គណ:កម្មការពិធីបុណ្យព្រះសហគមន៍ភូមិភាគភ្នំពេញ ដឹកនាំដោយលោកបូជាចារ្យ ដាមីញ៉ាំងហ្វារនឺ រៀបចំសិក្ខាសាលាសម្រាប់អ្នកបម្រើអាសន:៣៦នាក់ ក្នុងព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ដើម្បីឲ្យពួកគាត់យល់ដឹងអំពីអត្ថន័យនៃបុណ្យអភិបូជា និងជួយឱ្យបរិយាកាសអភិបូជាមានភាពរលូន។
តាមប្រសាសន៍របស់លោកដាមីញ៉ាំង ហ្វារនឺ បញ្ជាក់ថា ការរៀបចំសិក្ខាសាលានេះ គឺដើម្បីឲ្យអ្នកបម្រើអាសនៈដឹងពីរបៀបបម្រើនៅក្នុងពិធីបុណ្យពីដើមរហូតដល់ចប់។ លោកបញ្ជាក់ថា «មិនមែនតាមចិត្តអ្នកបម្រើអាសនៈឬបូជាចារ្យនោះទេ។»
លោកបូជាចារ្យបានបន្ថែមទៀតថា ពិធីបុណ្យរបស់ព្រះសហគមន៍គឺមានខ្លឹមសារនិងមានប្រពៃណីពីបុរាណ ដែលលោកបូជាចារ្យ និងអ្នកបម្រើអាសនៈត្រូវមានចំណេះផ្នែកពិធីបុណ្យនេះ។
លោកដាមីញ៉ាំងបន្ថែមថា កាយវិការបស់អ្នកបម្រើអាសនៈគឺជួយដល់គ្រីស្តបរិស័ទ និងមិនមែនជាគ្រីស្តបរិស័ទឲ្យចាប់អារម្មណ៍លើពិធីបុណ្យ ចង់អធិដ្ឋានសូត្រធម៌ និងចង់នៅជាមួយព្រះជាម្ចាស់។
«ខ្ញុំនិយាយថាអ្នកបម្រើអាសនៈជាមនុស្សVIP (ពិសេស) ដោយសារអាសនៈមិនមាននរណាអាចមានសិទ្ធិចូលបាន ប៉ុន្តែអ្នកបម្រើអាសនៈ និងអ្នកថ្លែងព្រះបន្ទូលមានសិទ្ធិចូលទីអាសនៈបាន»។ លោកបូជាចារ្យបញ្ជាក់បន្ថែមថា «ប្រហែលមានអ្នកបម្រើអាសនៈខ្លះដូចខ្ញុំដែរ ដែលបានចាប់អារម្មណ៍ពីជីវិតបូជាចារ្យនៅពេលខ្ញុំជាអ្នកបម្រើអាសនៈ»។
លោកបូជាចារ្យដាមីញ៉ាំង ជាប្រធានគណៈកម្មការពិធីបុណ្យ បានណែនាំសិក្ខាកាម ឱ្យមានចិត្តគោរពតុសក្ការ:របស់ព្រះជាម្ចាស់ដែលលោកប្រាប់ថា មិនមែនជាតុធម្មតាទេ ព្រោះតុនោះមានឥដ្ឋធាតុសន្តបុគ្គល។
សិក្ខាសាលានេះរៀបចំឡើងនៅព្រះវិហារព្រះកុមារយេស៊ូបឹងទំពុន ក្នុងសង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ នាថ្ងៃទី២៧-២៨ សីហា។
ថាច មិថុនា សិក្ខាកាមនៅព្រះវិហារព្រះកុមារយេស៊ូបឹងទំពុន និយាយថា សិក្ខាសាលារយៈពេល២ថ្ងៃនេះ គាត់បានរៀនច្រើនអំពីរបៀបដើរ ឈរ អង្គុយនៅ ក្នុងពិធីបុណ្យ និងពិធីនៃបុណ្យផ្សេងៗ ដូចជាការរៀបចំដង្វាយ ការប្រើប្រាស់ពណ៌នៅតាមរដូវនីមួយៗ និងយល់កាន់តែច្បាស់អំពីពិធីបុណ្យ និងរបៀបបម្រើនៅទីសក្ការៈ។
មិថុនា បញ្ជាក់ថា «ខ្ញុំយល់ថា(ការ)បម្រើអាសនៈជារបៀបពិសេសមួយនៅក្នុងអង្គពិធីទាំងមូល» ព្រោះអ្នកបម្រើអាសនៈជាអ្នកសម្របសម្រួលអភិបូជា និងធ្វើសញ្ញាសម្គាល់មួយសម្រាប់ព្រះសហគមន៍ ជាពិសេសនៅពេលមានសកម្មភាពនៅទីសក្ការៈធ្វើឱ្យគ្រីស្តបរិស័ទយល់ពីព្រះយេស៊ូ ពីព្រះពន្លា ដែលអាចនាំឱ្យគ្រីស្តបរិស័ទផ្សេងៗចង់សាកល្បងបម្រើអាសនៈផងដែរ។
ក្នុងវ័យ១៤ឆ្នាំ សុខ វីរៈ ជាសិក្ខាកាមមកពីព្រះសហគមន៍ស្វាយប៉ាក និយាយថា រយៈពេលពីរថ្ងៃមកនេះវីរៈបានស្គាល់ពីសម្ភារៈ និងរបៀបប្រើប្រាស់សម្ភារៈទាំងនោះនៅក្នុងពិធីបុណ្យនានានៃគ្រីស្តសាសនាកាតូលិក ជាពិសេសបានរៀនពីកាយវិការខ្លះដែលវិរៈមិនធ្លាប់ឃើញពីមុន។
និស្សិតទេវវិទយាល័យដែលជាជំនួយការនៅក្នុងសិក្ខាសាលា វី សំណាង ដែលត្រៀមនឹងទទួលការតែងតាំងជាឧបដ្ឋាក(អ្នកបម្រើតុសក្ការៈ) នាពេលខាងមុខឆាប់ៗនេះ រៀបរាប់ថា «វត្តមានរបស់អ្នកបម្រើអាសនៈធ្វើឱ្យពិធីបុណ្យអភិបូជាកាន់តែមានភាពឱឡារិក»។
ជាមួយគ្នានេះដែរ បងប្រុសបញ្ជាក់ទៀតថា «ក្នុងនាមខ្ញុំដែលត្រៀមទទួលមុខងារជាឧបដ្ឋាក ក៏ជាមុខងារបម្រើដែរ ខ្ញុំគិតថា អ្នកបម្រើអាសនៈ ឬតុសក្ការៈមានតួនាទីប្រកាសដំណឹងល្អក្នុងពិធីបុណ្យ» បងប្រុសសំណាងពោលដូច្នេះដោយបញ្ជាក់ថា ពិធីបុណ្យណែនាំឱ្យបងប្អូនឯទៀតស្គាល់និងចួបព្រះយេស៊ូ ព្រោះព្រះយេស៊ូផ្ទាល់ជាអ្នកថ្វាយសក្ការៈបូជា នេះជាកិត្តិយសរបស់ពួកយើង។
នៅក្នុងពិធីបុណ្យអភិបូជានៅព្រះវិហារព្រះកុមារយេស៊ូនេះដែរ លោកអភិបាលព្រះសហគមន៍កាតូលិក ភូមិភាគភ្នំពេញ អូលីវីយ៉េ ជ្មីតហស្លេមានប្រសាសន៍ថា ទោះបីកុមារនិងយុវជនដែលជាអ្នកបម្រើអាសនៈនៅក្មេងវ័យក៏ដោយ ទោះមិនទាន់យល់អស់សេចក្តីនៃពិធីបុណ្យ ក៏បទពិសោធនៃកិច្ចការបម្រើអាសនៈនេះ អាចប៉ះនឹងដួងចិត្តរបស់ពួកគាត់។
លោកអភិបាលបន្តថា «ខ្ញុំជឿថា ថ្ងៃណាមួយប្អូនៗនឹងជួបបទពិសោធនេះ ពេលកំពុងបម្រើជិតអាសនៈ ពេលកំពុងមើលព្រះកាយព្រះគ្រីស្ត គិតថាថ្ងៃនេះ ខ្ញុំបានជួបជាមួយព្រះយេស៊ូផ្ទាល់។»
លោកអភិបាលបន្ថែមថា នេះជាបទពិសោធជាប់អស់មួយជីវិតដែលមានអំណរសប្បាយ ដោយដឹងថា យើងមានចិត្តស្លូតបូត យើងបានយកចិត្តទុកដាក់បម្រើព្រះជាម្ចាស់នៅក្នុងអភិបូជាដោយសេចក្តីស្រឡាញ់។
ក្នុងនោះដែរ លោកអភិបាលបានរំលឹកដល់គ្រីស្តបរិស័ទ ឲ្យត្រៀមខ្លួនដើម្បីចូលរួមក្នុងពិធីដ៏សក្ការៈបូជារបស់ព្រះយេស៊ូគ្រីស្ត ដោយស្តាប់ព្រះបន្ទូល និងទទួលព្រះកាយព្រះគ្រីស្ត ដើម្បីជាប់និងជិតស្និទ្ធថែមទៀតជាមួយព្រះជាម្ចាស់ ដោយដឹងថា ពិតមែនព្រះអង្គគង់នៅជាមួយ។
សិក្ខាកាមទាំង៣៦ ដែលជាតំណាងនៃព្រះសហគមន៍ក្នុងមណ្ឌលកម្មភាពចំនួន៧ក្នុងភូមិភាគភ្នំពេញ គឺរួមមាន ភ្នំពេញខាងជើង តាខ្មៅ តាកែវ កំពត ភ្នំពេញខាងត្បូង ភ្នំពេញថ្មី និងបាសាក់៕
ដោយដាលីស