លោកអភិបាលអូលីវីយ៉េ ឲ្យ​គ្រីស្ត​បរិស័ទភ្ញាក់ស្មារតីភ្ជាប់ជាមួយព្រះជាម្ចាស់សាជាថ្មី

លោកអភិបាលអូលីវីយ៉េ ឲ្យ​គ្រីស្ត​បរិស័ទភ្ញាក់ស្មារតីភ្ជាប់ជាមួយព្រះជាម្ចាស់សាជាថ្មី

ក្នុងពិធី​បុណ្យខួប​លើកទី​៩​នៃ​ការ​រក​ឃើញ​ រូបសំណាកព្រះនាងម៉ារីទី២ ពីបាត​ទន្លេមេគង្គ លោកអភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ អូលីវីយ៉េ ជ្មីតហស្លេ មាន​ប្រសាសន៍​ថា ព្រះនាង​ម៉ារី​ភ្ជាប់​ជាមួយព្រះជាម្ចាស់​រហូត។ ហើយ​នៅ​ក្នុងពេលវេលា​ដែល​បើ​កប្រទេស​ឡើងវិញ​នេះ ជាពេលវេលាដើម្បីភ្ញាក់ស្មារតីភ្ជាប់​ជាមួយ​ព្រះជាម្ចាស់សាជាថ្មី អធិដ្ឋានជាថ្មី ដើម្បី​ស្វាគមន៍​ព្រះអង្គ​ទាំង​កម្លាំង​កាយ​កម្លាំងចិត្ត។

ក្នុង​កម្មវិធីនេះ ចាប់​ផ្តើម​ដោយ​អធិដ្ឋាន​ផ្គាំ​នៅ​មុខ​រូប​សំណាក​ព្រះនាង​ម៉ារី ដែល​មាន​​កម្ពស់២,៣ម៉ែត្រ ធ្វើ​អំពី​ស្ពាន់ ដែលមានព្រះនាងម៉ារី​បី​ព្រះកុមារ​យេស៊ូ​ ដែល​បាន​ដាក់​នៅ​មុខ​ទ្វារ​ចូល​នៃព្រះវិហារព្រះមាតានៃសន្តិភាព អរិយក្សត្រ។

ក្នុង​ធម្មទេសនា​នៅ​ថ្ងៃប្រារព្ធ​ពិធី​នាថ្ងៃទី​១៣ វិច្ឆិកា ២០២១ ដែលមានគ្រីស្តបរិស័ទ​ចូលរួមជាច្រើនកុះករ ក្រោយពេល​ដែល​រដ្ឋាភិបាល​បាន​បើក​ប្រទេស​ឲ្យ​មាន​ការ​ជួប​ជុំ​សាសនា​និង​ពិធី​នានា​ឡើងវិញ​ក្នុងរយៈ​ពេល​ប៉ុន្មាន​ថ្ងៃនេះ លោក​មាន​ប្រសាសន៍​ដូច្នេះ​ថា នេះជាឱកាសមួយ ដើម្បីរួមជាមួយម៉ារី​នៅ​ក្នុង​អង្គព្រះយេស៊ូគ្រីស្ត​ដែល​ណែនាំ​ឱ្យយើងពោរពេញដោយសេចក្ដីសុខនៅក្នុងជីវិតរបស់យើង ដែលយើង​កំពុង​តែ​មា​​នសកម្មភាពនៅមានជីវិតសារជាថ្មី។

លោកអភិបាល​បន្ថែមថា នេះជាថ្ងៃមួយដែលយើងទទួលអំណោយពិសេសនៅក្នុងពេលវេលាដែលយើងគោរពព្រះនាងម៉ារី គឺយើងទទួលអំណោយពិសេសសម្រាប់​សង្គមរបស់យើង និង​ព្រះសហគមន៍​​របស់យើងដែលអាចជួបជុំគ្នាដើម្បីអធិដ្ឋាន អប់រំជំនឿ និងចួបជុំ​ដោយ​មាន​សេរីភាព​មិន​ភ័យខ្លាច។

លោកអភិបាល​អូលីវីយ៉េ សូម​ឲ្យ​គ្រីស្ត​បរិស័ទ​រំលឹក​អំពី​ការ​សួរ​សុខ​ទុក្ខ​របស់​ព្រះនាង​ម៉ារី​ចំពោះ​យាយ​អេលីសាប៊ែត ដែលមានចែងនៅ​ក្នុងគម្ពីរដំណឹងល្អ និង​ការ​សួរ​សុខ​ទុក្ខ​ពីហោរាចារ្យ ដែលមកថ្វាយបង្គំព្រះយេស៊ូ។ លោកអភិបាល​មាន​ប្រសាសន៍​​ថា «យើងឃើញថាការសួរសុខទុក្ខមានរបៀបខុសៗគ្នា ដោយ​ក្នុង​រយៈ​ពេល​​​កន្លង​មកនេះ យើងបានសួរសុខទុក្ខតាមរបៀបថ្មី តាមប្រព័ន្ធ​អ៊ីនធឺណែត»។

លោក​អភិបាល​ពន្យល់ថា ការ​សួរសុខទុក្ខ​របស់​ព្រះនាងម៉ារី​ គឺ​ព្រះជាម្ចាស់​ដែល​បាន​សួរ​សុខទុក្ខ​មនុស្ស​លោក។ ហើយ​ហោរាចារ្យ គឺ​តំណាង​ឲ្យ​មនុស្ស​ សួរ​សុខ​ទុក្ខ​ព្រះជាម្ចាស់ដែលកំពុង​រង់ចាំ​យើង។

លោកអភិបាល​សង្កត់​ធ្ងន់ថា «ដូច្នេះសូមឱ្យយើង​ យកចិត្តទុកដាក់​សួរសុខទុក្ខគ្នា​ទៅវិញ​ទៅមក​ជាមួយបងប្អូនឯទៀតៗផ្ទាល់ ដើម្បីយល់ពីការលំបាក ផ្ដល់​សេចក្តី​សង្ឃឹម ដោយលើកទឹកចិត្ត»។ ជាមួយ​គ្នានេះ លោកអភិបាល​សូម​ឲ្យ​គ្រីស្តបរិស័ទ​ចេះ​ស្វាគមន៍​ព្រះយេស៊ូ​នៅក្នុង​ដួងចិត្ត និងពិចារណាដើម្បី​សួរសុខទុក្ខ​ដល់​បងប្អូន​ឯទៀតៗ។

លោក សុខ សិលា ប្រធានយុវជននៅព្រះសហគមន៍អរិយក្សត្រ បាន​ឲ្យដឹងថា ចាប់តាំង​ពីមាន​រូប​សំណាក​​ព្រះនាងម៉ារី​នៅទីនេះ គ្រីស្ត​បរិស័រត់​មក​អធិដ្ឋាន​ជាមួយ​ព្រះនាង​ម៉ារី មាន​ទាំង​អ្នកមិនមែនជាគ្រីស្តបរិស័ទផង។ លោកសិលាបន្តថា «ពិសេសអ្វីដែលខ្ញុំ​សង្កេតឃើញ គឺពួកគាត់​បាន​ទទួល​នូវ​អ្វីដែល​បាន​អធិដ្ឋាន។ ដូច្នេះ​ព្រះនាង​ម៉ារី​បាន​ផ្ដល់នូវ​អ្វី​ដែល​ពួកគេបានសុំ ដូចជាគូស្រករដែល​មិនមាន​កូន អាច​ទទួលបាន​កូន​ក្រោយពេល​សុំពីព្រះនាងម៉ារី​មួយឆ្នាំ»។

ប្រធាន​ព្រះសហគមន៍​រូប​នេះ ក៏បាន​និយាយ​ដែរ​ថា «​នៅពេល​ភរិយាខ្ញុំ​សម្រាលកូន​ គាត់មានសភាព​ពិបាក។ ដោយសារ​ព្រះនាងម៉ារីភរិយានិងកូនរបស់ខ្ញុំ​មាន​សុវត្ថិភាព សុខភាពល្អទាំងម្ដាយនិងកូន។ ដូច្នេះ សូមបងប្អូន​រួមគ្នា​អធិដ្ឋាន​ជាមួយ​ព្រះនាងម៉ារី សម្រាប់​ព្រះសហគមន៍​របស់​យើង»។

លោកអភិបាលអូលីវីយ៉េ​ មុន​នឹង​បិទ​បញ្ចប់​កម្មវិធី​ថ្វាយអភិបូជា បាន​រំឭក​គ្រីស្តបរិស័ទ ឱ្យរក្សា៣កុំ៣ការពារជានិច្ច និងប្រសិនបើបងប្អូនផ្ដាសាយ សូម​ផ្អាក​ការចូលរួម​មួយរយ:ដោយធ្វើការព្យាបាលនិងនៅដាច់ដោយឡែករហូតដល់ជា ទើប​អាច​មកចូលរួមសកម្មភាពនានាសាជាថ្មី។

រូប​សំណាក​ព្រះនាងម៉ារី ទី២ រកឃើញ ១៩ វិច្ឆិកា ២០១២ ក្នុងថ្ងៃដែល​ប្រទេសកម្ពុជា​ទទួលរៀបចំកិច្ចប្រជុំអាស៊ាន។ រូបសំណាកព្រះ​នាងម៉ារីទីពីរនេះបានស្រង់ចេញពី​បាត​ទន្លេមេគង្គ ដោយលោក ផាង វ៉ាំង ហ៊ូ ជាអ្នកនេសាទ និងជាពុទ្ធសាសនិក បន្ទាប់ពីព្រះនាងម៉ារីបានបង្ហាញខ្លួននៅក្នុងសុបិន្តរបស់គាត់។ មុនពេលគាត់​ទទួល​មរណភាព លោក វ៉ាំងហ៊ូ ធ្លាប់​និយាយថា “នៅពេលស្រង់រូបសំណាកនេះ ខ្ញុំ​មាអារម្មណ៍ថា​នេះមិនមែនជារូបសំណាកទេ គឺជារូបរាងមនុស្សដែលកំពុង​មាន​ជីវិត​ដូចយើង ខ្ញុំសប្បាយចិត្ត​ផងភ័យផង ហើយ​បួងសួង​ព្រះនាង​សូមឱ្យ​ប្រពន្ធខ្ញុំ​បាន​ជាសះស្បើយពីជំងឺ និង​ថ្វាយរូបសំណាកនេះទៅព្រះវិហារ​ដោយមិន​ទាមទារ​អ្វីទាំងអស់»។ ច្រើន​ឆ្នាំកន្លង​មក​ គ្រួសារ​របស់​គាត់​ក៏ប្រែ​ចិត្តគំនិតដោយជឿលើ​ព្រះជាម្ចាស់​​ក្រោយពីស្រង់បានរូបសំណាកនេះ។ រីឯប្រពន្ធរបស់លោក ក៏​ជា​ពី​ជំងឺ​មាន​សុខភាពល្អធម្មតារហូតមកដល់សព្វថ្ងៃនេះ៕

ដោយ៖ ដាលីស

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី

កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ

អបអរសាទរ សិស្សវិទ្យាល័យ សន្តហ្វ្រង់ស្វ័រ បច្ចេកទេសកម្រិត៣ ប្រឡងជាប់ ១០០%

ប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ចំនួន ៤១នាក់ បានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ មួយរយភាគរយ នាសម័យប្រឡងថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦ ក្នុងនោះមានស្រី ២០នាក់។បើតាមការឱ្យដឹងពី លោក យុន សំអាត នាយកសាលាខាងលើ បានរៀបរាប់ឱ្យដឹងថា លទ្ធផលប្រឡងបញ្ចប់ឆ្នាំសិក្សា និងប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត ៣ សម័យប្រឡងថ្ងៃទី២២

លោកឪពុក យ៉ូហាន អ៊ុន រំលឹកថា៖ «ព្រះយេស៊ូទាមទារចិត្តស្រឡាញ់ និងការចែករំលែកនូវអ្វីដែលយើងមាន»

ភ្នំពេញ៖ នៅក្នុងពិធីអភិបូជានាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅព្រះវិហារកាតូលិកសន្តសិលា និងសន្តប៉ូល លោកឪពុក យ៉ូហាន អ៊ុន សុន (Fr. Jean Un Son) បានលើកឡើងនូវសារអប់រំលត់ដំផ្លូវចិត្តយ៉ាងជ្រាលជ្រៅមួយដល់គ្រីស្ដបរិស័ទទាំងអស់ អំពីការស្វែងរក «អាហារផ្លូវព្រលឹង» និងការផ្លាស់ប្តូរជីវិតតាមរយៈការចែករំលែកសេចក្ដីស្រឡាញ់។ នៅក្នុងធម្មទេសនា លោកឪពុកបានគូសបញ្ជាក់ថា មនុស្សទូទៅតែងតែខិតខំប្រឹងប្រែងធ្វើការយ៉ាងលំបាក ដើម្បីស្វែងរកអាហារចិញ្ចឹមរូបរាងកាយ និងសុវត្ថិភាពផ្លូវកាយ ប៉ុន្តែច្រើនដង មនុស្សបានមើលរំលងភាពស្រេកឃ្លាននៃ

Subscribe to our newsletter

Don't miss new updates on your email