បេក្ខជនចំនួន១៥នាក់សុំចូលព្រះសហគមន៍
ក្នុងសំលៀកបំពាក់អាវស និងសំពត់ឬខោពណ៌ខ្មៅឬខៀវ ឈរតម្រង់ជាពីរជួរនៅមុខព្រះវិហារសន្តសិលានិងសន្តប៉ូលដែលមានទ្វារបិទជិត បេក្ខជនពេញវ័យចំនួន១៥នាក់បាន គោះទ្វារព្រះវិហារ។ លោកបូជាចារ្យសិលា សួន ហង្សលី បូជាចារ្យទទួលខុសត្រូវព្រះវិហារនិងជាប្រធានមណ្ឌលសកម្មភាពភ្នំពេញថ្មី បានស្រែកសួរពីចម្ងាយថា «តើអ្នកមករកអ្វី?» បេក្ខជនទាំងអស់បានឆ្លើយព្រមគ្នាថា «ខ្ញុំមកសុំចូលព្រះសហគមន៍»។ លោកបូជាចារ្យបានស្វាគមន៍ពួកគេ ដោយបើកទ្វារឲ្យចូលក្នុងព្រះវិហាររួមជាមួយគ្រីស្តបរិស័ទនានា។ នេះជាកម្មវិធីមួយដែលព្រះសហគមន៍កាតូលិកនៅកម្ពុជាបានធ្វើឡើង សម្រាប់អស់អ្នកមកឈ្វេងយល់ជំនឿ ដែលជាដំណាក់កាលដំបូងមុនពេលទទួលអគ្គសញ្ញាជ្រមុជទឹក គឺជាពិធីសុំចូលព្រះសហគមន៍ ឬហៅថា ជំហានទី១។ កម្មវិធីនេះបានធ្វើឡើងនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ នៅព្រះវិហារសន្តសិលានិងសន្តប៉ូល ស្ថិតនៅក្នុងភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ លោកសោម លោកា អាយុ៣៦ឆ្នាំបានឲ្យដឹងថា គាត់ស្គាល់ព្រះសហគមន៍តាមរយៈបងប្អូនរបស់គាត់ និងតាមរយៈការងារដែលគាត់កំពុងធ្វើសព្វថ្ងៃនេះ។ លោកា មានស្រុកកំណើតមកពីខេត្តប៉ៃលិន ដែលមានចម្ងាយ៣៦៧គីឡូម៉ែត្រពីទីក្រុងភ្នំពេញ គឺជាបុគ្គលិកម្នាក់កំពុងបម្រើការងារជាងមួយឆ្នាំហើយនៅក្នុងផ្នែកទទួលស្វាគមន៍ភ្ញៀវរបស់មណ្ឌលសកម្មភាពភ្នំពេញថ្មី។ លោកលោកា និយាយថា «ខ្ញុំឃើញពីភាពទំនាក់ទំនងនៅក្នុងសហគមន៍ ក៏ដូចជាការជួយផ្សេងៗរបស់ព្រះសហគមន៍ មានកិច្ចការល្អជាច្រើនដែលជួយដល់សង្គមរបស់យើង។» លោកលោកា បានបញ្ជាក់ថា «ខ្ញុំបានចូលរួមញឹកញាប់ជាមួយសកម្មភាពរបស់ព្រះសហគមន៍ ជាពិសេសគឺកម្មវិធីសប្បុរសធម៌។ ខ្ញុំសប្បាយចិត្ត និងរំភើបមែនទែន ទោះបីខ្ញុំជួយបានត្រឹមតែកម្លាំង ប៉ុន្តែខ្ញុំមានអារម្មណ៍រំភើបនៅពេលឃើញព្រះសហគមន៍មានទឹកចិត្ត សប្បុរសធម៌សម្រាប់បងប្អូនរបស់យើង។» ដោយសារចំណុចនេះ បានជំរុញឲ្យលោកសោម លោកា …