អត្ថបទទី១៖ សាមូអែលទី២ ៧,៤-៥.១២-១៤.១៦ ពេលណាអ្នកលាចាកលោកនេះទៅជួបជុំនឹងបុព្វបុរសរបស់អ្នក។ ២សម ៧,១២ អត្ថបទទី២៖ រ៉ូម ៤,១៣.១៦-១៨.២២ តាមសេចក្ដីសុចរិតដែលបានមកពីជំនឿវិញ។ រម ៤,១៣ ដំណឹងល្អ៖ ម៉ាថាយ ១,១៦.១៨-២១.២៥ លោកយ៉ូសែប ស្វាមីរបស់នាងជាមនុស្សសុចរិត លោកមិនចង់បំបាក់មុខនាងឡើយ។ មថ ១,១៩ |
“ភាពសុចរិតនិងជំនឿ”
បងប្អូនជាទីស្រឡាញ់
ថ្ងៃនេះ យើងពោរពេញដោយអំណរសប្បាយ ដោយសារព្រះសហគមន៍ណែនាំឲ្យយើងគោរពសន្តយ៉ូសែប។ ជីវិតរបស់យើងត្រូវការមានគំរូដើម្បីទៅមុខ យើងមានគំរូយ៉ាងពិសេសគឺព្រះយេស៊ូពិតមែន តែព្រះយេស៊ូភ្ជាប់ជាមួយយើង ព្រះយេស៊ូជាព្រះជាម្ចាស់ផង ជាមនុស្សផង។ សន្តយ៉ូសែប ជាមនុស្សសាមញ្ញធម្មតាដូចព្រះនាងម៉ារី ដែលរស់នៅក្នុងសង្គមពីដើម ដែលនៅរស់ជាគ្រួសារមួយដែលត្រៀមខ្លួនរៀបការ ដែលមានការងារធ្វើជាជាងឈើ។ ប៉ុន្តែ សន្តយ៉ូសែបបានធ្វើជាគំរូសម្រាប់យើង ដោយសារសន្តយ៉ូសែបពីដើមរៀងមកបានដើរតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់។
គ្រប់ពេលវេលា គ្រប់ទីកន្លែង ដែលយើងឃើញ យើងមានរូបសន្តយ៉ូសែប យើងឃើញផ្កាមួយគឺផ្កាលីលីពណ៌ស។ នេះជាផ្ការបស់សន្តយ៉ូសែប សន្តីតេរេសាគឺមានផ្កាកុលាប និងសន្តយ៉ូសែបគឺផ្កាលីលីពណ៌ស ដោយសារដើម្បីនឹកឃើញថាសន្តយ៉ូសែបជាមនុស្សសុចរិត ផ្កាលីលីពណ៌សជានិមិត្តរូបនៃមនុស្សសុចរិត។ ថ្ងៃនេះ យើងអរព្រះគុណព្រះជាម្ចាស់ដែលបានប្រទានសន្តយ៉ូសែបដែលជាមនុស្សសុចរិត។ មនុស្សសុចរិត យើងបានស្ដាប់ម្ដងៗនៅក្នុងគម្ពីរដំណឹងល្អ ថ្ងៃនេះយើងបានស្ដាប់អំពីលោកអាប្រាហាំនៅក្នុងអត្ថបទទីពីរ។ លោកអាប្រាហាំ ជាមនុស្សសុចរិតដោយសារលោកអាប្រាហាំបានធ្វើតាមព្រះហឫទ័យព្រះជាម្ចាស់។ ដោយសារលោកអាប្រាហាំជាមនុស្សយ៉ាងត្រឹមត្រូវ ដែលស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ រហូតដល់សុខចិត្តយកកូនតែម្នាក់គត់ ដែលគាត់បានទទួលនៅពេលគាត់មានអាយុចាស់ហើយទៅបូជា នៅពេលព្រះជាម្ចាស់ឲ្យធ្វើសក្ការបូជា។ ប៉ុន្តែ មុនពេលគាត់សម្លាប់កូនផ្ទាល់ ព្រះជាម្ចាស់បានហាមថាឈប់ទៅ ហើយយកចៀមមួយដើម្បីសម្លាប់ជំនួស។ ព្រះជាម្ចាស់ បានសាកលមើលជំនឿនិងភាពសុចរិតរបស់លោកអាប្រាហាំ។
ពីដើមរៀងមក យើងមានមនុស្សសុចរិតយ៉ាងច្រើនដែលយកចិត្តទុកដាក់ធ្វើតាមព្រះជាម្ចាស់ ប៉ុន្តែភាពសុចរិតមកពីណា មិនមែនមកពីគេមានកម្លាំង មិនមែនមកពីគេជាមនុស្សជាមនុស្សពិសេស មិនមែនមកពីគេជាមនុស្សប្លែក គឺមកពីព្រះជាម្ចាស់ផ្ទាល់។ ដោយសារ ភាពសុចរិតយើងអាចបកប្រែថាដ៏វិសុទ្ធ យើងដឹងថាមានតែព្រះជាម្ចាស់ជាព្រះដ៏វិសុទ្ធ។ រាល់អភិបូជាយើងច្រៀង ព្រះដ៏វិសុទ្ធ ព្រះដ៏វិសុទ្ធ ព្រះដ៏វិសុទ្ធ នេះជាព្រះជាម្ចាស់របស់យើង។ ភាពដ៏វិសុទ្ធរបស់ព្រះជាម្ចាស់ហៀរចូលនៅក្នុងខ្លួនយើង ដើម្បីឲ្យយើងទៅជាមនុស្សសុចរិត។ ដូច្នេះ ថ្ងៃនេះយើងត្រូវការយល់ ដើម្បីធ្វើដំណើរនៅលើផែនដីនេះ ដើម្បីធ្វើដំណើរនៅក្នុងសង្គមបច្ចុប្បន្ននេះ ឱ្យយើងធ្វើដូចម្ដេចដើម្បីឱ្យព្រះជាម្ចាស់ថែរក្សាយើង។ ធ្វើដូចម្ដេចដើម្បីឱ្យព្រះជាម្ចាស់ ណែនាំយើងពីមួយថ្ងៃទៅមួយថ្ងៃ ដូចលោកយ៉ូសែប។
ប៉ុន្តែ ភាពសុចរិតមិនទាន់គ្រប់គ្រាន់ទេ យើងមើលលោកយ៉ូសែបជាមនុស្សម្នាក់ដែលមានជំនឿទៅលើព្រះជាម្ចាស់។ ដូចលោកប៉ូលបានរំលឹក “តាមពិតយើងបានទទួលពិភពលោកជាមរតក”ដូចលោកអាប្រាហាំពីដើម។ មិនមែនដោយសារ លោកអាប្រាហាំជាមនុស្សដែលយកចិត្តទុកដាក់ធ្វើតាមធម្មវិន័យ មិនមែនដោយសារគាត់ធ្វើអំពើល្អ។ ប៉ុន្តែ ដោយសារលោកអាប្រាហាំជាមនុស្សសុចរិត ដោយសារលោកមានជំនឿ។ ដូច្នេះ យើងទៅជាមនុស្សសុចរិតយ៉ាងត្រឹមត្រូវដែលស្រឡាញ់ព្រះជាម្ចាស់ ដោយសារយើងមានជំនឿ ជំនឿដែលមកពីព្រះជាម្ចាស់។ យើងមើលយ៉ាងជាក់ស្ដែងអំពីលោកយ៉ូសែប តាមពិតលោកយ៉ូសែបថ្ងៃនេះនៅក្នុងគម្ពីរយើងស្ដាប់ហើយ។ គាត់ដូចជាឈឺចិត្តណាស់ ដោយសារគូដណ្ដឹងគាត់គឺព្រះនាងម៉ារី បែរជាមានផ្ទៃពោះ មានផ្ទៃពោះដោយមិនបាននៅជាមួយគ្នា។ ដូច្នេះ គាត់កំពុងឈឺចិត្តមែនទែន គាត់គិតថាព្រះនាងម៉ារីបានក្បត់គាត់ជាមួយប្រុសមួយទៀត។ ប៉ុន្តែ លោកយ៉ូសែបដែលជាមនុស្សសុចរិត សុខចិត្តលះបង់ព្រះនាងម៉ារីដោយភាពស្ងៀមស្ងាត់ កុំឲ្យមានរឿងធំ។ ដោយសារ យើងស្គាល់សម័យនោះអត់ទាន់មានហ្វេសប៊ុក អត់ទាន់មានបណ្តាញសង្គមដើម្បីផ្សាយព័ត៌មាន។ ប៉ុន្តែ មនុស្សនៅក្នុងភូមិពូកែនិយាយដើមគេ លោកយ៉ូសែបយល់ថាកុំឱ្យព្រះនាងម៉ារីខ្មាស់គេ គាត់សុខចិត្តទៅស្ងាត់ៗ។
ប៉ុន្តែ ព្រះជាម្ចាស់មានគម្រោងការផ្សេង តាមពិតលោកយ៉ូសែបអត់ទាន់យល់ទេអំពីគម្រោងការនេះទេ។ ព្រះជាម្ចាស់បានបំភ្លឺគាត់ បំភ្លឺការពិសេសបំផុត ការអស្ចារ្យមែនទែន តាមពិតព្រះនាងម៉ារីមានផ្ទៃពោះដោយសារព្រះវិញ្ញាណដ៏វិសុទ្ធ។ ពេលលោកយ៉ូសែបស្ដាប់ហើយ គាត់មិនយល់អ្វីសោះ ព្រោះអត់ដែលឮថាយើងមានផ្ទៃពោះដោយសារព្រះវិញ្ញាណដ៏វិសុទ្ធទេ។ ប៉ុន្តែ លោកយ៉ូសែបជាមនុស្សសុចរិតដែលមានជំនឿ ដូច្នេះពេលស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់រួចហើយ គាត់ជឿលើព្រះជាម្ចាស់។ គាត់ទុកចិត្តលើព្រះជាម្ចាស់ គាត់ធ្វើតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ ដែលណែនាំឱ្យកែប្រែគម្រោងការរបស់គាត់ ដែលគាត់មានទុកពីមុនដោយចង់សម្រេចចិត្តចោលព្រះនាងម៉ារី។
ឱ្យយើងមើលជីវិតរបស់យើង ប៉ុន្មានដងយើងរៀបគម្រោងការ ប៉ុន្មានដងយើងរៀបចំខ្លួន ប៉ុន្តែក្រោយមកមានព្រឹត្តិការណ៍មួយ ដែលណែនាំឱ្យយើងត្រូវការផ្លាស់ប្ដូរទាំងអស់។ បើសិនបើ យើងមើលពីរឆ្នាំកន្លងមក អ្នកណាបានគិតថាជំងឺកូវីដ-១៩ ដែលចូលនៅក្នុងសាកលលោក។ នៅប្រទេសកម្ពុជា យើងសើចដោយសារយើងគិតថានឹងគ្មានជំងឺកូវីដ-១៩ចូលមកក្នុងប្រទេសយើងនោះទេ។ ប៉ុន្តែ ឆ្នាំមុនយើងបានបិទទ្វារ បិទផ្លូវ បិទសកម្មភាពសាសនា បិទសាលា បិទសកម្មភាពទាំងអស់ដោយសារជំងឺកូវីដ-១៩ចាប់ផ្ដើមចូល។ ដូច្នេះ គម្រោងការរបស់យើងបើសិនបើយើងពិចារណាបានប្រែប្រួលអស់ហើយ។ យើងជាសិស្សសាលាក្ដីក៏ទៅរៀននៅសាលាមិនបាន យើងជាអ្នករកស៊ីក៏រកស៊ីមិនបាន យើងជាគ្រីស្តបរិស័ទក៏ចូលព្រះវិហារមិនបាន។
ប៉ុន្តែ ទោះបីមានការប្រែប្រួលនៅក្នុងគម្រោងការរបស់យើង យើងត្រូវតែសំលឹងមើល តើព្រះជាម្ចាស់បានរៀបចំអ្វីខ្លះសម្រាប់យើង? កុំឱ្យយើងលះបង់ចោលភាពសុចរិតនិងជំនឿរបស់យើង ព្រះជាម្ចាស់បានចូលនៅក្នុងសុបិននិមិត្តរបស់លោកយ៉ូសែប ដើម្បីបំភ្លឺគាត់។ គាត់បានធ្វើតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ នេះជាសញ្ញាសម្គាល់ថាគាត់មានជំនឿដ៏ពិតប្រាកដមែន។ អាទិត្យមុនខ្ញុំបានទៅផ្លូវត្រី គ្រីស្តបរិស័ទយើងបានផ្តល់សក្ខីភាពរបស់គេនៅពេលមានជំងឺកូវីដ-១៩ រាតត្បាតក្នុងប្រទេសកម្ពុជាយើង។ គេថានៅក្នុងពេលវេលានៃការរាតត្បាតរបស់ជំងឺកូវីដ-១៩ គេពិបាកណាស់ដោយសារអត់មានសិទ្ធិចូលអភិបូជា អត់បានសិទ្ធិជួបជុំគ្នា។ ក៏ប៉ុន្តែ គេបាននិយាយថា យើងអត់បានលះបង់ជំនឿរបស់យើងទេ យើងនៅក្រោមដើមស្វាយដើម្បីអធិដ្ឋានរួមជាមួយគ្នា។ ទោះបីយើងចូលនៅក្នុងព្រះវិហារមិនបាន ប៉ុន្មានដងយើងបានខិតខំអធិដ្ឋាននឹកឃើញដល់ព្រះនាងម៉ារី ដល់ព្រះជាម្ចាស់ ដើម្បីទូលអង្វរឱ្យថែរក្សាយើង។ ទោះបី នៅក្នុងចំណោមយើងមានខ្លះបានដើរឆ្ងាយដើម្បីទៅរកស៊ី នៅពេលយើងបើកព្រះវិហារនិងសង្គមវិញបានត្រឡប់មកវិញ។ ដោយសារ យើងបានចូលនៅក្នុងគម្រោងការរបស់ព្រះជាម្ចាស់ ដោយដឹងថាព្រះជាម្ចាស់មិនដែលលះបង់ចោលយើងសោះ។
“ទោះបី លោកអាប្រាហាំគ្មានអ្វីជាទីសង្ឃឹមក៏ដោយក៏លោកនៅតែមានសង្ឃឹម និងមានជំនឿដែរ” នេះជាអ្វីដែលលោកយ៉ូសែប បានអនុវត្តដែរ ជាអ្វីដែលយើងត្រូវការអនុវត្តនៅក្នុងជីវិតយើង។ ជួនកាលយើងមានអារម្មណ៍ថាអស់សង្ឃឹម បាត់បង់ទាំងអស់ បាត់បង់ការរកស៊ី បាត់បង់បងប្អូន បាត់បង់នេះបាត់បង់នោះ។ ក៏ប៉ុន្តែ ដោយសារយើងជាគ្រីស្តបរិស័ទយើងមានតែជំនឿ និងមានតែសេចក្ដីសង្ឃឹមថែមទៀត។ សម្រាប់យើងលើសពីលោកអាប្រាហាំទៀត សម្រាប់យើងលើសពីសន្តយ៉ូសែបទៀត ដោយសារយើងមានព្រះយេស៊ូ យើងមានព្រះយេស៊ូដែលបានសោយទិវង្គតនិងមានព្រះជន្មរស់ឡើងវិញ។ នៅក្នុងរដូវ៤០ថ្ងៃនេះ យើងត្រៀមខ្លួនដើម្បីរួមរស់រួមស្លាប់ជាមួយព្រះយេស៊ូ យើងត្រៀមខ្លូនដើម្បីទទួលជីវិតថ្មីតាមរយៈព្រះយេស៊ូ ដែលមានព្រះជន្មថ្មីរស់ឡើងវិញនៅរាត្រីបុណ្យចម្លង។ ដូច្នេះ យើងលើសពីសន្តយ៉ូសែបទៀត ដោយសារសន្តយ៉ូសែបសុខចិត្តដើរតាមព្រះជាម្ចាស់ គាត់អត់ទាន់ដឹងអំពីព្រះយេស៊ូបានរំដោះយើង ឱ្យមានសេចក្ដីសង្ឃឹមអស់កល្បជានិច្ច។ លោកអាប្រាហាំនៅពេលគាត់លះបង់ចោលទាំងអស់ អត់ទាន់ស្គាល់ព្រះយេស៊ូដែលណែនាំឱ្យយើងមានសេចក្ដីសង្ឃឹមជានិច្ច។
តាមនិកាយអ័រតូដុក ពេលគេគូររូបព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ យើងឃើញព្រះយេស៊ូចេញពីនរក ដោយសារព្រះយេស៊ូបានចូលនរកមុនមានព្រះជន្មរស់ឡើងវិញ។ នៅពេលនោះ គាត់បានបើកទ្វារនៃស្ថាននរក តាមទ្វារនៃស្ថាននរកចេញលោកអាប្រាហាំ ចេញមនុស្សសុចរិតទាំងអស់។ នេះលោកអាប្រាហាំមិនដឹងមុនទេ បានចូលរួមក្នុងការរស់ឡើងវិញជាមួយព្រះយេស៊ូ តែយើងដឹង យើងដឹងតាមជំនឿរបស់យើង ដើម្បីទៅមុខពីមួយថ្ងៃទៅមួយថ្ងៃ។
ឱ្យយើងសំលឹងមើលសន្តយ៉ូសែបដែលជាឪពុក ជាឪពុកដែលយើងទាំងអស់គ្នាចង់មាន ឪពុកផ្តល់ភាពកក់ក្ដៅណាស់ គាត់មើលកូន ស្រឡាញ់កូន។ យើងឃើញសន្តយ៉ូសែបជាឪពុក និងជាប្ដី ពេលយើងនឹកឃើញនេះ យើងយល់ថាយ៉ូសែបបានយកចិត្តទុកដាក់បំពេញតួនាទីរបស់គាត់។ ជាឪពុកដែលស្រឡាញ់កូន ជាប្ដីដែលស្រឡាញ់ប្រពន្ធ ជាឪពុកនិងប្ដីដែលយកចិត្តទុកដាក់ចិញ្ចឹមគ្រួសារ ដើម្បីឱ្យគ្រួសារមានម្ហូបអាហារប្រចាំថ្ងៃ ដើម្បីគ្រួសារមានកន្លែងស្នាក់នៅ។ អប់រំកូនដើម្បីឱ្យកូនចេះ ដើម្បីឱ្យកូនចេះបង្កើតទំនាក់ទំនងជាមួយអ្នកជិតខាង ដើម្បីឱ្យកូនមានជំនាញ។ ដោយសារយើងដឹងហើយថាសន្តយ៉ូសែបបានណែនាំឱ្យកូនចេះធ្វើជាជាងឈើ ព្រះយេស៊ូជាជាងឈើដែរ។ ពេលយើងឃើញនេះ យើងយល់ថាសន្តយ៉ូសែបនៅក្នុងជំនឿ នៅក្នុងភាពសុចរិត បានយកចិត្តទុកដាក់ ដើម្បីបំពេញបេសកកម្មរបស់គាត់ជាឪពុកជាប្ដី។
ដូច្នេះ សម្រាប់យើងក៏ដូចគ្នាដែរនៅក្នុងជំនឿដែលយើងទទួលពីព្រះជាម្ចាស់ យើងមានកម្លាំងដើម្បីបំពេញតួនាទីរបស់យើង។ យើងជាកុមារយើងជាកុមារយ៉ាងល្អ ដែលខិតខំរៀនសូត្រ ដែលស្រឡាញ់ឪពុកម្ដាយ ដែលចេះលើកទឹកចិត្តគ្នា។ យើងជាយុវជនយុវនារី យើងខិតខំធ្វើតាមតួនាទីរបស់យើងយ៉ាងល្អត្រឹមត្រូវ យើងជាពូមីង យើងជាឪពុកម្ដាយ យើងជាលោកឪពុក យើងជាបងស្រី យើងជាលោកអភិបាល យើងយកចិត្តទុកដាក់នឹងតួនាទីដែលយើងបានទទួល។ ដោយទទួលខុសត្រូវខ្ពស់ដូចសន្តយ៉ូសែប ណែនាំឱ្យយើងអាចធ្វើដំណើរនៅក្នុងពិភពលោកនេះ ដើម្បីឱ្យយើងរួមរស់នៅក្នុងសេចក្ដីសុខ រួមរស់នៅក្នុងសេចក្ដីសង្ឃឹមជានិច្ច។
ថ្ងៃនេះ យើងអធិដ្ឋានទូលអង្វរតាមរយៈសន្តយ៉ូសែប សូមឱ្យក្រុមគ្រួសាររបស់យើងមានសេចក្ដីសុខសាន្តនិងសេចក្ដីសង្ឃឹម។ យើងទូលអង្វរតាមសន្តយ៉ូសែប សូមឱ្យព្រះសហគមន៍របស់យើងដើរតាមព្រះហឫទ័យព្រះជាម្ចាស់ជានិច្ច និងបង្ហាញព្រះហឫទ័យប្រណីសន្ដោសរបស់ព្រះអង្គសម្រាប់មនុស្សលោក។ យើងអធិដ្ឋានតាមរយៈសន្តយ៉ូសែប ដើម្បីឱ្យពិភពលោករបស់យើងរកឃើញសេចក្ដីសុខសន្តិភាព ជាពិសេសនៅប្រទេសភូមា ប្រទេសអ៊ុយក្រែន ប្រទេសរុស្ស៊ី និងប្រទេសនានាដែលសព្វថ្ងៃកំពុងមានសង្រ្គាមតទៅទៀត។ យើងអធិដ្ឋាន ដើម្បីឱ្យសុខសន្តិភាពយាងមកនៅលើផែនដីនេះ នៅក្នុងសន្តយ៉ូសែបដែលជាមនុស្សសុចរិត ដែលជាមនុស្សពោរពេញដោយជំនឿ ជាឪពុកនិងជាស្វាមីដែលស្រឡាញ់ និងលើកទឹកចិត្ត ទៅជាគំរូសម្រាប់យើងទាំងអស់គ្នា។
+ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ
អភិបាលព្រះសហគមន៍កាតូលិកកម្ពុជា
ភូមិភាគភ្នំពេញ