កំពង់ចាម ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២
“កិច្ចការលោកបូជាចារ្យ”
អត្ថបទទី១៖ កិច្ចការ ១២,១-១១មានពន្លឺភ្លឺក្នុងទីឃុំឃាំង។ កក ១២,៧អត្ថបទទី២៖ ធីម៉ូថេទី២ ៤,៦-៨.១៧-១៨មានតែព្រះអម្ចាស់ប៉ុណ្ណោះដែលបានគាំទ្រ និងប្រទានឲ្យខ្ញុំមានកម្លាំង។ ២ធម ៤,១៧ដំណឹងល្អ៖ ម៉ាថាយ ១៦,១៣-១៩នៅលើផ្ទាំងសិលានេះ ខ្ញុំនឹងសង់ព្រះសហគមន៍របស់ខ្ញុំ។ មថ ១៦,១៨ |
បងប្អូនជាទីស្រឡាញ់
ថ្ងៃនេះ ជាពេលវេលាដើម្បីអរព្រះគុណព្រះជាម្ចាស់ នៅពេលយើងមើលឃើញព្រះសហគមន៍កាតូលិកកម្ពុជា ដែលជួបជុំគ្នាដូចថ្ងៃនេះ។ រួមជាមួយលោកគីកេ រួមជាមួយអាល់ប៊ែតូ តំណាងលោកប្រុយណូ រួមជាមួយលោកឪពុក បងប្រុសបងស្រី គ្រីស្តបរិស័ទដែលមកពីគ្រប់ទីកន្លែង ដើម្បីមកដល់ប៊ូស្រា ដែលជាកន្លែងដាច់ស្រយាលនៃផែនដីពិតមែន។ ប្រសិនបើយើងនឹកឃើញ ជាង២០ឆ្នាំមុននៅពេលឪពុករបស់ហុងបានមកវិញ និងទទួលពិធីជ្រមុជទឹកពីលោកឪពុកម៉ូរីសូ ដែលជាសាសនទូត MEP។ នៅពេលនោះទីនេះនៅក្នុងព្រៃ មិនទាន់មានផ្លូវស្អាត មិនទាន់មានភ្លើងប្រើទេ ខ្ញុំបានមកដល់ប៊ូស្រាលើកទីមួយនៅឆ្នាំ២០០០ ណែនាំឱ្យខ្ញុំគិតថាប្រហែលជីវិតរបស់ខ្ញុំចប់នៅត្រឹមនេះហើយ ដោយសារផ្លូវពិបាកពេក។ ប៉ុន្តែ ខ្ញុំបាននឹកឃើញពេលព្រះយេស៊ូមានព្រះបន្ទូលថា “សូមទៅប្រកាសដំណឹងល្អរហូតដល់ដាច់ស្រយាលនៃផែនដី ដោយធ្វើពិធីជ្រមុជទឹកដោយនាមព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ”។
ពេលយើងមកដល់ថ្ងៃនេះ យើងមានព្រះវិហារសន្តយ៉ូហានបាទីស្តដ៏ស្អាតនិងធំទូលាយនៅប៊ូស្រានេះ។ លោកឪពុក ហ្វ្រង់ស្វ័រអេមេស្ដាល់ អាចផ្តល់សក្ខីភាពមានប៉ុន្មានជំនាន់ដែលបានទទួលពិធីជ្រមុជទឹកនៅទីនេះ។ នៅពេលយើងហែតាមផ្លូវស្ងាត់ ដោយសារបងប្អូនជាគ្រីស្តបរិស័ទទាំងអស់ចូលព្រះវិហារអស់ហើយ។ ដូច្នេះ ការប្រកាសដំណឹងល្អដល់ទីដាច់ស្រយាលនៃផែនដី ទៅជាសេចក្តីពិតយ៉ាងជាក់ស្តែងសម្រាប់យើងនៅថ្ងៃនេះ។ ថ្ងៃនេះ យើងមានលោកឪពុកម្នាក់ដែលចេញពីភូមិប៊ូស្រា ឈ្មោះយ៉ូហានបាទីស្តដូចឈ្មោះព្រះវិហារដែរ។ ប្រហែលឪពុកម្តាយ នៅពេលកូនទទួលពិធីជ្រមុជទឹកបានជ្រើសរើសឈ្មោះយ៉ូហានបាទីស្តដាក់ឱ្យ ដោយនឹកឃើញដល់គម្ពីរដំណឹងល្អនៅពេលយ៉ូហានបាទីស្តបានកើត ឪពុកម្តាយនិងបងប្អូនជិតខាងបានសួរថា តើកូននេះនៅថ្ងៃអនាគតទៅជាកូនដូចម្តេច? ប្រហែលឪពុកម្តាយបានសួរខ្លួនឯងដែរ តើកូននេះនៅថ្ងៃអនាគតទៅជាយ៉ាងណា? នៅក្នុងចំណោមបងប្អូនបង្កើត៧នាក់ យើងឃើញយ៉ូហានបាទីស្តហុង ថ្ងៃនេះបានបូជាជីវិត លះបង់ចោល ដើម្បីទៅជាបូជាចារ្យមួយរូប នៅក្នុងព្រះសហគមន៍កាតូលិកកម្ពុជា។ អស់ពីដួងចិត្ត យើងអរព្រះគុណព្រះជាម្ចាស់ យើងសូមស្វាគមន៍លោកឪពុកថ្មីយ៉ាងឱឡារិកនៅក្នុងអំណរសប្បាយ។
អគ្គសញ្ញាតែងតាំងបូជាចារ្យ នៅក្នុងប្រទេសកម្ពុជាយើងមិនសូវមានប៉ុន្មានទេ ប៉ុន្តែរាល់ដងនៅពេលបានស្តាប់សក្ខីភាពហើយ ខ្ញុំបានអាន “ដោយព្រះយេស៊ូគ្រីស្តជាអម្ចាស់ជួយគាំទ្រ យើងសូមជ្រើសរើសលោកឧបដ្ឋាកឱ្យធ្វើជាបូជាចារ្យ”។ គ្រប់ពេលវេលាខ្ញុំអានហើយ ខ្ញុំរំភើបណាស់ ដោយសារនេះមិនមែនជាការត្រាស់ហៅដែលមកពីមនុស្សយើង គឺជាការត្រាស់ហៅដែលមកពីព្រះជាម្ចាស់ផ្ទាល់នៅក្នុងនាមព្រះសហគមន៍។ នៅពេលលោកនាយកទេវវិទ្យាល័យ បានបង្ហាញហុង បានធ្វើដំណើរជាមួយហុង បានធ្វើដំណើរជាមួយនិស្សិតទេវវិទ្យាល័យរបស់យើង ដើម្បីពិនិត្យមើល ដើម្បីពិចារណា។ មិនមែនពិនិត្យមើលដើម្បីកាត់ក្តីវិនិច្ឆ័យ ប៉ុន្តែពិនិត្យមើលដើម្បីមើលឃើញ តើយុវជននេះមានសមត្ថភាព ក្នុងការឆ្លើយតបការត្រាស់ហៅរបស់ព្រះជាម្ចាស់ ដោយធ្វើជាបូជាចារ្យអស់មួយជីវិតឬទេ?
នៅថ្ងៃដែលយើងជ្រើសរើសសន្តសិលានិងសន្តប៉ូល យើងចូលនៅក្នុងជីវិតនៃព្រះសហគមន៍របស់យើង។ សន្តសិលា និងសន្តប៉ូល ជាគ្រីស្តទូតដំបូង សន្តសិលាជាអ្នកដែលការពារជំនឿ ធ្វើការជាមួយគ្រីស្តបរិស័ទដែលចេញពីសាសនាយូដា។ សន្តប៉ូល ជាអ្នកចេញធ្វើដំណើរទៅឆ្ងាយដើម្បីប្រកាសដំណឹងល្អដល់គ្រីស្តបរិស័ទថ្មីៗដែលចេញពីសាសនាដទៃ។ ប៉ុន្តែ ទាំងពីរនាក់ជាគំរូដ៏ពិសេសបំផុតដែលយើងអធិដ្ឋាន យើងនឹករលឹកនៅថ្ងៃនេះយ៉ាងឱឡារិកបំផុត ដោយសារទាំងពីរនាក់គេបានធ្វើតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ដូចយើងបានស្តាប់នៅក្នុងអត្ថបទទី១ នៅពេលលោកសិលាជាប់គុក ទោះបីជាប់គុកនៅពេលទេវទូតមកប្រាប់គាត់ថា “សុំក្រវ៉ាត់ចង្កេះហើយពាក់ស្បែកជើងទៅ” លោកបានធ្វើតាម ទោះបីប្លែកតែលោកធ្វើតាម។ ខ្ញុំជឿថា នៅក្នុងប្រវត្តិសាស្ត្រនៃជីវិតហុង ក៏មានសញ្ញាប្លែកៗយ៉ាងច្រើន ប៉ុន្តែដោយសារហុងបានធ្វើតាម ថ្ងៃនេះហុងអាចឆ្លើយតបដល់ព្រះជាម្ចាស់ “គឺខ្ញុំនេះហើយ”។ សម្រាប់យើងក៏ដូចគ្នាដែរ យើងមានសញ្ញាជាច្រើននៅក្នុងជីវិតរបស់យើងដែលប្លែកៗ ព្រះវិញ្ញាណដ៏វិសុទ្ធមានផ្លូវខុសពីអ្វីដែលយើងទន្ទឹងរង់ចាំពីមួយថ្ងៃទៅមួយថ្ងៃ។ ប៉ុន្តែយើងដឹងថា យើងធ្វើតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ជានិច្ច។
យើងធ្វើតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ដើម្បីធ្វើអ្វី? គឺដើម្បីប្រកាសដំណឹងល្អ ដូចយើងបានស្តាប់នៅក្នុងគម្ពីរដំណឹងល្អ លោកសិលាបានប្រកាសយ៉ាងច្បាស់លាស់ “លោកជាព្រះគ្រីស្ត ជាព្រះបុត្រារបស់ព្រះជាម្ចាស់ដ៏មានព្រះជន្មគង់នៅ”។ នេះជាជំនឿដំបូង ដែលគាត់ហ៊ានប្រកាសយ៉ាងឱឡារិកនៅមុខគ្រីស្តទូតទាំងអស់។ ណែនាំឱ្យយើងថ្ងៃនេះ យើងជួបជុំគ្នានៅក្នុងព្រះវិហារសន្តយ៉ូហានបាទីស្តប៊ូស្រា ណែនាំឱ្យថ្ងៃនេះយ៉ូហានបាទីស្តហុង អាចឆ្លើយតបនឹងការត្រាស់ហៅរបស់ព្រះជាម្ចាស់ ដើម្បីធ្វើជាអ្នកបម្រើអស់មួយជីវិត។ ដោយសារសន្តសិលា បានប្រកាសជំនឿ និងបានអនុវត្តការប្រកាសជំនឿហ្នឹង ដើម្បីណែនាំឱ្យព្រះរាជ្យរបស់ព្រះជាម្ចាស់មកដល់នៅលើផែនដីនេះ។ នេះជាតួនាទី និងបេសកកម្មដែលយើងទទួលគឺប្រកាសដំណឹងល្អ។ ប៉ុន្តែ យើងប្រកាសដំណឹងល្អដើម្បីណែនាំឱ្យបងប្អូន ក៏ដូចជាយើងផ្ទាល់អាចរកឃើញការសង្រ្គោះ ដើម្បីណែនាំឱ្យយើងធ្វើដំណើរដល់ការសង្រ្គោះ។ ការសង្រ្គោះជាផ្លូវចុងក្រោយនៃជីវិតរបស់យើង ប៉ុន្តែយើងចាប់ផ្តើមរៀបចំនៅពេលហ្នឹង ដើម្បីឱ្យជីវិតរបស់យើងអាចទៅជាជីវិតស្ថិតស្ថេរអស់កល្បជានិច្ចនៅជាមួយព្រះជាម្ចាស់។
ដូចលោកប៉ូល “ខ្ញុំបានរត់ដល់ទីដៅ ហើយខ្ញុំនៅតែកាន់ជំនឿជាប់ដដែល” ខ្ញុំបានរកឃើញទីដៅរបស់ខ្ញុំ គឺព្រះរាជ្យរបស់ព្រះជាម្ចាស់និងជីវិតអស់កល្បជានិច្ច។ ទោះបីជាគេចោលខ្ញុំ ទោះបីគេមិនស្តាប់ខ្ញុំ ទោះបីគេមិនរវីរវល់នឹងខ្ញុំ ប៉ុន្តែខ្ញុំបានរត់រហូតដល់ចុងក្រោយ ហើយខ្ញុំបានថែរក្សាជំនឿរបស់ខ្ញុំដដែល។ ចាប់ពីពេលនេះតទៅជីវិតរបស់យើង យើងមិនដឹងទេ ប៉ុន្តែអ្វីដែលយើងដឹង គឺមានវត្តមានរបស់ព្រះជាម្ចាស់ដែលបានជ្រើសរើស និងថ្ងៃនេះដែលបានតែងតាំង។ ដូច្នេះ អាចសួរថា តើលោកបូជាចារ្យមានបេសកកម្មនិងតួនាទីធ្វើអ្វី? ខ្ញុំគិតថាសំណួរនេះខុស ដោយសារបូជាចារ្យឥតមានបេសកកម្មទេ បូជាចារ្យឥតមានតួនាទីទេ គឺជីវិតរបស់យើងទៅជាជីវិតបូជាចារ្យ។ ពេលយើងនិយាយអំពីបេសកកម្មឬតួនាទីគឺធ្វើតែមួយរយៈពេល ប៉ុន្តែនៅក្នុងអគ្គសញ្ញាតែងតាំងជាបូជាចារ្យខ្លួនឯងផ្ទាល់នឹងប្រែប្រួល និងជាប់ជាមួយព្រះជាម្ចាស់នៅក្នុងអគ្គសញ្ញានេះអស់មួយជីវិត។
ថ្ងៃនេះ យើងលែងនិយាយអំពីបេសកកម្ម អំពីតួនាទី ទោះបីយើងអនុវត្តនៅព្រះសហគមន៍ណាមួយពិតមែន។ ប៉ុន្តែ ជាជីវិតផ្ទាល់ខ្លួនដែលទៅជាជីវិតថ្មី ទោះបីយើងជានិស្សិតទេវវិទ្យាល័យយ៉ាងណា យើងទៅជាបូជាចារ្យយ៉ាងនោះ តែយើងអាចកែបន្តិចម្តងៗ។ ថ្ងៃនេះ យើងស្តាប់នៅក្នុងពាក្យសន្យាដែលហុងនឹងប្រកាសយ៉ាងឱឡារិក គឺមុនគេបង្អស់ចូលរួមនៅក្នុងក្រុមបូជាចារ្យ ជាក្រុមបងប្អូនថ្មី។ ព្រះជាម្ចាស់បានជ្រើសរើស ដើម្បីញែកពីលោកីយ៍ចូលនៅក្នុងជីវិតរបស់ព្រះជាម្ចាស់ និងចូលនៅក្នុងក្រុមបូជាចារ្យ វត្តមានរបស់លោកឪពុកថ្ងៃនេះសំខាន់ណាស់។ សម្រាប់យើងដែលជាក្រុមបូជាចារ្យ យើងត្រូវការស្វាគមន៍ហុង ស្រឡាញ់ហុង លើកទឹកចិត្តហុង ធ្វើជាបងរបស់គាត់ ធ្វើជាគំរូនៅក្នុងភាតរភាព ដើម្បីឱ្យគាត់ធ្វើដំណើរនៅក្នុងគ្រប់កាលៈទេសៈនៃជីវិត។ ពេលគាត់ធ្លាក់ ពេលគាត់ដួល សូមឱ្យមានលោកដែលនៅដើម្បីចាប់ដៃ កុំគិតថានេះជារឿងគាត់ជាមួយព្រះជាម្ចាស់តែប៉ុណ្ណឹង យើងជាគ្រួសារមួយយ៉ាងពិសេសបំផុត។
គ្រួសារនេះ ដែលជាប់នៅថ្ងៃនេះជាគ្រួសារដែលត្រូវការដឹងអំពីតួនាទីរបស់យើង យើងទៅជាគំរូ។ ដោយសារ យើងត្រូវការនឹកឃើញជានិច្ច នៅពេលព្រះយេស៊ូអធិដ្ឋាននៅក្នុងយ៉ូហានទី១៧ ការអធិដ្ឋានរបស់ព្រះយេស៊ូជាមហាបូជាចារ្យ ឱ្យគេទៅជាធ្លុងតែមួយ “ដូចយើងជាព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ យើងជាអង្គតែមួយ”។ នេះជាសក្ខីភាពយ៉ាងពិសេស ដែលយើងអាចផ្តល់ដល់បងប្អូនរបស់យើងទាំងអស់ ក្រុមបូជាចារ្យដែលធ្វើដំណើរជាមួយគ្នា ខុសៗគ្នាមែនប៉ុន្តែធ្វើដំណើរជាមួយគ្នានៅក្នុងអំណរសប្បាយ។
ទី២ បម្រើព្រះបន្ទូលដោយចិត្តស្មោះ និងប្រកាសដំណឹងល្អហ្នឹង ដោយសារប្រសិនបើគ្មាននរណាដែលប្រកាស គេធ្វើដូចម្តេចដើម្បីស្តាប់ដំណឹងល្អនោះ។ ប្រសិនបើ គ្មាននរណាដែលអានព្រះបន្ទូលឱ្យគេលឺ ធ្វើដូចម្តេចដើម្បីឱ្យគេស្គាល់ជីវិតដ៏អស្ចារ្យដែលព្រះជាម្ចាស់បានរៀបចំ។ ដូច្នេះ ឱ្យយើងភ្ជាប់ជាមួយព្រះបន្ទូល ដើម្បីឱ្យព្រះបន្ទូលសូនខ្លួនឯងពីមួយថ្ងៃទៅមួយថ្ងៃ ដើម្បីទៅជាសាវ័ករបស់ព្រះគ្រីស្តដ៏ពិតប្រាកដ ទៅជាគ្រីស្តទូតរបស់ព្រះគ្រីស្ត ទៅជាព្រះគ្រីស្តមួយទៀត។
ទី៣ ប្រារព្ធអគ្គសញ្ញាអរព្រះគុណនិងលើកលែងទោស ដើម្បីណែនាំឱ្យបងប្អូនរបស់យើងទៅជាប្រជារាស្ត្រដ៏វិសុទ្ធរបស់ព្រះជាម្ចាស់។ កុំឱ្យយើងគិតថា អគ្គសញ្ញាជារឿងមួយដែលយើងត្រូវការធ្វើមួយភ្លេតៗក្រោយមកយើងរវល់នេះរវល់នោះ។ អគ្គសញ្ញាព្រះកាយព្រះគ្រីស្ត អគ្គសញ្ញាលើកលែងទោស អគ្គសញ្ញាអ្នកជំងឺ គឺណែនាំឱ្យជីវិតរបស់ព្រះជាម្ចាស់ចូលនៅក្នុងជីវិតរបស់បងប្អូនយើង។ បន្តិចទៀត នៅពេលខ្ញុំប្រគល់ពែងកាលីស និងនំបុ័ង ខ្ញុំនឹងអានថា “ចូរទទួលដង្វាយពីប្រជារាស្ត្រដ៏វិសុទ្ធ ដើម្បីយកទៅថ្វាយព្រះជាម្ចាស់ ចូរចាប់អារម្មណ៍នឹងអត្ថន័យនៃអភិបូជា ចូររស់នៅឱ្យបានស្របតាមសក្ការៈបូជាដែលប្អូននឹងថ្វាយ ហើយចូរយកតម្រាប់តាមព្រះគ្រីស្តដែលបានបូជាព្រះជន្មនៅលើឈើឆ្កាង”។ កុំភ្លេចនៅពេលអភិបូជា យើងធ្វើដូចបងស្រីមេត្តាករុណាបានបិទនៅគ្រប់បន្ទប់អធិដ្ឋាន ពាក្យរបស់អ្នកម្តាយតេរេសាថា “ថ្ងៃនេះ ខ្ញុំថ្វាយអភិបូជាទីមួយរបស់ខ្ញុំ អភិបូជាចុងក្រោយរបស់ខ្ញុំ អភិបូជាមហាកំពូលរបស់ខ្ញុំ”។ នេះណែនាំឱ្យយើងមានអារម្មណ៍ថ្មី ជាមូលហេតុយ៉ូហាន ម៉ារី វីយ៉ាណេ គាត់ទៅជាភួយនៅពេលគាត់ថ្វាយអភិបូជា។ ដោយសារ គាត់នឹកឃើញអាថ៌កំបាំងនៃសក្ការៈបូជា ដែលគាត់អាចធ្វើបាននៅក្នុងដៃរបស់គាត់ “នេះជាព្រះកាយព្រះគ្រីស្ត នេះជាព្រះលោហិតព្រះគ្រីស្ត”។
ក្រោយមក ព្រះយេស៊ូណែនាំឱ្យអធិដ្ឋានភ្ជាប់ជាមួយព្រះជាម្ចាស់ដោយសារ មូលដ្ឋាននៃជីវិតរបស់យើងគឺព្រះជាម្ចាស់។ លោកប៉ូល ទោះបីគេស្អប់គាត់ គេចោលគាត់ គេមើលងាយគាត់ ប្រហែលគាត់បានអធិដ្ឋាន គាត់បានរត់ដល់ទីដៅរបស់គាត់ទាំងមិនបាត់បង់ជំនឿ។ យើងឡើងពីមូលដ្ឋានរហូតដល់មហាកំពូល មហាកំពូលនៃពាក្យសន្យារបស់ប្អូនបន្តិចទៀតគឺ “សុខចិត្តរួមស្លាប់រួមរស់ជាមួយព្រះយេស៊ូគ្រីស្ត ជាមហាបូជាចារ្យដែលបានបូជាព្រះជន្មថ្វាយព្រះបិតា ព្រមទាំងថ្វាយខ្លួនរួមជាមួយព្រះគ្រីស្ត ដើម្បីសង្រ្គោះមនុស្សលោកឱ្យបានកាន់តែប្រសើររៀងរាល់ថ្ងៃ” ពីការធ្វើដំណើររហូតដល់មហាកំពូល លះបង់ចោល។ នេះជារូបកាយរបស់ខ្ញុំ នេះជាលោហិតរបស់ខ្ញុំ មិនមែនរូបកាយរបស់ព្រះគ្រីស្ត មិនមែនលោហិតរបស់ព្រះគ្រីស្ត ប៉ុន្តែនេះជារូបកាយនិងលោហិតរបស់ខ្ញុំ។
បងប្អូនជាទីស្រឡាញ់ ខ្ញុំសូមអរគុណវត្តមានរបស់បងប្អូនទាំងអស់ដែលបានមកយ៉ាងច្រើនថ្ងៃនេះ ។ មហាគ្រួសារនៅក្នុងព្រះសហគមន៍កាតូលិកកម្ពុជា ជាមហាគ្រួសារដ៏តូចមួយ ប៉ុន្តែជាមហាគ្រួសារដ៏មានជីវិត។ នៅពេលយើងបានឃើញកម្លាំងទឹកធ្លាក់យ៉ាងខ្លាំងនៅប៊ូស្រា ណែនាំឱ្យយើងគិតថានេះជាទឹកដ៏មានជីវិត ដែលយើងទទួលពីព្រះយេស៊ូផ្ទាល់។ ថ្ងៃនេះ នៅពេលខ្ញុំឃើញបងប្អូនដែលអង្គុយយ៉ាងច្រើនមែនទែន ខ្ញុំបាននឹកឃើញថាពិតមែនព្រះយេស៊ូថែរក្សាយើង ព្រះយេស៊ូជម្រុញយើង ព្រះយេស៊ូប្រទានកម្លាំង ប្រទានសេចក្ដីក្លាហាន ដើម្បីឱ្យយើងធ្វើដំណើរទៅមុខ។ នៅក្នុងដៃផ្ទាល់ខ្លួនរបស់យ៉ូហានបាទីស្តហុង ឥលូវនេះមានអំណាចដើម្បីឱ្យជីវិត ជីវិតដែលមកពីព្រះជាម្ចាស់ផ្ទាល់ មានអំណាចដើម្បីលើកលែងទោសដោយនាមព្រះជាម្ចាស់ មានអំណាចដើម្បីណែនាំឱ្យបងប្អូនរបស់យើងងើបឈរឡើងសាជាថ្មី។
សូមទៅជាបូជាចារ្យពោរពេញដោយសុភមង្គល។ អាម៉ែន៕
+ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ
អភិបាលព្រះសហគមន៍កាតូលិកកម្ពុជា
ភូមិភាគភ្នំពេញ