ដូនជីបីរូបនៃក្រុមគ្រួសារឧបការគុណប្រកាសពាក្យសច្ចានិរន្តរ៍

ក្នុង​សំលៀកបំពាក់​អាវ​ស និង​សំពត់​បត់​ខ្មៅ ដូនជី​ឧបការគុណ​ចំនួន​៣​រូប លុត​ជង្គង់​នៅ​មុខ​អាសនៈ​នៃ​ព្រះវិហារ​ព្រះកុមារ​យេស៊ូ​បឹងទំពុន ដើម្បី​សុំ​ការ​ប្រទាន​ពរ​ពីព្រះជាម្ចាស់ និង​ប្រកាសពាក្យសច្ចានិរន្តរ៍របស់​ខ្លួន​នៅ មុខ​ព្រះសហគមន៍និង​ក្រុម​គ្រួសារ​អ្នក​បួស​ ក្រុម​ដូនជី​ឧបការគុណ​នៅ​ព័រស្យឺ។

«សេចក្ដី​ស្រឡាញ់របស់ព្រះជាម្ចាស់ធំជាងអំពើបាបរបស់ខ្ញុំ ធំជាងចំណុចទន់ខ្សោយរបស់ខ្ញុំ ធ្វើឲ្យខ្ញុំមានចិត្តក្លាហាន ហ៊ានឆ្លើយតបទៅនឹងព្រះជាម្ចាស់ ដោយថ្វាយពាក្យសច្ចានិរន្តរ៍​អស់មួយជីវិត ជាមួយក្រុមគ្រួសារ​បងស្រីឧបការគុណ​នៅព័រស្យឺ​ប្រទេសកម្ពុជា»។ នេះជា​សម្តី​របស់​ដូនជីអាញ៉ែសពែរប៉េទុយអា រ៉ុង បុប្ផាដែល​ជា​បេក្ខនារី ថ្វាយពាក្យសច្ចាប្រណិធាននិរន្តរ៍។

ដូនជីរូប​នេះ​បន្តថា ចំណុច​ដែល​ជំរុញ​ឲ្យខ្ញុំសរសេរពាក្យសច្ចាជានិរន្តរ៍ គឺសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់បាន​ជម្រុញ​ឲ្យ​គាត់​សម្រេចចិត្ត​ថ្វាយពាក្យសច្ចានិរន្តរ៍ «សេចក្តីស្រឡាញ់​បស់​ព្រះជាម្ចាស់​ធំជាងអំពើបាបរបស់ខ្ញុំ។ ព្រះអង្គស្រឡាញ់ខ្ញុំយ៉ាងណា ខ្ញុំនឹង​យក​សេចក្ដី​ស្រឡាញ់នេះធ្វើជាគ្រាប់ពូជទៅចែករំលែកដល់​បងប្អូនទាំងអស់ និងពីគ្រាប់ពូជនៃសេចក្ដីស្រឡាញ់នោះ​បង្កើតទៅជាគ្រាប់ពូជនៃព្រះរាជ្យរបស់ព្រះជាម្ចាស់ ដោយចាប់ពីពេលនេះតទៅ នឹងគ្មានគ្រាប់ពូជនៃសេចក្ដីស្អប់ ប៉ុន្តែយើងមានគ្រាប់ពូជនៃសេចក្ដីស្រឡាញ់»។

ដូនជីអាញ៉ែសពែរប៉េទុយអា រ៉ុង បុប្ផា ជាកូនពៅ​ក្នុង​ចំណោមគ្រួសារ​ជា​គ្រីស្ត​បរិស័ទ។ ដូនជីរូបនេះសច្ចាលើកដំបូងនៅថ្ងៃទី ១៥ ខែសីហា ២០១៤។​ ដូនជីរូប​នេះ​ឲ្យ​ដឹងថា គាត់​ស្រឡាញ់ជីវិត​ជាអ្នកបួស​ខ្លាំង ដោយសារ​គំរូ​របស់​បងស្រីជាច្រើន​បាន​ជម្រុញ​ឲ្យ​ចិត្ត​របស់​គាត់​ដែល​ជាកូនពៅ​មាន​កម្លាំង​ទៅមុខ។ ក្នុង​រយៈ​កាល​ជាង៧​ឆ្នាំ​កន្លង​មក​នេះ ការ​រស់នៅ ជីវិត​ជាអ្នក​បួស គឺមិន​សុខ​ស្រួល​ទាំង​អស់ទេ ដោយ​ធ្លាប់មានការធ្លាក់ទឹកចិត្តពីរទៅបីដង។ បងស្រី ឲ្យដឹងថា «(ខ្ញុំ)អធិដ្ឋានប្រាប់ព្រះជាម្ចាស់ថា ខ្ញុំមិនអាចទៅមុខបានទេ ដោយសារខ្ញុំ​សិក្សាទៅឃើញថា ជីវិតរបស់ខ្ញុំ​មិនអាច​មាននរណាត្រួតត្រាខ្ញុំបាន។  ខ្ញុំមានចំណេះដឹង​របស់ខ្ញុំ ហេតុអ្វី​ខ្ញុំត្រូវ​ស្ដាប់គេ?»

បងស្រី​បុប្ផា​បាន​បញ្ជាក់ថា ដោយសារ​សេចក្តីស្រឡាញ់ជីវិត​ជាអ្នកបួស និង​ការ​គាំទ្រពី​ក្រុម​គ្រួសារ​ផ្ទាល់ និង​ក្រុម​គ្រួសារ​អ្នកបួស រួម​ផ្សំ​និងការ​អធិដ្ឋាន​យ៉ាង​ខ្លាំង​ជារៀង​រាល់​ថ្ងៃ បាន​ធ្វើឲ្យ​បងស្រី​ដាក់​ខ្លួន​ទទួល​ការ​ស្តាប់បង្គាប់ពី​ប្រធាន​ក្រុម​គ្រួសារ។

បច្ចុប្បន្ន​ ដូនជី​រ៉ុង បុប្ផា កំពុង​បម្រើការងារ​នៅ​ព្រះសហគមន៍កាតូលិក​ភូមិភាគបាត់ដំបង ក្នុង​មុខ​ងារ​ជា​អ្នក​មើល​ការខុស​ត្រូវមណ្ឌលចំនួន​២របស់​​ក្រុម​គ្រួសារ​ឧបការគុណ​នៅបាត់ដំបង មើល​ការ​ខុស​ត្រូវ​លើ​​សាលា​មត្តេយ្យ​ក្នុង​ព្រះសហគមន៍​នៅពេទ្យ​យាយជី(ខេត្ត​បាត់ដំបង) និង​សាលា​មត្តេយ្យរបស់​បងស្រី​ឧបការគុណ​នៅកំពង់ឆ្នាំង​។ គាត់ក៏មាន​មុខងារ​មួយ​ទៀត​គឺ​ជាបុគ្គលិក​របស់អង្គការ​ជេស្វីត​សឺវីសកម្ពុជា។

ក្នុងពិធី​ថ្វាយពាក្យសច្ចា​ប្រណិធាន​និរន្តរ៍នេះ មានដូនជីបីរូប រួមមាន បងស្រី ហ្វូស្ទីណាម៉ារី បៀនារី បងស្រី ម៉ារីណាតាលី ថាត់ធារី និង​បងស្រី​អាញ៉ែសពែរប៉េទុយអា រ៉ុង បុប្ផា។ កម្មវិធីនេះ បាន​ប្រារព្ធឡើង ក្រោមអធិបតីភាព​លោកអភិបាល​ព្រះសហគមន៍​កាតូលិក​ភូមិភាគភ្នំពេញអូលីវីយ៉េ ជ្មីតហស្លេ លោកអភិបាល​ព្រះសហគមន៍​ភូមិភាគ​បាត់ដំបង​អេនរីគេ ​ហ្វីការេដូ និងលោកអភិបាលចូលនិវត្តន៍អន់តូនី សាមីស៊ូសៃរាជ្យនៃព្រះសហគមន៍ភូមិភាគកំពង់ចាម។

ពិធីសច្ចា​ប្រណិធាន​ដ៏ឱឡារិកនេះប្រព្រឹត្តទៅនៅព្រះវិហារព្រះកុមារយេស៊ូបឹងទំពុន នាថ្ងៃទី២ កុម្ភៈ ២០២២ ត្រូវនឹងថ្ងៃរំឭកខួប២៦០ឆ្នាំនៃការបង្កើតក្រុមគ្រួសារឧបការគុណ​ (១៧៦២​-២០២២) និង ១៤១ឆ្នាំ​ដែល​ក្រុមគ្រួសារ​នេះ​មាន​វត្តមាននៅកម្ពុជា។

បងស្រី ច្រឹក ស៊ីណាប្រធានក្រុមគ្រួសារដូនជីឧបការគុណនៅកម្ពុជា​បាន​ស្វាគមន៍​ដល់​បងប្អូន​ទាំង​អស់​ដែល​ចូល​រួម​នៅ​ក្នុងកម្មវិធីសច្ចាប្រនិធាននិរន្តរ៍ក្នុងថ្ងៃនេះ ដោយស្នើសុំដល់គ្រីស្តបរិស័ទទាំងអស់បន្តជួយ​អធិដ្ឋានសម្រាប់​បងស្រី​ទាំងបីរូប និង​ក្រុម​គ្រួសារ​បព្វជិត បុព្វជីតាផងដែរ។

លោក​អភិបាល​អូលីវីយ៉េ មាន​ប្រសាសន៍​ថា​ ថ្ងៃនេះបងស្រីបានធ្វើពាក្យ​សច្ចា​សារជាថ្មី សុខចិត្តរស់នៅជាអ្នកក្រខ្សត់ សុខចិត្តលះបង់ចោលដោយរស់នៅព្រហ្មចារីយ៍ និងស្ដាប់បង្គាប់ គឺដើម្បីនឹកឃើញដល់ពេលវេលារបស់​អ្នកបួស​ទាំងអស់​ដែលផ្ញើជីវិតទាំងស្រុង និងជាពិសេសដើម្បី​ឲ្យ​យុវជនយុវនារី​ ​​ភ្ញាក់ស្មារតី​សម្រាប់ការត្រាស់ហៅ។ ពេលវេលានេះសម្រាប់យុវនារីដើម្បីទទួលពន្លឺរបស់ព្រះយេស៊ូ ដែល​នាំ​ឲ្យជីវិតរបស់យើងជាជីវិតពោរពេញដោយអំណរសប្បាយយ៉ាងពិសេសដែលមកពីព្រះជាម្ចាស់។ ជា​ពេល​វេលាសម្រាប់ព្រះសហគមន៍នីមួយនៅក្នុងភូមិភាគភ្នំពេញ បាត់ដំបង និងកំពង់ចាម ដើម្បី​បន្ត​អធិដ្ឋាន​សម្រាប់​ការត្រាស់ហើយ និងបន្តជាសក្ខីភាពជាគ្រួសារមួយយ៉ាងពិសេស ដែល​នាំឲ្យ​យុវជន​យុវនារី​រក​ឃើញ​គ្រួសារ​មួយ​យ៉ាង​កក់ក្ដៅ​ដោយមើលឃើញ​ពន្លឺ​របស់ព្រះគ្រីស្ត​ គឺដើម្បីឲ្យព្រះគ្រីស្តមានវត្តមានថែមទៀត​នៅលើទឹកដី កម្ពុជា។

លោក​អភិបាលអូលីវីយ៉េ មានប្រសាសន៍ទៀតថា ថ្ងៃនេះជាពេលវេលាមួយដើម្បីឱ្យយើងទុកឱ្យ​ ស៊ូប្រសូតសារជាថ្មីតាមរយៈបងស្រីនៅទឹកដីកម្ពុជា ដើម្បីឲ្យគេស្គាល់ព្រះយេស៊ូវយ៉ាងច្រើន ដើម្បីឲ្យ​ពាក្យ​អធិដ្ឋានរបស់លោកតាស៊ីម៉ូនកើតឡើងនៅថ្ងៃនេះ “ទូលបង្គំបានឃើញការសង្គ្រោះដែលព្រះអង្គបានប្រទាន​មកឲ្យបុព្វជិតទាំងអស់គឺជាពន្លឺដែលនាំឲ្យមនុស្សគ្រប់ជាតិសាសន៍ស្គាល់ព្រះអង្គ”។ លោក​បន្តថា​

យើងមានពេលច្រើន​ដើម្បី​ទុក​​ឲ្យព្រះអាទិត្យនៃព្រះជាម្ចាស់ព្រះនៅក្នុងដួងចិត្តរបស់យើងដើម្បីឱ្យយើងកក់ក្ដៅ ដោយសារទទួលពន្លឺ​រស្មី​ត្រចះ​ត្រចង់មកពីព្រះហឫទ័យសន្តោសរបស់ព្រះជាម្ចាស់ពិតមែន។

ក្រោយពេល​បងស្រី​ប្រធាន​ប្រកាស​ទទួល​ពាក្យ​សច្ចារប្រណិធាន​របស់​បងស្រី​ទាំងបីរូបជាឱឡារឹក

លោក​អភិបាល​ព្រះសហគមន៍ អូលីវីយ៉េ​ បានប្រសិទ្ធិពរលើ​ចិញ្ចៀនដែលជាសញ្ញានៃសម្ពន្ធ​មេត្រី​រវាងព្រះគ្រីស្ត​និង​បងស្រី រួចប្រគល់​ជូន​បងស្រីទទួលខុសត្រូវក្រុមគ្រួសារ​ដូនជី​ឧបការគុណប្រទេសកម្ពុជា ដើម្បី​បំពាក់​ដល់​បងស្រី​​ដែល​ថ្វាយពាក្យ​សច្ចា។

ចិញ្ចៀននេះជាសក្ខីភាពបញ្ជាក់នូវពាក្យសន្យាទាំងកាយទាំងចិត្ត ក្នុងជីវិតរស់នៅប្រចាំថ្ងៃ គឺមានចិត្តស្មោះត្រង់ចំពោះព្រះគ្រីស្តក្នុងសេចក្ដីស្រឡាញ់ដ៏បរិសុទ្ធនិងទូលំទូលាយ។

ដូនជី បៀនារីជា​បេក្ខជនារី​ម្នាក់​ទៀត​មាន​ប្រសាសន៍ថា គាត់​​បានឮការត្រាស់​ហៅ​រប់​ព្រះជាម្ចាស់​​នៅអាយុ១៤ឆ្នាំ។ ប៉ុន្តែ​ដោយ​សារ​តែ​ម្តាយ​ជា​ពុទ្ធបរិស័ទមិនអនុញ្ញាត ដូនជី​រូប​នេះ​បាន​រង់ចាំ​រហូតដល់​ពេល​វេលា​មួយ។

ដូនជី​បៀ នារី «ពេលនោះ​ខ្ញុំអធិដ្ឋាន​ជាមួយ​ព្រះជាម្ចាស់​ប្រសិនបើព្រះអង្គ​សព្វព្រះហឫទ័យ​សូមព្រះអង្គ​កែប្រែ​ចិត្ត​គំនិត​របស់​ម្ដា​យខ្ញុំ និង​ក្រោយ​មក​គ្រួសារ​ខ្ញុំ​មាន​បញ្ហា​ច្រើន​ខ្ញុំ​បានសម្រេចចិត្តមិនទៅបួស»។

បងស្រីរូបនេះ បន្ថែម​ថា «ថ្ងៃនេះខ្ញុំមានចិត្តរំភើបក្នុងអំណរសប្បាយ ដោយ​ព្រះជាម្ចាស់​បាន​ជ្រើសរើសខ្ញុំអស់មួយជីវិត»។

នៅក្នុងបេសកកម្មនៃជីវិត​ជាំអ្នកបួស​គាត់​បាន​ជំនះ​នូវ​​បញ្ហា​ជាច្រើន ទាំង​ខាង​ក្នុង​ចិត្ត​និង​ការ​បម្រើ​ក្នុង​សង្គម​និង​ព្រះសហគមន៍ ប៉ុន្តែ​បងស្រី​បញ្ជាក់​ថា ការ​លំបាក​មាន​ច្រើន​ តែ​​អំណរ​សប្បាយមាន​​ច្រើនជាង​។

សព្វ​ថ្ងៃ​បងស្រី​ជា​គិលានុបដ្ឋាយិការ​មួយរូប​ ដែល​បាន​បំពេញ​បេសកកម្ម​នៅ​សង្គម​ខាង​ក្រៅនៅ​តាម​មន្ទីរពេទ្យជា​កន្លែង​ដែល​គេ​មិន​ស្គាល់ព្រះយេស៊ូ​។ បងស្រី​នារី ​ «ជួនកាលគេសួរយើង ហេតុអ្វីយើងខ្ជះខ្ជាយជីវិតជាយុវវ័យ? ហេតុអ្វីបានជាយើង​ល្ងង់​ដោយ​លះបង់​ចោលអ្វី​ដែលមនុស្សលោកយល់ថាមានអត្ថន័យ?» បងស្រីនារីបញ្ជាក់ទៀតថា «សម្រាប់ខ្ញុំ​ព្រះជាម្ចាស់​សំខាន់​ជាងគេ​ទាំងអស់ ព្រះអង្គជាគោលដៅនៃជីវិតរបស់ខ្ញុំ។»

ដូនជីរូបនេះ បន្ថែម​ថា «ខ្ញុំរំភើបចិត្តខ្លាំងពេលដែលខ្ញុំប៉ះពាល់ដល់អ្នកជំងឺ ថែទាំអ្នកជំងឺ ខ្ញុំមានអារម្មណ៍ថា ខ្ញុំ​ថែទាំ​​រូបកាយរបស់ព្រះយេស៊ូ …គឺខ្ញុំ​ធ្វើឱ្យ​រូបកាយ​ព្រះយេស៊ូ​អត់ឈឺជាងបន្តិចធ្វើឱ្យព្រះអង្គធូរស្រាលនៅក្នុងចិត្ត​។»

ចាប់តាំងពីឆ្នាំ២០១៨មក បងស្រីបៀនារី បាន​ធ្វើ​កិច្ចការ​នៅ​តាម​មន្ទី​រពេទ្យ​ដូចជា គ្លីនិកឯកជននៅចាក់អង្រេក្រោម គ្លីនិក​​មេគង្គភ្នំពេញ និង​មន្ទីរ​ពហុព្យាបាល​ហុងអិន ក្នុងតួនាទី​ជាប្រធាន​គិលានុបដ្ឋាយិកា​។ ដោយឡែកនៅក្នុងព្រះសហគមន៍បងស្រីនារីបានបម្រើការងារនៅព្រះសហគមន៍ចំណោម ក្នុងភូមិភាគបាត់ដំបងរយ:ពេល២ឆ្នាំ និងបច្ចុប្បន្ននេះ​កំពុងតែរង់ចាំ​បេសកកម្មថ្មី​ដែលមាន​ការចាត់តាំង​ពី​ប្រធាន​ក្រុមគ្រួសារឧបការគុណ។

បេក្ខនារីមួយរូប​ទៀត គឺ​ដូនជី​ ម៉ារីណាតាលី ថាត់ ធារី បាន​ឱ្យ​ដឹង​ពី​បទពិសោធក្នុង​ជីវិត​អ្នកបួសថា «ការអធិដ្ឋាន​ជាកម្លាំង​របស់​ខ្ញុំ​ផ្ទាល់ និង​ការរស់នៅ​ជីវិតជាក្រុមធ្វើឲ្យខ្ញុំមានអំណរសប្បាយផង និងទុក្ខលំបាកផងដោយយើងរស់នៅ​ជាមួយ​គ្នា​​ជា​ជីវិត​អ្នកបួស​ដែលខុសពីក្រុមគ្រួសារ ដោយយើងរៀនរស់នៅជាមួយគ្នារៀនស្រឡាញ់គ្នា»។

បច្ចុប្បន្ន​បងស្រីកំពុង​បម្រើ​ការងារ​នៅ​ក្នុង​ព្រះសហគមន៍​កាតូលិក​ក្នុងភូមិភាគ​ភ្នំពេញ​ផ្នែក​អប់រំជំនឿ បង្រៀនភ្លេងដល់កុមារអូទីហ្សឹម កុមារ​និង​ក្រុម​ដូនជី ព្រមទាំង​បង្រៀនភាសាបារាំងផងដែរ។

ដូនជី​ធារី ឲ្យ​ដឹងថា «ខ្ញុំសច្ចានៅក្នុងក្រុមគ្រួសារ​បងស្រី​ឧបការគុណ ​​គឺយើងពឹងពាក់ទាំងស្រុងទៅលើព្រះឧបការគុណ ខ្ញុំចេះតែទៅមុខ ដោយមានអំណរសប្បាយ មានសុភមង្គល។ ខ្ញុំទៅមុខ ដោយជឿជាក់ថាព្រះអង្គរួមដំណើរ​ជាមួយខ្ញុំ​ ហើយខ្ញុំ​នឹង​មាន​សុភមង្គល និង​មិន​​ស្ដាយក្រោយ ដោយសប្បាយជានិច្ចនូវជម្រើសរបស់ខ្ញុំ ហើយបណ្ដោយខ្លួនតាមការណែនាំ​របស់​ព្រះឧបការគុណ​តែម្ដង»។

ក្នុង​នោះដែរ បងស្រី បុប្ផា​ជម្រុញឲ្យ​យុវជនទាំងអស់​រិះគិត​អំពីការ​ត្រាស់​ហៅ​របស់​ព្រះជាម្ចាស់​ចំពោះ​ខ្លួន ជាពិសេស​គឺ​ជាអ្នកបួស។ «សូមប្អូនកុំភ័យ ប្រសិនបើព្រះជាម្ចាស់ហៅប្អូន ព្រះអង្គថែរក្សាការពារក្រុមគ្រួសារប្អូននិងថែរក្សាប្អូនដែរ សូមមានចិត្តក្លាហានទៅផ្លូវណាក៏បាន។ ប៉ុន្តែ​ព្រះសហគមន៍​នៅ​ក្នុង​ប្រទេសកម្ពុជាយើង​ត្រូវការអ្នកបួសខ្លាំងណាស់ប្អូនអើយ!»

​ក្រោយពេល​សង្រ្គាម​ស៊ីវិល ព្រះសហគមន៍​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​បាត់​បង់​អ្វីស្ទើរតែ​ទាំង​ស្រុង រួមមាន​លោកអភិបាល​ជាតិ​ខ្មែរ យ៉ូសែប ឆ្មារសាឡាស់ និង​សហការី លោក​អភិបាល​ទេព​ អ៊ឹម សុថា រួមនឹង​ក្រុម​បព្វ​ជិត-ជិតា និងគ្រីស្ត​បរិស័ទ​ជាច្រើន​ទៀត។ ហេដ្ឋារចនាសម្ពន្ធ​របស់​ព្រះសហគមន៍​ត្រូវ​គេ​បំផ្លាញ​ស្ទើរទាំងស្រុងផងដែរ។

បច្ចុប្បន្ន​ព្រះសហគមន៍​មាន​អ្នក​បួស​ជាតិ​ខ្មែរ លោក​បូជាចារ្យ​ចំនួន​៨អង្គ និង​ដូនជី​ប្រមានជាង​១០នាក់។

សព្វថ្ងៃនេះ​ដូនជី​ឧបការគុណ​មាន​បេសកកម្ម​នៅ​ក្នុង​ភូមិភាគ​២​ក្នុង​ព្រះសហគមន៍កាតូលិក ដោយ​បម្រើ​តាម​សេចក្តីត្រូវការ​របស់​ព្រះសហគមន៍​និង មាន​មណ្ឌល​ទទួល​កុមារ​និង​យុវជន​ឲ្យ​ស្នាកនៅនិង​រៀនសូត្រ ក្នុងនោះ​ក៏​មាន​កុមារមាន​ពិការភាព​ និង​កុមារ​ដែល​ឪពុកម្តាយ​បោះបង់​ផងដែរ។ ក្រុម​ដូនជីមាន​សមាជិក​សរុប ជិត​២០នាក់​៕

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី

កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ

អបអរសាទរ សិស្សវិទ្យាល័យ សន្តហ្វ្រង់ស្វ័រ បច្ចេកទេសកម្រិត៣ ប្រឡងជាប់ ១០០%

ប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ចំនួន ៤១នាក់ បានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ មួយរយភាគរយ នាសម័យប្រឡងថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦ ក្នុងនោះមានស្រី ២០នាក់។បើតាមការឱ្យដឹងពី លោក យុន សំអាត នាយកសាលាខាងលើ បានរៀបរាប់ឱ្យដឹងថា លទ្ធផលប្រឡងបញ្ចប់ឆ្នាំសិក្សា និងប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត ៣ សម័យប្រឡងថ្ងៃទី២២

លោកឪពុក យ៉ូហាន អ៊ុន រំលឹកថា៖ «ព្រះយេស៊ូទាមទារចិត្តស្រឡាញ់ និងការចែករំលែកនូវអ្វីដែលយើងមាន»

ភ្នំពេញ៖ នៅក្នុងពិធីអភិបូជានាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅព្រះវិហារកាតូលិកសន្តសិលា និងសន្តប៉ូល លោកឪពុក យ៉ូហាន អ៊ុន សុន (Fr. Jean Un Son) បានលើកឡើងនូវសារអប់រំលត់ដំផ្លូវចិត្តយ៉ាងជ្រាលជ្រៅមួយដល់គ្រីស្ដបរិស័ទទាំងអស់ អំពីការស្វែងរក «អាហារផ្លូវព្រលឹង» និងការផ្លាស់ប្តូរជីវិតតាមរយៈការចែករំលែកសេចក្ដីស្រឡាញ់។ នៅក្នុងធម្មទេសនា លោកឪពុកបានគូសបញ្ជាក់ថា មនុស្សទូទៅតែងតែខិតខំប្រឹងប្រែងធ្វើការយ៉ាងលំបាក ដើម្បីស្វែងរកអាហារចិញ្ចឹមរូបរាងកាយ និងសុវត្ថិភាពផ្លូវកាយ ប៉ុន្តែច្រើនដង មនុស្សបានមើលរំលងភាពស្រេកឃ្លាននៃ

Subscribe to our newsletter

Don't miss new updates on your email