយទិវង្គតនៅលើឈើឆ្កាង ដែលជាសញ្ញាសម្គាល់នៃអំពើឃោរឃៅ គេទុកសម្រាប់មនុស្សដែលពោរពេញដោយអំពើបាប ដូចជាឃាតករ មនុស្សដែលអាក្រក់បំផុត។ ហេតុនេះហើយ ឈើឆ្កាងជាសញ្ញានៃការបរាជ័យរបស់ព្រះយេស៊ូគ្រីស្ត។
ប៉ុន្តែ ថ្ងៃនេះយើងគោរពព្រះឈើឆ្កាងពោរពេញដោយសិរីរុងរឿង សិរីរុងរឿងដោយសារឈើឆ្កាងនេះព្រះបិតាបានណែនាំឱ្យព្រះយេស៊ូមានជីវិតរស់ឡើងវិញ។ ព្រះជាម្ចាស់ បានណែនាំឱ្យព្រះយេស៊ូឈរឡើង ភ្ញាក់ពីចំណោមមនុស្សស្លាប់ទាំងអស់។ ព្រះឈើឆ្កាង ជាសញ្ញារបស់យើងជាគ្រីស្តបរិស័ទ ជាសញ្ញានៃទុក្ខលំបាករបស់ព្រះយេស៊ូ ដែលបានប្រមូលទុក្ខលំបាករបស់យើងទាំងអស់នៅក្នុងឈើឆ្កាងហ្នឹង ប៉ុន្តែក៏ជាសញ្ញានៃជីវិតអស់កល្បជានិច្ច។
ថ្ងៃនេះ យើងបានស្តាប់ព្រះបន្ទូលដែលត្រូវតែជាប់ជាមួយយើងជានិច្ច “ព្រះជាម្ចាស់ស្រឡាញ់មនុស្សលោកខ្លាំងណាស់ ហេតុនេះហើយបានជាព្រះអង្គប្រទានព្រះបុត្រាតែមួយរូបរបស់ព្រះអង្គមក ដើម្បីឱ្យអស់អ្នកដែលជឿលើព្រះបុត្រាមានជីវិតអស់កល្បជានិច្ច”។ ព្រះជាម្ចាស់ស្រឡាញ់មនុស្សលោកខ្លាំងណាស់ មនុស្សលោកសព្វថ្ងៃ មនុស្សលោកដែលមានទុក្ខលំបាក មនុស្សដែលកំពុងប្រឆាំងនឹងជំងឺកូវីដ-១៩។ មនុស្សលោកដែលជួនកាលបាត់បង់សេចក្តីសង្ឃឹម គឺមនុស្សលោកនេះដែលព្រះយេស៊ូស្រឡាញ់ ជាមនុស្សលោកនេះដែលព្រះជាម្ចាស់ស្រឡាញ់។ ដោយសារមនុស្សលោកនេះ ដែលព្រះយេស៊ូបានយាងមកដើម្បីសង្រ្គោះឱ្យយើងមានជីវិតអស់កល្បជានិច្ច។ ហេតុនេះហើយ ការបរាជ័យរបស់យើង ការពិបាកចិត្តរបស់យើងទៅជាភាពជោគជ័យដូចសន្តប៉ូលបាននិយាយ “នៅពេលខ្ញុំធ្លាក់អស់ហើយ នៅពេលខ្ញុំខ្សោយបំផុត គឺពេលវេលាហ្នឹងខ្ញុំខ្លាំងបំផុត ដោយសារព្រះយេស៊ូគ្រីស្តមានព្រះជន្មរស់ឡើងវិញ”។ ព្រះយេស៊ូដែលសោយទិវង្គតលើឈើឆ្កាង ណែនាំឱ្យយើងចូលនៅក្នុងគម្រោងការដ៏អស្ចារ្យរបស់ព្រះអង្គ ដើម្បីរកឃើញជីវិតនិងពន្លឺនៅក្នុងជីវិតរបស់យើងបច្ចុប្បន្ននេះ។ អាម៉ែន៕
+ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ
អភិបាលព្រះសហគមន៍កាតូលិកកម្ពុជា
ភូមិភាគភ្នំពេញ