អភិបូជា​នៅ​ព្រះសហគមន៍​សន្តី​តេរេសា​នៃ​ព្រះកុមារ​យេស៊ូ

បឹង​ឈូក ថ្ងៃ​ទី​១៦ ខែ​មករា ឆ្នាំ​២០២២

“ធ្វើ​ជា​អ្នក​បម្រើ​តាម​របៀប​ព្រះយេស៊ូ”

បង​ប្អូន​ជា​ទី​ស្រឡាញ់

ថ្ងៃ​នេះ​ដែល​យើង​ចូល​នៅ​ក្នុង​រដូវ​ធម្មតា បន្ត​ពី​ព្រះយេស៊ូ​បាន​ចាប់​កំណើត​ជា​មនុស្ស បន្ត​ពី​ព្រះយេស៊ូ​បាន​ណែនាំ​ឱ្យ​យើង​គោរព​គ្រួសារ​ដ៏​វិសុទ្ធ។ យើង​ទទួល​ស្គាល់ថា ពិត​មែន​ព្រះយេស៊ូ​ជា​ព្រះគ្រីស្ត នៅ​ពេល​នោះ​ព្រះយេស៊ូ​ចាប់​ផ្តើម​បេសកកម្ម​តែ​ម្តង។ នៅ​ពេល​ព្រះយេស៊ូ​ចាប់​ផ្តើម​ប្រកាស​ដំណឹង​ល្អ​នៅ​តាម​សន្ត​យ៉ូហាន ព្រះយេស៊ូ​មាន​សញ្ញា​សម្គាល់​មួយ​យ៉ាង​ពិសេស។ គឺ​ណែនាំ​ឱ្យ​ទឹក​ក្លាយ​ទៅ​ជា​ស្រា​ទំពាំង​បាយជូរ នៅ​ក្នុង​ពិធី​មង្គល​ការ​នៅ​ភូមិ​កាណា ដើម្បី​ឱ្យ​ភ្ញៀវ​ទាំង​អស់​ពោរពេញ​ដោយ​អំណរ​សប្បាយ។

នៅ​ពេល​យើង​ឃើញ​សញ្ញា​សម្គាល់​នេះ យើង​ចាប់​ផ្តើម​យល់​ដែរ​អំពី​របៀប​របស់​ព្រះយេស៊ូ គឺ​ព្រះយេស៊ូ​ធ្វើ​ដំណើរ​ជា​មួយ​យើង នៅ​ក្នុង​គ្រប់​កាលៈទេសៈ​នៃ​ជីវិត​របស់​យើង។ ពេល​ព្រះយេស៊ូ​បាន​ជ្រើស​រើស​មង្គល​ការ ដើម្បី​បង្ហាញ​សម្គាល់​ទី​១​របស់​ព្រះអង្គ គឺ​ជា​ពេល​វេលា​មួយ​សំខាន់​ណាស់​សម្រាប់​គ្រួសារ​នីមួយៗ។ អាពាហ៍ពិពាហ៍ ជា​ពេល​វេលា​ដែល​យើង​ពោរពេញ​ដោយ​អំណរ​សប្បាយ យើង​បាន​ត្រៀម​ពី​យូរ អញ្ជើញ​ភ្ញៀវ​ដើម្បី​ចូល​រួម​ពិធី​ជប់​លៀង ប្តី​ប្រពន្ធ​ថ្មី​ពោរពេញ​ដោយ​អំណរ​សប្បាយ​ដោយ​បង្កើត​គ្រួសារ​ថ្មី។ ឪពុក​ម្តាយ លោក​តា​លោក​យាយ បង​ប្អូន​បាន​រៀប​ចំ​ខ្លួន​ស្អាត​ដើម្បី​ចូល​រួម ណែនាំ​ឱ្យ​គ្រួសារ​ទាំង​អស់​មាន​សេចក្តី​សុខ។

យើង​បាន​ឃើញ​នៅ​ក្នុង​ពេល​វេលា​កូវីដ-១៩ គេ​បាន​បិទ​ពិធី​រៀបការ នៅ​ពេល​នោះ​មាន​ប៉ុន្មាន​គូ​ដែល​បាន​រៀប​ការ​ស្ងាត់ៗ ឬ​បាន​ធ្វើ​តែ​ពិធី​តូច​ជា​មួយ​ក្រុម​គ្រួសារ។ ប៉ុន្តែ អ្វី​ដែល​សំខាន់​គឺ​សម្រាប់​ជីវិត​ជា​គ្រួសារ​នៅ​ពេល​យើង​ចូល​នៅ​ក្នុង​ពិធី​មង្គល​ការ យើង​ពោរពេញ​ដោយ​សុភមង្គល។ ព្រះយេស៊ូ​បាន​ជ្រើស​រើស​ពេល​វេលា​នេះ ដែល​ជា​ពេល​វេលា​សំខាន់​បំផុត​សម្រាប់​គ្រួសារ​មួយ​ដើម្បី​បង្ហាញ​អំពី​ឋានៈ​របស់​ព្រះអង្គ។ ជា​ពេល​វេលា​ដែល​ព្រះយេស៊ូ​បាន​បង្ហាញ​អំពី​សិរី​រុង​រឿង​របស់​ព្រះអង្គ នៅ​ក្នុង​ជីវិត​ធម្មតា​នៃ​ក្រុម​គ្រួសារ នៅ​ក្នុង​ពេល​វេលា​ដ៏​សំខាន់​បំផុត ណែនាំ​ឱ្យ​យើង​យល់​ថា ពិត​មែន​ព្រះយេស៊ូ​នៅ​ជា​មួយ​យើង​គ្រប់​ពេល​វេលា។

ដូច្នេះ នៅ​ក្នុង​ឆ្នាំ​២០២២​នេះ សិស្ស​សាលា​ចាប់​ផ្តើម​ចូល​រៀន​វិញ​ហើយ យើង​ក៏​កំពុង​ភ័យ​អំពី​ការ​រីក​ចម្រើន​របស់​មេរោគ​បម្លែង​ខ្លួន​(អូមីក្រុង) នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង។ ប៉ុន្តែ អ្វី​ក៏​ដោយ​យើង​ដឹង​ថា​ព្រះយេស៊ូ​គង់​នៅ​ជា​មួយ​យើង ព្រះយេស៊ូ​ធ្វើ​ដំណើរ​ជា​មួយ​យើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ យើង​នៅ​កន្លែង​ណា​ក៏​បាន យើង​នៅ​រោងការ​ក៏​បាន យើង​នៅ​សាលា​ក៏​បាន យើង​នៅ​កន្លែង​ធ្វើ​ការ​ក៏​បាន យើង​នៅ​មន្ទីរ​ពេទ្យ​ក៏​បាន… យើង​ដឹង​ថា​ព្រះយេស៊ូ​គង់​នៅ​ជា​មួយ​យើង នេះ​ជា​អ្វី​ដែល​សំខាន់​បំផុត។ ប៉ុន្តែ នៅ​ពេល​យើង​ទទួល​ស្គាល់​ថា​ព្រះយេស៊ូ​គង់​នៅ​ជា​មួយ​យើង យើង​ត្រូវ​ការ​នឹក​ឃើញ​ដល់​ពាក្យ​របស់​ព្រះនាង​ម៉ារី​ដែល​មាន​ប្រសាសន៍​ថា “អ្វីៗ​ដែល​លោក​ប្រាប់​ឱ្យ​ធ្វើ​ចូរ​ធ្វើ​ទៅ”។ ណែនាំ​ឱ្យ​យើង​យល់​ថា នៅ​គ្រប់​ពេល​វេលា នៅ​ក្នុង​កាលៈទេសៈ​ទាំង​អស់​យើង​ត្រូវ​ការ​ធ្វើ​ជា​អ្នក​បម្រើ បម្រើ​ដល់​បង​ប្អូន​ឯទៀតៗ។

យើង​ដឹង​ថា​ព្រះយេស៊ូ​គង់​នៅ​ជា​មួយ​យើង និង​តាមរយៈ​ព្រះនាង​ម៉ារី​យើង​ដឹង​ថា​យើង​ជា​អ្នក​បម្រើ​។ នៅ​ពេល​ព្រះនាង​ម៉ារី​បាន​ទទួល​ដំណឹង​ថា ធ្វើ​ជា​មាតា​របស់​ព្រះជាម្ចាស់ ភ្លាម​ព្រះនាង​ម៉ារី​មាន​ចម្លើយ​ថា “ខ្ញុំ​ជា​អ្នក​បម្រើ​របស់​ព្រះអង្គ​សូម​ឱ្យ​បាន​សម្រេច​តាម​ព្រះហឫទ័យ​របស់​ព្រះអង្គ​ចុះ”។ នៅ​ក្នុង​សញ្ញា​សម្គាល់​មុន​គេ​បង្អស់ ព្រះនាង​ម៉ារី​ដូច​ជា​បាន​អនុវត្ត​ចម្លើយ​របស់​ព្រះនាង​ដែល​ថា “ខ្ញុំ​ជា​អ្នក​បម្រើ​របស់​ព្រះអង្គ​សូម​ឱ្យ​បាន​សម្រេច​តាម​ព្រះហឫទ័យ​របស់​ព្រះអង្គ​ចុះ”។ ព្រះនាង​ម៉ារី​ក៏​បាន​ណែនាំ​ឱ្យ​យើង​អនុវត្ត​តាម​ដែរ ដូចជា​ព្រះនាង​ម៉ារី​បាន​ផ្ទេរ​សិទ្ធិ​ដល់​យើង​យ៉ាង​ពេញ​លក្ខណៈ​ឱ្យ​យើង​ធ្វើ​ជា​អ្នក​បម្រើ​ដែរ។ នៅ​ពេល​យើង​ឃើញ យើង​លឺ​ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ណា​មួយ​ឱ្យ​យើង​ធ្វើ​តាម។ ពេល​យើង​ឃើញ​បង​ប្អូន​ឯទៀតៗ​មាន​សេចក្តី​ត្រូវ​ការ មាន​ទុក្ខ​លំបាក មាន​ទុក្ខ​ព្រួយ​ណា​មួយ យើង​ដឹង​ថា​នៅ​ក្នុង​ទុក្ខ​លំបាក នៅ​ក្នុង​អំណរ​សប្បាយ មាន​វត្តមាន​របស់​ព្រះយេស៊ូ ដោយសារ​ព្រះអង្គ​គង់​នៅ​ជា​មួយ​យើង​គ្រប់​ពេល​វេលា។ ហេតុ​នេះ​ហើយ ណែនាំ​ឱ្យ​យើង​គ្រប់​ពេល​វេលា​នៅ​ក្នុង​ជីវិត​របស់​យើង ឱ្យ​យើង​នឹក​ឃើញ​ថា​យើង​ជា​អ្នក​បម្រើ អ្នក​បម្រើ​ជា​មួយ​ព្រះនាង​ម៉ារី អ្នក​បម្រើ​តាម​របៀប​ព្រះយេស៊ូ។

នៅ​ក្នុង​ឆ្នាំ​២០២២​នេះ ឱ្យ​យើង​យក​ចិត្ត​ទុក​ដាក់​ទៅ​ជា​គ្រីស្ត​បរិស័ទ​សកម្ម គ្រីស្ត​បរិស័ទ​ដែល​ធ្វើ​ដំណើរ​រួម​ជា​មួយ​គ្នា គ្រីស្ត​បរិស័ទ​ដែល​ចេះ​បម្រើ​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​ក្នុង​ព្រះសហគមន៍ គ្រីស្ត​បរិស័ទ​ដែល​ចេះ​បម្រើ​បង​ប្អូន​ឯទៀតៗ​នៅ​ក្នុង​គ្រប់​កាលៈទេសៈ។ យើង​ដឹង​ថា យើង​ជា​អ្នក​បម្រើ​តាម​អំណោយ​ទាន​ដែល​យើង​បាន​ទទួល យើង​បាន​ទទួល​ព្រះវិញ្ញាណ​តែ​មួយ យើង​បាន​ទទួល​ជំនឿ​តែ​មួយ យើង​មាន​ពិធី​ជ្រមុជ​ទឹក​តែ​មួយ ប៉ុន្តែ​យើង​ជា​អ្នក​បម្រើ​ព្រះអម្ចាស់​តែ​មួយ​ព្រះអង្គ​ដែរ​។ យើង​ទាំង​អស់​គ្នា យើង​មាន​សមត្ថភាព​ខុសៗ​គ្នា យើង​មាន​កម្លាំង​ខុសៗ​គ្នា ប៉ុន្តែ​នៅ​ក្នុង​ស្ថាន​ភាព​របស់​យើង​ផ្ទាល់ យើង​ធ្វើ​ដូច​ម្តេច​ដើម្បី​ទៅ​ជា​អ្នក​បម្រើ​សង្គម អ្នក​បម្រើ​បង​ប្អូន​ឯទៀតៗ អ្នក​បម្រើ​របស់​ព្រះជាម្ចាស់​ដើម្បី​ឱ្យ​យើង​បង្កើត​ពិភព​ថ្មី​ប្រកប​ដោយ​សុខ​សន្តិភាព។

នៅ​ក្នុង​សារលិខិត​របស់​សម្តេច​ប៉ាប ហ្វ្រង់ស៊ីស្កូ ថ្ងៃ​ទី​០១ ខែ​មករា ឆ្នាំ​២០២២ ក្នុង​ទិវា​អធិដ្ឋាន​សម្រាប់​សុខ​សន្តិភាព​នៅ​ក្នុង​ពិភព​លោក។ សម្តេច​ប៉ាប បាន​អញ្ជើញ​យើង​ឱ្យ​យើង​យក​ចិត្ត​ទុក​ដាក់​រវាង​គ្នា​នឹង​គ្នា ជា​ពិសេស​ក្មេងៗ​ជា​មួយ​ចាស់ៗ ឱ្យ​ជំនាន់​នីមួយៗ​អាច​ធ្វើ​ដំណើរ​ជា​មួយ​គ្នា​យ៉ាង​ពិត​ប្រាកដ​បាន។ នៅ​ពេល​ចាស់ៗ​ចេះ​យល់​ចិត្ត​ក្មេងៗ នៅ​ពេល​ក្មេងៗ​ចេះ​គោរព​ស្រឡាញ់​ចាស់ៗ បី​ដូច​ជា​យើង​បាន​បង្កើត​ការ​សន្ទនា​រវាង​ក្មេងៗ​និង​ចាស់ៗ ដែល​ណែនាំ​ឱ្យ​សង្គម​របស់​យើង​ពោរពេញ​ដោយ​សេចក្តី​សុខ។ ដោយសារ​យើង​បាន​ទទួល​បទ​ពិសោធន៍ ប្រាជ្ញា ពី​ចាស់ៗ យើង​ជា​ក្មេងៗ​យើង​ខិតខំ​ស្តាប់​អ្វី​ដែល​លោក​តា​លោក​យាយ​អប់រំ​ដល់​យើង ដើម្បី​ឱ្យ​យើង​ទៅ​ជា​ពលរដ្ឋ​ល្អ ដើម្បី​ឱ្យ​យើង​ទៅ​ជា​គ្រីស្ត​បរិស័ទ​ដ៏​ល្អ។

សម្រាប់​ព្រះសហគមន៍​របស់​យើង ដែល​យើង​មាន​លោក​យាយ​លោក​តា មាន​ពូ​មីង មាន​ក្មេងៗ​ច្រើន។ អ្វី​ដែល​សំខាន់​ឱ្យ​ក្មេងៗ​និង​យុវជន​ស្តាប់​លោក​តា​លោក​យាយ ដើម្បី​ទទួល​ការ​អប់រំ ដើម្បី​យល់​អំ​ពី​ជំនឿ​ពី​ដើម ដើម្បី​យល់​អំពី​របៀប​ដែល​យើង​ត្រូវ​ការ​គោរ​ព្រះយេស៊ូ។ ដើម្បី​យល់​អំពី​របៀប​ដែល​យើង​គោរព​សន្ត​យ៉ូសែប​និង​សន្តី​ម៉ារី យើង​ធ្វើ​ដូច​ម្តេច​ដើម្បី​ធ្វើ​ជា​គ្រីស្ត​បរិស័ទ​សកម្ម​នៅ​ក្នុង​សង្គម។ យើង​ជា​ក្មេងៗ យើង​ត្រូវ​តែ​ស្តាប់​និង​គោរព​លោក​តា​លោក​យាយ ដើម្បី​យក​បទ​ពិសោធន៍។ ឱ្យ​យើង​យក​ចិត្ត​ទុក​ដាក់​ដើម្បី​បំពេញ​តួនាទី​របស់​យើង​ជា​យុវជន​យុវនារី ជា​ពូ​មីង ជា​លោក​យាយ​លោក​តា តាម​ព្រះអំណោយ​ទាន​ដែល​យើង​បាន​ទទួល​នៅ​ក្នុង​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ។ ដូច​សន្ត​ប៉ូល​បាន​រំលឹក​ដល់​យើង​ថា យើង​មាន​អំណោយ​ទាន​ខុសៗ​គ្នា ប៉ុន្តែ​ឱ្យ​អំណោយ​ទាន​នេះ​ចេញ​ជា​ស្នាដៃ​យ៉ាង​ល្អ។ ណែនាំ​ឱ្យ​យើង​យល់​ថា យើង​មាន​អំណោយ​ទាន​ផ្សេងៗ​ពី​គ្នា អំណោយ​ទាន​នេះ​មិន​មែន​សម្រាប់​យើង​ផ្ទាល់ ប៉ុន្តែ​ដើម្បី​បម្រើ។

ថ្ងៃ​នេះ តាម​រយៈ​ក្រុម​ចម្រៀង​និង​ភ្លេង យើង​ចូល​នៅ​ក្នុង​អភិបូជា​ដោយ​អំណរ​សប្បាយ ដោយសារ​យើង​បាន​ស្តាប់​បទ​ចម្រៀង ទំនុក​តម្កើង ណែនាំ​ឱ្យ​ដួង​ចិត្ត​របស់​យើង​ចង់​លើក​តម្កើង​សិរី​រុងរឿង​របស់​ព្រះជាម្ចាស់​ដូច​ព្រះនាង​ម៉ារី​ដែរ។ ដូច្នេះ យើង​ត្រូវ​តែ​យក និង​យល់​អំពី​ស្នាដៃ​របស់​យើង សមត្ថភាព​របស់​យើង​នៅ​ក្នុង​ឆ្នាំ​២០២២​នេះ ដើម្បី​ធ្វើ​ដំណើរ​ជា​មួយ​ព្រះយេស៊ូ​ដោយ​ដឹង​ថា​ព្រះយេស៊ូ​ធ្វើ​ដំណើរ​ជា​មួយ​យើង និង​ដើម្បី​បម្រើ​បង​ប្អូន​ឯទៀតៗ។ ដូច​ព្រះនាង​ម៉ារី​បាន​អញ្ជើញ​យើង ឱ្យ​យើង​ធ្វើ​អ្វីៗ​ទាំង​អស់​តាម​ព្រះបន្ទូល​របស់​លោក ដើម្បី​ឱ្យ​ពិភព​របស់​យើង សង្គម​របស់​យើង ឆ្នាំ​នេះ​ទោះបី​មាន​អ្វី​ដែល​កើត​ឡើង​យើង​ដឹង​ថា​យើង​ជា​គ្រីស្ត​បរិស័ទ​ដែល​ត្រៀម​ជានិច្ច ដែល​យក​ចិត្ត​ទុក​ដាក់​ជានិច្ច ដែល​ស្រឡាញ់​ព្រះជាម្ចាស់​ជានិច្ច ដែល​បម្រើ​ជានិច្ច។ នេះ​ណែនាំ​ឱ្យ​ជីវិត​របស់​យើង រក​ឃើញ​សេចក្តី​សុខ​និង​អំណរ​សប្បាយ​នៅ​ក្នុង​គ្រប់​កាលៈទេសៈ​ដែល​អាច​កើត​ឡើង។

ថ្ងៃ​នេះ យើង​អធិដ្ឋាន​និង​អរ​ព្រះគុណ​ព្រះជាម្ចាស់​ដែល​បាន​ចាប់​កំណើត​ជា​មនុស្ស អរ​ព្រះគុណ​ព្រះជាម្ចាស់​ដែល​ធ្វើ​ដំណើរ​ជា​មួយ​យើង អរ​ព្រះគុណ​ព្រះជាម្ចាស់​ដែល​ណែនាំ​ឱ្យ​យើង​ទៅ​ជា​អ្នក​បម្រើ ដែល​ពោរ​ពេញ​ដោយ​កម្លាំង​កាយ​កម្លាំង​ចិត្ត ពោរ​ពេញ​ដោយ​ជំនឿ​រឹង​មាំ ពោរ​ពេញ​ដោយ​សេចក្តី​ស្រឡាញ់ ដើម្បី​ឱ្យ​ជីវិត​របស់​យើង និង​ជីវិត​របស់​បង​ប្អូន​រីក​ចម្រើន​ថែម​ទៀត​នៅ​ក្នុង​សុខ​សន្តិភាព៕

+ លោក​អភិបាល អូលីវីយ៉េ ជ្មីតហស្លេ

អភិបាល​ព្រះសហគមន៍​កាតូលិក​កម្ពុជា ភូមិភាគ​ភ្នំពេញ

Facebook
Twitter
LinkedIn

អត្ថបទថ្មី

សាលាសន្តឡាសាលពោធិ៍ធំពង្រីកបេសកកម្មអប់រំកុមារ

នាព្រឹកថ្ងៃទី៣០​ ខែតុលាលោកអភិបាលអូលីវីយ៉េ ជ្មីតហស្លេ​ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ​ បានអញ្ជើញជាអធិបតីក្នុងពីធីបាចទឹកព្រះពរ និងសម្ពោធអគារសិក្សាថ្មីសន្តឡាសាលពោធិ៍ធំ​ ​ដែលទទួល​ខុស​ត្រូវ​ដោយ​ក្រុម​បព្វជិត​​ឡាសាល មានទីតាំងក្នុងភូមិពោធិ៍ធំ​ សង្កាត់​អរិយក្សត្រ ក្រុងអរិយក្សត្រ​ ខេត្តកណ្តាល។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោកបូជាចារ្យ​ បងប្រុស​ បងស្រី​ តំណាងអាជ្ញាធរដែនដី​ សិស្សានុសិស្ស​ អាណាព្យាបាល​ យ៉ាងច្រើនកុះករ​។ មានប្រសាសន៍​សំណេះសំណាលក្នុងពិធីកាត់ខ្សែបូ លោកអភិបាលអូលីវីយ៉េ លើកឡើងថា នៅទីនេះមាតាបិតាមានសំណាងណាស់ ដោយសារកូនៗរៀននៅសាលាដ៏ល្អ មានការអប់រំដ៏ល្អមិនគិតថ្លៃ។ លោកក៏បានថ្លែងអំណរគុណដល់​ក្រុម​បព្វជិត​ឡាសាល

សិស្សនៃ​វិទ្យាល័យសន្តហ្រ្វង់ស្វ័រ ចំនួន​៨នាក់​ ទទួលបាន​និទ្ទេស A ពីការ​​ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

សិស្សថ្នាក់ទី១២ ជំនាន់ទី១៩ ឆ្នាំ​សិក្សា​២០២៣-២០២៤ ចំនួន​៨ នាក់របស់​សាលា​ចំណេះទូទៅ​សន្តហ្វ្រង់ស្វ័រ ទទួល​បាននិទ្ទេសA ក្នុង​ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នេះ​បើ​យោង​តាម​លទ្ធផល​ដែល​បាន​បូកសរុប​ដោយ​សាលាផ្ទាល់។ លោកអូលីវីយ៉េ ជ្មីតហស្លេ ជា​ស្ថាបនិក និង​ជា​អភិបាល​ព្រះសហគមន៍កាតូលិកភូមិភាគ​ភ្នំពេញ​មានប្រសាសន៍ថា ក្នុងឆ្នាំនេះ សាលា​មាន៨នាក់ជាប់និទ្ទេសA  ស្មើនឹង២២,២២​ភាគរយនៃសិស្ស៣៦នាក់។ លោក​ថា «នេះ​ជាមោទនភាពរបស់ព្រះសហគមន៍កាតូលិកដែលបានបង្កើតគ្រឹះស្ថានអប់រំ​ដ៏ល្អបំផុត ដែលមានលទ្ធផលប្រហែលជាទទួលបាន លេខមួយនៅទូទាំងប្រទេស ដែលមាននិទ្ទេសA ច្រើនដូចនេះ។» លោក​បញ្ជាក់ថា ជោគជ័យនេះបាន​ដោយសារតែសិស្សសាលារបស់យើងសព្វថ្ងៃ ទទួលការអប់រំពីព្រះសហគមន៍កាតូលិកតាំងពីមត្តេយ្យសិក្សា

ប្រធានមណ្ឌលសិប្បកម្ម ដូងតាកែវ ចូលរួមកម្មវិធី «ASEAN HERITAGE Train» ដើម្បីបង្ហាញពីការកែច្នៃធនធានធម្មជាតិឡើងវិញ

មណ្ឌលសិប្បកម្ម ដូងតាកែវ ក្នុងនាមព្រះសហគមន៏កាតូលិក​នៅ​ព្រះរាជាណាចក្រកម្ពុជា បាន​ចូលរួម​កម្មវិធីASEAN HERITAGE Train- Enhancing Connectivity towards Cultural Diversity ដែល​បានរៀបចំឡើងរយៈពេល១៨ថ្ងៃ គឺចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤។ កម្មវិធីនេះបានចាប់ផ្តើម​ដំណើរ​​ការ​នៅ​ប្រទេស​ឡាវ រួចបន្ត​ឆ្លងកាត់ប្រទេសថៃ និង​បញ្ចប់នៅប្រទេសម៉ាឡេស៊ី។ គោលបំណងកម្មវិធីនេះ គឺដើម្បី​លើក​កម្ពស់​ភាព​សុខដុម​រមនា​ក្នុង​តំបន់ និងពង្រឹងការផ្លា​ស់ប្តូរវប្បធម៌នៅតាមប​ណ្តោយផ្លូវ​ដ៏គួរឱ្យទាក់ទាញ​ ដោយមានការ​​ចូលរួម​ក្នុង​សកម្មភាពផ្សេងៗ រួមមាន​​ ការសម្តែងជាសាធារណៈ ការតាំងពិព័រណ៌

Subscribe to our newsletter

Don't miss new updates on your email