លោក​បូជាចារ្យ​ថ្មី ប្រាក់ ប៊ុន ហុង រំឭក​គ្រីស្ត​បរិស័ទ​អំពី​របៀប​ទទួល​ស្វាគមន៍

លោក​បូជាចារ្យ​ថ្មី ប្រាក់ ប៊ុន ហុង រំឭក​គ្រីស្ត​បរិស័ទ​អំពី​របៀប​ទទួល​ស្វាគមន៍​ព្រះជាម្ចាស់ និង​បងប្អូនឯទៀតៗ នៅក្នុង​អភិបូជាលើក​ទីមួយ​របស់​លោកនៅភ្នំពេញ​បន្ទាប់​ពី​ទទួលអគ្គសញ្ញា​តែង​តាំងជាបូជាចារ្យ ដែល​ត្រូវ​បាន​អញ្ជើញ​ដោយ​ព្រះសហគម​ន៍​មណ្ឌល​សកម្មភាព​ភ្នំពេញ​ខាង​ជើង ​នៅព្រះវិហារ​សន្ត​យ៉ូសែប​ផ្សារតូច​ នាព្រឹក​ថ្ងៃ​ទី​១៧ កក្កដា ២០២២ ។

លោកបូជាចារ្យប្រាក់​ ប៊ុនហុង មានប្រសាសន៍នៅក្នុងធម្មទេសនាថា លោក​សូម​អរគុណ​លោក​បូជាចារ្យ​ រឿង ឆ័ត្រសិរី ដែល​បាន​អញ្ជើញ​លោក​មក​ថ្វាយអភិបូជានៅទៅទីនេះ។

លោកបូជាចារ្យ​ថ្មី មាន​ប្រសាសន៍ថា កិច្ច​ស្វាគមន៍​ជា​រឿង​សំខាន់​សម្រាប់​គ្រីស្ត​បរិស័ទ ជាពិសេស​គឺ​ការ​ស្វាគមន៍​ព្រះជាម្ចាស់​ក្នុង​ជីវិត​របស់​យើង​ផ្ទាល់​ក្នុងការ​រស់នៅ​ប្រចាំ​ថ្ងៃ ដូច​នាង​ម៉ារី​និង​នាង​ម៉ាថា​ក្នុងអត្ថបទ​គម្ពីរ និង​ដូច​បុរស​សាសន៍​សាម៉ារី ដែល​បាន​ជួយ​បុរសម្នាក់ទៀត​ដែលត្រូវ​ចោរវាយ​ប្លន់​តាម​ផ្លូវ។

លោក​បូជាចារ្យ ហុង លើក​ឡើង​ផងដែរ​អំពី​គុណធម៌​នៃរបៀប​ស្វាគមន៍​របស់លោក​អប្រាំ​ជា​បិតា​នៃ​ជំនឿ​របស់​យើង គឺបង្ហាញអំពីធម៌មេត្តាករុណាដល់គេ ការ​គោរព​និង​ដឹង​គុណ​ចំពោះ​អ្នក​ដែល​ប្រព្រឹត្ត​សប្បុរស​មក​លើ​យើង ការ​តប​ស្នង​សង​គុណ និង​បង្ហា្ញ​ញវត្ត​មាន​របស់​ព្រះជាម្ចាស់​ដល់​អ្នក​ឯទៀតៗ។

លោក​ឪពុក​រូប​នេះ បាន​និយាយ​ទៀតថា ដំណាលនឹង​ការ​ស្វាគមន៍ យើង​ក៏​ត្រូវ​ចេះ​អរគុណ​ និង​ដឹងគុណ​ចំពោះ​អ្នកដែលមាន​ចិត្តសប្បុរសមក​លើ​យើង​ផងដែរ ដូចជា​ឪពុកម្ដាយដែលបានផ្ដល់កំណើត លោកគ្រូអ្នកគ្រូដែលបានផ្ដល់ចំណេះដឹង និងជនដែលបានឧបត្ថម្ភដល់យើង។ លោក​បន្ថែមថា ធ្វើដូច្នេះ យើងនឹងទៅជាបុត្រធីតារបស់ព្រះជាម្ចាស់ទៅជាប្រជារាស្ត្ររបស់ព្រះជាម្ចាស់។

មិន​តែ​ប៉ុណ្ណោះ យើងត្រូវ​អរព្រះគុណព្រះជាម្ចាស់និងបន្តអធិដ្ឋានសម្រាប់គ្នា​ទៅវិញ​ទៅមក។ ហើយ​ត្រូវ​ធ្វើអំពើល្អដោយមិនចង់បានផលតបស្នងពីគេវិញឡើយ។ គ្រប់ពេលវេលាយើងត្រៀមខ្លួនដើម្បីបង្ហាញឬសម្ដែងធម្មតាករុណារបស់ព្រះជាម្ចាស់ដល់អ្នកដទៃ។ នេះ​ជា​បញ្ជាក់បន្ថែម​របស់​លោក​បូជាចារ្យ​ប្រាក់​ ប៊ុន​ហុង។

លោក​បាន​រំលឹក​គ្រីស្ត​បរិស័ទ​ថា កិច្ច​ការ​បម្រើ​ព្រះជាម្ចាស់​គឺមាន​២ គឺស្ដាប់ព្រះបន្ទូលហើយ យកមកអនុវត្តក្នុងជីវិតដោយកិច្ចការបម្រើ។

នៅ​ក្នុង​អភិបូជានេះ​ លោក​បូជាចារ្យ​ថ្មី ប៊ុន​ហុង សូមអរគុណលោកឪពុកឆ័ត្រ ​សិរីដែលបានស្វាគមន៍លោក​យ៉ាងកក់ក្ដៅ និងចូលរួមជាមួយគ្នា ដើម្បីកោតសរសើរលើកតម្កើងព្រះជាម្ចាស់នៅក្នុងអភិបូជានេះ។

លោក​បូជាចារ្យ ប៊ុន​ហុង មាន​ប្រសាសន៍ថា «បទពិសោធន៍​ថ្មី​របស់​ខ្ញុំជាបូជាចារ្យ គឺ​​មាន​អំណរសប្បាយ​ដែល​បាន​ទៅជាបូជាចារ្យ។ នៅពេល​ក្លាយជាបូជាចារ្យ ខ្ញុំ​ផ្លាស់​ប្ដូរ ព្រោះ​បូជាចារ្យ​មិនមែនជាកម្មសិទ្ធិរបស់​នរណាម្នាក់ ប៉ុន្តែជាកម្មសិទ្ធិ​របស់ព្រះជាម្ចាស់ ជាកម្មសិទ្ធិ​របស់ព្រះសហគមន៍។ ដូច្នេះ​ខ្ញុំ​ផ្លាស់​ប្ដូរ​ខ្លួនឯងទៅជា​បុគ្គលព្រះជាម្ចាស់ បុគ្គល​ព្រះសហគមន៍ ឬអាចហៅ​បាន​ថា​បុគ្គលសាធារណៈ។»

លោក​បញ្ជាក់​ថា «ហេតុ​នេះ​គ្រប់ពេល​វេលា​ត្រូវ​ការ​ត្រៀម​ខ្លួន​បម្រើព្រះអង្គ ដោយ​មិនមែន​ដូចពីមុន​ដែល​មាន​ពេល​វេលា​សម្រាប់​ខ្លួនឯង សម្រាប់​គ្រួសារ តែ​សម្រាប់ព្រះសហគមន៍ សម្រាប់បងប្អូន។»​

សព្វ​ថ្ងៃនេះ លោក​បូជាចារ្យយ៉ូហាន​ បាទីស្ត​ ​ប្រាក់​ ប៊ុនហុង​ ជា​បូជាចារ្យ​ជំនួយ​នៅ​ព្រះសហគមន៍​រតនគិរី។ លោក​បន្ថែមថា «បេសកកម្ម​របស់​ខ្ញុំ​គឺចាំជួយ​បងប្អូន​តាមរយៈ​អគ្គសញ្ញានានា បម្រើ​ក្នុង​ការប្រកាស​ដំណឹង​នៅទីនោះ ដោយរស់នៅជាមួយ​លោក​បូជាចារ្យនិង​បងស្រី​នៅរតនគីរីដែរ។»

គោលដៅ​សំខាន់​ក្នុងជីវិត​ជា​បូជាចារ្យ​របស់​លោក​គឺ​ នាំ​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ជ្រួតជ្រាប​ដល់​អស់​បងប្អូន​៕

ដោយ​ដាលីស

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី

កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ

អបអរសាទរ សិស្សវិទ្យាល័យ សន្តហ្វ្រង់ស្វ័រ បច្ចេកទេសកម្រិត៣ ប្រឡងជាប់ ១០០%

ប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ចំនួន ៤១នាក់ បានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ មួយរយភាគរយ នាសម័យប្រឡងថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦ ក្នុងនោះមានស្រី ២០នាក់។បើតាមការឱ្យដឹងពី លោក យុន សំអាត នាយកសាលាខាងលើ បានរៀបរាប់ឱ្យដឹងថា លទ្ធផលប្រឡងបញ្ចប់ឆ្នាំសិក្សា និងប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត ៣ សម័យប្រឡងថ្ងៃទី២២

លោកឪពុក យ៉ូហាន អ៊ុន រំលឹកថា៖ «ព្រះយេស៊ូទាមទារចិត្តស្រឡាញ់ និងការចែករំលែកនូវអ្វីដែលយើងមាន»

ភ្នំពេញ៖ នៅក្នុងពិធីអភិបូជានាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅព្រះវិហារកាតូលិកសន្តសិលា និងសន្តប៉ូល លោកឪពុក យ៉ូហាន អ៊ុន សុន (Fr. Jean Un Son) បានលើកឡើងនូវសារអប់រំលត់ដំផ្លូវចិត្តយ៉ាងជ្រាលជ្រៅមួយដល់គ្រីស្ដបរិស័ទទាំងអស់ អំពីការស្វែងរក «អាហារផ្លូវព្រលឹង» និងការផ្លាស់ប្តូរជីវិតតាមរយៈការចែករំលែកសេចក្ដីស្រឡាញ់។ នៅក្នុងធម្មទេសនា លោកឪពុកបានគូសបញ្ជាក់ថា មនុស្សទូទៅតែងតែខិតខំប្រឹងប្រែងធ្វើការយ៉ាងលំបាក ដើម្បីស្វែងរកអាហារចិញ្ចឹមរូបរាងកាយ និងសុវត្ថិភាពផ្លូវកាយ ប៉ុន្តែច្រើនដង មនុស្សបានមើលរំលងភាពស្រេកឃ្លាននៃ

Subscribe to our newsletter

Don't miss new updates on your email