អត្ថបទទី១៖ កំណើតពិភពលោក ៣,៩-១៥.២០នរណាប្រាប់អ្នកឲ្យដឹងថាអ្នកនៅខ្លួនទទេដូច្នេះ? កណ ៣,១១ដំណឹងល្អ៖ យ៉ូហាន ១៩,២៥-៣៤ស្រាប់តែមានទឹក និងលោហិតហូរចេញមកមួយរំពេច។ យហ ១៩,៣៤ |
“តួនាទីម្តាយ”
បងប្អូនជាទីស្រឡាញ់
ថ្ងៃនេះ យើងស្តាប់ព្រះគម្ពីរស្តីអំពីព្រះយេស៊ូសោយទិវង្គតតាមលោកយ៉ូហាន ព្រះសហគមន៍បានជ្រើសរើសគម្ពីរនេះដើម្បីណែនាំឱ្យយើងចូលនៅក្នុងអាថ៌កំបាំងថ្មី គឺព្រះនាងម៉ារីជាមាតានៃព្រះសហគមន៍។ យើងដឹងថា ព្រះសហគមន៍បានចាប់ផ្តើមកើតឡើងនៅពេលព្រះយេស៊ូបានត្រាស់ហៅក្រុមគ្រីស្តទូត ព្រះយេស៊ូបានត្រាស់ហៅ១២នាក់។ ព្រះយេស៊ូបានអប់រំគេ ព្រះយេស៊ូបានណែនាំឱ្យគេនៅជាមួយព្រះអង្គ ព្រះយេស៊ូចាត់គេឱ្យទៅប្រកាសដំណឹងល្អ។ នៅពេលនោះ ជាពូជនៃព្រះសហគមន៍ដែលបន្តិចម្តងៗបានធ្វើដំណើរជាមួយព្រះយេស៊ូ ក្រុមគ្រីស្តទូតចាប់ផ្តើមទទួលស្គាល់ព្រះយេស៊ូជាព្រះគ្រីស្តតាមរយៈលោកសិលា។ គេចាប់ផ្តើមដើរតាមព្រះយេស៊ូដោយស្តាប់ការអប់រំពីព្រះយេស៊ូ យូរៗម្តងគេចេញពីព្រះយេស៊ូដើម្បីទៅតាមភូមិនីមួយៗ ដើម្បីបន្តប្រកាសដំណឹងល្អតាមរបៀបព្រះយេស៊ូ។ ពេលគេប្រកាសហើយ គេត្រលប់មកជួបព្រះយេស៊ូវិញដើម្បីធ្វើរបាយការណ៍ទៅព្រះអង្គ និងដើម្បីបន្តទទួលការអប់រំពីព្រះយេស៊ូ នេះជាពូជនៃព្រះសហគមន៍ដែលបានចាប់ផ្តើមហើយ។
នៅក្នុងចំណោមក្រុមគ្រីស្តទូត១២នាក់ យើងដឹងថាមានក្រុមសាវ័ក៧២នាក់ដែលព្រះយេស៊ូបានចាត់គេឱ្យទៅប្រកាសដំណឹងល្អ និងមានក្រុមស្ត្រីខ្លះៗ នៅក្នុងចំណោមក្រុមស្ត្រីទាំងនេះមានព្រះនាងម៉ារីដែរ។ គម្ពីរដែលយើងស្តាប់ថ្ងៃនេះជាគម្ពីរពិសេស ដោយសារជាពេលវេលាចុងក្រោយបំផុតរបស់ព្រះយេស៊ូនៅលើផែនដីនេះ ព្រោះព្រះយេស៊ូកំពុងសោយទិវង្គត។ នៅពេលនោះ មានតែពីរនាក់ដែលនៅក្បែរឈើឆ្កាងព្រះអង្គ គឺព្រះនាងម៉ារីដែលជាមាតារបស់ព្រះយេស៊ូ និងលោកយ៉ូហានដែលជាសាវ័កជាទីស្រឡាញ់របស់ព្រះអង្គ។ ព្រះយេស៊ូមានព្រះបន្ទូលដ៏សំខាន់ ព្រះបន្ទូលទីមួយទៅព្រះនាងម៉ារីថា “អ្នកអើយ នេះហើយកូនរបស់អ្នក” មានន័យថា ព្រះនាងម៉ារីទៅជាម្តាយរបស់លោកយ៉ូហានដែរ។ ព្រះបន្ទូលទីពីរទៅលោកយ៉ូហានថា “នេះហើយជាម្តាយរបស់អ្នក” ដើម្បីប្រគល់ព្រះនាងម៉ារីដ៏ពេញលក្ខណៈទៅជាម្តាយរបស់លោកយ៉ូហាន។ តាមពិត នៅពេលនោះព្រះយេស៊ូបានណែនាំឱ្យព្រះនាងម៉ារីទៅជាម្តាយរបស់ព្រះសហគមន៍ តាមរយៈលោកយ៉ូហាន។ ជាម្តាយរបស់ព្រះសហគមន៍ ម្តាយរបស់ព្រះកាយព្រះគ្រីស្តដែលយើងជាព្រះសហគមន៍ទាំងអស់គ្នា។
ព្រះសហគមន៍បានកើតឡើងដ៏ពេញលក្ខណៈ នៅពេលគេយកលំពែងដើម្បីពិនិត្យមើលព្រះយេស៊ូសោយទិវង្គតឬនៅ។ នៅពេលនោះ មានទឹក និងមានលោហិតរបស់ព្រះអង្គដែលបានហូរចេញពីព្រះបេះដូងរបស់ព្រះយេស៊ូ។ ព្រះយេស៊ូដូចជាបានបង្កើតព្រះសហគមន៍ នៅក្នុងទឹកដែលជាជីវិតដ៏ពិសេស ជាជីវិតអស់កល្បជានិច្ចដែលព្រះយេស៊ូប្រទានឱ្យ។ នៅក្នុងលោហិត ដែលជាជីវិតបូជា ជីវិតលះបង់ ទៅជាសញ្ញាសម្គាល់នៃសេចក្តីស្រឡាញ់ដល់កំពូល សេចក្តីស្រឡាញ់ដល់ទីបំផុត។ នៅពេលព្រះយេស៊ូស្រឡាញ់យើង រហូតដល់សោយទិវង្គតលើឈើឆ្កាង លោហិតរបស់ព្រះអង្គ ជាសញ្ញានៃសេចក្តីស្រឡាញ់ដ៏ពេញលក្ខណៈ ដែលយើងមើលឃើញនៅក្នុងព្រះសហគមន៍ដ៏ពេញលក្ខណៈដែរ។ ដូច្នេះ ព្រះនាងម៉ារីដែលនៅក្បែរឈើឆ្កាងទៅជាម្តាយរបស់ព្រះសហគមន៍ ដែលកំពុងកើតឡើងនៅក្នុងព្រះវិញ្ញាណដ៏វិសុទ្ធ។
ម្សិលមិញ នៅពេលយើងទទួលព្រះវិញ្ញាណដ៏វិសុទ្ធ យើងនឹកឃើញដល់ក្រុមគ្រីស្តទូតដែលកំពុងជួបជុំគ្នា នៅពេលនោះមានព្រះនាងម៉ារីដែរ។ ទោះបីព្រះយេស៊ូមានព្រះបន្ទូលថា ព្រះអង្គនឹងគង់នៅជាមួយពួកគាត់ ក៏គេនៅតែភ័យខ្លាច ដូច្នេះគេអធិដ្ឋានស្ងៀមស្ងាត់ គេបិទទ្វារបិទបង្អួច។ នៅពេលព្រះវិញ្ញាណដ៏វិសុទ្ធយាងមក ទើបគេហ៊ានចេញដើម្បីប្រកាសដំណឹងល្អ នៅពេលនោះគេបានបំពេញបេសកកម្មរបស់ព្រះសហគមន៍។ គេទៅជាព្រះសហគមន៍ដ៏ពេញលក្ខណៈ ដែលជាព្រះកាយព្រះគ្រីស្ត ដែលមានព្រះយេស៊ូគ្រីស្តជាព្រះសិរសា និងដែលមានបេសកកម្មមួយយ៉ាងពិសេស គឺទៅប្រកាសដំណឹងល្អនៅក្នុងព្រះវិញ្ញាណដ៏វិសុទ្ធ។
បងប្អូនជាទីស្រឡាញ់ នៅក្នុងអត្ថបទដែលយើងស្តាប់ថ្ងៃនេះ ដែលយើងស្តាប់ពីម្សិលមិញនៅពេលព្រះវិញ្ញាណដ៏វិសុទ្ធយាងមក យើងមើលឃើញព្រះសហគមន៍ដែលកើតឡើង។ ចេញពីក្រុមគ្រីស្តទូត រួមជាមួយព្រះនាងម៉ារី នៅក្នុងព្រះវិញ្ញាណដ៏វិសុទ្ធ យើងទៅជាព្រះកាយព្រះគ្រីស្ត ដើម្បីទៅប្រកាសដំណឹងល្អរហូតដល់សព្វថ្ងៃ។ ព្រះសហគមន៍ គឺយើងដែលជាថ្មដ៏មានជីវិត ព្រះសហគមន៍គឺយើងជាគ្រីស្តបរិស័ទដែលយកចិត្តទុកដាក់អធិដ្ឋាន ដែលយកចិត្តទុកដាក់បន្តជំនឿ ដែលយកចិត្តទុកដាក់សម្តែងធម៌មេត្តាករុណា។ ដោយសារ នេះជាអ្វីដែលព្រះសហគមន៍បានធ្វើពីដើមរៀងមក នៅក្នុងក្រុមគ្រីស្តទូតដែលប្រកាសដំណឹងល្អ ដែលប្រកាសអំពីជំនឿ ដែលអធិដ្ឋាន ដែលណែនាំឱ្យគ្រីស្តបរិស័ទបង្ហាញអំពីធម៌មេត្តាករុណារបស់ព្រះជាម្ចាស់។ ជាមូលហេតុនៅក្នុងព្រះសហគមន៍របស់យើងសព្វថ្ងៃ យើងមានគណៈកម្មការទាំងបីសំខាន់ គឺគណៈកម្មការពិធីបុណ្យដើម្បីអធិដ្ឋាន ដើម្បីថ្វាយអភិបូជា ដើម្បីណែនាំឱ្យយើងទៅជាមនុស្សដ៏វិសុទ្ធ។ គណៈកម្មការសង្គហៈ ដើម្បីសម្តែងធម៌មេត្តាករុណាដល់បងប្អូនឯទៀតៗ។ គណៈកម្មការអប់រំជំនឿ ដើម្បីណែនាំឱ្យមនុស្សថ្មីៗអាចទទួលជំនឿពីយើង និងដើម្បីឱ្យគ្រីស្តបរិស័ទរបស់យើងរៀនអប់រំជំនឿថែមទៀត ដើម្បីចូលនៅក្នុងជីវិតដែលយើងទទួលពីព្រះជាម្ចាស់។
នៅពេលយើងនឹកដល់ព្រះនាងម៉ារី ដែលជាមាតានៃព្រះសហគមន៍ យើងត្រូវការដឹងថាមាតាមានតួនាទីអ្វីខ្លះនៅក្នុងក្រុមគ្រួសារមួយ? ដំបូងបង្កើតកូន ថែរក្សាកូននៅក្នុងផ្ទៃពោះអស់រយៈពេល៩ខែ១០ថ្ងៃ ឱ្យមានកូននៅក្នុងក្រុមគ្រួសារ។ ម្តាយជាអ្នកដែលការពារ ថែរក្សា និងចិញ្ចឹមកូន ពីដើមរៀងមក ម្តាយនៅជាមួយកូន បីបាច់ថែរក្សាកូន។ ម្តាយជាអ្នកដែលអប់រំ ដឹកនាំឱ្យកូនចេះនិយាយ ឱ្យកូនចេះដើរ ឱ្យកូនចេះមានរបៀបរស់នៅក្នុងគ្រួសារ និងសង្គម ម្តាយអប់រំ ណែនាំដើម្បីឱ្យកូនរីកចម្រើនបន្តិចម្តងៗ។ ម្តាយក៏មានតួនាទីមួយពិសេស គឺម្តាយពូកែលើកលែងទោសឱ្យកូន ម្តាយស្តីឱ្យកូនតែម្តាយនៅតែស្រឡាញ់កូនដដែល។ ទោះបីកូនមានកំហុសយ៉ាងណា ក៏ម្ដាយនៅតែលើកលែងទោសឱ្យកូនជានិច្ច នៅតែស្រឡាញ់កូនដដែល។ ម្តាយណែនាំឱ្យកូនស្គាល់ព្រះជាម្ចាស់ ស្រឡាញ់ព្រះជាម្ចាស់ ម្តាយបង្រៀនកូនឱ្យចេះធម៌ទាំងឡាយនៅក្នុងព្រះសហគមន៍។ ម្ដាយបានណែនាំឱ្យយើងចាប់ផ្តើមស្គាល់ព្រះជាម្ចាស់ ឱ្យយើងចាប់ផ្តើមបង្កើតទំនាក់ទំនងជាមួយព្រះជាម្ចាស់។ ម្តាយបានណែនាំឱ្យយើងចេះស្រឡាញ់គ្នាទៅវិញទៅមក មិនមែនតែនៅក្នុងក្រុមគ្រួសារ គឺជាមួយបងប្អូនឯទៀតៗនៅក្នុងសង្គមរបស់យើង។ ម្តាយជាមេគ្រួសារ ដែលបានណែនាំឱ្យក្រុមគ្រួសារមានភាពកក់ក្ដៅ ពេលយើងគ្មានម្តាយក្រុមគ្រួសារយើងក៏គ្មានភាពកក់ក្ដៅដែរ។
ដូច្នេះ នៅពេលយើងនឹកឃើញតួនាទីរបស់ម្តាយទាំងអស់ យើងមើលឃើញព្រះសហគមន៍របស់យើងដែលមានព្រះនាងម៉ារី ដែលបានណែនាំឱ្យយើងជាព្រះសហគមន៍ ចូលបន្តិចម្តងៗនៅក្នុងព្រះបេះដូង ព្រះហឫទ័យស្រឡាញ់របស់ព្រះជាម្ចាស់ដ៏ពិតប្រាកដ។ ព្រះសហគមន៍ដែលការពារថែរក្សាយើង ព្រះសហគមន៍ដែលចិញ្ចឹមយើង ព្រះសហគមន៍ដែលអប់រំណែនាំយើង។ ព្រះសហគមន៍ដែលណែនាំឱ្យយើងស្គាល់ព្រះជាម្ចាស់ ឱ្យយើងស្រឡាញ់ព្រះជាម្ចាស់ ព្រះសហគមន៍ដែលណែនាំឱ្យយើងចេះលើកលែងទោស ឱ្យគ្នាទៅវិញទៅមក។ ព្រះសហគមន៍ដែលណែនាំឱ្យយើងចេះស្រឡាញ់បងប្អូនឯទៀតៗ ព្រះសហគមន៍ដែលជាគ្រួសាររបស់យើង។ នៅក្នុងបុណ្យចម្លង យើងមានជិត១០០នាក់ដែលបានទទួលអគ្គសញ្ញាជ្រមុជទឹក នៅក្នុងភូមិភាគភ្នំពេញយើង គឺទទួលគ្រួសារថ្មី។ នៅក្នុងអត្ថបទទី២ម្សិលមិញ “នៅក្នុងព្រះវិញ្ញាណដ៏វិសុទ្ធយើងលែងភ័យខ្លាច យើងជាបុត្រធីតារបស់ព្រះជាម្ចាស់” មានន័យថាយើងជាកូនរបស់ព្រះជាម្ចាស់ពិតមែននៅក្នុងព្រះសហគមន៍។
បងប្អូនជាទីស្រឡាញ់ យើងនៅក្នុងពេលវេលាដែលព្រះសហគមន៍ណែនាំឱ្យយើងធ្វើដំណើររួមជាមួយគ្នា នៅក្នុងសន្និបាត២០២១-២០២៣។ ដូច្នេះ ជាពេលវេលាមួយដើម្បីនឹកឃើញរបៀបដែលព្រះសហគមន៍រស់នៅសព្វថ្ងៃ ដោយយើងមានព្រះនាងម៉ារីដែលជាគំរូ។ ជាម្តាយដែលណែនាំ ការពារថែរក្សា ស្រឡាញ់ លើកលែងទោស ចេះអធិដ្ឋាន ចេះស្រឡាញ់គ្នាទៅវិញទៅមក បង្កើតភាពកក់ក្ដៅនៅក្នុងក្រុមគ្រួសារ។ យើងអធិដ្ឋាន ដើម្បីឱ្យព្រះសហគមន៍របស់យើងធ្វើដំណើររួមជាមួយគ្នា ដោយយកព្រះនាងម៉ារីជាគំរូ ព្រះនាងម៉ារីដែលជាព្រះមាតានៃព្រះសហគមន៍យើងខ្ញុំ។ អាម៉ែន៕
+ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ
អភិបាលព្រះសហគមន៍កាតូលិកកម្ពុជា
ភូមិភាគភ្នំពេញ