ព្រះយេស៊ូទតមើលយើង”
អត្ថបទទី១៖ កិច្ចការ ៩,៣១-៤២ព្រះសហគមន៍បានប្រកបដោយសេចក្ដីសុខសាន្តគ្រប់ទីកន្លែង។ កក ៩,៣១ដំណឹងល្អ៖ យ៉ូហាន ៦,៦០-៦៩ចុះអ្នករាល់គ្នាវិញ តើអ្នករាល់គ្នាចង់ចេញទៅដែរឬ? យហ ៦,៦៧ |
បងប្អូនជាទីស្រឡាញ់
អំបាញ់មិញ យើងបានឃើញកូនក្មេងដែលបានសម្តែងធ្វើជាសម្តេចប៉ាប លោកកាឌីណាល់ លោកអភិបាល លោកបូជាចារ្យ បងប្រុស បងស្រី…។ សម្រាប់យើងជាយុវជនយុវនារី យើងត្រូវតែចាប់អារម្មណ៍ ដោយសារកូនក្មេងគេបានខិតខំយកចិត្តទុកដាក់ ដើម្បីឱ្យថ្ងៃនេះគេសម្តែងយ៉ាងពិសេស។ គេបានយកចិត្តទុកដាក់អស់ពីសមត្ថភាព ដើម្បីចូលជាមួយយើងជាយុវជនយុវនារី ដូចជាលើកទឹកចិត្តយើងម្យ៉ាង។ គេបានទទួលការអប់រំពីឪពុកម្តាយ រហូតដល់គេចេះយកអាទិភាពនៅក្នុងជីវិតរបស់ពួកគាត់។
អត្ថបទទី១ “ព្រះសហគមន៍បានប្រកបដោយសេចក្តីសុខសាន្ត គ្រប់ទីកន្លែងនៅក្នុងស្រុកយូដា និងព្រះសហគមន៍មានជំហរកាន់តែមាំមួនឡើងៗ មានគេរស់នៅ ដោយគោរពកោតខ្លាចព្រះអម្ចាស់ ព្រមទាំងមានចំនួនកើនឡើងជាលំដាប់ ដោយមានព្រះវិញ្ញាណដ៏វិសុទ្ធជួយលើកទឹកចិត្តគេផង” នេះជាព្រះសហគមន៍ដែលចាប់ផ្តើមដំបូង។ នៅក្នុងសម័យក្រុមគ្រីស្តទូត ព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ ព្រះយេស៊ូឡើងស្ថានបរមសុខ យើងបានឃើញពីមួយថ្ងៃទៅមួយថ្ងៃ មានសាវ័កថ្មីៗ មានគ្រីស្តបរិស័ទថ្មីៗ ដែលចាប់ផ្តើមដើរតាមព្រះយេស៊ូ តាមរយៈក្រុមគ្រីស្តទូត។ ថ្ងៃនេះ យើងបានឃើញលោក សិលា ដែលបានប្រោសលោកអេណេឱ្យបានជាសះស្បើយ ប្រោសនាងតាប៊ីថា ដែលបានស្លាប់ឱ្យរស់ឡើងវិញ។ លោកសិលា បានបង្ហាញអំពីឬទ្ធានុភាពរបស់ព្រះជាម្ចាស់យ៉ាងជាក់ស្តែង ក្រុមសាវ័ក និងប្រជានជនដែលបានឃើញ គេសប្បាយចិត្តហើយគេចាប់ផ្តើមដើរតាមព្រះយេស៊ូយ៉ាងច្រើន ទោះបីគេមិនដែលបានជួបព្រះយេស៊ូផ្ទាល់។
នៅក្នុងគម្ពីរដំណឹងល្អ យើងបានឃើញមហាជនដែលកំពុងដើរជាមួយព្រះយេស៊ូ នៅពេលនោះព្រះយេស៊ូបានចិញ្ចឹមគេ។ ប៉ុន្តែ នៅពេលព្រះយេស៊ូឱ្យនំបុ័ង ឱ្យត្រី ដើម្បីឱ្យគេហូបឆ្អែតទាំងអស់គ្នា ព្រះយេស៊ូចាប់ផ្តើមទេសនា ចាប់ផ្តើមបំភ្លឺគេ “តាមពិត អ្វីដែលសំខាន់មិនមែនម្ហូបអាហារដើម្បីចិញ្ចឹមក្រពះ ប៉ុន្តែសូមបរិភោគរូបកាយនិងលោហិតរបស់ខ្ញុំ” នៅពេលនោះគេទទួលជីវិតអស់កល្បជានិច្ច។ ថ្ងៃនេះ យើងបានឃើញនៅក្នុងគម្ពីរគេពិបាកស្តាប់ តើធ្វើដូចម្តេចដើម្បីបរិភោគរូបកាយនិងលោហិតគាត់? នៅពេលនោះគេចាប់ផ្តើមចេញបន្តិចម្តងៗ ដោយសារគេខឹងព្រះយេស៊ូ ព្រោះពេលនោះព្រះយេស៊ូបានទតមើលគេ ហើយនិយាយប្រាប់គេថា “តាមពិតខ្ញុំដឹង មានខ្លះនៅក្នុងចំណោមបងប្អូនព្រមមកតាមខ្ញុំដោយសារបានទទួលម្ហូបអាហារ ប៉ុន្តែមិនចង់ដើរតាមខ្ញុំ មិនចង់លះបង់ចោល ដើម្បីរស់នៅជាសាវ័ករបស់ខ្ញុំឡើយ”។ នៅពេលគេស្តាប់ដូចនេះ គេមិនសប្បាយចិត្តហើយគេទៅវិញ ដូច្នេះនៅពេលហ្នឹងចាប់ផ្តើមបាត់សាវ័កខ្លះៗ។ ផ្ទុយទៅវិញ នៅពេលព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ នៅពេលលោកសិលាធ្វើសញ្ញាសម្គាល់យ៉ាងពិសេស មានសាវ័កកាន់តែច្រើនទៅៗ។
នៅពេលខ្ញុំបានឃើញបងប្អូនដែលអង្គុយថ្ងៃនេះ នៅពេលខ្ញុំបានឃើញក្នុងអង្គប្រជុំអំបាញ់មិញ មានប៉ុន្មាននាក់ដែលបានទទួលពិធីជ្រមុជទឹកថ្មីនេះ យើងត្រូវតែនឹកឃើញព្រះសហគមន៍ពីដើម។ ព្រះសហគមន៍ពីដើម ជាព្រះសហគមន៍ដ៏តូចមួយ ដែលកំពុងស្តាប់ព្រះបន្ទូល ដែលកំពុងចែកតួនាទីនៅក្នុងព្រះសហគមន៍។ យើងបានឃើញក្រុមគ្រីស្តទូតគេអប់រំជំនឿ យើងបានឃើញក្រុមគ្រីស្តទូតគេដឹកនាំការអធិដ្ឋាន ដើម្បីថ្វាយបង្គំភ្ជាប់ជាមួយព្រះយេស៊ូ និងស្តាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់។ យើងឃើញ គេបានជ្រើសរើស៧នាក់ដើម្បីបម្រើតុ ដើម្បីទៅជាអ្នកបម្រើដោយនាមក្រុមគ្រីស្តទូត ដល់ស្ត្រីមេម៉ាយ អ្នកក្រីក្រ កុមារកំព្រារ។
នៅក្នុងអត្ថបទទី១ថ្ងៃនេះ យើងបានឃើញស្ត្រីនោះគាត់ជាសាវ័ក ដែលបានយកចិត្តទុកដាក់បម្រើនៅក្នុងព្រះសហគមន៍ យកចិត្តទុកដាក់ជួយព្រះសហគមន៍អស់ពីសមត្ថភាព។ ដូច្នេះ ពីសម័យដើមគ្រីស្តបរិស័ទដែលចាប់ផ្តើមដើរតាមព្រះយេស៊ូ គេបានចែកតួនាទីគ្នា។ មានខ្លះជាគ្រីស្តទូត ហើយគេជ្រើសរើសខ្លះៗដើម្បីបន្ត លោកប៉ូលនៅក្នុងក្រុមនេះដែលទទួលដោយព្រះយេស៊ូផ្ទាល់។ យើងមានខ្លះគេជាអ្នកបម្រើ មានខ្លះជួយថ្លែងព្រះបន្ទូល មានខ្លះគេយកចិត្តទុកដាក់ជាមួយព្រះសហគមន៍ប្រចាំ និងជាមួយអ្នកក្រីក្រ។ ព្រះសហគមន៍ចាប់ផ្តើមបង្កើតតួនាទីយ៉ាងច្បាស់ នៅក្នុងនេះមានតួនាទីយ៉ាងពិសេស ដើម្បីបម្រើព្រះសហគមន៍ឱ្យមានជីវិតតទៅទៀតៗ គឺធ្វើជាអ្នកដែលផ្ញើជីវិតទាំងស្រុងទៅលើព្រះជាម្ចាស់។
យប់នេះ ជាលើកទី១០០ដែលយើងបានអធិដ្ឋានសម្រាប់ការត្រាស់ហៅ យើងមានយុវជនយុវនារីដែលបានមកយ៉ាងច្រើនពីព្រះសហគមន៍នានា។ ជាពេលវេលា ដើម្បីសួរផ្ទាល់ខ្លួន នៅក្នុងព្រះសហគមន៍ តើព្រះជាម្ចាស់បានរៀបចំអ្វីខ្លះសម្រាប់ខ្ញុំ? នៅក្នុងព្រះសហគមន៍ តើព្រះជាម្ចាស់ទន្ទឹងរង់ចាំអ្វីខ្លះពីខ្ញុំ? ដោយសារ ពីដើមរៀងមកព្រះជាម្ចាស់បានត្រាស់ហៅយើង ដើម្បីឱ្យយើងបំពេញបេសកកម្មនៅក្នុងព្រះសហគមន៍ ដើម្បីឱ្យយើងប្រកាសដំណឹងល្អ។ នេះជាអ្វីដែលលោកសិលាបានធ្វើ គាត់បានប្រកាសដំណឹងល្អនៅក្នុងជំនឿ និងណែនាំឱ្យបងប្អូនមួយចំនួនបានជាសះស្បើយ។ នៅពេលមានអ្នកក្រីក្រពិការម្នាក់ កំពុងសុំទាននៅទីក្រុងយេរូសាឡឹម នៅមុខលោកសិលានិងលោកយ៉ូហាន លោកទាំងពីរបាននិយាយថា “យើងឥតមានលុយ ឥតមានមាសប្រាក់ទេ ប៉ុន្តែអ្វីដែលយើងមានដោយនាមព្រះយេស៊ូគ្រីស្តជាអម្ចាស់ សូមឈរឡើងនឹងធ្វើដំណើរទៅផ្ទះវិញចុះ”។ តាមពិតអ្នកសុំទាននោះ គាត់នឹកឃើញសុំតែលុយខ្លះៗដើម្បីចិញ្ចឹមជីវិត ប៉ុន្តែនៅពេលនោះលោកសិលានិងលោកយ៉ូហាន បានឱ្យទ្រព្យសម្បត្តិដ៏កំពូលគឺព្រះយេស៊ូផ្ទាល់។ ពីដើមព្រះសហគមន៍ បានទទួលខុសត្រូវហ្នឹង គឺប្រកាសដំណឹងល្អ។
បងប្អូនដែលបានចូលជាអ្នកស្ម័គ្រចិត្ត នៅក្នុងពិធីជ្រមុជទឹកនៃព្រះសហគមន៍ ត្រូវតែចូលរួមនៅក្នុងបេសកកម្មរបស់ព្រះសហគមន៍ ដើម្បីប្រកាសដំណឹងល្អ។ ណែនាំឱ្យគម្រោងការដ៏អស្ចារ្យរបស់ព្រះជាម្ចាស់សម្រាប់មនុស្សលោក គឺឱ្យមនុស្សលោកពោរពេញដោយសុភមង្គល ដើម្បីឱ្យមនុស្សលោកពោរពេញដោយអំណរសប្បាយដែលមកពីព្រះជាម្ចាស់ កើតឡើងនៅលើផែនដីនេះបាន។ នេះជាការត្រាស់ហៅដែលយើងទទួលរៀងៗខ្លួន ប៉ុន្តែនៅក្នុងការត្រាស់ហៅដែលយើងទទួលទូទៅក្នុងការប្រកាសដំណឹងល្អ។ យើងត្រូវការពិចារណា តើខ្ញុំផ្ទាល់ទទួលការត្រាស់ហៅដូចម្តេច? ហេតុនេះហើយ យើងរៀងៗខ្លួនយើងត្រូវការអង្គុយនៅក្បែរព្រះជាម្ចាស់ ដើម្បីទុកឱ្យព្រះជាម្ចាស់សម្លឹងមើលយើង ដើម្បីទុកឱ្យព្រះយេស៊ូទតមើលយើងនៅក្នុងព្រះហឫទ័យស្រឡាញ់។ ដោយសារ យើងរៀងៗខ្លួនយើងមានទ្រព្យសម្បត្តិពិសេស យើងមានសមត្ថភាពពិសេស យើងមានសកម្មភាពពិសេសដែលព្រះជាម្ចាស់ប្រទានឱ្យ។ ប៉ុន្តែ យើងត្រូវការទុកឱ្យព្រះជាម្ចាស់មើលយើង ស្រឡាញ់យើងនៅក្នុងព្រះហឫទ័យប្រណីសន្តោសរបស់ព្រះអង្គ ដើម្បីឱ្យយើងទៅជាមនុស្សដ៏ពេញលក្ខណៈ។
មានពាក្យមួយនិយាយថា “នៅពេលមនុស្សដែលមានប្រាជ្ញា មើលឃើញពងមួយគ្រាប់គាត់មើលឃើញមេមាន់មួយ នៅពេលមើលឃើញគ្រាប់ពូជដ៏តូចមួយ គាត់មើលឃើញដើមឈើនៅថ្ងៃអនាគត នៅពេលមើលឃើញមនុស្សដែលប្រព្រឹត្តអំពើបាប គាត់មើលឃើញមនុស្សនេះនៅថ្ងៃអនាគតទៅជាសន្តបុគ្គល សន្តីបុគ្គល មនុស្សដ៏វិសុទ្ធ”។ តាមពិត ព្រះជាម្ចាស់ចេះមើលនៅក្នុងជីវិតរបស់យើង សព្វថ្ងៃយើងជាពងដ៏តូចមួយ យើងជាគ្រាប់ពូជល្អិតមួយ យើងជាអ្នកដែលមានបាប។ ប៉ុន្តែ ព្រះជាម្ចាស់ចេះមើលនៅថ្ងៃអនាគតពងនេះទៅជាមេមាន់ គ្រាប់ពូជដ៏តូចនេះទៅជាដើមឈើមួយ អ្នកមានបាបនេះទៅជាអ្នកដ៏វិសុទ្ធដែលណែនាំឱ្យព្រះសហគមន៍រឹងមាំ។
លោកប៉ូល ជាមនុស្សម្នាក់ដែលស្អប់គ្រីស្តបរិស័ទដល់កំពូល ជាអ្នកបៀតបៀនគ្រីស្តបរិស័ទខ្លាំងជាងគេ។ នៅពេលគាត់ជួបជាមួយព្រះយេស៊ូ គាត់មើលមិនឃើញ៣ថ្ងៃ ព្រះជាម្ចាស់ឱ្យលោកអាណាញាស់និយាយប្រាប់គាត់ថា “ព្រះជាម្ចាស់បានជ្រើសរើសលោក ដើម្បីប្រកាសដំណឹងល្អ”។ លោកអាណាញាស់ បានឆ្លើយទៅព្រះជាម្ចាស់ថា “តើឱ្យខ្ញុំទៅប្រាប់គាត់ដូចម្តេច បើឮថាគាត់ជាមនុស្សអាក្រក់មែនទែនជាមួយគ្រីស្តបរិស័ទ”។ ប៉ុន្តែ ជាមួយព្រះជាម្ចាស់បានមើលឃើញនៅក្នុងលោកប៉ូលដែលជាអ្នកមានបាប គាត់មានសមត្ថភាពដើម្បីទៅជាអ្នកប្រកាសដំណឹងល្អដ៏អស្ចារ្យមួយ រហូតដល់ទីក្រុងរ៉ូម។ សព្វថ្ងៃ យើងអង្គុយនៅទីនេះប្រហែលដោយសារមានលោកប៉ូលដែលបានចេញធ្វើដំណើរពីទីក្រុងយេរូសាឡឹមពីដើម ដើម្បីប្រកាសដំណឹងល្អ។
បងប្អូនជាទីស្រឡាញ់ ឱ្យយើងយល់ថាព្រះជាម្ចាស់សំលឹងមើលយើង ព្រះជាម្ចាស់មើលឃើញអ្វីដែលពិសេសបំផុតនៅក្នុងជីវិតរបស់យើង។ សព្វថ្ងៃប្រហែលជារឿងសម្ងាត់ ប៉ុន្តែនៅថ្ងៃណាមួយទៅជារឿងដ៏អស្ចារ្យដែលឆ្លើយតបនឹងការត្រាស់ហៅដែលយើងទទួល។ ដូច្នេះ យើងត្រូវការឆ្លើយតបដែរ នៅពេលព្រះជាម្ចាស់មើលយើងហើយ ឱ្យយើងឆ្លើយតប ដូចលោកសាខេ។ នៅពេលគាត់ឡើងលើដើមឈើ គាត់មិនចង់ឱ្យព្រះយេស៊ូមើលឃើញគាត់ទេ ប៉ុន្តែនៅពេលនោះព្រះយេស៊ូមើលឃើញគាត់។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា “ថ្ងៃនេះ ខ្ញុំចង់ទៅញុំាបាយនៅផ្ទះលោក” នៅពេលនោះគាត់មិនបានធ្វើដូចជាមិនឮព្រះបន្ទូលរបស់ព្រះយេស៊ូទេ។ ផ្ទុយទៅវិញ គាត់បានចុះពីដើមឈើភ្លាមៗហើយរត់ទៅផ្ទះ ដើម្បីរៀបចំផ្ទះអស់ពីសមត្ថភាពសម្រាប់ទទួលព្រះយេស៊ូ។ លោកសាខេ គាត់ជាមនុស្សម្នាក់ដែលមហាជនស្អប់ណាស់ ដោយសារគាត់ជាអ្នកទារពន្ធលើសពីចំនួនកំណត់ពីប្រជាជន។ តែគាត់បានស្វាគមន៍ព្រះយេស៊ូ បានឆ្លើយតបការត្រាស់ហៅរបស់ព្រះយេស៊ូ និងព្រះយេស៊ូបានប្រទានឱ្យគាត់ទៅជាមនុស្សដ៏ពេញលក្ខណៈ។ មនុស្សដ៏អស្ចារ្យ ដែលបានចែករំលែកទ្រព្យសម្បត្តិរបស់គាត់ទៅអ្នកក្រីក្រ លើសពីអ្វីដែលគាត់បានយកពីគេកន្លងមក។ ពីអ្នកមានបាបទៅជាអ្នកដ៏វិសុទ្ធ ទៅជាសាវ័ករបស់ព្រះយេស៊ូ ដោយសារគាត់បានចុះពីដើមឈើ គាត់បានរៀបចំម្ហូបអាហារថ្វាយព្រះយេស៊ូ។
ដូច្នេះ យើងត្រូវការនឹកឃើញថា ព្រះយេស៊ូមើលឃើញយើង ប៉ុន្តែព្រះយេស៊ូណែនាំឱ្យយើងឆ្លើយតបដល់សេចក្តីស្រឡាញ់ដែលព្រះអង្គមានចំពោះយើង។ យើងឆ្លើយតប ដើម្បីកសាងពិភពថ្មីពោរពេញដោយភាតរភាព ពោរពេញដោយសេចក្តីស្រឡាញ់។ ពីដើមរៀងមកព្រះជាម្ចាស់បានបង្កើតពិភពលោក ដើម្បីឱ្យយើងមានសុខដុមរមនា ដើម្បីឱ្យយើងពោរពេញដោយសេចក្តីសុខ។ សព្វថ្ងៃ នៅក្នុងសង្គមរបស់យើងជួនកាលមានការជំទាស់គ្នា មានការអន់ចិត្តគ្នា មានការស្អប់គ្នា មានសង្រ្គាម… យើងបានឃើញរឿងជាច្រើនដែលកើតឡើង។ ប៉ុន្តែ នៅក្នុងពិភពលោកនេះយើងជាយុវជនយុវនារី យើងទទួលការត្រាស់ហៅយ៉ាងពិសេស ដើម្បីចូលនៅក្នុងគម្រោងការរបស់ព្រះជាម្ចាស់ សម្រាប់បង្កើតពិភពថ្មីប្រកបដោយភាតរភាព។ មានន័យថា ដើម្បីណែនាំឱ្យយើងទាំងអស់គ្នាដឹងថាយើងជាបងប្អូនគ្នា យើងជាក្រុមគ្រួសារតែមួយ ដែលចេះស្រឡាញ់គ្នា។
តើយើងធ្វើដូចម្តេចដើម្បីឱ្យប្រទេសយើងរីកចម្រើនថែមទៀតនៅក្នុងសេចក្តីសុខ? តើយើងធ្វើដូចម្តេចដើម្បីឱ្យបងប្អូនរបស់យើង មានអំណរសប្បាយដ៏ពេញលក្ខណៈដូចព្រះយេស៊ូមានព្រះបន្ទូលសន្យា? នេះជាតួនាទីដែលយើងអាចទទួលបាន ដោយសារព្រះជាម្ចាស់សំលឹងមើលយើងនៅក្នុងព្រះហឫទ័យស្រឡាញ់របស់ព្រះអង្គ។ យើងចង់ឆ្លើយ យើងចង់ចូលនៅក្នុងគម្រោងការដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ ដើម្បីឱ្យជីវិតរបស់បងប្អូនឯទៀតៗមានអំណរសប្បាយដ៏ពិតប្រាកដ។ ព្រះជាម្ចាស់មើលក្នុងដួងចិត្តរបស់គេ ព្រះជាម្ចាស់មានសមត្ថភាពដើម្បីយកទ្រព្យសម្បត្តិរបស់មនុស្សម្នាក់ ឱ្យមនុស្សម្នាក់នោះទៅជាមនុស្សពិសេសយ៉ាងអស្ចារ្យនៅក្នុងតួនាទីរបស់គាត់ នៅក្នុងជីវិតរបស់គាត់។ ដើម្បីជោគជ័យ ព្រះជាម្ចាស់ត្រូវការយើង ព្រះជាម្ចាស់ត្រូវការប្អូនៗទាំងអស់ដែលជាយុវជនយុវនារី ដើម្បីឱ្យយើងមានជីវិត ដើម្បីឱ្យយើងមានសេចក្តីសុខ។ ដោយសារ យើងបានចូលនៅក្នុងការត្រាស់ហៅដែលព្រះជាម្ចាស់មានសម្រាប់យើងផ្ទាល់ គឺណែនាំឱ្យមនុស្សទាំងអស់អាចមានសេចក្តីសុខ និងសុភមង្គលនៅក្នុងជីវិត។ អ្នកម្តាយតេរេសាបាននិយាយថា “សេចក្តីសុខសាន្តចាប់ផ្តើមនៅក្នុងក្រុមគ្រួសារយើងសិន សេចក្តីសុខសាន្តចាប់ផ្តើមនៅក្នុងជីវិតយើងសិន”។ នៅក្នុងព្រះសហគមន៍របស់យើង យើងមានអំនួតពិសេសគឺអំនួតរបស់លោកប៉ូល ដែលចង់ឱ្យព្រះសហគមន៍រីកចម្រើន ដែលចង់ឱ្យសេចក្តីសុខសាន្តរីកចម្រើន ដែលចង់ឱ្យយុត្តិធម៌ដែលមកពីព្រះជាម្ចាស់ផុសឡើងនៅគ្រប់ទីកន្លែង។
បងប្អូនជាទីស្រឡាញ់ យប់នេះសូមអធិដ្ឋានឱ្យបានច្រើននៅមុខព្រះកាយព្រះគ្រីស្ត ដើម្បីទុកឱ្យព្រះយេស៊ូសំលឹងមើលយើង ដើម្បីស្តាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់សម្រាប់យើងផ្ទាល់ ដើម្បីគិត តើខ្ញុំផ្ទាល់ដែលជាយុវជនយុវនារីមួយរូប ខ្ញុំអាចធ្វើអ្វីបានខ្លះដើម្បីឱ្យគម្រោងការដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ គឺព្រះរាជរបស់ព្រះអង្គ គឺពិភពថ្មីប្រកបដោយភាតរភាព ប្រកបដោយសេចក្តីស្រឡាញ់ អាចកើតឡើង? តើយើងធ្វើដូចម្តេច ដើម្បីណែនាំឱ្យមនុស្សដែលធ្លាក់នៅក្នុងជីវិតរបស់គេ ធ្លាក់នៅក្នុងសេចក្តីអស់សង្ឃឹមរបស់គេ អាចរកឃើញទ្រព្យសម្បត្តិដ៏ពិសេស ដែលគេមាននៅក្នុងដួងចិត្តរបស់គេ ដើម្បីទៅជាមនុស្សដែលពោរពេញដោយសុភមង្គលដ៏ពិតប្រាកដ ដែលមកពីព្រះជាម្ចាស់?
យើងអធិដ្ឋានរួមជាមួយគ្នា ដើម្បីឱ្យព្រះសហគមន៍របស់យើងទៅជាកន្លែងមួយដ៏ពិសេសបំផុត ដែលណែនាំឱ្យពន្លឺរបស់ព្រះជាម្ចាស់ចេញដូចរស្មីដ៏ត្រចះត្រចង់ នៅក្នុងសង្គមរបស់យើងទាំងមូល។ អាម៉ែន៕
+ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ
អភិបាលព្រះសហគមន៍កាតូលិកកម្ពុជា
ភូមិភាគភ្នំពេញ