“អព្ភូតហេតុនៃបុណ្យចម្លង”
អត្ថបទទី១៖ កិច្ចការគ្រីស្តទូត ១០,៣៤ក.៣៧-៤៣ ដ្បិតព្រះជាម្ចាស់គង់ជាមួយព្រះអង្គ។ កក ១០,៣៨ អត្ថបទទី២៖ រ៉ូម ៦,៣ខ-១១ យើងបានជ្រមុជរួមជាមួយព្រះអង្គដែលសោយទិវង្គត។ រម ៦,៣ អត្ថបទទី៣៖ កូរិនថូសទី១ ៥,៦ខ-៨ យើងប្រើនំបុ័ងឥតមេជាសញ្ញានៃចិត្តបរិសុទ្ធ និងចិត្តស្មោះត្រង់របស់យើង។ ១ករ ៥,៨ ដំណឹងល្អ៖ លូកា ២៤,១៣-៣៥ យេស៊ូយាងមកជិតគេ ហើយធ្វើដំណើរជាមួយគេទៅ។ លក ២៤,១៥ |
ព្រះយេស៊ូគ្រីស្តមានព្រះជន្មរស់ឡើងវិញ អាលេលូយ៉ា! អាលេលូយ៉ា!
អាលេលូយ៉ានេះមានន័យថា យើងអបអរសាទរ យើងពោរពេញដោយអំណរសប្បាយ យើងពោរពេញដោយកម្លាំងថ្មី ដោយសារព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ។
បងប្អូនជាទីស្រឡាញ់
យើងបានធ្វើដំណើរអស់រយៈពេល៤០ថ្ងៃ នៅក្នុងរដូវអប់រំពិសេស ណែនាំឱ្យយើងគិតយ៉ាងច្រើនអំពីជីវិតរបស់យើង។ ពេលយើងនិយាយអំពី៤០ថ្ងៃគឺសម្រាប់គ្រីស្តបរិស័ទ បងប្អូនថ្ងៃនេះជាង៤០នាក់ ដែលនឹងទទួលអគ្គសញ្ញាជ្រមុជទឹកថ្ងៃនេះ មិនមែនធ្វើដំណើរតែ៤០ថ្ងៃដើម្បីកែប្រែចិត្តគំនិត។ ប៉ុន្តែ ពីប៉ុន្មានឆ្នាំមកហើយ បានចាប់ផ្តើមស្គាល់ព្រះសហគមន៍ ស្គាល់គ្រីស្តបរិស័ទ ស្គាល់បន្តិចម្តងៗព្រះបន្ទូលរបស់ព្រះជាម្ចាស់ ស្គាល់ព្រះយេស៊ូផ្ទាល់ រហូតដល់បានចាប់ផ្តើមសុំធ្វើជំហានទី១។ ដូច្នេះ ថ្ងៃនេះជាពេលវេលាដើម្បីនឹកឃើញដែរ តើនៅពេលណាយើងបានចូលព្រះសហគមន៍លើកទី១? តើនៅពេលណាយើងចាប់ផ្តើមស្គាល់គ្រីស្តបរិស័ទម្នាក់? តើនៅពេលណាយើងបានចាប់អារម្មណ៍អំពីព្រះបន្ទូលរបស់ព្រះយេស៊ូ? តើនៅពេលណាយើងបានចាប់ផ្តើមស្តាប់ព្រះបន្ទូលរបស់ព្រះយេស៊ូដែលមានព្រះបន្ទូលដល់យើងផ្ទាល់?
ដោយសារថ្ងៃនេះ ជាថ្ងៃដែលយើងប្រមូលដំណើររបស់យើងអស់រយៈពេលប៉ុន្មានឆ្នាំកន្លងមក ដូចប្រជារាស្ត្រអ៊ីស្រាអែលដែលបានធ្វើដំណើរអស់រយៈពេល៤០ឆ្នាំ នៅក្នុងវេលារហោស្ថាន ដើម្បីទទួលដីសន្យាដែលព្រះជាម្ចាស់បានរៀបចំឱ្យ។ នៅថ្ងៃនេះ យើងទទួលព្រះបន្ទូលសន្យារបស់ព្រះជាម្ចាស់ ដែលមានជាមួយយើងម្នាក់ៗ “ថ្ងៃណាមួយខ្ញុំធ្វើឱ្យកូនទៅជាបុត្រាបុត្រីរបស់ព្រះបិតា”។ ដូច្នេះ ថ្ងៃនេះជាថ្ងៃដ៏មានសារៈសំខាន់នៅក្នុងជីវិតរបស់យើង ដោយសារថ្ងៃនេះយើងមានព្រះយេស៊ូដែលយាងចូលនៅក្នុងដួងចិត្តរបស់យើង។ បន្តិចទៀត នៅពេលខ្ញុំចាក់ទឹកលើក្បាលបងប្អូន មិនមែនដូចចាក់ទឹកលើក្បាលសត្វទាដែលមិនចូល។ ប៉ុន្តែ ជាទឹកដែលចូលយ៉ាងជ្រៅនៅក្នុងដួងចិត្តរបស់យើង ដោយសារទឹកនេះជាសញ្ញានៃជីវិតថ្មី ទឹកនេះជាសញ្ញាដែលយើងចូលនៅក្នុងទឹកជាមួយព្រះយេស៊ូដើម្បីស្លាប់ និងចេញពីទឹកជាមួយព្រះយេស៊ូដើម្បីមានជីវិតអស់កល្បជានិច្ច។ ទឹកនេះជាទឹកនៃអគ្គសញ្ញា អគ្គសញ្ញាជាសញ្ញាពិសេសដែលថ្ងៃនេះយើងទទួលពីព្រះយេស៊ូគ្រីស្តផ្ទាល់ ដើម្បីធ្វើជាបុត្រាបុត្រីរបស់ព្រះជាម្ចាស់ ដែលជាព្រះបិតារបស់យើងផ្ទាល់។ ហេតុនេះហើយ ចាប់ពីថ្ងៃនេះតទៅជីវិតរបស់យើងទៅជាជីវិតថ្មី មិនមែនជាពាក្យលេងៗ គឺជាជីវិតថ្មី១០០%។
បងប្អូនជាទីស្រឡាញ់ យើងអាចនិយាយបានថាដំណើរជីវិតរបស់យើង ដែលយើងបានចាប់ផ្តើមពីប៉ុន្មានឆ្នាំកន្លងមកជាមួយព្រះយេស៊ូ ជារឿងស្នេហាមួយដែរ។ ប៉ុន្តែ ជារឿងស្នេហាដែលថ្ងៃនេះទៅជាស្នេហាមហាកំពូល ណែនាំឱ្យយើងចូលនៅក្នុងរឿងស្រឡាញ់ជាមួយព្រះជាម្ចាស់។ យើងធ្លាប់មានរឿងស្នេហារវាងបុរសនិងស្រី្ត ដែលមានខ្លះបែកគ្នាដោយសារដៃគូមានចិត្តសាវ៉ា ប៉ុន្តែជាមួយព្រះយេស៊ូយើងមិនអាចមានចិត្តសាវ៉ាបានទេ។ ជាមួយព្រះយេស៊ូយើងស្រឡាញ់ថ្ងៃនេះ យើងស្អប់ថ្ងៃស្អែកមិនបានទេ ជាមួយព្រះយេស៊ូយើងភ្ជាប់ថ្ងៃនេះហើយលែងថ្ងៃស្អែកមិនបានទេ។ ថ្ងៃនេះ ជាថ្ងៃពិសេសបំផុតនៅក្នុងជីវិតបងប្អូនដែលទទួលជីវិតថ្មី ជាជីវិតដែលចូលយ៉ាងជ្រៅនៅក្នុងខ្លួនរបស់យើង នៅក្នុងដង្ហើមរបស់យើង នៅក្នុងសរសៃឈាមរបស់យើង នៅក្នុងសរសៃជីវិតរបស់យើង។ ជាត្រាដែលមិនអាចលុបបាន ជាសាក់ដែលជាប់អស់មួយជីវិតនៅក្នុងសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់។
រូបដែលខ្ញុំបានដាក់ថ្ងៃនេះ ជារូបពិសេស ជារូបដែលព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញនៅមុខភ្នែករបស់យើង។ យើងបានឃើញព្រះយេស៊ូដែលចេញពីនរក ដោយសារព្រះអង្គបានយាងទៅនរក។ ប៉ុន្តែ មិនមែនទៅនរក(ស្ថានក្រោម)ដោយសារព្រះយេស៊ូពោរពេញដោយអំពើបាប នៅពេលព្រះយេស៊ូសោយទិវង្គតនៅថ្ងៃសុក្រ ព្រះយេស៊ូបានធ្វើដំណើរពីថ្ងៃសៅរ៍ព្រឹកនៅក្នុងភាពងងឹតនៃជីវិតរបស់មនុស្សលោក។ ព្រះយេស៊ូបានទៅមើលមនុស្សសុចរិត មនុស្សដែលបានកសាងសុខសន្តិភាព មនុស្សដែលបានស្រឡាញ់គ្នាទៅវិញទៅមក ដើម្បីសួរគេថា “តើអ្នកចង់មានជីវិតអស់កល្បជានិច្ចជាមួយខ្ញុំឬទេ? តើអ្នកចង់ឡើងនៅស្ថានបរមសុខជាមួយខ្ញុំឬទេ?” នៅពេលនោះផ្នូរដែលបានបិទជាប់បានបើកចំហ។ យើងបានឃើញព្រះយេស៊ូដែលចាប់ដៃរបស់លោកអប្រាហាំ របស់មនុស្សសុចរិត មនុស្សដ៏វិសុទ្ធ មនុស្សដែលបានខិតខំអស់មួយជីវិតដើម្បីស្រឡាញ់គ្នាទៅវិញទៅមក មនុស្សដែលបានខិតខំមានចិត្តអាណិតមេត្តា មនុស្សដែលបានខិតខំលើកលែងទោសឱ្យ ដើម្បីឱ្យគេចេញពីស្ថានក្រោម(ស្ថាននរក) ឡើងទៅស្ថានលើ(ស្ថានបរមសុខ) ជាមួយព្រះជាម្ចាស់។
បងប្អូនជាទីស្រឡាញ់ នេះជាបទពិសោធដែលយើងធ្វើថ្ងៃនេះនៅក្នុងជីវិតរបស់យើង បទពិសោធដែលយើងមានថ្ងៃនេះមានតែម្តងគត់។ នៅពេលយើងទទួលពិធីជ្រមុជទឹក “ខ្ញុំជ្រមុជទឹកដោយនាមព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ” នៅពេលនោះយើងឆ្លើយថា “អាម៉ែន”។ ពាក្យ “អាម៉ែន” មានន័យថាខ្ញុំទទួល ខ្ញុំឯកភាព ខ្ញុំពោរពេញដោយអំណរសប្បាយ ដោយសារចាប់ពីពេលនេះតទៅជីវិតខ្ញុំលែងទៅជាជីវិតធម្មតា។ ថ្ងៃនេះ ជាថ្ងៃពិសេសសម្រាប់យើងដែលណែនាំឱ្យយើងចាប់ផ្តើមចាប់ពីពេលនេះតទៅ ទៅជាគ្រីស្តបរិស័ទដ៏ពិតប្រាកដ ជាគ្រីស្តបរិស័ទសកម្ម គ្រីស្តបរិស័ទដែលជាប់ជាមួយព្រះយេស៊ូពិតៗ។ ហេតុនេះហើយ ចាប់ពីពេលនេះតទៅយើងត្រូវដឹងថា យើងមិនចូលព្រះវិហារយូរៗម្តងទេ យើងមិនស្រឡាញ់គេយូរៗម្តងទេ ប៉ុន្តែយើងជាប់ជាមួយព្រះបន្ទូលរបស់ព្រះជាម្ចាស់។ អភិបូជាដែលយើងមានរាល់ថ្ងៃអាទិត្យ យើងមិនអាចខានបានទេ ព្រោះថាថ្ងៃអាទិត្យជាថ្ងៃសីលរបស់យើងជាគ្រីស្តបរិស័ទ។ ថ្ងៃអាទិត្យជាថ្ងៃទី៧ ដែលព្រះជាម្ចាស់បានបង្កើត ដើម្បីឱ្យយើងកោតសរសើរព្រះជាម្ចាស់ ដើម្បីឱ្យយើងនឹកឃើញព្រះជាម្ចាស់ដែលស្រឡាញ់យើង ដើម្បីឱ្យយើងនឹកឃើញព្រះជាម្ចាស់ដែលមានព្រះជន្មរស់ឡើងវិញ។
ចាប់ពីពេលនេះតទៅ យើងចូលនៅក្នុងជីវិតថ្មីរួមជាមួយព្រះយេស៊ូ ដែលណែនាំឱ្យយើងធ្វើដំណើររហូតដល់យើងអាចឡើងស្ថានបរមសុខ រហូតដល់យើងអាចមានជីវិតអស់កល្បជានិច្ច។ ពេលយើងប្អូនៗរៀបការ ទោះបីប្តីឬប្រពន្ធយើងមិនមែនជាគ្រីស្តបរិស័ទ យើងដឹងថាកូនរបស់យើងទៅជាសាវ័ករបស់ព្រះយេស៊ូនៅថ្ងៃអនាគត។ យើងទទួលបេសកកម្មមួយយ៉ាងពិសេសបំផុត នៅចំការទៀងនេះយើងជាព្រះសហគមន៍ខ្មែរ ដូច្នេះយើងចូលនៅក្នុងពាក្យសន្យារបស់ព្រះជាម្ចាស់ជាមួយលោកតាអប្រាហាំពីដើម “ខ្ញុំណែនាំឱ្យលោកតាអប្រាហាំមានកូនចៅយ៉ាងច្រើន”។ ដូច្នេះ បងប្អូនអើយដែលជាកូនចៅរបស់លោកតាអប្រាហាំ ដែលជាម្ចាស់ទឹកម្នាស់ដីនៅក្នុងមណ្ឌលសកម្មភាពតាកែវទាំងមូល យើងដឹងថាយើងមានតួនាទីមួយដូចលោកតាអប្រាហាំ គឺណែនាំឱ្យបងប្អូនឯទៀតៗ ណែនាំឱ្យគ្រួសាររបស់យើងចាក់គ្រឹះយ៉ាងជ្រៅ ដើម្បីឱ្យព្រះសហគមន៍របស់យើងមានជីវិត។ ប្រសិនបើយើងមិនចេះស្រឡាញ់ព្រះយេស៊ូនៅថ្ងៃអនាគត ប្រសិនបើយើងលែងចាប់អារម្មណ៍អំពីព្រះសហគមន៍នៅថ្ងៃអនាគត ព្រះសហគមន៍យើងរលួយអស់ហើយ។ ប៉ុន្តែ ខ្ញុំដឹងថាយើងស្រឡាញ់ព្រះយេស៊ូ ខ្ញុំដឹងយើងចង់ធ្វើដំណើរជាមួយព្រះយេស៊ូតទៅទៀត។
ដូច្នេះ យើងទាំងអស់គ្នាដែលនៅទីនេះយើងជាសេចក្តីសង្ឃឹមនៃព្រះសហគមន៍ ប៉ុន្តែយើងជាសេចក្តីសង្ឃឹមថ្ងៃនេះ ថ្ងៃស្អែក និងអស់កល្បជានិច្ច។ ពិធីជ្រមុជទឹកយប់នេះ ជាពិធីមួយយ៉ាងពិសេសដែលណែនាំឱ្យព្រះសហគមន៍របស់យើង រីកចម្រើននៅក្នុងអំណរសប្បាយ។ រួមជាមួយព្រះយេស៊ូយើងធ្វើដំណើរ រួមជាមួយព្រះយេស៊ូយើងចេះស្រឡាញ់គ្នាទៅវិញទៅមក។ រួមជាមួយព្រះយេស៊ូយើងចេះលើកលែងទោសឱ្យគ្នាទៅវិញទៅមក រួមជាមួយព្រះយេស៊ូយើងទៅជាមនុស្សថ្មី ដែលចែកអំណរសប្បាយដល់បងប្អូនឯទៀតៗ។ ដោយសារ អំណរសប្បាយរបស់យើងគឺយើងដឹងថាសេចក្តីស្លាប់ អំពើបាប ភាពងងឹតមិនមែនជាទីបញ្ចប់។ ផ្ទុយទៅវិញ នៅពេលយើងស្លាប់ហើយយើងនឹងរស់ឡើងវិញ នៅពេលយើងប្រព្រឹត្តអំពើបាបហើយ យើងដឹងថាយើងមានសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ដែលលើកលែងទោសឱ្យយើង។ នៅពេលយើងអស់សង្ឃឹម យើងដឹងថាយើងនឹងមានសេចក្តីសង្ឃឹមតទៅទៀត ដោយសារយើងមានព្រះយេស៊ូជានិច្ច។ យើងសង្ឃឹមថា១០ឆ្នាំទៀត ១០០ឆ្នាំទៀត ១០០០ឆ្នាំទៀត នៅលើទឹកដីយើង យើងមានកូនចៅរបស់យើងដែលបន្តជំនឿតៗគ្នា ដើម្បីណែនាំឱ្យបងប្អូនយ៉ាងច្រើនមានសេចក្តីសុខ។ យើងឃើញ ថ្ងៃនេះជាមួយលោកតាលោកយាយ យើងចូលនៅក្នុងអំណរសប្បាយនៃទំនាក់ទំនងរវាងពុទ្ធសាសនានិងគ្រីស្តសាសនា យើងជាគ្រួសារតែមួយនៅក្នុងទឹកដីយើងនៅទីនេះ។
យើងអធិដ្ឋាន ដើម្បីឱ្យព្រះសហគមន៍របស់យើងពោរពេញដោយជីវិត ដើម្បីឱ្យព្រះសហគមន៍របស់យើងពោរពេញដោយសេចក្តីសង្ឃឹម។ ខ្ញុំសូមអរព្រះគុណព្រះជាម្ចាស់ សម្រាប់ជីវិតរបស់បងប្អូនដែលថ្ងៃនេះ និងបន្តិចទៀតឆ្លើយ “អាម៉ែន” ខ្ញុំចង់ទទួលជីវិតថ្មី ខ្ញុំទទួលជីវិតថ្មីនេះហើយខ្ញុំពោរពេញដោយអំណរសប្បាយ។ ដូច្នេះ យើងត្រូវតែអរព្រះគុណព្រះជាម្ចាស់ លើកតម្កើងព្រះជាម្ចាស់ដោយសារពិតមែន “ព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ អាលេលូយ៉ាង អាលេលូយ៉ា”។ តួនាទីរបស់យើងមិនធម្មតាទេ ការទទួលខុសត្រូវរបស់យើងក៏មិនធម្មតាដែរ ធំណាស់ ប៉ុន្តែយើងដឹងថាអ្នកដែលទទួលតួនាទីយ៉ាងធំបានទទួលរង្វាន់យ៉ាងធំ អ្នកដែលយកចិត្តទុកដាក់យ៉ាងធំបានទទួលរង្វាន់យ៉ាងធំ។ ដូច្នេះ នេះជាសេចក្តីសង្ឃឹមរបស់យើងដើម្បីតស៊ូ ដើម្បីទៅមុខឱ្យព្រះសហគមន៍របស់យើង និងជីវិតរបស់យើង ពោរពេញដោយសេចក្តីសុខសាន្ត។ អាម៉ែន៕
+ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ
អភិបាលព្រះសហគមន៍កាតូលិកកម្ពុជា
ភូមិភាគភ្នំពេញ