ព្រះសហគមន៍​ប្រារព្ធពិធីបុណ្យ​ហែស្លឹក​ដើម្បីនឹក​ដល់​ព្រះយេស៊ូ​យាងចូលក្រុងយេរូសាឡឹម

ក្បូន​ដង្ហែដែល​មាន​ហ្វូង​មនុស្ស​​កាន់​ស្លឹក​ដែលបាន​រចនា​ជារូប​ផ្សេងៗ អមដោយ​សំឡេង​ស្គ របាំត្រុដិ និង​របាំ​ក្ងោក​ យ៉ាង​ឱឡារឹក បាន​ហែចេញពី​ផ្ទះ​បងស្រីឧបការគុណ មកកាន់​ព្រះវិហារ​ព្រះកុមារ​យេស៊ូ​ ក្នុង​សង្កាត់​បឹងទំពុន​ ខណ្ឌ​មានជ័យ​ រាជធានីនៅ​ភ្នំពេញ ​នា​ព្រឹក​ថ្ងៃទី ១០​ មេសា ២០២២នេះ​។  ​

ពិធីនេះ​ប្រារព្ធ​ធ្វើ​ឡើង​​តាម​របៀបព្រះសហគមន៍កាតូលិក​​នៅ​​កម្ពុជា ​ក្រោម​អធិបតី​ភាព​ លោក​អភិបាលព្រះសហគមន៍​ភូមិភាគ​ភ្នំពេញ អូលីវីយ៉េ ជ្មីត​ហស្លេ តាម​ទំនៀមទម្លាប់ព្រះសហគមន៍​កាតូលិក​ក្នុង​ថ្ងៃ​ដំបូង​ដែលព្រះសហគមន៍​​ឈាន​ដល់​សប្ដាហ៍ពិសិដ្ឋ ដោយ​រំឭកដល់​ប្រជាជន​អបអរសាទរព្រះយេស៊ូ​យាងចូល​ក្រុង​យេរូសាឡឹម ​ដើម្បី​ចូលក្នុង​អាថ៌កំបាំងរបស់ព្រះជាម្ចាស់​ដោយ​ព្រះបុត្រាត្រូវ​រងទុក្ខលំបាក សោយទិវង្គត និង​មាន​ព្រះជន្មថ្មីដ៏រុងរឿងតាមជំនឿ​ព្រះសហគមន៍​កាតូលិក ។

នៅក្នុង​ឱកាស​នេះ​ដែរ លោក​អភិបាលព្រះសហគមន៍​មាន​ប្រសាសន៍​ណែនាំ ដោយ​លើក​ទឹកចិត្ត​គ្រីស្ត​បរិស័ទ​ទាំងអស់ ដែល​បាន​ធ្វើ​ដំណើររួម​គ្នា​ជាមួយ​ព្រះសហគមន៍​ក្នុង​រយៈពេល​៤០​ថ្ងៃ​នៃ​រដូវ​អប់​រំពិសេស​នេះថា ៤០​ថ្ងៃ​នេះ​យើង​បាន​ចូល​ក្នុង​វាល​រហោស្ថាន​ ដោយ​ខិត្តខំ​ចូល​ក្នុង​វាល​រហោស្ថាន​នៃជីវិត​របស់​យើង ដើម្បី​តស៊ូ កែ​ប្រែ​ចិត្ត​គំនិត​ដើម្បី​ភ្ជាប់​ជាមួយ​ព្រះ​ហឫទ័យ​ព្រះយេស៊ូ​ថែម​ទៀត​។

ជាងនេះ​ទៅទៀត​តាមរយៈ​ថ្ងៃ​ដំបូង​នៃ​សប្ដាហ៍ពិសិដ្ឋនេះ លោក​អភិបាល​មាន​ប្រសាសន៍​ថា នេះ​ជាពេល​វេលា​ដែល​យើង​រួម​ជាមួយ​មហាជន​ពី​ដើម កោត​សរសើរ​ព្រះអម្ចាស់​យេស៊ូ ដែល​យាង​ចូល​ក្នុង​ទីក្រុង​យេរូសាឡឹម​ ហើយ​ក៏​ជាពេល​វេលា​ដែល​យើង​ចូល​រួម​នៅក្នុង​ការ​រងទុក្ខលំបាក​របស់ព្រះយេស៊ូ ដើម្បី​ធ្វើ​ដំ​ណើរ​យ៉ាង​ជិត​ស្និទ្ធជាមួយព្រះយេស៊ូ​ដែល​ជប់លៀងជាមួយ​ក្រុម​សាវ័គ សោយព្រះទិវង្គត និង​មានព្រះជន្ម​រស់ឡើងវិញ​។

លោក​អភិបាល​ក៏បាន​លើក​ទឹក​ចិត្ត​បន្ថែម​ដល់​គ្រីស្ត​បរិស័ទ​ខ្មែរ​ទាំងអស់​ដែល​កំពុង​តែ​ត្រៀម​ចូល​ក្នុង​ឆ្នាំ​ថ្មី​ប្រពៃណីជាតិខ្មែរ និង​ក្រើន​រំឭក​គ្រីស្ត​បរិស័ទ​ឱ្យ​នឹក​ឃើញ​ដល់​សប្ដាហ៍ពិសិដ្ឋ​ នឹក​ដល់ព្រះយេស៊ូ​សោយទិវង្គត និង​មាន​ព្រះជន្ម​ថ្មី​ ជាសញ្ញា​សម្គាល់​នៃជីវិត​ថ្មី​ដែល​កើតឡើង​នៅក្នុង​ដួង​ចិត្ត​របស់​យើង​ នៅ​លើ​ទឹក​ដី​របស់​យើង។​

ប្រធាន​គណៈកម្មការ​ព្រះសហគមន៍ ឃុន កញ្ញា និយាយថា «អត្ថន័យនៃបុណ្យហែរស្លឹកចំពោះខ្ញុំ គឺអបអរសាទរព្រះយេស៊ូជាស្តេចយាងចូលក្រុងយេរូសាឡឹម ត្រៀមខ្លួនចូលសប្តាហ៍ពិសិដ្ឋ រួមទុក្ខលំបាករបស់ព្រះយេស៊ូ ជាពេលវេលាដែលត្រូវជិតស្និទ្ធជាមួយព្រះយេស៊ូ និងត្រៀមខ្លួនទទួលអំណរសប្បាយដែលព្រះយេស៊ូមានព្រះជន្មដ៏រុងរឿងអស់កល្បជានិច្ច ដោយ​ថ្វាយទុក្ខលំបាក កង្វល់ អំណរសប្បាយ និងមានក្តីសង្ឃឹមអាចរួមជាមួយព្រះអង្គនៅស្ថានបរមសុខ គឺទទួលជីវិតអស់កល់ជានិច្ច។»​

ពិធី​នេះ​ត្រូវ​បាន​ប្រារព្ធ​ឡើង ​ដោយ​មាន​ការ​ណែនាំ​ពី​លោក​បូជាចារ្យ​ទទួល​ខុសត្រូវ​ព្រះសហគមន៍​ ដាមីញ៉ាំង ហ្វារនឺ ដោយ​មាន​អាន​អត្ថបទព្រះគម្ពីរ​ដំណឹងល្អ​ ច្រៀង​លើក​តម្កើងព្រះជាម្ចាស់ និង​ប្រោសទឹក​ព្រះពរលើ​ស្លឹករួមជាមួយគ្រីស្ត​បរិស័ទ​ រួច​ហែទៅ​កាន់ព្រះវិហារ​ព្រះកុមារ​យេស៊ូ​យ៉ាងឱឡារឹក ។

លោកអភិបាលអូលីវីយ៉េ ​គោះទ្វារព្រះវិហារ៣ដង ដោយប្រកាសឱ្យទ្វារបើកចំហរ ដើម្បី​ឱ្យ​ព្រះយេស៊ូព្រះមហាក្សត្រ​នៃពិភពលោក​ប្រកបដោយ​សិរីរុង​រឿង​យាង​ចូល និង​អញ្ជើញ​គ្រីស្ត​បរិស័ទ​ចូលទៅក្នុង​ព្រះវិហារ​ ដើម្បី​ប្រារព្ធ​ពិធីបុណ្យ​អភិបូជា​ដែល​ជាការ​រំឭក​ពី​អាថ៌កំបាំង​នៃការសង្គ្រោះ​តាមជំនឿព្រះសហគមន៍​កាតូលិក​។​

ឆ្លៀត​ក្នុង​ឱកាសដែលព្រះសហគមន៍​នឹក​រឭក​ដល់ព្រះយេស៊ូ​យាង​ចូល​ក្រុង​យេរូសាឡឹម​ដើម្បី​រងទុក្ខលំបាក​ និង​សោយទិវង្គតព្រោះ​តែ​ភាព​ច្រណែន និង​ចិត្តលោភលន់​​របស់​មនុស្សលោកនេះ​ដែរ លោក​អភិបាល​អូលីវីយ៉េ ណែនាំ​គ្រីស្ត​បរិស័ទ​នៅក្នុង​ធម្មទេសនាថា “ទោះបីលោកពីឡាត់មិនបានរកឃើញទោសព្រះយេស៊ូ តែគេបានពុករលួយដោយលោកយ៉ូដាស​បាន​លក់​ព្រះយេស៊ូព្រោះតែប្រាក់”។

លោក​អភិបាល​បន្តថា ការច្រណែន ការស្រេកឃ្លានអំណាច និងពុករលួយ នាំឱ្យមានសង្គ្រាម ដូចប្រទេសអ៊ុយក្រែន​ណិង​រុស្សីសព្វថ្ងៃ។ លោក​អភិបាល​បន្ថែមថា ព្រះយេស៊ូជាមាគ៌ានៃសេចក្ដីសុខសាន្ត និង​សេចក្ដីសុខសាន្តតាម​របៀបព្រះយេស៊ូគឺ៖ យើងជាអ្នកតូចជាងគេនិងបម្រើគេ ចេះអាណិតមេត្តា កុំឆ្លើយនឹងហិង្សាដោយអំពើហិង្សា ណែនាំឱ្យកាត់បន្ថយសេចក្ដីស្អប់ ទោះពេលវេលាចុងក្រោយលើកលែងទោស និង​ជឿទុកចិត្តថ្វាយគ្រប់យ៉ាង​ទៅព្រះបិតាទាំងអំណរសប្បាយនិងទុក្ខព្រួយ។

ដោយ៖ ដាលីស

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី

កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ

អបអរសាទរ សិស្សវិទ្យាល័យ សន្តហ្វ្រង់ស្វ័រ បច្ចេកទេសកម្រិត៣ ប្រឡងជាប់ ១០០%

ប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ចំនួន ៤១នាក់ បានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ មួយរយភាគរយ នាសម័យប្រឡងថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦ ក្នុងនោះមានស្រី ២០នាក់។បើតាមការឱ្យដឹងពី លោក យុន សំអាត នាយកសាលាខាងលើ បានរៀបរាប់ឱ្យដឹងថា លទ្ធផលប្រឡងបញ្ចប់ឆ្នាំសិក្សា និងប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត ៣ សម័យប្រឡងថ្ងៃទី២២

លោកឪពុក យ៉ូហាន អ៊ុន រំលឹកថា៖ «ព្រះយេស៊ូទាមទារចិត្តស្រឡាញ់ និងការចែករំលែកនូវអ្វីដែលយើងមាន»

ភ្នំពេញ៖ នៅក្នុងពិធីអភិបូជានាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅព្រះវិហារកាតូលិកសន្តសិលា និងសន្តប៉ូល លោកឪពុក យ៉ូហាន អ៊ុន សុន (Fr. Jean Un Son) បានលើកឡើងនូវសារអប់រំលត់ដំផ្លូវចិត្តយ៉ាងជ្រាលជ្រៅមួយដល់គ្រីស្ដបរិស័ទទាំងអស់ អំពីការស្វែងរក «អាហារផ្លូវព្រលឹង» និងការផ្លាស់ប្តូរជីវិតតាមរយៈការចែករំលែកសេចក្ដីស្រឡាញ់។ នៅក្នុងធម្មទេសនា លោកឪពុកបានគូសបញ្ជាក់ថា មនុស្សទូទៅតែងតែខិតខំប្រឹងប្រែងធ្វើការយ៉ាងលំបាក ដើម្បីស្វែងរកអាហារចិញ្ចឹមរូបរាងកាយ និងសុវត្ថិភាពផ្លូវកាយ ប៉ុន្តែច្រើនដង មនុស្សបានមើលរំលងភាពស្រេកឃ្លាននៃ

Subscribe to our newsletter

Don't miss new updates on your email