លោកអភិបាល​អូលីវីយ៉េ រំលឹក​អំពី​អត្តសញ្ញាណ​របស់​គ្រីស្ត​បរិស័ទ

កាលពីថ្ងៃអាទិត្យ​ម្សិលមិញ​នេះ លោកអូលីវីយ៉េ ជ្មីត​ហស្លេ អភិបាលព្រះសហគមន៍កាតូលិក​ភូមិភាគ​ភ្នំពេញ បាន​មាន​ប្រសាសន៍ថា ពេល​យើង​ក្លាយជា​គ្រីស្ត​បរិស័ទ យើង​ត្រូវ​ដឹង​ថា យើងជាបុត្រធីតារបស់ព្រះជាម្ចាស់ យើងជាព្រះកាយព្រះគ្រីស្ត និង​យើងជាវិហាររបស់ព្រះជាម្ចាស់។

«នេះ​គឺ​ជា​អត្តសញ្ញាណ​របស់​យើង​ដែល​​ជា​គ្រីស្ត​បរិស័ទ។» លោកអភិបាល​បញ្ជាក់។​

លោក​បាន​រំលឹក​គ្រីស្ត​បរិស័ទ​ទាំង​អស់ ដែល​បាន​ចូលរួម​ក្នុង​ពិធី​​អគ្គសញ្ញា​លាប​ថ្ងាសនៅ​មណ្ឌល​សកម្មភាព​តាកែវ ដូច្នេះ​ថា ព្រះជាម្ចាស់​បាន​ត្រាស់​ហៅ​យើង​ឲ្យ​ក្លាយជា​បុត្រ​ធីតា​របស់​ព្រះអង្គ​ ដែលកោតខ្លាចព្រះបិតា គឺគោរពព្រះអង្គគ្រប់ពេល មិនគ្រាន់​តែពេលមកវិហារនោះទេ។

យើង​មិនមែនជាប្រជាជនធម្មតាទេ ព្រោះ​ពេលទទួលព្រះកាយព្រះគ្រីស្ត​ គឺយើងជាបងប្អូននឹងគ្នា យើងជាព្រះកាយព្រះគ្រីស្ត ក្នុងចំណោមព្រះសហគមន៍នានា​ក្នុងពិភពលោក។ លោកបញ្ជាក់​បន្ថែម។

ក្នុងនោះ​ដែរ លោកអភិបាល​បាន​ពន្យល់​ទៀតថា យើងជាវិហាររបស់ព្រះជាម្ចាស់ គឺជីវិតរបស់ខ្លួនយើង​ផ្ទាល់​ជារូបកាយដ៏សក្ការៈ ដែលមានព្រះវិញ្ញាណដ៏វិសុទ្ធគង់​នៅជាមួយ។

ក្នុងពិធី​​កាលពី​ថ្ងៃទី​២៦ ខែ​មិថុនានេះ មាន​គ្រីស្ត​បរិស័ទ​ទទួលអគ្គ​សញ្ញាលាប​ថ្ងាស​​ចំនួន​១១០នាក់ ដែលមក​ពី​ព្រះសហគមន៍ចំនួន​៨​ក្នុងមណ្ឌល​សកម្មភាព​តាកែវ។

កម្មវិធីនេះ បាន​ធ្វើ​ឡើង​នៅ​ព្រះសហគមន៍​សន្តីម៉ារីញញឹម​-ចំការទៀង ក្នុង​ឃុំ​គូស ស្រុក​ត្រាំកក់ ខេត្ត​តាកែវ។

លោកអភិបាល​អូលីវីយ៉េ មាន​ប្រសាសន៍ទៅកាន់​បេក្ខជន​ទៀតថា ព្រះវិញ្ញាណណែនាំ​យើងក្នុងជីវិតប្រចាំថ្ងៃ។ លោក​សង្កត់​ធ្ងន់​ថា «អត់​មាន​នរណា​ម្នាក់មានអំណោយទានស្មើសូន្យទេ គឺមាន​តែ​អ្នក​ខ្ជិល ដែលមិន​ចេះ​មើល​អំណោយទាន​របស់​ខ្លួន​ប៉ុណ្ណោះ។»

លោកអភិបាល​បាន​បន្ថែម ក្នុងជីវិត​ជា​គ្រីស្ត​បរិស័ទ​ យើង​ខុស​ពី​សាសនា​ឯទៀត ដោយ​សារ​តែ​យើង​មាន​ព្រះវិញ្ញាណ​របស់​ព្រះជាម្ចាស់ ដូច្នេះ «​របៀប​ដែល​យើង​រស់នៅ របៀបដែល​យើងដឹក​នាំ​ត្រូវ​តែ​ជា​របៀប​ប្លែក​… ដោយ​ចាប់​អារម្មណ៍ពីមនុស្ស​ម្នាក់​ៗ​ តើ​អ្នកនោះ​ត្រូវ​ការ​អ្វីខ្លះដើម្បី​ឲ្យ​គាត់​ជោគ​ជ័យ​ក្នុងជីវិត​ផ្ទាល់​ខ្លួន ដោយ​បញ្ចេញ​អស់​ពីសមត្ថភាព​របស់​គាត់​» តាម​អំណោយទានដែល​​ព្រះជាម្ចាស់ប្រទាន​ឲ្យ​ម្នាក់ៗរៀង​ៗខ្លួន។

ហេតុនេះ​យើង​ជា​អ្នកដឹកនាំ​ត្រូវ​តែ​ជួយ​ពួកគាត់​ឲ្យ​រីកចម្រើន​ កុំ​ឲ្យ​ធ្លាក់​ក្នុងជីវិត​អន្តរាយ។ «ក្នុងពេល​បច្ចុប្បន្ននេះ ភ្នែក​របស់​យើង​មើល​ឃើញ​រូបភាពខុស​ជាច្រើន នាំ​ឲ្យ​យើង​គិត​ថា អ្នកមាន​ទ្រព្យច្រើន​ជា​មនុស្ស​ល្អ អ្នក​ដែល​គ្មាន​អ្វី​សោះ​ជា​មនុស្ស​ខ្សោយ។ នេះ​មិន​មែន​ទេ។» លោកអភិបាល​ព្រះសហគមន៍​បាន​រំលឹក​ដល់​គ្រីស្ត​បរិស័ទ។

គង្វាល​ព្រះសហគមន៍​រូប​នេះ បាន​សុំ​ឲ្យ​គ្រីស្ត​បរិស័ទ​ប្រឹង​ប្រែង​រស់នៅ​ដូច​ជា​​ផ្កាឈូក ដែលខំប្រឹងឡើងខ្ពស់ដើម្បីស្វែងរកពន្លឺ គឺ​ស្ថានបរមសុខ ដើម្បី​រៀបចំ​អនាគត​របស់​យើង​ដែល​អស្ចារ្យ។

ស៊ឹម សោភា អាយុ​២៣​ឆ្នាំ ជាគ្រីស្ត​បរិស័ទ​ទទួល​អគ្គសញ្ញា​លាប​ថ្ងាស​បាន​​ឲ្យដឹងថា រូប​គាត់​បាន​ផ្លាស់​ប្តូរជំនឿកាលពី​ឆ្នាំ​២០២១​ ហើយ​សព្វ​ថ្ងៃនេះ គាត់​បាន​ចូលរួម​ក្នុង​សកម្មភាព​ជាច្រើន​ជាមួយ​ព្រះសហគមន៍ ដើម្បី​បង្ហាញ​វត្ត​មាន​របស់​ព្រះជាម្ចាស់។ «ខ្ញុំ​ចែក​អំណរ​សប្បាយដល់​ក្មេងៗ ដល់​ចាស់​ជរា ដល់​មនុស្ស​ដទៃៗទៀតឲ្យស្គាល់​ពី​ព្រះជាម្ចាស់ ស្គាល់ពីដំណឹងល្អ ជួយទុក្ខធុរៈគ្នា ចេះ​ស្រឡាញ់​គ្នាទៅវិញទៅមក។»

អ្នកស្រី លន់ ស្រីពៅ ជា​បុគ្គលិក​តម្បាញ​របស់ព្រះសហគមន៍​ ដែល​ជា​បេក្ខជន​ម្នាក់ទៀត បាន​ឲ្យដឹងថា គាត់​សប្បាយចិត្ត​ដែលព្រះជាម្ចាស់​បានប្រទាន​អគ្គសញ្ញាលាប​ថ្ងាស​ ដល់​គាត់​​ថ្ងៃនេះ។ ស្រីពៅ​បន្ថែមថាជំនឿ​បានជួយ​ឲ្យគាត់​ធូរ​ស្រាល​ក្នុងចិត្ត​ពេល​មាន​ទុក្ខលំបាក​ ដោយគាត់​គ្រាន់តែ​អធិដ្ឋាន ធម៌​ឱព្រះបិតា​ គាត់​ក៏​សប្បាយចិត្ត​ឡើងវិញ។

លោក​កុល ជៀង ជា​គ្រីស្ត​បរិស័ទ​ដើម​ដំបូង បាន​និយាយ​ថា ដោយសារ​អំណោយទាន​ពី​ព្រះជាម្ចាស់ ព្រះសហគមន៍នៅទីនេះ​បាន​រីក​ចម្រើន​ឡើង​ពី​មួយឆ្នាំទៅមួយៗ ដោយ​ចាប់​ផ្តើម​ពី​ព្រះវិហារ​សន្តីម៉ារី​ញញឹម​-ចំការទៀង​ទៅកន្លែង​ផ្សេងៗទៀត ដែល​រហូត​មក​ដល់​ពេលនេះ មាន​៨កន្លែង​ហើយ។

ក្រោយពេល​ទទួលពិធី​ជ្រមុជទឹក​រួចក្នុង​ឆ្នាំ​១៩៩៨​ លោក​បាន​ប្រមែរ​ប្រមូល​ជំទង់​និង​កុមារ​មួយ​ក្រុម ឲ្យ​ចូលរួម​អធិដ្ឋាន និង​មាន​ការ​ការ​លើកទឹកចិត្ត និង​ការ​សួរ​សុខ​ទុក្ខ​ពី​លោកបូជាចារ្យ​នានា​មក​ដល់​កន្លែង​ដោយ​ផ្ទាល់ ទើប​ព្រះសហគមន៍​ក៏​លេច​ចេញ​ជា​រូប​រាង​បន្តិច​ម្តងៗ។ ហើយ​គ្រីស្ត​បរិស័ទ​ក៏​​ចាប់​ផ្តើម​ចេញទៅ​ប្រកាស​ដំណឹងល្អ​តាម​កន្លែង​នីមួយៗ ដោយ​មាន​សកម្មភាព​មនុស្ស​ធម៌ និង​ការ​អប់រំ​ជំនឿ។​

លោកអភិបាល​អូលីយ៉េ មាន​ប្រសាសន៍ប្រាប់​អ្នក​សារពត៌មាន​ដោយ​ផ្ទាល់​ថា ការ​ផ្តល់​ការងារ​ធ្វើ​ ដើម្បី​លើក​កម្ពស់​សេដ្ឋកិច្ច​ក្នុង​ក្រុម​គ្រួសារ​គ្រីស្ត​បរិស័ទ​ជា​រឿង​មួយ​សំខាន់ ដើម្បី​ឲ្យពួកគាត់​អាច​បន្ត​ការ​ប្រកាសដំណឹងល្អដល់​ប្រជាជន​ឯទៀតៗ និង​ដើម្បី​ឲ្យ​ជំនឿ​ចាក់​ឫស​ដល់​មនុស្ស​ជំនាន់​ក្រោយ។

ក្នុង​តំបន់​តាកែវ ជាពិសេស​នៅ​ចំការទៀង លោកអភិបាល​ព្រះសហគមន៍បាន​ខិត​ខំ​រៀបចំឲ្យ​មាន​សហគ្រិន​សង្គម ដែល​បានជួយ​ដល់​គ្រួសារ​គ្រីស្ត​បរិស័ទ​ ពុទ្ធបរិស័ទ ស្ត្រីមេម៉ាយ អ្នក​ផ្ទុក​មេរោគ​អេដស៍ ឲ្យ​មានការងារ​ធ្វើ​ច្បាស់​លាស់ ដែល​មាន​ដូចជា​តម្បាញ​សូត្រ ផលិតផល​ស្ករគ្រាប់ សិប្បកម្មដូង កន្លែង​ស្នាក់លំហែ។ ជាមួយគ្នានេះដែរ ក៏មាន​ក្រុម​សិល្បៈតន្ត្រី ក្រុម​បម្រើព្រះសហគមន៍និង​សង្គម ក្រុម​ពិធី​បុណ្យ និង​អប់រំ​ជំនឿ​ និងមាន​សាលា​រៀន​ពី​កម្រិត​មត្តេយ្យ​រហូតដល់​ឧត្តម​សិក្សា៕

ដោយ​កែ​វ កញ្ញា

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី

កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ

អបអរសាទរ សិស្សវិទ្យាល័យ សន្តហ្វ្រង់ស្វ័រ បច្ចេកទេសកម្រិត៣ ប្រឡងជាប់ ១០០%

ប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ចំនួន ៤១នាក់ បានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ មួយរយភាគរយ នាសម័យប្រឡងថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦ ក្នុងនោះមានស្រី ២០នាក់។បើតាមការឱ្យដឹងពី លោក យុន សំអាត នាយកសាលាខាងលើ បានរៀបរាប់ឱ្យដឹងថា លទ្ធផលប្រឡងបញ្ចប់ឆ្នាំសិក្សា និងប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត ៣ សម័យប្រឡងថ្ងៃទី២២

លោកឪពុក យ៉ូហាន អ៊ុន រំលឹកថា៖ «ព្រះយេស៊ូទាមទារចិត្តស្រឡាញ់ និងការចែករំលែកនូវអ្វីដែលយើងមាន»

ភ្នំពេញ៖ នៅក្នុងពិធីអភិបូជានាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅព្រះវិហារកាតូលិកសន្តសិលា និងសន្តប៉ូល លោកឪពុក យ៉ូហាន អ៊ុន សុន (Fr. Jean Un Son) បានលើកឡើងនូវសារអប់រំលត់ដំផ្លូវចិត្តយ៉ាងជ្រាលជ្រៅមួយដល់គ្រីស្ដបរិស័ទទាំងអស់ អំពីការស្វែងរក «អាហារផ្លូវព្រលឹង» និងការផ្លាស់ប្តូរជីវិតតាមរយៈការចែករំលែកសេចក្ដីស្រឡាញ់។ នៅក្នុងធម្មទេសនា លោកឪពុកបានគូសបញ្ជាក់ថា មនុស្សទូទៅតែងតែខិតខំប្រឹងប្រែងធ្វើការយ៉ាងលំបាក ដើម្បីស្វែងរកអាហារចិញ្ចឹមរូបរាងកាយ និងសុវត្ថិភាពផ្លូវកាយ ប៉ុន្តែច្រើនដង មនុស្សបានមើលរំលងភាពស្រេកឃ្លាននៃ

Subscribe to our newsletter

Don't miss new updates on your email