ពីផ្ទះនៃសេចក្តីសង្ឃឹម បងប្រុសមេត្តាករុណា
ចោមចៅ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១
“មានសេចក្តីសង្ឃឹមជានិច្ច”
បងប្អូនជាទីស្រឡាញ់
នៅពេលយើងបានស្តាប់មួយភ្លែត ទាំងអត្ថបទទី១ ទាំងអត្ថបទគម្ពីរដំណឹងល្អ ណែនាំឱ្យយើងភ័យខ្លាច អាណិតលោកដានីអែលដែលត្រូវជាប់ឃុំឃាំង និងត្រូវគេទុកចោលឱ្យតោស៊ី។ អាណិតប្រជាជនទាំងឡាយដែលកំពុងស្តាប់សញ្ញាសម្គាល់ ដែលណែនាំឱ្យយើងភ័យខ្លាច។ ប៉ុន្តែ ប្រសិនបើយើងស្តាប់រហូតដល់ចប់នៃអត្ថបទទាំងពីរ នៅក្នុងអត្ថបទគម្ពីរដំណឹងល្អយើងឃើញ នៅពេលមានសញ្ញាដែលណែនាំឱ្យយើងព្រួយបារម្ភច្រើន ពេលណែនាំឱ្យយើងភ័យខ្លាចសម្រាប់អាយុជីវិតរបស់យើង នៅពេលហ្នឹងយើងដឹងថាព្រះជាម្ចាស់ជិតរំដោះអ្នករាល់គ្នាហើយ ដូច្នេះជីវិតរបស់យើងមានសេចក្តីសង្ឃឹមជានិច្ច។
លោកដានីអែល នៅក្នុងរឿងនេះក៏បានណែនាំឱ្យយើងពោរពេញដោយសេចក្តីសង្ឃឹមដែរ លោកដានីអែលដែលត្រូវស្លាប់ដោយសត្វស៊ី ប៉ុន្តែចុងក្រោយបំផុតដោយសារជំនឿរបស់គាត់ព្រះជាម្ចាស់បានការពារកុំឱ្យគាត់ស្លាប់។ យើងបានស្តាប់ថា “សូមឱ្យអ្នករាល់គ្នាបានប្រកបដោយសេចក្តីសុខសាន្តយ៉ាងបរិបូណ៌ ព្រះជាម្ចាស់ជាព្រះជាម្ចាស់ដែលមានព្រះជន្មគង់នៅ ហើយព្រះអង្គនឹងស្ថិតនៅអស់កល្បជានិច្ច ព្រះរាជ្យរបស់ព្រះអង្គមិនសាបសូន្យឡើយ ព្រះអង្គគ្រងរាជ្យរហូតតរៀងទៅ ព្រះអង្គសង្រ្គោះនិងរំដោះមនុស្សលោក ព្រះអង្គសម្តែងទីសម្គាល់ឫទ្ធិបារីដើម្បីឱ្យយើងមានកម្លាំងថ្មី”។ ផ្ទះនៃសេចក្តីសង្ឃឹម របស់បងប្រុសមេត្តាករុណានៅទីនេះ គឺណែនាំឱ្យក្មេងៗដែលពីដើមឡើយឥតមានសេចក្តីសង្ឃឹម ពីដើមដូចជាបានជាប់នៅក្នុងការឃុំឃាំង ជាប់នៅក្នុងជីវិតសាហាវភ័យខ្លាច។ ប៉ុន្តែ ដោយដឹងថានៅពេលរកឃើញគ្រួសារថ្មីតាមរយៈបងប្រុសមេត្តាករុណា គឺគេអាចរកឃើញសេចក្តីសង្ឃឹម រកឃើញជីវិត រកឃើញសេចក្តីសុខ។
អាគារថ្មីនេះ ជាសញ្ញាមួយទៀតដែលថែរក្សាគ្រួសារថ្មី យើងមានមីងៗ យើងមានពូៗ ដែលជួយថែរក្សាពីមួយថ្ងៃទៅមួយថ្ងៃ។ យើងមានបងប្រុសដែលជាមេគ្រួសារ យើងមានអ្នកស្ម័គ្រចិត្តដែលបានជួយឱ្យក្មេងៗយើងមានជីវិត និងមានសេចក្តីសុខនៅក្នុងចិត្ត។ ដោយដឹងថា ជីវិតរបស់យើងម្នាក់ៗមានតម្លៃណាស់ ព្រះជាម្ចាស់រំដោះយើងជានិច្ច ព្រះជាម្ចាស់គង់នៅ និងព្រះអង្គប្រទានសេចក្តីសុខឱ្យយើងជានិច្ច។ នៅពេលយើងបានស្តាប់អត្ថបទទាំងពីរនេះ យើងឃើញអ្វីដែលសំខាន់គឺនៅពេលចុងក្រោយ ព្រះជាម្ចាស់យាងមក ព្រះជាម្ចាស់រំដោះយើង ព្រះជាម្ចាស់ណែនាំឱ្យយើងមានសេចក្តីសុខ។ ជួនកាល យើងពិបាកចិត្តក៏ដោយ យើងក៏ដឹងថាយើងនៅមានពន្លឺមួយ។ កូនក្មេង និងបងប្អូនដែលនៅទីនេះក៏បានរកឃើញពន្លឺមួយ ណែនាំឱ្យយើងអរព្រះគុណព្រះជាម្ចាស់ ដែលណែនាំឱ្យបងប្រុសបងស្រីមេត្តាករុណាមកប្រទេសកម្ពុជា ដើម្បីណែនាំឱ្យព្រះហឫទ័យស្រឡាញ់របស់ព្រះជាម្ចាស់ ទៅជាសញ្ញាសម្គាល់ដែលយើងមើលឃើញយ៉ាងជាក់ស្តែង។
ថ្ងៃនេះជាពេលវេលា ដើម្បីអរព្រះគុណព្រះជាម្ចាស់ និងដើម្បីត្រៀមខ្លួនរង់ចាំព្រះយេស៊ូដែលយាងមក រង់ចាំព្រះយេស៊ូប្រសូតដែលណែនាំឱ្យយើងមើលឃើញជាក់ស្តែង អំពីពន្លឺដែលណែនាំឱ្យមានសេចក្តីសុខនៅក្នុងជីវិតរបស់យើង។ អាម៉ែន៕
+ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ
អភិបាលព្រះសហគមន៍កាតូលិកកម្ពុជា
ភូមិភាគភ្នំពេញ