ព្រះវិហារម្ចាស់ក្សត្រីយ៍នៃសន្តិភាពប្រារព្ធខួប១៤ឆ្នាំនៃការស្រង់ព្រះនាងម៉ារីពីបាតទន្លេមេគង្គ
ព្រះសហគមន៍កាតូលិកកម្ពុជា ព្រះវិហារម្ចាស់ក្សត្រីយ៍នៃសន្តិភាព (អរិយក្សត្រ) ក្នុងស្រុកល្វាឯម ខេត្តកណ្តាលប្រារព្ធពិធីអរព្រះគុណព្រះជាម្ចាស់ដោយអធិដ្ឋានរួមជាមួយព្រះនាងម៉ារី ក្នុងឱកាសរំឭកខួប១៤ឆ្នាំនៃការស្រង់រូបសំណាកព្រះនាងម៉ារីទី១ពីបាតទន្លេមេគង្គ ក្រោមអធិបតីភាពលោកអភិបាលព្រះសហគមន៍កាតូលិកភូមិភាគកំពង់ចាម ប្រ៊ុយណូ កូសម៍ នាព្រឹកថ្ងៃទី២៣ មេសា ២០២២ ដោយមានគ្រីស្តបរិស័ទចូលរួមជាច្រើនកុះករ។ នៅក្នុងធម្មទេសនា លោកអភិបាលប្រ៊ុយណូ កូសម៍ មានប្រសាសន៍ថា យើងមកអង្វរព្រះជាម្ចាស់តាមរយៈព្រះនាងម៉ារី។ នៅពេលយើងមកទីនេះ យើងដឹងថាព្រះនាងម៉ារីណែនាំយើងឆ្ពោះទៅកាន់ព្រះជាម្ចាស់ផ្ទាល់។ លោកអភិបាលបន្តថា អ្វីដែលយើងបានឮ និងអ្វីដែលយើងបានឃើញមិនស្រួល និងពេលខ្លះមិនល្អឱ្យយើងឈឺចាប់វេទនា។ លោកអភិបាលភូមិភាគកំពង់ចាម រំលឹកទៀតថា «សង្គ្រាមមានច្រើននៅក្នុងពិភពលោក នាំឱ្យមានមនុស្សរាប់ពាន់អ្នកស្លាប់ និងរាប់លានអ្នកវេទនា។ សម្ដេចប៉ាបបានណែនាំឱ្យយើងអង្វរសូមសុខសន្តិភាពសម្រាប់ពិភពលោកទាំងមូលតាមរយៈព្រះនាងម៉ារី ជាពិសេសប្រទេសអ៊ុយក្រែន និងរុស្សី។» លោកថា ព្រះជាម្ចាស់ចង់ឱ្យយើងអធិដ្ឋានសម្រាប់មនុស្សទាំងអស់ ហើយយើងមិនអាចនៅស្ងៀមបានទេ គឺឱ្យយើងចេះផ្ដល់សាក្ខីភាពពីជំនឿរបស់យើង។ លោកអភិបាលប្រ៊ុយណូមានប្រសាសន៍ទៀតថា យើងជាគ្រីស្តបរិស័ទ យើងមានតួនាទីក្នុងការនិយាយ ផ្ដល់សក្ខីភាព ដោយសារព្រះយេស៊ូជាកម្លាំងរបស់យើង។ ជីវិតរបស់យើងជាគ្រីស្តបរិស័ទ ជំនឿរបស់យើងខ្លាំងជាងអាវុធបរិមាណូ។ នៅក្នុងឱកាសនេះដែរ លោក ដាវីឌ ហ្សួរណូ បូជាចារ្យទទួលខុសត្រូវព្រះសហគមន៍នេះមានប្រសាសន៍ថាព្រះនាងម៉ារីជាម្ដាយយើងខ្ញុំ និងណែនាំឱ្យយើងទៅជាមនុស្សដ៏វិសុទ្ធ។ លោកបូជាចារ្យ ដាវីដ បញ្ជាក់ថា នៅថ្ងៃនេះយើងសប្បាយរីករាយ ដោយសារជិត២ឆ្នាំមកហើយដែលយើងមិនមានបុណ្យធំដូចនេះ ដោយសារកូវីដ១៩។ …