“ផលផ្លែនៃការបម្រើ គឺសុខសន្តិភាព”
អត្ថបទទី១៖ សេរីភាព ១២,១-៨.១១-១៤ ពេលឃើញឈាម យើងនឹងរំលងផ្ទះអ្នករាល់គ្នា។ សរ ១២,១៣ អត្ថបទទី២៖ កូរិនថូសទី១ ១១,២៣-២៦ គ្រប់ពេលដែលអ្នករាល់គ្នាពិសា ចូរធ្វើដូច្នេះ ដើម្បីរំឭកដល់ខ្ញុំ។ ១ករ ១១,២៥ ដំណឹងល្អ៖ យូហាន ១៣,១-១៥ ពេលនេះ អ្នកមិនទាន់ដឹងថា ខ្ញុំកំពុងធ្វើអ្វីឡើយ ថ្ងៃក្រោយ អ្នកមុខតែយល់ជាមិនខាន។ យហ ១៣,៧ |
បងប្អូនជាទីស្រឡាញ់
ថ្ងៃនេះ ដែលយើងចាប់ផ្តើមរួមជាមួយព្រះយេស៊ូនៅក្នុងថ្ងៃព្រហស្បតិ៍ពិសិដ្ឋ ព្រះយេស៊ូដែលមានព្រះបន្ទូលចុងក្រោយដល់ក្រុមគ្រីស្តទូត ក៏ដូចជាមានព្រះបន្ទូលដល់យើង។ យើងបន្តគិត អំពីរបៀបដែលព្រះយេស៊ូណែនាំឱ្យជីវិតរបស់យើង ពិភពលោករបស់យើងអាចរកឃើញសុខសន្តិភាព។ ថ្ងៃនេះ អ្វីដែលយើងមើលឃើញយ៉ាងជាក់ស្តែង គឺផ្លែនៃការបម្រើគឺជាសុខសន្តិភាព។
បងប្អូនជាទីស្រឡាញ់ នៅពេលនេះខ្ញុំនឹកឃើញដល់ពាក្យអធិដ្ឋានរបស់អ្នកម្តាយតេរេសានៃទីក្រុងកាល់ហ្គូតា ដែលបានអធិដ្ឋានថា “ផ្លែនៃភាពស្ងៀមស្ងាត់គឺការអធិដ្ឋាន ផ្លែនៃការអធិដ្ឋានគឺជំនឿ ផ្លែនៃជំនឿគឺសេចក្តីស្រឡាញ់ ផ្លែនៃសេចក្តីស្រឡាញ់គឺបម្រើ ផ្លែនៃបម្រើគឺសេចក្តីសុខសាន្ត”។ ពិតមែន នៅក្នុងភាពស្ងៀមស្ងាត់នៃសួនកេតសេម៉ានី នៅពេលព្រះយេស៊ូបានជប់លៀងជាមួយក្រុមគ្រីស្តទូត នៅពេលនោះព្រះយេស៊ូបានយកនំបុ័ង បានយកស្រា។ នៅក្បែរក្រុមគ្រីស្តទូត ព្រះយេស៊ូបានណែនាំនំបុ័ងនេះទៅជាព្រះកាយរបស់ព្រះអង្គផ្ទាល់ ឱ្យស្រានេះទៅជាព្រះលោហិតរបស់ព្រះអង្គផ្ទាល់។ នៅពេលហ្នឹង ដូចសន្តយ៉ូហានបានសរសេរក្នុងគម្ពីរថ្ងៃនេះថា “គឺនៅពេលហ្នឹង ដោយព្រះអង្គស្រឡាញ់សាវ័ករបស់ព្រះអង្គដែលរស់នៅក្នុងលោកនេះ ទ្រង់ក៏ស្រឡាញ់គេរហូតដល់ទីបំផុត”។ ដល់ទីបំផុត ដោយព្រះយេស៊ូបានលាងជើងដល់ក្រុមសាវ័ក នៅពេលហ្នឹងព្រះយេស៊ូបានបញ្ចប់គ្រប់សញ្ញាតាមព្រះបន្ទូល ហើយព្រះយេស៊ូនៅក្នុងភាពស្ងៀមស្ងាត់នៃសួនកេតសេម៉ានី។
នៅពេលនោះ ក្រុមគ្រីស្តទូតកំពុងដេកលក់ ដែលណែនាំឱ្យយើងឆ្ងល់ ព្រោះប្រហែល១ម៉ោងមុនក្រុមគ្រីស្តទូតបាននៅក្នុងពិធីជប់លៀងជាមួយព្រះយេស៊ូ។ គេកំពុងមើលឃើញសញ្ញាប្លែកបំផុត គឺទីមួយនំបុ័ងនិងស្រាទៅជារូបកាយនិងលោហិតរបស់ព្រះយេស៊ូ ទីពីរព្រះយេស៊ូលុតជង្គង់នៅមុខគេដើម្បីលាងជើង។ ដូច្នេះ សញ្ញានេះប្រហែលអាចណែនាំឱ្យក្រុមគ្រីស្តទូតត្រូវការនិយាយគ្នា សួរគ្នាទៅវិញទៅមកអំពីអ្វីដែលកើតឡើង និងព្រះបន្ទូលប្លែកៗរបស់ព្រះយេស៊ូ សញ្ញាដែលព្រះយេស៊ូបានបង្ហាញប្លែកៗ។ ប៉ុន្តែ ផ្ទុយទៅវិញគេបានដេកលក់តែម្តង នៅពេលនោះមានតែក្រុមគ្រីស្តទូត១១រូប ដោយសារយូដាសអ៊ីស្ការីយ៉ុតនៅពាក់កណ្តាលនៃភាពងងឹតយប់នោះ បានចេញពីបន្ទប់ជប់លៀង ដើម្បីបំពេញតួនាទីដ៏អាក្រក់របស់គាត់ គឺណែនាំឱ្យគេចាប់ព្រះយេស៊ូ។ ប៉ុន្តែ តួនាទីរបស់លោកយូដាសអ៊ីស្ការីយ៉ុត បានណែនាំឱ្យប្រវត្តិសាស្ត្ររបស់មនុស្សលោកកែប្រែអស់កល្បជានិច្ច។ ដោយសារ នៅពេលគាត់ក្បត់ព្រះយេស៊ូ ហើយណែនាំឱ្យគេមកចាប់ព្រះយេស៊ូដែលជាបុត្រមនុស្ស នៅពេលនោះបីដូចជាលោកយូដាសអ៊ីស្ការីយ៉ុត បានបើកផ្លូវនាំការសង្រ្គោះ ផ្លូវនៃជីវិតអស់កល្បជានិច្ចសម្រាប់មនុស្សលោក។
បងប្អូនជាទីស្រឡាញ់ ផ្លែនៃភាពស្ងៀមស្ងាត់គឺការអធិដ្ឋាន ផ្លែនៃការអធិដ្ឋានគឺជំនឿ។ ពិតមែន នៅក្នុងយប់ដ៏ស្ងៀមស្ងាត់នេះ នៅក្រោមពន្លឺនៃព្រះចន្ទពេញវង់ នៅពេលនោះព្រះយេស៊ូកំពុងអធិដ្ឋានយ៉ាងពិសេសបំផុត “ឱព្រះបិតាអើយ! ប្រសិនបើពែងនៃទុក្ខលំបាកអាចទៅឆ្ងាយពីទូលបង្គំ សូមឱ្យនៅឆ្ងាយទៅ ប៉ុន្តែកុំធ្វើតាមចិត្តរបស់ទូលបង្គំឡើយ តែធ្វើតាមព្រះហឫទ័យរបស់ព្រះអង្គវិញ”។ នៅពេលហ្នឹង ព្រះយេស៊ូបង្ហាញជំនឿរបស់ព្រះអង្គទៅលើព្រះបិតាដ៏ជាទីស្រឡាញ់របស់ព្រះអង្គ នៅពេលហ្នឹងព្រះយេស៊ូចាប់ផ្តើមបង្ហាញពាក្យចុងក្រោយ ដែលព្រះយេស៊ូមាននៅលើឈើឆ្កាង “ឱព្រះបិតាអើយ! ទូលបង្គំផ្ញើវិញ្ញាណរបស់ទូលបង្គំនៅក្នុងព្រះហស្តរបស់ព្រះអង្គហើយ”។
ពិតមែន ផ្លែនៃជំនឿគឺសេចក្តីស្រឡាញ់ ផ្លែនៃសេចក្តីស្រឡាញ់គឺការបម្រើ តាមពិតជំនឿរបស់ព្រះយេស៊ូទៅលើព្រះបិតា ដែលបានដឹកនាំជីវិតរបស់ព្រះអង្គពីដើមរៀងមក ជាពិសេសនៅពេលព្រះយេស៊ូបានប្រកាសដំណឹងល្អ។ របៀបដែលព្រះយេស៊ូប្រកាសដំណឹងល្អ របៀបដែលព្រះយេស៊ូព្យាបាលអ្នកជំងឺ អ្វីៗទាំងអស់ដែលព្រះយេស៊ូធ្វើ គឺព្រះអង្គទតមើលគេដោយមានព្រះហឫទ័យស្រឡាញ់ ដោយមានព្រះហឫទ័យមេត្តា។ សូមនឹកឃើញលោកសាខេ ពេលព្រះយេស៊ូមើលឃើញលោកសាខេនៅលើចុងឈើ អំពីស្រ្តីដែលក្បត់ប្តីព្រះយេស៊ូចេះតែមើលគាត់ និងលើកលែងទោសឱ្យគាត់។ សូមមើលព្រះយេស៊ូជាមួយស្ត្រីសាសន៍សាម៉ារី ព្រះយេស៊ូបានយកពេលវេលាដើម្បីអាណិតមេត្តានិងស្រឡាញ់គាត់។ សូមមើលព្រះយេស៊ូជាមួយអ្នកមាន ដែលចង់ចូលនៅស្ថានបរមសុខ នៅពេលនោះព្រះយេស៊ូទតមើលគេដោយព្រះហឫទ័យស្រឡាញ់។ ជាពិសេស បន្តិចទៀតនៅពេលលោកសិលាក្បត់ព្រះយេស៊ូ នៅពេលនោះព្រះយេស៊ូកំពុងទតមើលគាត់ ដោយមានព្រះហឫទ័យអាណិតអាសូរ។ លោកសិលាបានយំ ដោយមើលព្រះយេស៊ូដែលកំពុងមើល និងលែងទោសឱ្យគាត់ទៀត។ ព្រះបន្ទូលចុងក្រោយរបស់ព្រះយេស៊ូ គឺសេចក្តីស្រឡាញ់សុទ្ធនៅលើឈើឆ្កាង លើកលែងទោសឱ្យគេត្បិតគេមិនដឹងថាគេកំពុងធ្វើអ្វី លើកលែងទោសឱ្យឃាតករដើម្បីឱ្យគេបានទៅជាមួយព្រះយេស៊ូនៅឯស្ថានបរមសុខ។ តាមពិត ជំនឿរបស់ព្រះយេស៊ូបានណែនាំឱ្យព្រះយេស៊ូពោរពេញដោយសេចក្តីស្រឡាញ់ ជីវិតរបស់ព្រះយេស៊ូអាចនិយាយបានថាជាសេចក្តីស្រឡាញ់ដ៏ធំធេង សេចក្តីស្រឡាញ់ដ៏បរិសុទ្ធ សេចក្តីស្រឡាញ់ដ៏ពេញលក្ខណៈ។
យប់នេះ នៅក្បែរភ្នែករបស់យើងដែលឆ្ងល់ដែរ ដែលភ្ញាក់ដែរ ដូចលោកសិលា។ នៅក្បែរយើង យើងមើលឃើញព្រះយេស៊ូដែលបានអនុវត្តសេចក្តីស្រឡាញ់នេះយ៉ាងជាក់ស្តែង។ ចុងក្រោយបំផុតមុនព្រះយេស៊ូសោយទិវង្គត ព្រះអង្គបានលុតជង្គង់នៅមុខក្រុមគ្រីស្តទូត ដើម្បីលាងជើងឱ្យក្រុមគ្រីស្តទូត។ នៅពេលនោះ យើងបានឃើញព្រះអម្ចាស់ បរមគ្រូដែលកំពុងលុតជង្គង់នៅមុខក្រុមគ្រីស្តទូត ណែនាំឱ្យលោកសិលា និងក្រុមគ្រីស្តទូតមិនពេញចិត្តសោះ។ ប្រហែលណែនាំឱ្យយើងមិនពេញចិត្តដែរ ណែនាំឱ្យយើងឆ្ងល់ថា ព្រះយេស៊ូបានធ្វើអ្វីប្លែកៗ។ តាមពិត ព្រះយេស៊ូកំពុងបើកផ្លូវ បើកមាគ៌ានៃសេចក្តីសុខសាន្ត។ ដូចព្រះយេស៊ូបានធ្វើ នៅក្នុងគម្ពីរថ្ងៃអាទិត្យពេលព្រះយេស៊ូរងទុក្ខលំបាករហូតដល់សោយទិវង្គត គឺការបម្រើ ការលើកលែងទោស ចិត្តអាណិតមេត្តា កុំប្រើអំពើហិង្សា អធិដ្ឋាន សេចក្តីស្រឡាញ់ចំពោះអ្នកដទៃ បូជាជីវិតសម្រាប់ព្រះបិតា… នេះជាផ្លូវ ជាមាគ៌ានៃសេចក្តីស្រឡាញ់ ដែលព្រះយេស៊ូបានអនុវត្តន៍យ៉ាងជាក់ស្តែងនៅក្នុងការបម្រើបងប្អូនឯទៀតៗ។
ពិតមែន ផ្លែនៃការបម្រើគឺសេចក្តីសុខសាន្ត ដូច្នេះយប់នេះខ្ញុំសង្ឃឹមថា រូបភាពដែលយើងមើលឃើញព្រះយេស៊ូកំពុងធ្វើដំណើរឆ្ពោះទៅរងទុក្ខលំបាក និងសោយទិវង្គតនៅលើឈើឆ្កាង ឱ្យយើងទុករូបភាពនេះនៅក្នុងការចងចាំរបស់យើង គឺព្រះយេស៊ូដែលកំពុងលុតជង្គង់នៅមុខក្រុមសាវ័ក នៅមុខយើងនិងលាងជើងឱ្យយើង។ យប់នេះ នៅក្នុងការអធិដ្ឋានរបស់យើង កុំឱ្យយើងដេកលក់ដូចក្រុមគ្រីស្តទូតពីដើម ផ្ទុយទៅវិញឱ្យយើងស្តាប់ព្រះបន្ទូលរបស់ព្រះយេស៊ូដែលមានថ្ងៃនេះសម្រាប់ក្រុមគ្រីស្តទូត។ ប៉ុន្តែ ថ្ងៃនេះសម្រាប់យើងផ្ទាល់ “បើខ្ញុំជាព្រះអម្ចាស់ និងជាព្រះគ្រូបានលាងជើងឱ្យអ្នករាល់គ្នាទៅហើយ អ្នករាល់គ្នាក៏ត្រូវលាងជើងឱ្យគ្នាទៅវិញទៅមកដែរ ខ្ញុំបានធ្វើជាគំរូឱ្យអ្នករាល់គ្នាប្រព្រឹត្ត ដូចខ្ញុំបានប្រព្រឹត្តដល់អ្នករាល់គ្នាដែរ”។
បងប្អូនជាទីស្រឡាញ់ ពិភពលោករបស់យើងមានសេចក្តីសង្ឃឹមតែមួយ គឺរកឃើញសេចក្តីសុខសាន្តសាជាថ្មី ឱ្យយើងទាំងអស់គ្នាទៅជាអ្នកបម្រើ បម្រើគ្នាទៅវិញទៅមក។ យើងដឹងថា សេចក្តីសុខសាន្ត សុខសន្តិភាព នឹងយាងមកឆាប់ៗនេះ។ ប្រហែលយើងអាចបន្តអធិដ្ឋានជាមួយអ្នកម្តាយតេរេសា “ប្រសិនបើយើងអាចមានអំណរសប្បាយនិងសេចក្តីរីករាយ នៅពេលយើងឃើញអ្នកជិតខាងយើង ឬបងប្អូនរបស់យើងពោរពេញដោយអំណរសប្បាយ។ ប្រសិនបើ យើងមើលឃើញភាពអយុត្តិធម៌ដែលណែនាំឱ្យបងប្អូនឯទៀតៗឈឺចិត្ត និងណែនាំឱ្យយើងឈឺចិត្តដែរ។ ប្រសិនបើ យើងយល់ថាសាសន៍ដទៃជាបងប្អូនរបស់យើងបង្កើត ប្រសិនបើយើងចេះឱ្យដោយមិនគិតលុយនៅក្នុងសេចក្តីស្រឡាញ់ និងពេលវេលារបស់យើង។ ប្រសិនបើ យើងយកចិត្តទុកដាក់ដើម្បីបម្រើបងប្អូនឯទៀតៗ ប្រសិនបើយើងចែករំលែកនំបុ័ងរបស់យើង ដោយថែមមួយផ្នែកនៃដួងចិត្តរបស់យើង គឺសេចក្តីស្រឡាញ់ដ៏ពិតប្រាកដ។ ប្រសិនបើ យើងជឿថាការលើកលែងទោសមានផលប្រយោជន៍ជាងការសងសឹក ហេតុនេះហើយពិតមែនសេចក្តីសុខសាន្តអាចយាងមកបាន”។ អាម៉ែន៕
+ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ
អភិបាលព្រះសហគមន៍កាតូលិកកម្ពុជា
ភូមិភាគភ្នំពេញ