កុមា​រ​​គ្រីស្តបរិស័ទ​​ឈ្វេងយល់អំពី​បេសកកម្ម​របស់​ខ្លួន

កុមារ​ជិត​២០០នាក់​នៃ​មណ្ឌល​សកម្មភាព​ភ្នំពេញ​ខាង​ជើង បាន​ចូលរួម​ជាមួយ​គ្នា​បោះជំរំ​ រិះគិត​លើ​​បេសកកម្ម​ក្នុងនាម​ជា​កុមារ​គ្រីស្ត​បរិស័ទ​ ធ្វើនៅព្រះវិហារសន្តយ៉ូសែប ផ្សារតូចនារាជធានីភ្នំពេញ។

​លោក​បូជាចារ្យ ប៉ូល​ រឿង ​ឆ័ត្រសិរី ជា​ប្រធាន​មណ្ឌល​សកម្មភាពព្រះសហគមន៍​កាតូលិក​​ភ្នំពេញ​ខាង​ជើងមានប្រសាសន៍​ថា កុមារ​ទាំងនោះ​ភាគ​ច្រើន​ជាកូន​​គ្រីស្ត​បរិស័ទ​ និង​កំពុង​រៀន​អប់រំជំនឿ​ ហើយ​កម្មវិធី​បោះជំរំ​នេះ គឺ​ដើម្បី​ឲ្យ​ពួកគាត់​អនុវត្ត​​​នូវ​អ្វី​ដែល​គាត់​បាន​រៀន។

លោក​បូជាចារ្យ​បន្ថែម​ថា ការ​ជួប​ជុំ​នេះ គឺដើម្បី​ឱ្យ​កុមារ​ទាំង​អស់​ស្គាល់​គ្នា​ និង​មាន​ទំនាក់ទំនង​ល្អនៅពេល​អនាគត​ ទោះបីជា​ពួកគាត់​មកពី​ព្រះសហគមន៍​ផ្សេងៗ​ក៏ដោយ។ លោក​បន្ត​ថា នៅពេល​ធំ​ឡើង​ពួក​គាត់​ក៏អាច​ជួយ​ព្រះសហគមន៍​ឱ្យ​មាន​ភាព​រឹង​មាំ​ ដោយមាន​ការ​សហការគ្នា លើក​ទឹក​ចិត្ត​គ្នា និងរស់​នៅ​ជាសាក្សី​នៃជំនឿ​។​

កម្មវិធី​បោះជំរំកុមារនេះ ទទួល​កុមារ​ពី​អាយុ​៥ដល់​១៨ឆ្នាំ ដែលមក​ពី​ព្រះសហគមន៍​មួយ​ចំនួន​ក្នុង​មណ្ឌលសកម្មភាព​ភ្នំពេញ​ខាង​ជើង រួមមាន៖ផ្សារតូច ព្រែក​តាទែន សែនសុខ ស្វាយប៉ាក អិរយក្សត្រ ពោធិ៍ធំ និងក្ដីកណ្ដាល។

លោកឆ័ត្រសិរី​​បញ្ជាក់ថា ដូច្នេះ​អ្វី​ដែល​គាត់​គួរ​តែ​ធ្វើ​គឺ​បង្ហាញ​ជំនឿ​របស់​គាត់​តាម​អ្វី​ដែល​គាត់​អាចធ្វើបានរួម​ទាំង​ការ​បង្ហាញ​ជំនឿ​ដល់​អ្នក​នៅជុំវិញ​ខ្លួន​របស់​ពួកគាត់​ផងដែរ។

លោក​បូជាចារ្យ​បន្ថែមថា ទោះបីជា​ព្រះសហគមន៍​មាន​គ្នា​តិច​នៅ​ក្នុង​សង្គម​ ប៉ុន្តែ​ពេល​ឃើញ​មនុស្ស​ជួប​បញ្ហា គាត់​ត្រូវ​បញ្ចេញ​សកម្មភាព​។ «គាត់​អាច​ធ្វើ​បុណ្យ ធ្វើទាន តាម​សមត្ថភាព​របស់គាត់ ចេះ​សន្សំ​សំចៃ និង​ជួយ​តាម​កម្លាំងរបស់​គាត់។» លោក​ឆ័ត្រសិរី​បញ្ជាក់។

នៅ​ក្នុងប្រទេសកម្ពុជា​ គ្រីស្តសាសនា​និកាយ​កាតូលិក​មាន​ប្រហែល​២០០០០នាក់ប៉ុណ្ណោះ ក្នុង​ចំណោម​ប្រជាជន​ជិត​១៦លាននាក់។

នៅ​ក្នុងកម្មវិធីនោះដែរ​ កុមារ​ទាំង​អស់​បាន​ស្នាក់​នៅ​និង​រៀន​អំពី​របៀប​រស់នៅ​ជាក្រុម សិក្សា​បន្ថែម​អំពី​ជំនឿ ​ការ​ជួយ​គ្នាទៅវិញ​ទៅមក រៀនពីសុភាវធម៌ សុជីវធម៌ និងចេះស្រឡាញ់បរិស្ថាន និង​លែង​ល្បែងកំសាន្ត​នានា។

លោក​ ហេង ច័ន្ទរិទ្ធី ជាអ្នក​សម្រប​សម្រួល និង​ជា​ប្រធាន​ក្រុម​យុវជន​នៅ​ព្រះវិហារ​សន្ត​យ៉ូសែប​ផ្សារតូច​ បាន​ឱ្យ​ដឹងថា ការ​បោះជំរំកុមារ​លើក​នេះ​ពួក​យើង​ចង់​ប្រមូល​ផ្ដុំ​យុវជន​ក៏ដូចជាក្មេងៗ​នៅតំបន់​មណ្ឌលសកម្មភាព​ភ្នំពេញ​ខាង​ជើង​ចូលរួម​គ្នា​ជា​ធ្លុង​តែ​មួយ​តាម​រយៈ​សកម្មភាព​​ផ្សេងៗ​ដែល​ទាក់​ទង​ទៅ​នឹង​សារ​របស់​សម្ដេចប៉ាបក្នុង​សន្និបាត​ព្រះសហគមន៍សកល។

កម្មវិធី​ដែល​បាន​ធ្វើឡើង​រយៈ​ពេល​៣​ថ្ងៃ គឺ​ពីថ្ងៃទី​១១-១៤ ​ខែ​សីហា កន្លងទៅ បាន​ចែក​ចេញជា​បី​ផ្នែក​សំខាន់ៗ។ ប្រធានក្រុម​យុវជន​រូប​នេះ បន្ថែម​ថា ការ​ជួប​ជុំ​គ្នានៅ​​ថ្ងៃ​សុក្រ គឺឲ្យ​កុមារ​​​ចូលរួម ជាមួយ​គ្នា ស្គាល់គ្នា​រាប់​ជា​គ្នាជា​មិត្តភក្តិ។ ​

រីឯថ្ងៃ​សៅរ៍​យើង​គិត​ពី​កម្លាំង​ជម្នះ គឺ​មាន​ន័យ​ថា​ក្រោយ​ពេល​ដែល​គាត់​មាន​មិត្តភក្តិ​ហើយ ​កុមារ​ប្រឈម​មុខនឹង​ការឈ្លោះទាស់ទែងគ្នា​ និង​មាន​ការ​បែកបាក់គ្នា ដូច្នេះគណៈកម្មការ​យើង​បាន​រៀប​ចំ​ដំណោះ​ស្រាយ ធ្វើ​យ៉ាង​ណា​ឱ្យ​គាត់​បាន​ត្រូវ​រ៉ូវគ្នាវិញ។ ច័ន្ទរិទ្ធី​បន្ថែម​ថា ថ្ងៃ​បញ្ចប់​គឺ​បញ្ចៀប​អំពី​​បេសកកម្ម​​ ដើម្បី​ឲ្យ​ពួកគាត់​អាច​បង្កើត​កម្មវិធីនានា និង​​ដើម្បី​នាំកុមារដែល​ចង់​ស្គាល់ពី​ព្រះ​យេស៊ូ​​ឱ្យ​ចូលរួម​ជាមួយ​គ្នានៅ​តាម​ព្រះសហគមន៍​របស់​ពួកគាត់​។

កុមារា សុខ រតនពង្ស មកពី​​ព្រះវិហារ​គីឡូម៉ែត្រ​លេខ​១១ ​ និយាយថា នេះ​ជាលើក​ទី​២ដែល​គាត់​បាន​ចូលរួម​​បោះ​ជំរំនេះ។ រតនពង្ស​បន្ត​ថា ​កាល​ពី​​ដំបូងគាត់​​មាន​អារម្មណ៍​​ខ្លាច​គេ ប៉ុន្តែ​ក្រោយ​មក​​គាត់​​មាន​មិត្ត​ច្រើន ធ្វើ​ឲ្យ​គាត់​​មាន​ភាព​ក្លាហាន​ជាង​មុន និង​ធ្វើ​ឱ្យ​គាត់​សប្បាយ​ចិត្ត។

កុមារា​ រូប​នេះ​បន្ថែមថា «នៅពេល​ខ្ញុំ​ត្រលប់​ទៅ​វិញ ខ្ញុំ​ធ្វើ​រឿង​ល្អជាមួយ​អ្នក​ជុំ​វិញ ដូចជា​ឃើញ​គេ​បាត់​អី​ត្រូវ​ជួយ​រកគេ ពេល​ឃើញ​គេ​មាន​រឿង​អី​ខ្ញុំ​ត្រូវ​មកសួរ​និង​ជួយគេ​។»

ក្នុង​វ័យ​១៥​ឆ្នាំកុមារី ធូ ទ្រី រៀប​រាប់​ថា ក្នុង​នាម​ជាកូន​គ្រីស្ត​បរិស័ទជាកុមារ​របស់ព្រះសហគមន៍ ​កម្មវិធី​បោះ​ជំរំ​នេះ​បាន​ជួយ​​ឱ្យ​យើង​ចេះ​រួប​រួមគ្នា ចេះ​ស្រឡាញ់​មិត្ត​ភក្តិ​។ ធូ ទ្រី​បន្ថែម​ថា ក្រោយ​ពី​បញ្ចប់​កម្ម​វិធី​​នេះ «ខ្ញុំ​នឹង​ទៅជួយ​ដល់​កុមារ​នៅ​ព្រះសហគមន៍​របស់​ខ្ញុំ​ ​ឱ្យ​​ចេះ​ជួយគ្នា រួបរួម​គ្នា​៕»​

ដោយ​ដាលីស

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី

កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ

អបអរសាទរ សិស្សវិទ្យាល័យ សន្តហ្វ្រង់ស្វ័រ បច្ចេកទេសកម្រិត៣ ប្រឡងជាប់ ១០០%

ប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ចំនួន ៤១នាក់ បានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ មួយរយភាគរយ នាសម័យប្រឡងថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦ ក្នុងនោះមានស្រី ២០នាក់។បើតាមការឱ្យដឹងពី លោក យុន សំអាត នាយកសាលាខាងលើ បានរៀបរាប់ឱ្យដឹងថា លទ្ធផលប្រឡងបញ្ចប់ឆ្នាំសិក្សា និងប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត ៣ សម័យប្រឡងថ្ងៃទី២២

លោកឪពុក យ៉ូហាន អ៊ុន រំលឹកថា៖ «ព្រះយេស៊ូទាមទារចិត្តស្រឡាញ់ និងការចែករំលែកនូវអ្វីដែលយើងមាន»

ភ្នំពេញ៖ នៅក្នុងពិធីអភិបូជានាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅព្រះវិហារកាតូលិកសន្តសិលា និងសន្តប៉ូល លោកឪពុក យ៉ូហាន អ៊ុន សុន (Fr. Jean Un Son) បានលើកឡើងនូវសារអប់រំលត់ដំផ្លូវចិត្តយ៉ាងជ្រាលជ្រៅមួយដល់គ្រីស្ដបរិស័ទទាំងអស់ អំពីការស្វែងរក «អាហារផ្លូវព្រលឹង» និងការផ្លាស់ប្តូរជីវិតតាមរយៈការចែករំលែកសេចក្ដីស្រឡាញ់។ នៅក្នុងធម្មទេសនា លោកឪពុកបានគូសបញ្ជាក់ថា មនុស្សទូទៅតែងតែខិតខំប្រឹងប្រែងធ្វើការយ៉ាងលំបាក ដើម្បីស្វែងរកអាហារចិញ្ចឹមរូបរាងកាយ និងសុវត្ថិភាពផ្លូវកាយ ប៉ុន្តែច្រើនដង មនុស្សបានមើលរំលងភាពស្រេកឃ្លាននៃ

Subscribe to our newsletter

Don't miss new updates on your email