អគ្គសញ្ញា​ជ្រមុជទឹក​និង​លាប​ថ្ងាស​ក្នុង​ថ្ងៃតែមួយ

បេក្ខជន​ចំនួន​៤​រូប​ បាន​សុំ​ព្រះសហគមន៍​ទទួល​អគ្គ​សញ្ញា​ជ្រមុជទឹក និង​លាប​ថ្ងាស​ក្នុង​ថ្ងៃ​តែ​មួយ ដើម្បី​ក្លាយជា​គ្រីស្ត​បរិស័ទ​កាតូលិក កាលពី​ពេល​ថ្មីៗនេះ នៅ​ព្រះវិហារ​សន្ត​សិលា និង​សន្តប៉ូល​ នារាជធានីភ្នំពេញ។

«នាងខ្ញុំបានទទួលពិធីជ្រមុជទឹក ក្នុងថ្ងៃនេះ គឺដោយសារតែនាងខ្ញុំទទួលការជឿលើព្រះយេស៊ូ។» នេះ​ជា​ការ​លើក​ឡើង​របស់​វេរ៉ូនីកា សួន ស្រីនិ មកពីព្រះសហគមន៍ សន្តសិលា និងសន្តប៉ូល។

ស្រីនិ​បន្តថា នាង​បាន​រួម​ដំណើរ​ជាមួ​យ​ព្រះសហគមន៍​ក្នុង​រយៈ​ពេល៧ឆ្នាំ​មក​​ហើយ  ទើប​សម្រេចចិត្ត​ទទួល​អគ្គសញ្ញាជ្រមុជទឹក។ យុវតីរូប​នេះ​ឲ្យដឹងថា ពេល​ជ្រមុជទឹក​ហើយ នាង​គឺជា​បុត្រធីតា​របស់​ព្រះជាម្ចាស់ និង​មាន​តួនាទី​សំខាន់ គឺ​ត្រូវ​ប្រកាស​ដំណឹងល្អ​និងដើររតាមព្រះជាម្ចាស់។

«ព្រះអង្គគឺជាព្រះតែមួយគត់ដែលរំដោះយើង​ចេញអំពីបាប។» ស្រីនិបញ្ជាក់។

យុវតី​រូប​នេះ​បន្ថែមថា «នៅថ្ងៃអនាគតនាងខ្ញុំនឹងធ្វើជាគ្រីស្តបរិស័ទគម្រូ ដោយប្រកាសដំណឹងល្អ នឹងសម្ដែង​ធម៌មេត្តាករុណាដោយជួយបងប្អូនដែលជាជនក្រីក្រ។»

ហ្វ្រង់ស៊ីស្កូ​ សាវីយ៉េ នឿង វ៉ៃ​ ជាបេក្ខជនម្នាក់ទៀត និយាយថា ទម្រាំតែបានទទួលអគ្គសញ្ញាជ្រមុជទឹក «ខ្ញុំបាទបានតាំងចិត្តថា នឹងបន្តអប់រំជំនឿ បន្តអធិដ្ឋាន ស្ដាប់ព្រះបន្ទូល ដើម្បីក្លាយជាគ្រីស្តបរិស័ទម្នាក់ដ៏ល្អ​ ជាគម្រូដល់ប្អូនដែលកំពុងតែឈ្វេងយល់នៅជំនាន់ក្រោយផងដែរ ។»

នឿង វ៉ៃ បាន​តាំង​ចិត្ត​នាំ​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ទៅដល់​អ្នក​ឯទៀតៗ​តាមរយៈ​កម្មវិធី​អប់រំ​ជំនឿ​របស់​ព្រះសហគមន៍។ «ខ្ញុំនឹងធ្វើជាគ្រូអប់រំជំនឿ… ចែករំលែកសេចក្ដីស្រលាញ់ មានចិត្តសប្បុរស បម្រើអ្នកដទៃ ដើម្បី​បញ្ជាក់ពីវត្តមានរបស់ព្រះជាម្ចាស់ ថាទ្រង់ពិតជាគង់នៅជាមួយយើងជានិច្ច។»

ពិធី​ជ្រមុជទឹកនិង​លាប​ថ្ងាស​ ប្រព្រឹត្ត​ទៅ​ក្រោម​អធីបតីភាព​របស់​លោក​បូជាចារ្យ សិលា សួន ហង្សលី កាលពីថ្ងៃទី​១៧ ខែ​កក្កដា ឆ្នាំ​២០២២ នៅ​ព្រះវិហារ​សន្ត​សិលា និង​សន្ត​ប៉ូល។

ក្នុងធម្មទេសនាលោកបូជាចារ្យ​ហង្សលី មានប្រសាសន៍ថា ក្នុងជីវិត​ជា​គ្រីស្ត​បរិស័ទ​ មាន​កិច្ច​ការ​២​ដែល​យើង​ត្រូវ​ធ្វើ​ គឺ​ធ្វើកិច្ចការ​ច្រើន​ដូច​នាង​ម៉ាថា​ និង​ស្តាប់​ព្រះបន្ទូល​ដូច​នាង​ម៉ារី​ដែល​មាន​នៅ​ក្នុង​គម្ពីរ​សម្រាប់​ថ្ងៃនេះ (លក១០,៤១-៤២)។

លោក​បូជាចារ្យ សិលា សួន ហង្សលី មាន​ប្រសាសន៍ទៅកាន់​បេក្ខជន​ទាំង​៤​រូប ឲ្យខិត​ខំ​ព្យាយាមស្ដាប់ព្រះបន្ទូលរបស់​ព្រះយេស៊ូគ្រីស្ត ដើម្បីអោយព្រះបន្ទូលជ្រួតជ្រាបនៅក្នុងចិត្តដេល​នាំ​ឲ្យ​អាចបង្កើតជាផលផ្លែចេញមកតាមរយៈការស្ដាប់នេះ។

លោក​បន្ថែម​ថា ត្រូវ​រៀន​ទទួល​ព្រះយេស៊ូ​ក្នុង​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ ដោយ​ទទួលបងប្អូនឯទៀតៗ ជាពិសេស​រងទុក្ខលំបាក ក្រីក្រ និង​អ្នក​ត្រូវការ​ជំនួយ ដោយ​ត្រូវ​នឹក​ចាំ​អំពី ព្រះបន្ទូល​របស់​ព្រះអង្គ​ដែល​ថា «គ្រប់ពេលដែលបងប្អូនបានប្រព្រឹត្តអំពើតូចតាចណាមួយចំពោះ នរណាម្នាក់ ដូចបានប្រព្រឹត្តចំពោះខ្ញុំដែរ។»

លោក​បាន​បញ្ជាក់ថា  នៅពេលដែលយើងទទួល ពិធីជ្រមុជទឹក គឺបានរួមស្លាប់រួមរស់ជាមួយព្រះយេស៊ូ ហើយយើងបានឈ្វេងយល់ជាមួយគ្នា នូវសេចក្ដីពិតនឹងណែនាំឲ្យ​យើងរួចពីអំពើបាប។ យើងទទួលជីវិតថ្មី ទទួលព្រះជន្មផ្ទាល់របស់ព្រះអង្គ។

តាម​កម្មវិធី​អប់រំជំនឿ​របស់​ព្រះសហគមន៍កាតូលិក អស់​អ្នក​ដែល​ទទួល​អគ្គសញ្ញា​ជ្រមុជទឹក និង​លាប​ថ្ងាស ចាំបាច់​ត្រូវ​មាន​បងធម៌នៃ​ជំនឿ​មក​ជាមួយ​ ដែល​ជា​អ្នក​ណែនាំ​ប្អូន​ធម៌​ឲ្យ​យល់​ដឹង​កាន់​តែ​ច្រើន​អំពី​ព្រះជាម្ចាស់។

តេរេសា ជិន សុភាព ជាបងធម៌របស់បេក្ខជនក្នុង​ថ្ងៃនេះ​ឲ្យដឹងថា ក្នុងនាមជាបងធម៌ គាត់​ត្រូវ​ តែបន្តអធិដ្ឋានសម្រាប់ប្អូនៗដែល​ទទួលអគ្គសញ្ញាជ្រមុជទឹក និងអគ្គសញ្ញាលាបថ្ងាសនៅថ្ងៃនេះ ដើម្បីក្លាយ​ជា​​គ្រីស្តបរិស័ទថ្មី​ដែលមានកម្លាំងមាំមួន ក្នុងដំណើរបេសកម្ម​ថ្មីដែលបានទទួលពីព្រះយេស៊ូ​តាម​រយៈព្រះសហគមន៍។

សុភាពបញ្ជាក់ទៀត​ថា ជា​គ្រីស្តបរិស័ទ​គឺ​មាន​មុខងារ​ប្រកាស​ព្រះបន្ទូល បម្រើ​ព្រះបន្ទូល​ដោយ​បម្រើ​បងប្អូន និង​ណែនាំ​បងប្អូន​ឲ្យ​ឲ្យ​មាន​អំណរ​សប្បាយ​ក្នុងជីវិត។ ហើយ​ការ​រស់នៅ​ជាគ្រីស្ត​បរិស័ទ​គឺ​ត្រូវ​តែ​​យកចិត្តទុកដាក់អធិដ្ឋានជារៀងរាល់ថ្ងៃ ដើម្បីទទួល​ព្រះពរ​ពី​ព្រះជាម្ចាស់។

សព្វថ្ងៃនេះព្រះវិហារសន្តសិលានិងសន្តប៉ូល ភ្នំពេញថ្មី មានបងប្អូនចំនួន១០ក្រុមដែលមកទទួលការ អប់រំជំនឿ សិក្សាឈ្វេងយល់អំពីព្រះគ្រីស្តជាមួយលោកគ្រូអ្នកគ្រូចំនួន១៨នាក់រៀងរាល់ព្រឹកថ្ងៃអាទិត្យ មុនចាប់ផ្ដើមអភិបូជាផងដែរ ៕

ដោយ​៖ ចាន់ ម៉ានុត

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី

កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ

អបអរសាទរ សិស្សវិទ្យាល័យ សន្តហ្វ្រង់ស្វ័រ បច្ចេកទេសកម្រិត៣ ប្រឡងជាប់ ១០០%

ប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ចំនួន ៤១នាក់ បានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ មួយរយភាគរយ នាសម័យប្រឡងថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦ ក្នុងនោះមានស្រី ២០នាក់។បើតាមការឱ្យដឹងពី លោក យុន សំអាត នាយកសាលាខាងលើ បានរៀបរាប់ឱ្យដឹងថា លទ្ធផលប្រឡងបញ្ចប់ឆ្នាំសិក្សា និងប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត ៣ សម័យប្រឡងថ្ងៃទី២២

លោកឪពុក យ៉ូហាន អ៊ុន រំលឹកថា៖ «ព្រះយេស៊ូទាមទារចិត្តស្រឡាញ់ និងការចែករំលែកនូវអ្វីដែលយើងមាន»

ភ្នំពេញ៖ នៅក្នុងពិធីអភិបូជានាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅព្រះវិហារកាតូលិកសន្តសិលា និងសន្តប៉ូល លោកឪពុក យ៉ូហាន អ៊ុន សុន (Fr. Jean Un Son) បានលើកឡើងនូវសារអប់រំលត់ដំផ្លូវចិត្តយ៉ាងជ្រាលជ្រៅមួយដល់គ្រីស្ដបរិស័ទទាំងអស់ អំពីការស្វែងរក «អាហារផ្លូវព្រលឹង» និងការផ្លាស់ប្តូរជីវិតតាមរយៈការចែករំលែកសេចក្ដីស្រឡាញ់។ នៅក្នុងធម្មទេសនា លោកឪពុកបានគូសបញ្ជាក់ថា មនុស្សទូទៅតែងតែខិតខំប្រឹងប្រែងធ្វើការយ៉ាងលំបាក ដើម្បីស្វែងរកអាហារចិញ្ចឹមរូបរាងកាយ និងសុវត្ថិភាពផ្លូវកាយ ប៉ុន្តែច្រើនដង មនុស្សបានមើលរំលងភាពស្រេកឃ្លាននៃ

Subscribe to our newsletter

Don't miss new updates on your email