បេក្ខជនចំនួន១៥នាក់សុំចូលព្រះសហគមន៍

ក្នុងសំលៀកបំពាក់អាវស និងសំពត់ឬខោពណ៌ខ្មៅឬខៀវ ឈរតម្រង់ជាពីរជួរនៅមុខព្រះវិហារសន្តសិលានិងសន្តប៉ូលដែលមានទ្វារបិទជិត បេក្ខជនពេញវ័យចំនួន១៥នាក់បាន គោះទ្វារព្រះវិហារ។ លោកបូជាចារ្យសិលា សួន ហង្សលី បូជាចារ្យទទួលខុសត្រូវព្រះវិហារនិងជាប្រធានមណ្ឌលសកម្មភាពភ្នំពេញថ្មី បានស្រែកសួរពីចម្ងាយថា «តើអ្នកមករកអ្វី?» បេក្ខជនទាំងអស់បានឆ្លើយព្រមគ្នាថា «ខ្ញុំមកសុំចូលព្រះសហគមន៍»។

លោកបូជាចារ្យបានស្វាគមន៍ពួកគេ ដោយបើកទ្វារឲ្យចូលក្នុងព្រះវិហាររួមជាមួយគ្រីស្តបរិស័ទនានា។ នេះជាកម្មវិធីមួយដែលព្រះសហគមន៍កាតូលិកនៅកម្ពុជាបានធ្វើឡើង សម្រាប់អស់អ្នកមកឈ្វេងយល់ជំនឿ ដែលជាដំណាក់កាលដំបូងមុនពេលទទួលអគ្គសញ្ញាជ្រមុជទឹក គឺជាពិធីសុំចូលព្រះសហគមន៍ ឬហៅថា ជំហានទី១។

កម្មវិធីនេះបានធ្វើឡើងនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ នៅព្រះវិហារសន្តសិលានិងសន្តប៉ូល ស្ថិតនៅក្នុងភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

លោកសោម លោកា អាយុ៣៦ឆ្នាំបានឲ្យដឹងថា គាត់ស្គាល់ព្រះសហគមន៍តាមរយៈបងប្អូនរបស់គាត់ និងតាមរយៈការងារដែលគាត់កំពុងធ្វើសព្វថ្ងៃនេះ។

លោកា មានស្រុកកំណើតមកពីខេត្តប៉ៃលិន ដែលមានចម្ងាយ៣៦៧គីឡូម៉ែត្រពីទីក្រុងភ្នំពេញ គឺជាបុគ្គលិកម្នាក់កំពុងបម្រើការងារជាងមួយឆ្នាំហើយនៅក្នុងផ្នែកទទួលស្វាគមន៍ភ្ញៀវរបស់មណ្ឌលសកម្មភាពភ្នំពេញថ្មី។ លោកលោកា និយាយថា «ខ្ញុំឃើញពីភាពទំនាក់ទំនងនៅក្នុងសហគមន៍ ក៏ដូចជាការជួយផ្សេងៗរបស់ព្រះសហគមន៍ មានកិច្ចការល្អជាច្រើនដែលជួយដល់សង្គមរបស់យើង។»

លោកលោកា បានបញ្ជាក់ថា «ខ្ញុំបានចូលរួមញឹកញាប់ជាមួយសកម្មភាពរបស់ព្រះសហគមន៍ ជាពិសេសគឺកម្មវិធីសប្បុរសធម៌។ ខ្ញុំសប្បាយចិត្ត និងរំភើបមែនទែន ទោះបីខ្ញុំជួយបានត្រឹមតែកម្លាំង ប៉ុន្តែខ្ញុំមានអារម្មណ៍រំភើបនៅពេលឃើញព្រះសហគមន៍មានទឹកចិត្ត សប្បុរសធម៌សម្រាប់បងប្អូនរបស់យើង។»

ដោយសារចំណុចនេះ បានជំរុញឲ្យលោកសោម លោកា សម្រេចិត្តរៀនអប់រំជំនឿ ដោយមានការជ្រោមជ្រែងពីក្រុមគ្រួសាររបស់គាត់ផងដែរ។

 រីឯយុវតីវ៉ន ចំប៉ា កំពុងបម្រើការងារនៅក្នុងសាលាដុនបូស្កូទឹកថ្លា ជាបេក្ខជនម្នាក់ទៀតបានឲ្យដឹងថា នាងបានសិក្សាឈ្វេងយល់អំពីជំនឿរបស់ព្រះសហគមន៍កាតូលិកជិតមួយឆ្នាំមកហើយ។ ចំប៉ាឲ្យដឹងថា «គ្រីស្តបរិស័ទផ្តល់ជំនឿនិងសេចក្តីស្រឡាញ់ឲ្យគ្នាទៅវិញទៅមក និងចេះជួយយកអាសារគ្នា។»

វ៉ន ចំប៉ា បាននិយាយថា ការផ្លាស់ប្តូរជំនឿរបស់គាត់ពីពុទ្ធបរិស័ទមកគ្រីស្តបរិស័ទនេះ មិនងាយស្រួលនោះទេ ដោយសារក្រុមគ្រួសារជាពុទ្ធបរិស័ទទាំងអស់ ហើយឪពុកម្តាយក៏មិនសូវពេញចិត្តនឹងជំនឿថ្មីរបស់គាត់ដែរ។

ចំប៉ា «គាត់(ឪពុកម្តាយ)កាន់ខ្លាំង ព្រោះអីព្រះពុទ្ធសាសនា យើងកាន់តាំងពីដើមរៀងមក…អីចឹងឪពុកម្តាយខ្ញុំក៏មិនជាយល់ស្របជាមួយខ្ញុំអីដែរ…ព្រោះគាត់គិតថា គ្រីស្តសាសនាជាសាសនារបស់បរទេស។»

ទោះជាយ៉ាងនេះក្តី យុវតីរូបនេះ បានជំនះនឹងការយល់ឃើញរបស់ឪពុកម្តាយ «ខ្ញុំជំនះ ព្រោះជំនឿរបស់ខ្ញុំ ខ្ញុំស្រឡាញ់ ខ្ញុំនឹងគោរពព្រះយេស៊ូគ្រីស្ត។»

 វ៉ន ចំប៉ាបានបង្ហាញឆន្ទៈរបស់នាងដូច្នេះថា «ខ្ញុំនឹងបង្ហាញគាត់ថា ទោះបីជាខ្ញុំជាគ្រីស្តបរិស័ទ ប៉ុន្តែគ្រីស្តបរិស័ទក៏ជាមនុស្សល្អនៅក្នុងសង្គម ចេះជួយសង្គម និងចេះគោរពឪពុកម្តាយ ចេះធ្វើអំពើល្អជាច្រើនសម្រាប់គ្រួសារនិងសង្គម និងខ្លួនឯងដែរ។»

ក្នុងកម្មវិធីសុំចូលព្រះសហគមន៍នេះ លោកបូជាចារ្យ សិលា សួន ហង្សលី បានឲ្យបេក្ខជនទាំង១៥រូប ឈរនៅមុខអាសនៈ នៅមុខគ្រីស្តបរិស័ទចាស់ក្មេងទាំងអស់ រួចសួរបញ្ជាក់ឲ្យបេក្ខជនទាំងអស់លះបង់ពិធីផ្សេងៗដែលមានដូចជា ពិធីសែនព្រេន ពិធីបញ្ជាន់អារក្សអ្នកតា ដែលមិនណែនាំឲ្យគោរពបម្រើព្រះជាម្ចាស់។ គ្រប់គ្នាបានឆ្លើយថា «យើងខ្ញុំសម្រចចិត្តហើយ។»

បន្ទាប់មកពួកគាត់ទាំងអស់បានលុតជង្គង់នៅមុខព្រះឈើឆ្កាង និងព្រះគម្ពីរ ដោយសុំយកអង្គទាំងពីរជាទីពឹង និងបែរមករកព្រះសហគមន៍ដែលមានគ្រីស្តបរិស័ទជាច្រើន ហើយសុំយកព្រះសហគមន៍ជាទីពឹងផងដែរ។

ជាមួយគ្នានោះ លោកបូជាចារ្យអធិបតី បានធ្វើសញ្ញាឈើឆ្កាងនៅលើថ្ងាស លើវិញ្ញាណទាំង៥ និងលើខ្លួនរបស់បេក្ខជន។ «ឥឡូវនេះ ខ្ញុំសូមគូសញ្ញាឈើឆ្កាងលើខ្លួនបងប្អូន ដើម្បីឲ្យបងប្អូនក្លាយទៅជាអ្នកទទួលការអប់រំជំនឿ។ គូសលើត្រចៀកដើម្បីឲ្យបងប្អូនអាចស្តាប់លឺព្រះបន្ទូល គូសលើភ្នែក ដើម្បីឲ្យអាចមើលឃើញពន្លឺរបស់ព្រះជាម្ចាស់ គូសលើមាត់ គឺដើម្បីឲ្យចេះឆ្លើយនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ គូលលើទ្រូង គឺដើម្បីឲ្យព្រះគ្រីស្តគង់នៅក្នុងបងប្អូនដោយសារជំនឿ គូសលើស្មា គឺដើម្បីឲ្យបងប្អូនពាក់នឹមរបស់ព្រះគ្រីស្តដោយចិត្តរីករាយ។»

បេក្ខជនដែលបានទទួលពិធីសុំចូលព្រះសហគមន៍ នឹងត្រូវរៀននិងត្រៀមខ្លួនបន្ថែមទៀត មុនទទួលអគ្គសញ្ញាជ្រមុជទឹក។

ក្នុងកម្មវិធីអប់រំជំនឿរបស់ព្រះសហគមន៍កាតូលិកនៅកម្ពុជា បេក្ខជនដែលជាមនុស្សពេញវ័យដែលចង់ផ្លាស់ប្តូរជំនឿរបស់ខ្លួនមកជាកាតូលិក ត្រូវសិក្សារៀនសូត្រអំពីជំនឿ ដែលមានព្រះគម្ពីរ ប្រពៃណីសាសនា ពិធីបុណ្យ និងការចូលរួមសកម្មភាពរបស់ព្រះសហគមន៍ក្នុងសង្គម យ៉ាងហោចណាស់រយៈពេលជិត២ឆ្នាំ។ ការសិក្សានេះតម្រូវឲ្យបេក្ខជនម្នាក់ៗចំណាយពេលវេលាមួយម៉ោង ឬមួយម៉ោងកន្លះជារៀងរាល់ថ្ងៃអាទិត្យ៕

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី

កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ

អបអរសាទរ សិស្សវិទ្យាល័យ សន្តហ្វ្រង់ស្វ័រ បច្ចេកទេសកម្រិត៣ ប្រឡងជាប់ ១០០%

ប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ចំនួន ៤១នាក់ បានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ មួយរយភាគរយ នាសម័យប្រឡងថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦ ក្នុងនោះមានស្រី ២០នាក់។បើតាមការឱ្យដឹងពី លោក យុន សំអាត នាយកសាលាខាងលើ បានរៀបរាប់ឱ្យដឹងថា លទ្ធផលប្រឡងបញ្ចប់ឆ្នាំសិក្សា និងប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត ៣ សម័យប្រឡងថ្ងៃទី២២

លោកឪពុក យ៉ូហាន អ៊ុន រំលឹកថា៖ «ព្រះយេស៊ូទាមទារចិត្តស្រឡាញ់ និងការចែករំលែកនូវអ្វីដែលយើងមាន»

ភ្នំពេញ៖ នៅក្នុងពិធីអភិបូជានាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅព្រះវិហារកាតូលិកសន្តសិលា និងសន្តប៉ូល លោកឪពុក យ៉ូហាន អ៊ុន សុន (Fr. Jean Un Son) បានលើកឡើងនូវសារអប់រំលត់ដំផ្លូវចិត្តយ៉ាងជ្រាលជ្រៅមួយដល់គ្រីស្ដបរិស័ទទាំងអស់ អំពីការស្វែងរក «អាហារផ្លូវព្រលឹង» និងការផ្លាស់ប្តូរជីវិតតាមរយៈការចែករំលែកសេចក្ដីស្រឡាញ់។ នៅក្នុងធម្មទេសនា លោកឪពុកបានគូសបញ្ជាក់ថា មនុស្សទូទៅតែងតែខិតខំប្រឹងប្រែងធ្វើការយ៉ាងលំបាក ដើម្បីស្វែងរកអាហារចិញ្ចឹមរូបរាងកាយ និងសុវត្ថិភាពផ្លូវកាយ ប៉ុន្តែច្រើនដង មនុស្សបានមើលរំលងភាពស្រេកឃ្លាននៃ

Subscribe to our newsletter

Don't miss new updates on your email