លោកអភិបាល​អូលីវីយ៉េ ឲ្យ​គ្រីស្ត​បរិស័ទ​យក​គំរូ​តាម​នាង Pauline Jaricot

នៅ​ក្នុងពិធី​អគ្គសញ្ញាលាប​ថ្ងាស​ដល់​បេក្ខជន៤៨រូបនៃមណ្ឌលសកកម្មភាពបាសាក់ លោកអភិបាល​អូលីវីយ៉េ ជ្មីត​ហស្លេ អភិបាល​នៃ​ព្រះសហគមន៍កាតូលិក​ភូមិភាគ​ភ្នំពេញ បាន​ណែនាំ​ឲ្យ​គ្រីស្ត​បរិស័ទ​យក​គំរូ​តាម​នាងប៉ូលីន ចារីខុត (Pauline Jaricot )​ ដែល​សម្តេចប៉ាប​បាន​ប្រកាស​ពេលថ្មីៗនេះ ថា ​នាង​ជា​អ្នក​ពោរពេញ​ដោយ​សុភមង្គល។

លោកអភិបាល​បាន​មាន​ប្រសាសន៍ថា ប៉ូលីន ជាយុវនារីបារាំងដែលកើតនៅក្នុងគ្រួសារអ្នកមានក្នុងឆ្នាំ ១៧៩៩ ដោយបានបង្កើតក្រុមដើម្បីឧបត្ថម្ភសាសនទូតដែលទៅប្រកាសដំណឹងល្អតាមប្រទេសនីមួយៗក្នុងពិភពលោកក្នុង​ឆ្នាំ ១៨០០ និងពេលនេះគ្រប់២០០ឆ្នាំហើយ។

លោក​អភិបាល​រំលឹក​ថា នាង​បាន​កែ​ប្រែ​ចិត្ត​គំនិត​​ដោយ​ផ្ញើ​ជីវិត​លើ​ព្រះជាម្ចាស់និងបម្រើព្រះសហគមន៍​ ដោយសារ​គំរូ​នៃ​ការ​លះបង់​ជីវិតរបស់​ម្តាយដើម្បី​ឲ្យគាត់​​មានសុខភាពល្អឡើងវិញ។

ក្រោយមក​ក្នុង​ឆ្នាំ១៨១៧ ក្នុងវ័យ​១៨ឆ្នាំ ប៉ូលីនបានបង្កើតសមាគមនារី ដើម្បីបង្ហាញ​​ឱ្យមនុស្សលោក​ដឹងថា ព្រះបេះដូងព្រះយេស៊ូមានសេចក្ដីស្រឡាញ់សម្រាប់មនុស្សទាំងអស់។ សមាគមនេះ បានលើកតម្លៃអ្នកជំងឺ អ្នកក្រីក្រ និងមនុស្សដែលគេបោះបង់ចោល «ដោយដឹងថា ពេល​យើង​លះបង់​ចោល​នរណា​ម្នាក់​យើង​ក៏បាន​បោះ​បង់​ព្រះយេស៊ូដែរ។» នេះ​បើ​តាម​ការ​រៀបរាប់​របស់​លោក​អភិបាល​ប្រាប់​ដល់​បេក្ខជន​និង​គ្រីស្ត​បរិស័ទ​ដែល​បាន​ចូលរួម​ក្នុង​ពិធី​នោះ នៅ​ព្រះវិហារ​សន្តយ៉ូសែប (ជ្រៃធំ)​ក្នុង​ខេត្ត​កណ្តាល កាល​ពីថ្ងៃទី​២២ ខែ​ឧសភា​កន្លងទៅនេះ។

លោកអភិបាល​សង្កត់​ធ្ងន់ទៀតថា វីរភាព​របស់​ស្ត្រីរូប​នេះ ក្នុង​វ័យ​២៣​ឆ្នាំ បានបង្កើតសមាគមព្រះមាលា​ដ៏មានជីវិត​ ដើម្បីរួម​គ្នា​អធិដ្ឋាន​ផ្គាំ និង​ផ្តល់ប្រាក់ឧបត្ថម្ភដល់សាសនទូតក្រៅប្រទេស​នានា ដែល​ខ្វះ​ខាត​ប្រាក់​និង​រង​ការ​បៀតបៀន​ពី​រដ្ឋអំណាច​ ក្នុងការប្រកាសដំណឹងល្អ។ ពេលនេះ​​ សមាគមនេះមាននៅក្នុងប្រទេសបារាំងនិងប្រទេសមួយចំនួនក្នុងពិភពលោក។

ក្នុងនោះដែរ លោកអភិបាល​អូលីវីយ៉េ បាន​ឲ្យ​គ្រីស្ត​បរិស័ទ​ប្រើ​ប្រាស់​ជីវិត​របស់​ខ្លួន​ឲ្យ​សកម្មដូច​ប៉ូលីន ដែលតែងតែនឹកគិត​ដល់​ផ្លូវ​វិញ្ញាណ​របស់​មនុស្ស។ ក្នុង​សម័យ​នោះ កម្មករកម្មការិនីរោងចក្រ ធ្វើ​ការងារ​ច្រើន​ម៉ោង គ្មានពេលអធិដ្ឋាន និង​ស្ដាប់​ព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ឃើញ​ដូច្នេះ ប៉ូលីន ដែល​ជា​កូន​ក្នុងគ្រួសារ​អ្នក​មានទ្រព្យ បាន​បង្កើត​រោង​ចក្រ​កាតូលិក​មួយ ដើម្បី​ឲ្យ​ពួកគេ​អាចធ្វើ​ការផង ​អធិដ្ឋាននិង​ស្តាប់​ព្រះបន្ទូលផង។

តាម​រយៈ​គំរូ​និង​សមាគម​របស់​ប៉ូលីន​ ចារីខុត បាន​ធ្វើ​ឲ្យ​ព្រះសហគមន៍​នៃ​ប្រទេស​នីមួយៗជារៀងរាល់ឆ្នាំ ប្រមូលលុយដើម្បី​​ផ្ញើទៅទីក្រុងរ៉ូម ដែលជាសញ្ញាសម្គាល់ថាព្រះសហគមន៍ក្នុងពិភពលោកជួយគ្នាទៅវិញទៅមកក្នុងការប្រកាសដំណឹងល្អ។ ​លោក​អភិបាល​បន្ថែម។

លោកអភិបាល​បន្តថា «គាត់​បាន​ណែនាំ​ឲ្យ​យើង​យល់​ថា យើង​ត្រូវការ​ភ្ជាប់​ជាមួយប្រភព​នៃ​ជីវិត​របស់​យើង គឺ​ព្រះជាម្ចាស់ ឲ្យ​យើង​អធិដ្ឋាន​ផង ឲ្យ​យើង​ស្រឡាញ់​យ៉ាង​ជាក់​ស្តែង។»

ហើយ​សម្រាប់​យើងសព្វ​ថ្ងៃ​ យើង​ត្រូវ​ពិចារណដែរ អំពី​សកម្មភាព​អ្វីខ្លះដែលយើង​បាន​ធ្វើ​សម្រាប់​សង្គម​របស់​យើង ធ្វើ​អ្វីខ្លះដើម្បីប្រកាសដំណឹងល្អ និង​អ្វីខ្លះដើម្បី​ធ្វើ​ជាគ្រីស្ត​បរិស័ទ​សកម្ម។ លោកអភិបាល​សង្កត់​ធ្ងន់​យ៉ាងនេះ «​ខ្ញុំ​ជឿ​ថា យុវនាទី​ប៉ូលីន ចារីខុត ជា​គំរូ​មួយដ៏អស្ចារ្យ​សម្រាប់​យើង​ទាំង​អស់គ្នា។…ជីវិត​របស់​គាត់​គឺ​បូជាជីវិត​នៅ​ក្បែរ​ឈើ​ឆ្កាង។»

លោក​អភិបាល​បន្ថែមថា ប៉ូលីន​​​មិនដែល​ចង់​មាន​ឈ្មោះល្បីទេ ព្រោះ​គាត់​ដឹង​ថា ព្រះជាម្ចាស់​ដឹង​ទាំង​អស់ ហើយ​អ្វីដែលសំខាន់​យើង​បាន​ទទួល​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ និង​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ​ណែនាំឲ្យ​យើង​អធិដ្ឋាន ណែនាំ​ឲ្យ​យើង​ដឹង​ថា ព្រះជាម្ចាស់​មាន​វត្តមាន​នៅ​ក្នុង​ជីវិត​របស់​យើង ណែនាំ​ឲ្យ​យើង​ចេះ​ស្រឡាញ់​បង​ប្អូន​ឯទៀតៗ។

ជាមួយគ្នានេះ​ លោកអភិបាល​បានរំលឹក​ថា ប៉ូលីន បានទទួល​សារលើកទឹកចិត្ត​​មួយ​ឃ្លាពី​សន្ត​យ៉ូហាន ម៉ារី វីយ៉ាណែរ ដែល​បាន​ប្រាប់​ថា «យើង​មានព្រះជាម្ចាស់​តែ​មួយអង្គគត់​ដែលជា​សាក្សី​របស់​យើង ​ព្រះយេស៊ូ​តែ​មួយអង្គគត់​ដែលជាគំរូ​សម្រាប់​យើង យើង​មានព្រះនាង​ម៉ារីតែមួយគត់ដែល​ជួយ​គាំទ្រ​និង​លើក​ទឹកចិត្ត​យើង  ហើយ​នៅ​ក្នុងជីវិត​របស់​យើង​គឺ​មាន​រឿង​តែ​មួយគត់​ដែល​សំខាន់ គឺ​ធ្វើអ្វីៗទាំង​អស់​នៅក្នុង​សេចក្តីស្រឡាញ់ដោយ​បូជាជីវិត។»

​​ក្នុងពិធីនោះ មាន​បេក្ខជន​ទទួល​អគ្គ​សញ្ញាលាប​ថ្ងាស​ចំនួន​៤៨រូបមកពី​ព្រះសហគមន៍​ជ្រៃធំចំនួន៣៧នាក់ ព្រះសហគមន៍កោះទាវ១០នាក់ និងស្អាងម្នាក់។

អ្នកស្រី ទ្រឿង យ៉ុង ប្រធានគណៈកម្មការព្រះសហគមន៍ និង​ជាតំណាង​អាណាព្យាបាលបេក្ខជន នៅ​ថ្ងៃ​នេះ​ព្រះសហគមន៍​របស់​យើង​បានទទួល​ផល​ជាច្រើន ហើយ​ផល​ទាំងនោះ​គឺ​​មកពី​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ ជាពិសេសប្អូនៗ និងកូនៗយើង​ដែល​ទទួលអគ្គសញ្ញាលាបថ្ងាស ឱ្យក្លាយជាគ្រីស្ត​បរិស័ទដ៏ពេញ​លក្ខណៈ គឺជាគំរូនៃជំនឿ ជាសាក្សី​នៃជំនឿ បញ្ជាក់ពីជំនឿ និង​ហ៊ាន​ស៊ូប្ដូរជីវិតដើម្បីជំនឿ ជាពិសេសគឺដើម្បី​ព្រះគ្រីស្ត។ ក្នុង​នាមយើង​ខ្ញុំ​ជា​ឪពុកម្ដាយ អាណាព្យាបាល សូម​ថ្លែង​អំណរគុណ​ដល់លោក​អភិបាលដែលបានយកចិត្ត​ទុកដាក់ជួយណែនាំជីវិតខាងផ្លូវវិញ្ញាណរបស់យើងខ្ញុំ៕

ដាលីស

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី

កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ

អបអរសាទរ សិស្សវិទ្យាល័យ សន្តហ្វ្រង់ស្វ័រ បច្ចេកទេសកម្រិត៣ ប្រឡងជាប់ ១០០%

ប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ចំនួន ៤១នាក់ បានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ មួយរយភាគរយ នាសម័យប្រឡងថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦ ក្នុងនោះមានស្រី ២០នាក់។បើតាមការឱ្យដឹងពី លោក យុន សំអាត នាយកសាលាខាងលើ បានរៀបរាប់ឱ្យដឹងថា លទ្ធផលប្រឡងបញ្ចប់ឆ្នាំសិក្សា និងប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត ៣ សម័យប្រឡងថ្ងៃទី២២

លោកឪពុក យ៉ូហាន អ៊ុន រំលឹកថា៖ «ព្រះយេស៊ូទាមទារចិត្តស្រឡាញ់ និងការចែករំលែកនូវអ្វីដែលយើងមាន»

ភ្នំពេញ៖ នៅក្នុងពិធីអភិបូជានាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅព្រះវិហារកាតូលិកសន្តសិលា និងសន្តប៉ូល លោកឪពុក យ៉ូហាន អ៊ុន សុន (Fr. Jean Un Son) បានលើកឡើងនូវសារអប់រំលត់ដំផ្លូវចិត្តយ៉ាងជ្រាលជ្រៅមួយដល់គ្រីស្ដបរិស័ទទាំងអស់ អំពីការស្វែងរក «អាហារផ្លូវព្រលឹង» និងការផ្លាស់ប្តូរជីវិតតាមរយៈការចែករំលែកសេចក្ដីស្រឡាញ់។ នៅក្នុងធម្មទេសនា លោកឪពុកបានគូសបញ្ជាក់ថា មនុស្សទូទៅតែងតែខិតខំប្រឹងប្រែងធ្វើការយ៉ាងលំបាក ដើម្បីស្វែងរកអាហារចិញ្ចឹមរូបរាងកាយ និងសុវត្ថិភាពផ្លូវកាយ ប៉ុន្តែច្រើនដង មនុស្សបានមើលរំលងភាពស្រេកឃ្លាននៃ

Subscribe to our newsletter

Don't miss new updates on your email