គ្រូអប់រំជំនឿជា​តួនាទីសំខាន់​ក្នុងព្រះសហគមន៍

លោកគ្រូអ្នកគ្រូដែលជាអ្នកណែនាំអប់រំជំនឿទាំងបីភូមិភាគចំនួន​១៤០​នាក់ ចូលរួម​សិក្ខាសាលា​អប់រំ​ជំនឿ​​​នៅ​មណ្ឌលសកម្មភាព​ភ្នំពេញថ្មី រយៈពេល២ថ្ងៃ កាលពីថ្ងៃទី១១ ខែតុលា ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២​​ ក្រោមប្រធាន​បទ៖ «សូមអញ្ជើញ​មក អ្នកនឹងបានឃើញ» ដើម្បីទទួលបានបទពិសោធ​បន្ថែម​ទៅលើ​គន្លឹះនិង​គរុកោសល្យ​ថ្មី​នៅក្នុងការបញ្ជូនជំនឿបន្តដល់បងប្អូនដែលកំពុងឈ្វេងយល់​ពី​ព្រះជាម្ចាស់។

លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ​មានប្រសាសន៍​ថា​​ គ្រូអប់រំជំនឿណែនាំអ្នកឈ្វេងយល់ឲ្យស្គាល់ព្រះជាម្ចាស់ ស្គាល់ពីព្រះសហគមន៍ ស្គាល់អំពី​លទ្ធិ​ព្រះសហគមន៍។ លោកបន្តថា អ្នកឈ្វេងយល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ចង់ចូល​យ៉ាងជ្រៅ​ទៅក្នុង​ព្រះបន្ទូល ​​​​ ក្នុងជីវិតនៃព្រះសហគមន៍ និងក្នុងទំនាក់ទំនងជាមួយព្រះជាម្ចាស់ ។​​

លោកអភិបាលបន្ថែមថា «ដូច្នេះពិតមែនគ្រូ​អប់រំ​ជំនឿត្រូវមានបេសកកម្មមួយយ៉ាងពិសេសបំផុត​នៅក្នុង​ព្រះសហគមន៍ ដើម្បីបន្តជំនឿដែលបាន​ទទួល​ពី​ក្រុម​គ្រីស្តទូត ពីព្រះសហគមន៍ផ្ទាល់ ឲ្យចូលទៅ​ក្នុង​ជីវិត​​​​ នៅក្នុងដួងចិត្ត នៅក្នុងវិញ្ញាណរបស់​អ្នក​ដែលកំពុងស្វែងរក»។

ជាមួយ​គ្នា​នេះ​ដែរ​ លោក​បូជាចារ្យទទួល​បន្ទុក​អប់រំ​ជំនឿអន្តរ​ភូមិភាគ​ ហ្វ្រង់ស្វ័រ ហ្សេមេដាល មាន​ប្រសាសន៍​ថា ជារៀង​រាល់​ឆ្នាំ​សន្ត​អ៊ីរេណេ តែង​តែ​ធ្វើ​សិក្ខាសាលា​សម្រាប់​គ្រូ​អប់​រំជំនឿ​អន្តរ​ភូមិភាគ ដើម្បី​ជួយ​ណែនាំ​លើក​ទឹក​ចិត្ត​អ្នក​អប់​រំ​ជំនឿ​ឱ្យ​បន្ត​មុខងារ​របស់​ពួកគាត់​​ដោយ​ជួយ​បញ្ចូល​ចំណេះ​ដឹង​ខ្លះៗអំពី​​គរុកោសល្យ​។

លោក​ថា​អ្នក​ណែនាំ​ជំនឿ​មាន​សារៈសំខាន់ ព្រោះ​​មាន​តួនាទី​សំខាន់​ដើម្បី​ជួយ​អ្នក​ស្វែងរក​ព្រះ​ជាម្ចាស់​ឱ្យ​​ស្រឡាញ់​​ព្រះអង្គ​ ឱ្យ​ស្គាល់​ខ្លួនឯង​ជាបុត្រ​ធីតា​របស់​ព្រះជាម្ចាស់។

លោក​បន្ថែមថា ដើម្បី​ក្លាយ​ជាគ្រូ​អប់រំជំនឿ យើង​ត្រូវ​មាន​ជំនឿ​ មាន​បទ​ពិសោធ​អំពី​ព្រះជាម្ចាស់ដែល​មាន​វត្ត​មាន​​​គង់​នៅ​ជាមួយ​យើង​ ចូលរួម​យ៉ាង​សកម្ម​នៅក្នុង​ព្រះសហគមន៍​ ត្រូវ​មាន​ចំណេះដឹងសមរម្យ​ដើម្បី​ជួយ​ណែនាំគេ។ មានន័យ​ថា​ត្រូវ​មាន​ជំនឿ ចំណេះដឹង​ចេះ​ប្រើ​ប្រាស់​សៀវ​ភៅ​អប់រំជំនឿ​ និង​ប្រព្រឹត្ត​​កិច្ចការ​ជាគំរូ​។

នៅក្នុងកម្មវិធីសិក្ខាសាលារយៈពេល២ថ្ងៃនេះ​អ្នកគ្រូ កាំង សុធី ជាគ្រូអប់រំ​ជំនឿ​ នៅ​ព្រះវិហារ​សន្ត​សិលា​​​​​​​​​​​និងសន្តប៉ូល ភ្នំពេញថ្មី​ បាននិយាយថា ​ នេះ​​គឺជាលើកទីមួយ​ដែល​គាត់​បាន​ចូល​រួម​សិក្ខាសាលា​អប់រំ​ជំនឿអន្តរភូមិភាគនេះ។ ​

អ្នកគ្រូបានបន្ថែមថា ការអប់រំជំនឿត្រូវការមានឯកសារជំនួយ។ Appដែលមណ្ឌលអប់រំជំនឿ​សន្ត​អ៊ីរេណេ​បានបង្កើតឡើងជួយផ្ដល់ចំណេះដឹងថ្មីៗដល់ការអប់រំជំនឿ​របស់គាត់។

​អ្នកគ្រូកាំង សុធី បានបន្តទៀតថា ព្រះសហគមន៍មួយកាលណាបើគ្មានគ្រូអប់រំជំនឿទេ ព្រះ​សហគមន៍​នឹងមិនរីកចម្រើនទេ។ «ព្រះសហគមន៍នឹងប្រាកដជាស្លាប់បើសិនជាអត់មាន​គ្រូ​អប់រំ​ជំនឿ​​ក្នុ្ងងការចែក​ជំនឿបន្ត»។

អ្នកគ្រូបន្ថែមថា គ្រីស្តបរិស័ទម្នាក់គ្រាន់តែមកព្រះវិហាររាល់ថ្ងៃអាទិត្យមិន​ទាន់គ្រប់គ្រាន់នោះទេ គឺ​ត្រូវតែ​ចែករំលែកជំនឿ ​ សេចក្ដីស្រលាញ់​ និងសេចក្ដីសង្ឃឹមរបស់ព្រះជាម្ចាស់ទៅអ្នក​ដទៃ​​ឱ្យ​ស្គាល់​ដូច​យើង ។

ជាមួយគ្នានេះដែរ លោក ធឹម ស៊ីធីម​ ជាគ្រូអប់រំជំនឿមនុស្សពេញវ័យ មកពី​ព្រះសហគមន៍​សន្តយ៉ូហានសៀមរាប បាននិយាយថា សិក្ខាសាលានេះបានបង្ហាញ​ពី​បច្ចេកទេស​ បង្រៀនអប់រំជំនឿ និងគំនិតថ្មីៗ​ដើម្បីយកទៅអនុវត្តនៅតាមព្រះសហគមន៍នីមួយៗ។

​លោកគ្រូស៊ីធីម បន្តថា  ពេលត្រឡប់​ទៅ​ព្រះសហគមន៍សៀមរាបវិញ លោកនឹង រៀបចំ​ការបង្រៀន​អប់រំជំនឿបន្ថែមសម្រាប់គ្រូអប់រំជំនឿ ដោយធ្វើបទបង្ហាញឬ ពន្យល់អំពីគរុកោសល្យបន្ថែម​ទៀតដល់​ពួកគាត់។ គ្រូអប់រំជំនឿត្រូវធ្វើជាគំរូទើបមានអ្នកឈ្វេងយល់កាន់តែច្រើន ​ ហើយពួកគេនឹងមានជំនឿ មានសេចក្ដីស្រលាញ់ និងបាន​ឃើញ​អំពីការត្រាស់ហៅរបស់​ព្រះជាម្ចាស់​សម្រាប់ពួកគាត់ម្នាក់ៗ ។

លោក សុខ ហេង ជាគ្រូអប់រំជំនឿមកពីព្រះវិហារសន្តីម៉ារីម៉ាដាឡា ប៉ោយប៉ែត នៃភូមិភាគបាត់ដំបង បាននិយាយថា  ការបញ្ជូនបន្តជំនឿជាតួនាទី​និង​គោលបំណងរបស់គ្រូអប់រំជំនឿ។ លោកបន្ថែមថា « យើងមិនមែននិយាយពីខ្លួនយើងជា​គ្រូអប់រំ​ជំនឿ ប៉ុន្តែយើងនិយាយអំពីវត្តមានរបស់ព្រះយេស៊ូគ្រីស្ត ដើម្បីអោយក្មេងៗឬយុវជនដែលស្វែងរកវត្តមាន​របស់ព្រះអង្គ យល់កាន់តែច្បាស់អំពីព្រះអង្គ» ដើម្បីអោយព្រះបន្ទូលជ្រាបចូលទៅក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់គាត់។

ដូនជី ស្រី សុជាតិ​ក្នុងក្រុមគ្រួសារស្រលាញ់ឈើឆ្កាងព្រះយេស៊ូ និង​ជាគ្រូឧទ្ទេស​ធ្វើ​បទ​បង្ហាញ​អំពី​របៀប​បង្រៀនអប់រំជំនឿ បានពន្យល់ថា អ្នកអប់រំជំនឿ​មានគោលដៅ​ណែនាំអ្នកស្វែងរកអោយស្គាល់សេចក្ដីស្រលាញ់និងមានទំនាក់ទំនង​យ៉ាង​ស្និទ្ធស្នាល​ជាមួយព្រះគ្រីស្ត ។ ដូនជីរូបនេះបន្ថែមទៀតថា អ្នកអប់រំជំនឿត្រូវតែជួយអ្នកស្វែងរក ដែលបានចាប់ផ្ដើមកែប្រែ​ចិត្តគំនិត អោយផ្ញើជីវិតទាំងស្រុងទៅលើព្រះយេស៊ូគ្រីស្ត ពោលគឺជឿទុកចិត្តលើព្រះអង្គ​ក្នុងគ្រប់កាលៈ​ទេសៈ ។ អ្នកអប់រំជំនឿត្រូវតែជួយអ្នកស្វែងរកអោយប្រកាសជំនឿត្រឹមត្រូវរបស់ព្រះសហគមន៍ តាមពាក្យសម្ដី និងតាមរបៀបរស់នៅ៕

ក្នុង​នាម​គ្រូអប់រំជំនឿ បងស្រី ខឹម សុខា មកពី​ព្រះសហគមន៍​ភូមិភាគ​កំពង់ចាម​ បាន​និយាយ​ថា «តួនាទី​គ្រូអប់រំ​ជំនឿ ត្រូវ​មាន​ទំនួល​ខុស​ត្រូវ​លើ​កិច្ចការ​ដែល​ខ្លួន​ធ្វើ»។ បងស្រី​បញ្ជាក់​ទៀត​ថា​ អ្នក​ណែនាំ​ជំនឿ ត្រូវ​ធ្វើ​ជា​គំរូ​ល្អៗ​ដល់​អ្នក​ឈ្វេងយល់​ឱ្យ​មើល​ឃើញ​អ្នក​ណែនាំ​ដ៏ពិត​ប្រាកដ។ អ្នក​ណែនាំ​គេ​មិនចេះ​តែ​និយាយ ប៉ុន្តែ​ត្រូវ​មាន​ភស្តុតាង​ ឯកសារ​គ្រប់​គ្រាន់​ដូចជា លទ្ធិ​នៃ​គ្រីស្ត​សាសនា ដើម្បី​បញ្ជ្រាប និង​ពន្យល់​ឱ្យ​​គេ​យល់​ ព្រម​ទាំង​ស្គាល់​ព្រះ​គម្ពីរ​ឱ្យ​បាន​ច្បាស់លាស់​អំពីព្រះយេស៊ូ​។ បងស្រី​បន្ត​ទៀត​ថា អ្នក​ណែនាំ​ត្រូវ​មាន​គរុកោសល្យ​ ដោយ​រៀប​ចំ​មេរៀន​ ចម្រៀង និង​ល្បែង​ឱ្យ​បាន​ត្រឹម​ត្រូវ​តាម​លំដាប់​លំដោយ។

«ការណែនាំជំនឿ​ពិត​ជា​​មាន​សារៈ​ប្រយោជន៍​ខ្លាំងណាស់​សម្រាប់​គ្រីស្ត​បរិស័ទ ដោយ​គ្រីស្តទូត​បាន​បញ្ជូន​បន្ត​ជំនឿ​មក​យើង​រហូត​ដល់​សព្វ​ថ្ងៃនេះ​ និង​ប្រសិន​បើ​យើង​មិន​បាន​បញ្ជូន​បន្តជំនឿ​ទៅឱ្យ​អស់​បងប្អូន​ដែល​មិន​បាន​ស្គាល់​ព្រះយេស៊ូ​ទេ យើងប្រៀប​បី​ដូច​អំបិល​ដែលគ្មាន​ជាតិ​ប្រៃ»​ អ្នកណែនាំ​ជំនឿ សុខាបញ្ជាក់។ អ្នកគ្រូសុខា បន្យល់​ថា យើង​ត្រូវ​បន្តជំនឿ​ដល់​អស់​បងប្អូន​ទាំងអស់​ឱ្យ​ស្គាល់​ព្រះយេស៊ូ​ដូច​យើង​បានស្គាល់​ដែរ ហើយ​ពេល​​ណែនាំ​ជំនឿ​គេ គឺ​ប្រៀប​ដូច​បាន​ណែនាំជំនឿ​ដល់​​ខ្លួនឯងដែរ​តាមរយៈមេរៀន​ទាំងនោះ និង​ធ្វើឱ្យ​ជំ​នឿ​រឹង​មាំ​ និង​ទុក​ចិត្ត​លើ​ព្រះជាម្ចាស់​ពិត​ប្រាកដ។​

ការ​បញ្ជូន​បន្ត​ជំនឿ​នេះ បងស្រី​សុខា និយាយថា​សារៈសំខាន់​ដល់​សង្គម​ទាំងមូល ព្រោះ​មនុស្ស​ក្នុង​សង្គម​នឹង​​យល់​ថា​អ្វី​ៗ​ទាំងអស់​ជាស្នា​ព្រះហស្ត​ព្រះជាម្ចាស់ និង​មនុស្ស​ទាំង​អស់​ជាតំណាង​ព្រះជាម្ចាស់​ មាន​តម្លៃ​និង​សិទ្ធិស្មើគ្នា គឺមាន​តែ​សេចក្ដីស្រឡាញ់​។​

ទាក់​ទង​ទៅ​នឹង​តួនាទី​អ្នក​ណែនាំ​ជំនឿនេះ លោក​លេង ហុង និយាយដូចគ្នា​នឹង​គ្រូ​អប់ជំនឿ​ខាងលើ ប៉ុន្តែ​លោក​បន្ថែម​ថា​ គ្រូ​អប់​រំជំនឿ​ត្រូវ​ការរស់​នៅក្នុង​ជីវិត​គំរូ និង​រួម​សុខរួម​ទុក្ខ​ជាមួយ​បងប្អូន​ឯទៀតៗ។ គ្រូ​ងប់​រំ​ជំនឿ​មិនមែន​យក​ចំណេះ​ទៅ​បង្រៀន​គេ ប៉ុន្តែ​ត្រូវ​ការ​យក​ជីវិត​ខាង​ផ្លូវ​វិញ្ញាណ​ដោយ​ណែ​នាំ​ឱ្យ​គេ​ចេះ​អធិដ្ឋាន ចេះ​ស្រឡាញ់​អ្នក​ដទៃ​ និង​អ្វី​ដែល​សំខាន់គឺ​ត្រូវ តាម​ថែរក្សា​​នៅជិត​ជាមួយអ្នក​ឈ្វេង​យល់​ជំនឿ​ ​ឱ្យ​គាត់​បាត់​ភាព​កក់​ក្ដៅ​។

តាមរយៈ​បទពិសោធ​២០​ឆ្នាំ​ជាគ្រូ​អប់រំជំនឿនេះ លោក ហុង​យល់​ថា​ជីវិត​របស់លោក​​មាន​តម្លៃ ដោយ​ព្រះជាម្ចាស់​បាន​ជ្រើសរើសលោក​​ឱ្យ​ធ្វើ​ជាអ្នក​បម្រើ​ខ្ពស់មុខខ្ពស់​មាត់​(គ្រូ​អប់រំ​ជំនឿ)​​​ ទោះ​បី​ជា​លោក​គ្មាន​ឋានៈនៅក្នុង​សង្គម​ក៏​ដោយ។ លោក​ហុង​បន្ត​ថា ព្រះ​ជាម្ចាស់តែង​តែ​នៅ​ជិត​លោក​​និង​ផ្ដល់​កម្លាំង​ឱ្យ​បន្ត​ដំណើរ​ជាមួយ​ព្រះអង្គ​ តាមរយៈការ​​ធ្វើ​ជាស្ពាន​សម្រាប់​បងប្អូន​ក្នុង​​ជំនឿ ដែល​ជាហេតុ​ធ្វើឱ្យ​លោក​មាន​អំណរសប្បាយដោយ​​ធ្វើ​ឱ្យជីវិត​មិន​ពឹង​ផ្អែក​លើ​រឿង​លោកីយ៍​ច្រើនពេកទេ​។

ក្នុងអំឡុពេល​នៃ​សិក្ខាសាលា​នេះ គ្រូ​អប់រំជំនឿ​ជាង​១០០នាក់​​បាន​ឈ្វេង​យល់​ពី​តួនាទី​អ្នក​ណែនាំ​ជំនឿ​ គរុកោសល្យនៃការ​អប់រំជំនឿ​ ​និង​លក្ខណៈសម្បត្តិ​នៃ​អ្នក​ឈ្វេងយល់​ដើម្បី​ក្លាយ​ជាគ្រីស្ត​បរិស័ទ​៕

ដោយ​ដាលីសនិង​ម៉ានុត​

More Photos: https://catholiccambodia.org/?p=28207

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី

កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ

អបអរសាទរ សិស្សវិទ្យាល័យ សន្តហ្វ្រង់ស្វ័រ បច្ចេកទេសកម្រិត៣ ប្រឡងជាប់ ១០០%

ប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ចំនួន ៤១នាក់ បានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ មួយរយភាគរយ នាសម័យប្រឡងថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦ ក្នុងនោះមានស្រី ២០នាក់។បើតាមការឱ្យដឹងពី លោក យុន សំអាត នាយកសាលាខាងលើ បានរៀបរាប់ឱ្យដឹងថា លទ្ធផលប្រឡងបញ្ចប់ឆ្នាំសិក្សា និងប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត ៣ សម័យប្រឡងថ្ងៃទី២២

លោកឪពុក យ៉ូហាន អ៊ុន រំលឹកថា៖ «ព្រះយេស៊ូទាមទារចិត្តស្រឡាញ់ និងការចែករំលែកនូវអ្វីដែលយើងមាន»

ភ្នំពេញ៖ នៅក្នុងពិធីអភិបូជានាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅព្រះវិហារកាតូលិកសន្តសិលា និងសន្តប៉ូល លោកឪពុក យ៉ូហាន អ៊ុន សុន (Fr. Jean Un Son) បានលើកឡើងនូវសារអប់រំលត់ដំផ្លូវចិត្តយ៉ាងជ្រាលជ្រៅមួយដល់គ្រីស្ដបរិស័ទទាំងអស់ អំពីការស្វែងរក «អាហារផ្លូវព្រលឹង» និងការផ្លាស់ប្តូរជីវិតតាមរយៈការចែករំលែកសេចក្ដីស្រឡាញ់។ នៅក្នុងធម្មទេសនា លោកឪពុកបានគូសបញ្ជាក់ថា មនុស្សទូទៅតែងតែខិតខំប្រឹងប្រែងធ្វើការយ៉ាងលំបាក ដើម្បីស្វែងរកអាហារចិញ្ចឹមរូបរាងកាយ និងសុវត្ថិភាពផ្លូវកាយ ប៉ុន្តែច្រើនដង មនុស្សបានមើលរំលងភាពស្រេកឃ្លាននៃ

Subscribe to our newsletter

Don't miss new updates on your email