ពីព្រះសហគមន៍ក្សត្រីនៃសន្តិភាព
អរិយក្សត្រ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១
បងប្អូនជាទីស្រឡាញ់
ថ្ងៃនេះ នៅក្នុងពេលវេលាដែលយើងគោរពព្រះនាងម៉ារី យើងទទួលអំណោយពិសេសសម្រាប់សង្គមយើង ក៏ដូចជាព្រះសហគមន៍យើង។ គឺយើងអាចជួបជុំគ្នាដើម្បីអធិដ្ឋាន ដើម្បីអរព្រះគុណព្រះជាម្ចាស់ ដើម្បីអប់រំជំនឿ យើងជួបជុំគ្នាដោយឥតភ័យខ្លាច។ ដូច្នេះ នេះជាពេលវេលាដើម្បីអរព្រះគុណព្រះជាម្ចាស់ពិតមែន យើងដឹងថាយើងបានទទួលព្រះពរយ៉ាងពេញលក្ខណៈ តាមរយៈព្រះនាងម៉ារីសម្រាប់ជីវិតរបស់យើង សម្រាប់ព្រះសហគមន៍របស់យើងនៅក្នុងភូមិភាគភ្នំពេញ ក៏ដូចជានៅក្នុងប្រទេសកម្ពុជាទាំងមូល។
នៅពេលយើងស្តាប់គម្ពីរថ្ងៃនេះ មានទេវទូតដែលជួបជាមួយគ្រូគង្វាល ហើយបានអញ្ជើញគ្រូគង្វាលទៅជួបជាមួយព្រះយេស៊ូ ទៅសួរសុខទុក្ខព្រះនាងម៉ារី លោកយ៉ូសែប ដែលជាឪពុកម្តាយពោរពេញដោយសេចក្តីសុខ ជាពិសេសដើម្បីទៅសួរសុខទុក្ខព្រះយេស៊ូផ្ទាល់។ នៅក្នុងរយៈពេលប៉ុន្មានខែកន្លងមកពាក្យ “សួរសុខទុក្ខ” ប្រហែលទៅជាពាក្យដែលយើងប្រើក្នុងរបៀបថ្មីដើម្បីអនុវត្តន៍ ដោយសួរសុខទុក្ខតាមទូរស័ព្ទ តាមប្រអប់សារ តាមហ្វេសបុក…(ជាការសួរសុខទុក្ខពីចម្ងាយ)។ ប៉ុន្តែ ឥតមានការសួរសុខទុក្ខដោយផ្ទាល់ តែចាប់ពីថ្ងៃនេះតទៅយើងអាចទៅសួរសុខទុក្ខដោយផ្ទាល់បានហើយ។ ពេលយើងពិចារណាអំពីជីវិតរបស់ព្រះនាងម៉ារី ជីវិតរបស់ព្រះនាងម៉ារីពោរពេញដោយការសួរសុខទុក្ខផ្សេងៗពីគ្នាដូចជា៖
ទី១ ព្រះនាងម៉ារីបានទទួលការសួរសុខទុក្ខពីទេវទូតកាព្រីអែល នៅពេលនោះទេវទូតកាព្រីអែលបានយាងមកដើម្បីសួរសុខទុក្ខព្រះនាងម៉ារី ដើម្បីណែនាំឱ្យព្រះនាងម៉ារីទទួលដំណឹងល្អដ៏ពិសេសបំផុត គឺទៅជាមាតារបស់ព្រះជាម្ចាស់។
ទី២ នៅពេលព្រះនាងម៉ារី បានទទួលការសួរសុខទុក្ខពីព្រះជាម្ចាស់ផ្ទាល់ គឺព្រះនាងម៉ារីបានប្រញាប់ប្រញាល់ទៅសួរសុខទុក្ខយាងអេលីសាបែត។ នៅពេលព្រះនាងម៉ារីបានទៅសួរសុខទុក្ខយាយអេលីសាបែត បីដូចជាព្រះយេស៊ូនិងយ៉ូហានប៉ាទីស្ទបានសួរសុខទុក្ខគ្នាទៅវិញទៅមកដែរ។ នៅពេលនោះយាយអេលីសាបែតដូចជាគាត់ឆ្ងល់ ព្រោះថាពេលព្រះនាងម៉ារីមកដល់ភ្លាមកូននៅក្នុងផ្ទៃពោះគាត់បម្រះឡើង ពោរពេញដោយអំណរសប្បាយ។ នេះជាព្រះជាម្ចាស់ដែលបានជួបលោកយ៉ូហានបាទីស្ទ នេះជាព្រះនាងម៉ារីដែលបានជួបយាយអេលីសាបែត ដើម្បីចែករំលែកអំណរសប្បាយដ៏ពិសេសដោយផ្ទាល់។
ទី៣ នៅពេលព្រះយេស៊ូប្រសូតហើយ សុទ្ធតែការសួរសុខទុក្ខ មានការសួរសុខទុក្ខពីគ្រូគង្វាលដូចយើងស្តាប់ថ្ងៃនេះ។ មានការសួរសុខទុក្ខពីទេវទូតទាំងឡាយ ដែលបានសម្តែងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ដែលពោរពេញដោយសេចក្តីសុខ។ មានការសួរសុខទុក្ខពីហោរាចារ្យ ដែលបានធ្វើដំណើរពីចម្ងាយ ដើម្បីសួរសុខទុក្ខដល់ព្រះឱរសយេស៊ូ ដល់ព្រះនាងម៉ារី ដល់លោកយ៉ូសែប។
ដូច្នេះ បងប្អូនជាទីស្រឡាញ់នៅពេលយើងបានឃើញនេះ ណែនាំឱ្យយើងនឹកឃើញថាការសួរសុខទុក្ខមានរបៀបខុសៗគ្នាមានដូចខាងក្រោម៖
ទី១ ការសួរសុខទុក្ខដែលសំខាន់បំផុត គឺព្រះជាម្ចាស់ផ្ទាល់ដែលបានសួរសុខទុក្ខដល់យើង ភាសាខ្មែរគឺសួរអំពីសុខនិងអំពីទុក្ខ មានន័យថាចាប់អារម្មណ៍។ ព្រះជាម្ចាស់បានសួរសុខទុក្ខយើង ព្រះជាម្ចាស់បានចាប់អារម្មណ៍អំពីយើងជានិច្ច។ នេះណែនាំឱ្យយើងគិតពិចារណា តើយើងផ្ទាល់ខ្លួន យើងមានសមត្ថភាពដើម្បីទទួលស្វាគមន៍ការសួរសុខទុក្ខពីព្រះជាម្ចាស់ឬទេ? យើងមើលព្រះនាងម៉ារី នៅពេលព្រះនាងបានទទួលការសួរសុខទុក្ខពីទេវទូតកាព្រីអែល ភ្លាមព្រះនាងម៉ារីបានឆ្លើយតបថា “ខ្ញុំជាអ្នកបម្រើរបស់ព្រះជាម្ចាស់ សូមឱ្យបានសម្រេចតាមព្រះហឫទ័យរបស់ព្រះអង្គចុះ”។ នៅពេលហ្នឹង ព្រះនាងម៉ារីដូចជាបានភ្ជាប់ជាមួយព្រះជាម្ចាស់ពីដើមរៀងមក ហេតុនេះហើយនៅពេលព្រះជាម្ចាស់យាងមកនៅក្នុងទេវទូតកាព្រីអែល ព្រះនាងម៉ារីមានសមត្ថភាពដើម្បីឆ្លើយតប។ តើយើងបានភ្ជាប់ជាមួយព្រះជាម្ចាស់ល្មម ដើម្បីទទួលស្វាគមន៍ព្រះជាម្ចាស់ដែលកំពុងយាងមកនៅក្នុងជីវិតរបស់យើងឬនៅ? ប៉ុន្មានខែកន្លងមកយើងមិនដែលចូលព្រះវិហារ ប្រហែលយើងភ្លេចអធិដ្ឋាន ប៉ុន្តែនៅពេលនេះជាពេលវេលាដើម្បីភ្ញាក់ស្មារតី។ ដើម្បីយកចិត្តទុកដាក់ចូលព្រះវិហារសាជាថ្មី ដើម្បីស្តាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់សាជាថ្មី ដើម្បីអធិដ្ឋានខ្លាំងទៅៗ។ ដើម្បីត្រៀមខ្លួនទទួលស្វាគមន៍ព្រះជាម្ចាស់ដែលកំពុងយាងមកសួរសុខទុក្ខយើង និងដើម្បីឆ្លើយតបទៅព្រះជាម្ចាស់ដោយស្វាគមន៍ព្រះអង្គនៅក្នុងអំណរសប្បាយ នៅក្នុងសេចក្តីសុខ នៅក្នុងកម្លាំងកាយកម្លាំងចិត្ត។
ទី២ យើងបានឃើញគ្រូគង្វាល គឺជាតំណាងនៃមហាជន ជាតំណាងនៃប្រជារាស្ត្ររបស់ព្រះជាម្ចាស់ ដែលបានទៅសួរសុខទុក្ខដល់ព្រះយេស៊ូផ្ទាល់ ដូចព្រះនាងម៉ារីបានទៅសួរសុខទុក្ខយាយអេលីសាបែត។ ដូច្នេះ ឱ្យយើងយកចិត្តទុកដាក់ដើម្បីឱ្យយើងផ្ទាល់ទៅសួរសុខទុក្ខដល់ព្រះជាម្ចាស់ ព្រះជាម្ចាស់យាងមកសួរសុខទុក្ខយើង យើងសួរសុខទុក្ខដល់ព្រះអង្គ។ នៅពេលយើងអធិដ្ឋាន ឱ្យយើងអង្គុយដើម្បីសម្លឹងមើលព្រះយេស៊ូនៅលើឈើឆ្កាង សម្លឹងមើលព្រះយេស៊ូនៅក្នុងព្រះកាយព្រះគ្រីស្ត។ ស្តាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដើម្បីសួរសុខទុក្ខដល់ព្រះជាម្ចាស់ ជាពិសេសដល់ព្រះយេស៊ូដែលគង់នៅជាមួយយើងហើយ ដែលទន្ទឹងរង់ចាំសំលេងរបស់យើង ទន្ទឹងរង់ចាំការសួរសុខទុក្ខរបស់យើងដល់ព្រះអង្គផ្ទាល់។ ជួនកាលយើងភ្លេចនេះ យើងចេះតែទូលសុំនៅពេលយើងត្រូវការ ប៉ុន្តែឱ្យយើងចេះសួរសុខទុក្ខដល់ព្រះជាម្ចាស់ដែលបានស្រឡាញ់យើងយ៉ាងខ្លាំង។ នេះជារបៀបដែលគ្រូគង្វាល បានទៅសួរសុខទុក្ខដល់ព្រះឱរសយេស៊ូផ្ទាល់ ជារបៀបដែលយើងជាគ្រីស្តបរិស័ទត្រូវតែសួរសុខទុក្ខដល់ព្រះយេស៊ូ ដល់ព្រះជាម្ចាស់ផ្ទាល់។
ទី៣ នៅពេលយើងមើលព្រះនាងម៉ារីទៅសួរសុខទុក្ខយាយអេលីសាបែត ព្រះនាងម៉ារីបានទៅសួរសុខទុក្ខនិងនៅបម្រើយាយអេលីសាបែតអស់រយៈពេល៣ខែ ដើម្បីជួយគាត់នៅពេលមានផ្ទៃពោះ។ ដើម្បីបម្រើគាត់ ដើម្បីលើកទឹកចិត្តគាត់ ដើម្បីបង្ហាញអំពីសេចក្តីស្រឡាញ់ដែលព្រះនាងមានចំពោះយាយអេលីសាបែតនិងកូននៅក្នុងផ្ទៃ។ ទោះបីព្រះនាងម៉ារីមានផ្ទៃពោះ ព្រះនាងម៉ារីអស់កម្លាំង ចាញ់កូន… ប៉ុន្តែព្រះនាងបានយកចិត្តទុកដាក់ជាមួយយាយអេលីសាបែតយ៉ាងសកម្ម។ ដូច្នេះ នេះជាមេរៀនសម្រាប់យើង គឺយកចិត្តទុកដាក់ដើម្បីសួរសុខទុក្ខបងប្អូនឯទៀតៗដោយផ្ទាល់ ដើម្បីជួប ដើម្បីសួរ ដើម្បីយល់អំពីចិត្តគំនិត អំពីបញ្ហា អំពីទុក្ខលំបាក អំពីសេចក្តីសង្ឃឹម អំពីអ្វីៗដែលមាននៅក្នុងចិត្ត។
ថ្ងៃនេះ យើងត្រូវការយល់ថាជីវិតរបស់យើងទទួលការសួរសុខទុក្ខពីព្រះជាម្ចាស់ យើងសួរសុខទុក្ខទៅព្រះជាម្ចាស់ និងសួរសុខទុក្ខដល់បងប្អូនឯទៀតៗ។ ឱ្យយើងសម្លឹងមើលព្រះនាងម៉ារី នៅក្នុងគ្រប់កាលៈទេសៈ នៅក្នុងគ្រប់ព្រឹត្តិការណ៍ដែលកើតឡើង ព្រះនាងម៉ារីបានចាំហេតុការណ៍ទាំងនេះទុកនៅក្នុងចិត្ត ព្រមទាំងរិះគិតពិចារណាថែមទៀត។ ឱ្យយើងជាគ្រីស្តបរិស័ទទទួលព្រះអំណោយទានពិសេសនៅក្នុងដួងចិត្តរបស់យើងថ្ងៃនេះ ព្រះនាងម៉ារីបានភ្ជាប់ជាមួយព្រះយេស៊ូ ដែលកំពុងប្រគល់ព្រះយេស៊ូឱ្យមនុស្សយើង។ ដូច្នេះ ថ្ងៃនេះយើងទទួលស្វាគមន៍ព្រះយេស៊ូនៅក្នុងដួងចិត្តរបស់យើងតាមរយៈព្រះនាងម៉ារី យើងពោរពេញដោយអំណរសប្បាយដូចព្រះនាងម៉ារី។ យើងដឹងថា ពិតមែនថ្ងៃនេះគឺព្រះជាម្ចាស់ផ្ទាល់ដែលយាងមកសួរសុខទុក្ខយើង ថ្ងៃនេះយើងស្វាគមន៍ព្រះយេស៊ូនៅក្នុងដួងចិត្តរបស់យើង។ ថ្ងៃនេះ យើងគិតពិចារណាធ្វើដូចម្តេចដើម្បីសួរសុខទុក្ខទៅដល់ព្រះជាម្ចាស់ថែមទៀតនៅក្នុងជីវិតរបស់យើងផ្ទាល់។ ថ្ងៃនេះ យើងសម្រេចចិត្តយកចិត្តទុកដាក់សួរសុខទុក្ខដល់បងប្អូនឯទៀតៗ ដើម្បីបង្ហាញថាពិតមែនយើងជាគ្រួសារតែមួយ។
យើងអរព្រះគុណព្រះជាម្ចាស់ សម្រាប់ពេលវេលាថ្មីដែលកំពុងកើតឡើង សិទ្ធិសេរីភាពដើម្បីជួបជុំគ្នា សិទ្ធិសេរីភាពដើម្បីអធិដ្ឋាន សិទ្ធិសេរីភាពដើម្បីសួរសុខទុក្ខទៅព្រះជាម្ចាស់ បីដូចជាសួរសុខទុក្ខដល់បងប្អូនឯទៀតៗ។ អាម៉ែន៕
+ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ
អភិបាលព្រះសហគមន៍កាតូលិកកម្ពុជា
ភូមិភាគភ្នំពេញ