អភិបូជាបុណ្យលើកតម្កើងព្រះឈើឆ្កាង ពីព្រះសហគមន៍សន្តសិលា និងសន្តប៉ូល ភ្នំពេញថ្មី ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ “ឈើឆ្កាង និងសិរីរុងរឿង”
ម្តាយនៃចៅអធិរាជ កុងស្តង់តាំង នៅឆ្នាំ៣២៦ ឈ្មោះ ហេឡេន គាត់បានធ្វើបូជនីយចរទៅដីដ៏វិសុទ្ធ ទៅទីក្រុងយេរូសាឡឹម តាមប្រពៃណី។ នៅពេលនោះ គាត់បានរកឃើញឈើឆ្កាងដែលគេបានប្រើដើម្បីឆ្កាងព្រះយេស៊ូ ក្រោយមកគាត់បានសាងសង់ព្រះវិហារមួយនៅលើឈើឆ្កាងនេះ ជាទីតាំងដែលគេបានឆ្កាងព្រះយេស៊ូ។ ចាប់ពីពេលនោះមក នៅថ្ងៃទី១៤ ខែកញ្ញា ជាថ្ងៃដែលយើងគោរពព្រះឈើឆ្កាងពោរពេញដោយសិរីរុងរឿង។ នៅពេលយើងបញ្ចូលពាក្យទាំងពីរ “ព្រះឈើឆ្កាង” និង “សិរីរុងរឿង” ដូចជាមិនសូវស៊ីគ្នាទេ។ ឈើឆ្កាងជានិមិត្តរូបនៃសេចក្តីស្លាប់ ឈើឆ្កាងជានិមិត្តរូបនៃបរាជ័យ ដូចជាជីវិតរបស់ព្រះយេស៊ូបានបរាជ័យហើយ។ ព្រះយេស៊ូបានប្រកាសដំណឹងល្អ បានខិតខំធ្វើអំពើល្អ បានខិតខំជួយអ្នកក្រីក្រ ជួយអ្នកជំងឺ មានមនុស្សជាច្រើនបានដើរតាមព្រះយេស៊ូពោរពេញដោយសេចក្តីសង្ឃឹម។ ចុងក្រោយ ព្រះយេស៊ូបានសោយទិវង្គតនៅលើឈើឆ្កាង ដែលជាសញ្ញាសម្គាល់នៃអំពើឃោរឃៅ គេទុកសម្រាប់មនុស្សដែលពោរពេញដោយអំពើបាប ដូចជាឃាតករ មនុស្សដែលអាក្រក់បំផុត។ ហេតុនេះហើយ ឈើឆ្កាងជាសញ្ញានៃការបរាជ័យរបស់ព្រះយេស៊ូគ្រីស្ត។ ប៉ុន្តែ ថ្ងៃនេះយើងគោរពព្រះឈើឆ្កាងពោរពេញដោយសិរីរុងរឿង សិរីរុងរឿងដោយសារឈើឆ្កាងនេះព្រះបិតាបានណែនាំឱ្យព្រះយេស៊ូមានជីវិតរស់ឡើងវិញ។ ព្រះជាម្ចាស់ បានណែនាំឱ្យព្រះយេស៊ូឈរឡើង ភ្ញាក់ពីចំណោមមនុស្សស្លាប់ទាំងអស់។ ព្រះឈើឆ្កាង ជាសញ្ញារបស់យើងជាគ្រីស្តបរិស័ទ ជាសញ្ញានៃទុក្ខលំបាករបស់ព្រះយេស៊ូ ដែលបានប្រមូលទុក្ខលំបាករបស់យើងទាំងអស់នៅក្នុងឈើឆ្កាងហ្នឹង ប៉ុន្តែក៏ជាសញ្ញានៃជីវិតអស់កល្បជានិច្ច។ ថ្ងៃនេះ យើងបានស្តាប់ព្រះបន្ទូលដែលត្រូវតែជាប់ជាមួយយើងជានិច្ច “ព្រះជាម្ចាស់ស្រឡាញ់មនុស្សលោកខ្លាំងណាស់ ហេតុនេះហើយបានជាព្រះអង្គប្រទានព្រះបុត្រាតែមួយរូបរបស់ព្រះអង្គមក ដើម្បីឱ្យអស់អ្នកដែលជឿលើព្រះបុត្រាមានជីវិតអស់កល្បជានិច្ច”។ ព្រះជាម្ចាស់ស្រឡាញ់មនុស្សលោកខ្លាំងណាស់ មនុស្សលោកសព្វថ្ងៃ …