រាត្រីបុណ្យចម្លងធ្វើនៅព្រះសហគមន៍សន្តីម៉ារីញញឹមចំការទៀង ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២
“អព្ភូតហេតុនៃបុណ្យចម្លង” អត្ថបទទី១៖ កិច្ចការគ្រីស្តទូត ១០,៣៤ក.៣៧-៤៣ ដ្បិតព្រះជាម្ចាស់គង់ជាមួយព្រះអង្គ។ កក ១០,៣៨ អត្ថបទទី២៖ រ៉ូម ៦,៣ខ-១១ យើងបានជ្រមុជរួមជាមួយព្រះអង្គដែលសោយទិវង្គត។ រម ៦,៣ អត្ថបទទី៣៖ កូរិនថូសទី១ ៥,៦ខ-៨ យើងប្រើនំបុ័ងឥតមេជាសញ្ញានៃចិត្តបរិសុទ្ធ និងចិត្តស្មោះត្រង់របស់យើង។ ១ករ ៥,៨ ដំណឹងល្អ៖ លូកា ២៤,១៣-៣៥ យេស៊ូយាងមកជិតគេ ហើយធ្វើដំណើរជាមួយគេទៅ។ លក ២៤,១៥ ព្រះយេស៊ូគ្រីស្តមានព្រះជន្មរស់ឡើងវិញ អាលេលូយ៉ា! អាលេលូយ៉ា! អាលេលូយ៉ានេះមានន័យថា យើងអបអរសាទរ យើងពោរពេញដោយអំណរសប្បាយ យើងពោរពេញដោយកម្លាំងថ្មី ដោយសារព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ។ បងប្អូនជាទីស្រឡាញ់ យើងបានធ្វើដំណើរអស់រយៈពេល៤០ថ្ងៃ នៅក្នុងរដូវអប់រំពិសេស ណែនាំឱ្យយើងគិតយ៉ាងច្រើនអំពីជីវិតរបស់យើង។ ពេលយើងនិយាយអំពី៤០ថ្ងៃគឺសម្រាប់គ្រីស្តបរិស័ទ បងប្អូនថ្ងៃនេះជាង៤០នាក់ ដែលនឹងទទួលអគ្គសញ្ញាជ្រមុជទឹកថ្ងៃនេះ មិនមែនធ្វើដំណើរតែ៤០ថ្ងៃដើម្បីកែប្រែចិត្តគំនិត។ ប៉ុន្តែ ពីប៉ុន្មានឆ្នាំមកហើយ បានចាប់ផ្តើមស្គាល់ព្រះសហគមន៍ ស្គាល់គ្រីស្តបរិស័ទ ស្គាល់បន្តិចម្តងៗព្រះបន្ទូលរបស់ព្រះជាម្ចាស់ ស្គាល់ព្រះយេស៊ូផ្ទាល់ រហូតដល់បានចាប់ផ្តើមសុំធ្វើជំហានទី១។ ដូច្នេះ ថ្ងៃនេះជាពេលវេលាដើម្បីនឹកឃើញដែរ តើនៅពេលណាយើងបានចូលព្រះសហគមន៍លើកទី១? តើនៅពេលណាយើងចាប់ផ្តើមស្គាល់គ្រីស្តបរិស័ទម្នាក់? តើនៅពេលណាយើងបានចាប់អារម្មណ៍អំពីព្រះបន្ទូលរបស់ព្រះយេស៊ូ? …