អត្ថបទទី១៖ អេសាយ ៧,១០-១៤. ៨,១០ មើល៍! ស្ត្រីព្រហ្មចារីនឹងមានផ្ទៃពោះ។ អស ៧,១៤ អត្ថបទទី២៖ ហេប្រឺ ១០,៤-១០ «ឥឡូវនេះ ទូលបង្គំសូមមកធ្វើតាមព្រះហឫទ័យរបស់ព្រះអង្គ»។ ហប ១០,៩ ដំណឹងល្អ៖ លូកា ១,២៦-៣៨ ចូរមានអំណរសប្បាយឡើង! លក ១,២៨ |
“តាមរយៈព្រះនាងម៉ារីយើងមើលឃើញស្ថានបរមសុខ”
បងប្អូនជាទីស្រឡាញ់
“យុវនារីនឹងមានផ្ទៃពោះ នាងនឹងសម្រាលបានបុត្រមួយហើយថ្វាយព្រះនាមថា អេម៉ាណូអែល គឺព្រះអម្ចាស់គង់នៅជាមួយយើង” នេះជាព្រះបន្ទូលដែលព្យាការីអេសាយបានថ្លែង មុនព្រះនាងម៉ារីបានទទួលដំណឹងទៅជាមាតារបស់ព្រះជាម្ចាស់។ ប៉ុន្មានឆ្នាំមុន ខ្ញុំបានធ្វើដំណើរទៅដល់ទឹកដីរបស់ព្រះយេស៊ូនៅប្រទេសអ៊ីស្រាអែល ខ្ញុំបានទៅដល់ផ្ទះរបស់ព្រះនាងម៉ារីដែលនៅសល់ថ្មខ្លះៗ។ នៅក្នុងផ្ទះនោះ គេបានសរសេរពាក្យស្លោកជាភាសាឡាតាំងដែលបកប្រែជាភាសាខ្មែរថា “គឺនៅកន្លែងហ្នឹងព្រះយេស៊ូជាអម្ចាស់ចាប់កំណើតជាមនុស្ស”។ ថ្ងៃនេះ ជាថ្ងៃដែលយើងនឹករលឹកដល់ថ្ងៃដែលព្រះយេស៊ូ បានចាប់កំណើតជាមនុស្សនៅក្នុងផ្ទៃពោះរបស់ព្រះនាងម៉ារី។ ព្រះបន្ទូលតាមរយៈព្យាការីអេសាយ បានក្លាយទៅជាព្រះបន្ទូលយ៉ាងជាក់ស្តែង “យុវនារី (គឺព្រះនាងម៉ារី) នឹងមានផ្ទៃពោះ (ដោយសារព្រះវិញ្ញាណដ៏វិសុទ្ធ) នាងនឹងសម្រាលបានបុត្រមួយ (គឺព្រះយេស៊ូដែលជាព្រះអម្ចាស់) ហើយថ្វាយព្រះនាមថាអេម៉ាណូអែល (ព្រះអម្ចាស់គង់នៅជាមួយយើង)”។
ដំណឹងល្អដែលយើងបានស្តាប់ថ្ងៃនេះ ដំណឹងល្អដែលយើងបានឃើញយ៉ាងជាក់ស្តែងនៅក្នុងព្រះនាងម៉ារី។ ដោយសារ ព្រះនាងម៉ារីបានឯកភាពជាមួយព្រះជាម្ចាស់ ដើម្បីចូលនៅក្នុងព្រះហឫទ័យរបស់ព្រះអង្គ ដោយបានឆ្លើយថា “នាងខ្ញុំជាអ្នកបម្រើរបស់ព្រះអម្ចាស់ សូមឱ្យបានសម្រេចតាមពាក្យរបស់លោកចុះ”។ នេះជាព្រះបន្ទូលមួយ ដែលបានណែនាំឱ្យពិភពលោកជាង២០០០ឆ្នាំកន្លងមកពោរពេញដោយសេចក្តីសង្ឃឹម។ មានសេចក្តីសង្ឃឹម ដោយសារនៅពេលព្រះនាងម៉ារីចាប់ផ្តើមឆ្ងល់ “ធ្វើដូចម្តេចដើម្បីមានកូនបាន” នៅពេលនោះទេវទូតកាព្រីអែលបានបង្ហាញប្រាប់ថា ទោះបីយាយអេឡីសាបែតដែលជាស្ត្រីអារ និងមានវ័យចាស់ហើយ មានផ្ទៃពោះដែរ “ព្រោះគ្មានការអ្វីដែលព្រះជាម្ចាស់ធ្វើមិនកើតនោះឡើយ”។ នេះជាសេចក្តីសង្ឃឹមរបស់យើង ប្រសិនបើយើងមើលព្រះនាងម៉ារីដែលជាយុវនារីម្នាក់ មិនទាន់រៀបការហើយកំពុងត្រៀមខ្លួនរៀបការជាមួយលោកយ៉ូសែប។ ដូច្នេះយុវនារីម្នាក់ដូចម៉ារី តើធ្វើដូចម្តេចដើម្បីធ្វើជាមាតារបស់ព្រះជាម្ចាស់បាន? ដោយសារ “ព្រោះគ្មានការអ្វីដែលព្រះជាម្ចាស់ធ្វើមិនកើតនោះឡើយ” មូលហេតុតែមួយគឺព្រះជាម្ចាស់។
ដូច្នេះ ថ្ងៃនេះការអធិដ្ឋានរបស់យើងពោរពេញដោយអត្ថន័យ នៅពេលយើងទូលអង្វរព្រះជាម្ចាស់តាមរយៈព្រះនាងម៉ារី យើងបានមើលឃើញព្រះនាងម៉ារីដលបានធ្វើដំណើរនៅក្នុងជីវិតរបស់យើង នៅពេលព្រះនាងម៉ារីជាម្តាយរបស់ព្រះជាម្ចាស់។ ប៉ុន្តែ នៅពេលព្រះនាងម៉ារីឡើងស្ថានបរមសុខយើងដឹងថា ព្រះនាងម៉ារីជាមាតារបស់យើងនិងបន្តធ្វើដំណើរជាមួយយើង។ នៅពេលយើងអធិដ្ឋានយើងបានស្តាប់៖
ទី១ ព្រះនាងម៉ារីជាតារាសមុទ្រ ដែលមានអត្ថន័យដ៏ជ្រៅណាស់។ នៅក្នុងសមុទ្រ នៅពេលមានព្យុះ នៅពេលមានខ្យល់ដែលបោកបក់ខ្លាំង អ្នកដែលកំពុងជិះទូកគេភ័យខ្លាចណាស់ ប៉ុន្តែតារាសមុទ្រណែនាំឱ្យគេមើលឃើញផ្លូវ មើលឃើញកន្លែងដែលគេត្រូវការទៅ។ ដោយសារ មានភ្លើងមួយដែលបំភ្លឺយើង ដើម្បីធ្វើដំណើរទៅមុខ នេះជាព្រះនាងម៉ារី។ នៅក្នុងជីវិតរបស់យើង ប៉ុន្មានដងប៉ុន្មានសារយើងនៅក្នុងភាពងងឹតដែរ ប៉ុន្មានដងប៉ុន្មានសារយើងគិតថាយើងមើលមិនឃើញផ្លូវ។ ប៉ុន្តែ ប្រសិនបើយើងបើកភ្នែកបន្តិច យើងនឹកឃើញដល់ព្រះនាងម៉ារីយើងដឹងថាព្រះនាងម៉ារីជាតារាសមុទ្រ ដែលណែនាំឱ្យយើងមើលឃើញផ្លូវ។ ដូចពីដើមហោរាចារ្យបានដើរតាមផ្លូវ ដើម្បីរកឃើញព្រះឱរស្តយេស៊ូដែលជាព្រះសង្រ្គោះនៅក្នុងភូមិបេថ្លេហិម។
ទី២ ព្រះនាងម៉ារីជាស្ពាននៃសម្ពន្ធមេត្រីថ្មី ព្រះនាងម៉ារីបានណែនាំនៅក្នុងព្រះយេស៊ូឱ្យយើងចេញពីសម្ពន្ធមេត្រីចាស់ ដើម្បីចូលនៅក្នុងសម្ពន្ធមេត្រីថ្មី។ មានន័យថា យើងចូលនៅក្នុងជីវិតថ្មីជាមួយព្រះយេស៊ូ ដោយសារព្រះនាងម៉ារីបានប្រទានព្រះបុត្រាឱ្យពិភពលោក។ នៅក្នុងព្រះយេស៊ូ ព្រះជាម្ចាស់ដូចជាបានចងសម្ពន្ធមេត្រី ដែលជាសម្ពន្ធមេត្រីអស់កល្បជានិច្ចរវាងយើងនឹងព្រះជាម្ចាស់ នៅក្នុងព្រះយេស៊ូដោយសារព្រះនាងម៉ារី។ ណែនាំឱ្យយើងមានគម្រោងការថ្មី មានផ្លូវថ្មី ដើម្បីសម្រុះសម្រួលគ្នា។ ដោយសារពីសម័យដើម នៅពេលព្រះជាម្ចាស់បានបង្កើតយើងដើម្បីឱ្យយើងមានសេចក្តីសុខ យើងបានធ្វើអំពើបាបច្រើន។ ព្រះជាម្ចាស់បានខិតខំរកមធ្យោបាយច្រើនណាស់ ដើម្បីលើកលែងទោសឱ្យយើង ដើម្បីសង្រ្គោះយើង ដើម្បីឱ្យយើងអាចទៅមុខតទៅទៀត។ ប៉ុន្តែ នៅក្នុងព្រះយេស៊ូយើងដល់កំពូលនៃគម្រោងការរបស់ព្រះជាម្ចាស់ ព្រះជាម្ចាស់បានចាត់ព្រះបុត្រាឱ្យយាងមកលើផែនដីនេះ ដោយសារព្រះជាម្ចាស់ស្រឡាញ់យើង។ ដូច្នេះ ដោយសារព្រះនាងម៉ារីយើងមើលឃើញយ៉ាងជាក់ស្តែង ផ្លូវដែលយើងមានដើម្បីសម្រុះសម្រួលគ្នា ដើម្បីឱ្យជីវិតរបស់យើងរកឃើញសេចក្តីសុខ ដោយសារយើងលើកលែងទោសឱ្យគ្នាទៅវិញទៅមក។
ទី៣ ព្រះនាងម៉ារីនៅលើផែនដីនេះជាសញ្ញាសម្គាល់នៃស្ថានបរមសុខ យើងដឹងថាព្រះនាងម៉ារីមិនបានស្លាប់ទេ ព្រះនាងម៉ារីបានចូលដេកដើម្បីឡើងស្ថានបរមសុខតែម្តង។ ព្រះនាងម៉ារីនៅលើផែនដីនេះ ជាសញ្ញាសម្គាល់នៃស្ថានបរមសុខដែលកំពុងកើតឡើង ណែនាំឱ្យមនុស្សលោករកឃើញសុខដុមរមនា។ នេះជាអ្វីដែលយើងត្រូវការ ពេលយើងបាត់បង់សុខដុមរមនាយើងឥតមានសេចក្តីសុខទេ នៅពេលយើងលែងយល់ចិត្តគ្នាយើងលែងទៅមុខបាន។ ដោយសារ ព្រះនាងម៉ារីជាសញ្ញានៃស្ថានបរមសុខលើផែនដីនេះ យើងដឹងថាព្រះនាងម៉ារីបានណែនាំឱ្យអំពើហិង្សា ការស្អប់គ្នារលត់បាន។ ព្រះនាងម៉ារីបានណែនាំឱ្យការសងសឹករបស់យើងកាត់បន្ថយ ព្រះនាងម៉ារីណែនាំឱ្យយើងយល់អំពីការលើកលែងទោស។ ដោយសារ ព្រះនាងម៉ារីយើងមើលឃើញស្ថានបរមសុខ នៅពេលយើងទៅដល់ស្ថានបរមសុខយើងមានទាំងអស់ដ៏ពេញលក្ខណៈ។ ប៉ុន្តែ សេចក្តីសង្ឃឹមនៅលើផែនដីនេះ គឺយើងត្រូវចាប់ផ្តើមបំផ្លាញការសងសឹកគ្នា យើងត្រូវចាប់ផ្តើមកាត់បន្ថយការស្អប់គ្នា យើងត្រូវចាប់ផ្តើមយល់ចិត្តគ្នាទៅវិញទៅមកដើម្បីលើកលែងទោសឱ្យគ្នា។ លើសពីនេះទៅទៀត ព្រះនាងម៉ារីបានរំដោះយើងចេញពីសង្រ្គាម ព្រះនាងម៉ារីថែរក្សាពិភពលោកកុំឱ្យសង្រ្គាមបំផ្លាញយើងទាំងអស់។ យើងដឹងហើយថា ពិភពលោកជាព្រះរាជរបស់ព្រះជាម្ចាស់ដែលកំពុងកើតឡើងមិនទាន់ពេញលក្ខណៈ។ ប៉ុន្តែ វត្តមានរបស់ព្រះនាងម៉ារីបានបង្ហាញថា ពិតមែនព្រះរាជរបស់ព្រះជាម្ចាស់ចាប់ផ្តើមកើតឡើង ហើយយើងចូលនៅក្នុងគម្រោងការដ៏អស្ចារ្យនេះ។
ទី៤ ព្រះនាងម៉ារីជាព្រះមហាក្សត្រីនៃព្រះមាលា នៅពេលយើងអធិដ្ឋានផ្គាំព្រះមាលាយើងមើលឃើញអាថ៌កំបាំងនៃជីវិតរបស់ព្រះនាងម៉ារី និងព្រះយេស៊ូ យើងចូលនៅក្នុងជីវិតរបស់ព្រះជាម្ចាស់ទាំងអស់។ អំណរសប្បាយ ទុក្ខលំបាក សិរីរុងរឿង ពន្លឺ នេះបានណែនាំឱ្យយើងចូលនៅក្នុងជីវិតរបស់ព្រះជាម្ចាស់ ណែនាំឱ្យយើងចង់អធិដ្ឋានថែមទៀត ណែនាំឱ្យយើងចង់ស្រឡាញ់គ្នាថែមទៀត។
ទី៥ ព្រះនាងម៉ារីជាមហាក្សត្រីនៃក្រុមគ្រួសារទាំងមូលនៅក្នុងពិភពលោក និងបង្ហាញផ្លូវដើម្បីឱ្យយើងចេះទទួលស្គាល់ថា ពិតមែនយើងជាបងប្អូនគ្នា។ ឥតមានផ្លូវផ្សេងទេ នៅពេលយើងចេះទទួលស្គាល់ថាមនុស្សទាំងអស់ជាបងប្អូនយើង ជាបងប្អូនបង្កើតនៅក្នុងព្រះយេស៊ូគ្រីស្ត យើងធ្វើដូចម្តេចដើម្បីសម្លាប់គេ យើងធ្វើដូចម្តេចយើងអាចសម្លាប់បងប្អូនយើង យើងធ្វើមិនបានទេ។ ដូច្នេះ នៅក្នុងព្រះនាងម៉ារីយើងដឹងថាយើងមានម្តាយរបស់យើងទាំងអស់ នៅពេលយើងមានម្តាយដូចគ្នាទាំងអស់មានន័យថាយើងជាគ្រួសារតែមួយ មានន័យថាយើងជាបងប្អូនបង្កើត។ សញ្ជាតិអ្វីក៏ដោយ ចាស់ក្តី ក្មេងក្តី យើងជាគ្រួសារតែមួយ ដោយសារយើងមានម្តាយតែមួយ ដោយសារយើងមានព្រះបិតាតែមួយ។ នេះជាអ្វី ដែលព្រះនាងម៉ារីបានធ្វើឱ្យយើងមើលឃើញផ្លូវសម្រាប់ប្រជាជាតិនានា ផ្លូវនៃភាតរភាពដោយដឹងថាយើងជាបងប្អូនគ្នា។
ទី៦ ព្រះនាងម៉ារីជាព្រះមហាក្សត្រីនៃសន្តិភាព សម្រាប់យើងដែលនៅអរិយក្សត្រថ្ងៃនេះ ពោរពេញដោយអត្ថន័យ។ ដោយសារ រូបសំណាកទី១របស់ព្រះនាងម៉ារីដែលយើងបានរកឃើញនៅឆ្នាំ២០០៨ យើងបានដាក់ឈ្មោះថា “ព្រះនាងម៉ារីនៃទន្លេមេគង្គដែលជាព្រះមហាក្សត្រីនៃសន្តិភាព”។ ដូច្នេះ ថ្ងៃនេះនៅពេលយើងមកដល់ទីនេះ យើងបានអធិដ្ឋានទូលអង្វរព្រះជាម្ចាស់តាមរយៈព្រះនាងម៉ារី ដើម្បីឱ្យសេចក្តីសុខយាងមកនៅលើផែនដីនេះ។ អ្វីៗទាំងអស់នេះ យើងអាចធ្វើបានដោយសារយើងដឹងថា “ព្រោះគ្មានការអ្វីដែលព្រះជាម្ចាស់ធ្វើមិនកើតនោះឡើយ”។ អ្វីៗទាំងអស់ព្រះជាម្ចាស់អាចធ្វើបាន លុះត្រាតែយើងទុកចិត្តលើព្រះជាម្ចាស់។
យើងអធិដ្ឋានដើម្បីឱ្យព្រះសហគមន៍របស់យើង ទៅជាសញ្ញាសម្គាល់នៃការទុកចិត្តទៅលើព្រះជាម្ចាស់ ដើម្បីឱ្យយើងបន្តធ្វើដំណើរទៅមុខនៅក្នុងសេចក្តីសង្ឃឹម ដោយមានព្រះនាងម៉ារីដែលដឹកនាំផ្លូវយើងខ្ញុំជាប្រចាំថ្ងៃ៕
+ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ
អភិបាលព្រះសហគមន៍កាតូលិកកម្ពុជា
ភូមិភាគភ្នំពេញ