អភិបូជាអាទិត្យទី១នៃរដូវអប់រំពិសេស
ធ្វើនៅព្រះសហគមន៍សន្តយ៉ូសែប
ទួលក្រសាំង ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២២
អត្ថបទទី១៖ ទុតិយកថា ២៦,៤-១០ ព្រះអម្ចាស់ទ្រង់ព្រះសណ្ដាប់ឮពាក្យរបស់យើងខ្ញុំ។ ទក ២៦,៧ អត្ថបទទី២៖ រ៉ូម ១០,៨-១៣ អ្នកណាអង្វររកព្រះនាមព្រះអម្ចាស់ អ្នកនោះនឹងទទួលការសង្គ្រោះ។ រម ១០,១៣ ដំណឹងល្អ៖ លូកា ៤,១-១៣ ព្រះអង្គត្រូវមារសាតាំងល្បួងអស់រយៈពេលសែសិបថ្ងៃ។ លក ៤,២ |
បងប្អូនជាទីស្រឡាញ់
ថ្ងៃនេះ យើងចូលនៅក្នុងអាទិត្យទី១នៃរដូវ៤០ថ្ងៃ ឬរដូវត្រណម ឬរដូវអប់រំពិសេស យើងមានឈ្មោះច្រើនជាភាសាខ្មែរ។ អប់រំពិសេស ដោយសារយើងនឹកឃើញដល់ប្អូនៗយើង ដែលទទួលការត្រាស់ហៅយ៉ាងឱឡារិកពីម្សិលមិញ។ គេមាន៤០ថ្ងៃខាងមុខនេះ ដើម្បីទទួលការអប់រំពិសេស រៀបចំចិត្តគំនិតទទួលពិធីជ្រមុជទឹក។ ជាមូលហេតុ យើងថាអប់រំពិសេសសម្រាប់បេក្ខជនដែលត្រៀមខ្លួនទទួលពិធីជ្រមុជទឹកនៅខាងមុខនេះ។
រដូវ៤០ថ្ងៃ ដោយសារយើងនឹកឃើញអត្ថបទដែលយើងស្ដាប់ថ្ងៃនេះ គឺព្រះយេស៊ូដែលបានចូលវាលរហោស្ថានអស់រយៈពេល៤០ថ្ងៃ។ ដូចពីសម័យដើម ប្រជារាស្រ្តអ៊ីស្រាអែលបានដើរ៤០ឆ្នាំនៅក្នុងវាលរហោស្ថានជាមួយលោកម៉ូសេ។ យើងទាំងអស់គ្នា ដែលជាគ្រីស្តបរិស័ទយើងធ្វើដំណើរនៅក្នុងជីវិតរបស់យើងអស់រយៈពេល៤០ថ្ងៃ ដើម្បីកែប្រែចិត្តគំនិតដើម្បីត្រៀមខ្លួនចូលរួមជាមួយព្រះយេស៊ូដែលសោយទិវង្គត និងព្រះយេស៊ូដែលមានព្រះជន្មរស់ឡើងវិញ។ ជាពេលវេលាមួយយ៉ាងពិសេស ដែលព្រះសហគមន៍ប្រទានឲ្យយើងដើម្បីឲ្យយើងទៅជាមនុស្សថ្មីពិតមែន។
រដូវត្រណម ដោយសារយើងនឹកឃើញនៅពេលព្រះយេស៊ូបានចូលនៅក្នុងវាលរហោស្ថានអស់រយៈពេល៤០ថ្ងៃ ព្រះយេស៊ូបានតមអាហារ បានតមអ្វីៗទាំងអស់ ដើម្បីភ្ជាប់ជាមួយព្រះជាម្ចាស់ដែលជាព្រះបិតា។ ប៉ុន្តែ នៅក្នុងរដូវ៤០ថ្ងៃ ឬរដូវត្រណមរបស់ព្រះយេស៊ូ ព្រះយេស៊ូបានទទួលយ៉ាងច្រើន មានការល្បួង ដោយសារមនុស្សយើងអត់ហូបអ្វីសោះរយៈពេល៤០ថ្ងៃយើងឃ្លាន។ មារសាតាំង បានឆ្លៀតឱកាលដើម្បីចូលនៅក្នុងព្រះហឫទ័យរបស់ព្រះយេស៊ូ ដើម្បីចាប់ផ្ដើមសាកមើល តើព្រះយេស៊ូជាព្រះបុត្រារបស់ព្រះជាម្ចាស់ដ៏ពិតប្រាដកមែនឬអត់? ប្រសិនបើ ជាព្រះបុត្រារបស់ព្រះជាម្ចាស់ពិតមែន មានសមត្ថភាពដើម្បីប្រែថ្មទាំងអស់ទៅជានំប៉័ង។ យើងនឹកឃើញការល្បួងនេះ គឺជាការល្បួងធម្មតាមែនទែន ដោយសារព្រះយេស៊ូឃ្លាន ព្រះអង្គអត់បានហូបអ្វីអស់៤០ថ្ងៃមកហើយ។
ដូច្នេះ ប្រសិនបើឥលូវនេះថ្មទាំងអស់នៅក្នុងវាលរហោស្ថានទៅជានំប៉័ងសប្បាយណាស់ ចង់មាននំប៉័ងហូបដែរ។ ដូចប្រជារាស្ត្រអ៊ីស្រាអែល ដែលនៅក្នុងវាលរហោស្ថានអស់រយៈពេល៤០ឆ្នាំ គេខឹងព្រះជាម្ចាស់ប៉ុន្មានដង ដោយសារពេលគេនៅអេហ្ស៊ីបគេមានម្ហូបបរិបូណ៌ តែពេលនេះគេអត់មានអ្វីហូប។ ដូច្នេះ ព្រះជាម្ចាស់បានប្រទានឲ្យគេនូវនំមាណាជារៀងរាល់ពេលព្រឹក គេមាននំដែលដុះចេញពីទឹកសន្សើម ដើម្បីចិញ្ចឹមជីវិត។ ប៉ុន្តែ ព្រះយេស៊ូជាព្រះជាម្ចាស់ ដូច្នេះព្រះអង្គមិនចាញ់ការល្បួងឡើយ ទោះបីទ្រង់អាចមានសមត្ថភាពដើម្បីដូរថ្មទៅជានំប៉័ង។ ព្រះយេស៊ូដែលជាព្រះជាម្ចាស់ មានឫទ្ធានុភាពសព្វប្រការ ដូច្នេះមារសាតាំងបានយល់ មនុស្សយើងជាមនុស្សដែលមានចិត្តលោភលន់ចង់បានច្រើនៗ។ ដូច្នេះ ល្បួងព្រះយេស៊ូថា ខ្ញុំអាចឲ្យទ្រព្យសម្បត្តិទាំងអស់ ទីក្រុងទាំងអស់ ដែលនៅក្នុងពិភពលោកទាំងមូល ប៉ុន្តែព្រះយេស៊ូមិនចាញ់ទេ។ ទី៣សាកមើលដើម្បីបង្គាប់ព្រះជាម្ចាស់ ប៉ុន្តែព្រះយេស៊ូបានឆ្លើយថាគ្មាននរណាដែលអាចបង្គាប់ឬល្បួងព្រះជាម្ចាស់បានទេ។
បងប្អូនជាទីស្រឡាញ់ ឥលូវនេះយើងចូលនៅក្នុងរដូវ៤០ថ្ងៃ ឥលូវនេះជាពេលវេលាសម្រាប់យើងដើម្បីទទួលការល្បួងដែរ ដើម្បីនឹកឃើញដល់ជីវិតរបស់យើងយ៉ាងច្បាស់លាស់។ នៅពេលខ្ញុំមកដល់ទួលក្រសាំងនេះ ១២ឆ្នាំមុនពេលខ្ញុំជាអភិបាលថ្មីៗ នៅទីនេះខ្ញុំមានអារម្មន៍ថាខ្ញុំបានទៅដល់តំបន់ដាច់ស្រយាលនៃភូមិភាគភ្នំពេញទៅហើយ។ ពិបាកចូល រកមិនឃើញផ្លូវ យើងគ្មានព្រះវិហារស្អាតដូចនេះទេ ជាកន្លែងតូចមួយ ហើយភូមិរបស់យើងអត់មានផ្លូវចេញ ជាកន្លែងដ៏តូចមួយដែលអត់សូវមានតម្លៃទេសម្រាប់សង្គម។ ប៉ុន្តែ ឥលូវនេះប្រសិនបើយើងនិយាយអំពីតម្លៃវិញ ខ្ញុំជឿថាដីរបស់យើងថ្លៃណាស់ យើងជាប់ជាមួយផ្លូវធំណាស់ នៅក្បែរព្រលានយន្តហោះថ្មី។ កន្លែងរបស់យើងដែលជាកន្លែងដាច់ស្រយាល់ ទៅជាកន្លែងមួយពិសេសបំផុត ប៉ុន្តែតើយើងចាញ់ការល្បួងឬទេ? ដោយសារ នេះជារបៀបដែលយើងជាគ្រីស្តបរិស័ទធម្មតា យើងបានសាងសង់ព្រះវិហាររបស់យើងដើម្បីថ្វាយបង្គំ។ ប៉ុន្តែ ឥលូវនេះជាពេលវេលាមួយដើម្បីនឹកឃើញដែរ លោកីយ៍របស់យើង សង្គមរបស់យើង រីកចម្រើនលឿនណាស់។
ជាពិសេស នៅក្នុងតំបន់តាខ្មៅនេះ មានអគារថ្មីខ្ពស់ៗ ច្រើនណាស់ សង្គមរបស់យើងបានទាក់ទាញយើង ដើម្បីឲ្យយើងដើរឆ្ងាយពីព្រះជាម្ចាស់ សង្គមរបស់យើង បានទាក់ទាញយើងដើម្បីឲ្យយើងចង់បានថែមទៀត។ យើងចង់ទិញរំលោះអ្វីក៏បាន ទូរស័ព្ទក៏បាន ម៉ូតូក៏បាន ឡានក៏បាន ផ្ទះក៏បាន តាមសង្គមទាក់ទាញអារម្មណ៍យើង។ ប៉ុន្តែ ក្រោយមកគ្រោះថ្នាក់ដោយសារទិញរំលោះហើយយើងអត់មានអីសង ខែទីមួយសងបាន ខែទីពីរលែងសងបាន ខែទីបីដាច់ខ្យល់ ពេលយើងដាច់ខ្យល់យើងទៅខ្ចីលុយគេនៅផ្សារដែលមានការថ្លៃខ្ពស់។ នេះជារបៀបដែលមារសាតាំងល្បួងយើង ជារបៀបដែលបច្ចុប្បន្ននេះមារសាតាំងណែនាំឲ្យយើងមើលឃើញអ្វីដែលល្អ ដែលស្អាត យើងមើលឃើញការផ្សព្វផ្សាយរបស់គេពីមួយថ្ងៃទៅមួយថ្ងៃ នេះជារបៀបដែលមារសាតាំងល្បួងព្រះយេស៊ូ។
សម្រាប់យើងសព្វថ្ងៃយើងត្រូវពិចារណា យើងជាគ្រីស្តបរិស័ទដែលរស់នៅក្នុងសង្គមបច្ចុប្បន្ននេះ យើងជាគ្រីស្តបរិស័ទដែលរស់នៅក្នុងលោកីយ៍បច្ចុប្បន្ននេះ ប៉ុន្តែយើងបានស្ដាប់នៅអត្ថបទទី២ថ្ងៃនេះ “អ្នកណាអង្វរព្រះនាមព្រះអម្ចាស់ អ្នកនោះនឹងទទួលការសង្រ្គោះ”។ នេះជាគោលដៅនៃជីវិតរបស់យើង ជីវិតរបស់យើងនៅលោកីយ៍នេះមិនត្រូវតែបញ្ចប់ជាមួយសេចក្ដីស្លាប់ទេ ជីវិតនៅលោកីយ៍នេះមិនត្រូវការឈប់។ ផ្ទុយទៅវិញ យើងដឹងថាជីវិតរបស់យើងបន្តនៅស្ថានបរមសុខរួមជាមួយព្រះជាម្ចាស់ ដើម្បីទទួលការសង្រ្គោះ ដើម្បីទទួលជីវិតអស់កល្បជានិច្ច។ ប៉ុន្តែ យើងចាប់ផ្ដើមពីពេលនេះតទៅទោះបីយើងជាក្មេងក៏ដោយ ទោះបីយើងជាយុវជនក៏ដោយ ទោះបីជាយើងជាពូមីង លោកតាលោកយាយ ចាស់ក៏ដោយ យើងដឹងថាជីវិតរបស់យើងមានកំណត់នៅលើផែនដីនេះ។ ទោះបី យើងប្រមូលទ្រព្យសម្បត្តិទាំងអស់ដែលមារសាតាំងចង់ឲ្យទៅយើង ទោះបីនៅក្នុងកាយរបស់យើងយើងមានអ្វីៗទាំងអស់ នៅពេលយើងដាច់ខ្យល់ហើយទ្រព្យសម្បត្តិរបស់យើង យើងយកទៅស្ថានបរមសុខមិនបានទេ។ ប៉ុន្តែ នៅស្ថានបរមសុខយើងអាចយកទ្រព្យសម្បត្តិដ៏ពិសេសដែលយើងទទួលបានពីព្រះជាម្ចាស់ នៅពេលយើងកើតជាថ្មីនៅក្នុងពិធីជ្រមុជទឹក គឺសេចក្ដីស្រឡាញ់ ចិត្តអាណិតមេត្តា ការលើកលែងទោស ដែលមានអស់មួយជីវិតរបស់យើងដល់បងប្អូនឯទៀតៗ។
ហេតុនេះហើយ រដូវ៤០ថ្ងៃជាពេលវេលាមួយពិសេស ដើម្បីត្រៀមខ្លួនពីមួយថ្ងៃទៅមួយថ្ងៃ ដើម្បីរៀបចំខ្លួនឲ្យទទួលជីវិតថ្មី កុំឲ្យយើងចាញ់លោកីយ៍ កុំឲ្យយើងទៅជាមនុស្សដូចគេដូចឯង។ យើងជាគ្រីស្តបរិស័ទ យើងខុសគេដោយសារយើងបានទទួលពិធីជ្រមុជទឹក ដោយសារយើងជាបុត្រាបុត្រីរបស់ព្រះជាម្ចាស់ ដោយសារយើងជាមនុស្សដែលដើរតាមព្រះហឫទ័យស្រឡាញ់របស់ព្រះអង្គ។ ព្រះអង្គណែនាំឲ្យយើងស្រឡាញ់សត្រូវ ព្រះអង្គណែនាំឲ្យយើងជួយបងប្អូនឯទៀតៗគ្រប់ពេលវេលា ព្រះអង្គណែនាំឲ្យយើងដឹងថាប្រសិនយើងឲ្យទឹកសុទ្ធមួយកែវដោយនាមព្រះយេស៊ូពោរពេញដោយតម្លៃនិងអត្ថន័យ។ ដូច្នេះ យើងត្រូវការភ្ញាក់ស្មារតីនៅក្នុងរដូវ៤០ថ្ងៃ ដូចសម្ដេចប៉ាបបានណែនាំយើងបីចំណុចដ៏សំខាន់ នៅក្នុងសារលិខិតព្រះអង្គមានប្រសាសន៍ថា “យើងមិនត្រូវនឿយណាយនឹងការអធិដ្ឋានឡើយ យើងមិនត្រូវនឿយណាយនឹងការលុបបំបាត់អំពើអាក្រក់ចេញពីជីវិតរបស់យើងឡើយ យើងមិនត្រូវនឿយណាយនឹងប្រព្រឹត្តអំពើល្អ ដែលធ្វើកិច្ចការសប្បុរសជាក់ស្ដែងចំពោះបងប្អូនឯទៀតៗឡើយ”។ ជា៣ចំណុចដែលយើងត្រូវការថែរក្សាមែនទែននៅក្នុង៤០ថ្ងៃនេះ ចាប់ពីពេលនេះឲ្យយើងយកចិត្តទុកដាក់ដើម្បីអធិដ្ឋានថែមទៀត។ ស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ចូលអភិបូជា សូត្រផ្គាំ សូត្រធម៌នានា តាំងព្រះកាយព្រះគ្រីស្តនៅក្នុងសេចក្ដីស្រឡាញ់របស់យើងដើម្បីជាប់ជាមួយព្រះជាម្ចាស់។
នៅក្នុង៤០ថ្ងៃខាងមុខនេះ ឲ្យយើងយកចិត្តទុកដាក់លុបបំបាត់អំពើអាក្រក់ឲ្យចេញពីជីវិតរបស់យើង។ នេះជាមូលហេតុ ដែលយើងតមអាហារ ពីសម័យដើមតមអាហារមានន័យថាតមអាហារពិត ប៉ុន្តែមិនមែនតមដើម្បីស្គមទេ មិនមែនតមដើម្បីសុខភាពល្អទេ។ តមដើម្បីនឹកឃើញព្រះជាម្ចាស់ តមដើម្បីជាប់ជាមួយព្រះអង្គថែមទៀត តមដើម្បីតស៊ូនៅក្នុងខ្លួនយើង។ នៅពេលយើងឃ្លាន ជាពេលមួយដើម្បីប្រាប់ខ្លួនឯងថាយើងស៊ូទ្រាំ យើងលះបង់ចោលខ្លះៗសម្រាប់សុខសន្តិភាពនៅក្នុងពិភពលោក សម្រាប់បងប្អូនយើងដែលរងទុក្ខលំបាក សម្រាប់មនុស្សប៉ុន្មានលាននាក់ដែលខ្វះម្ហូបអាហារនៅក្នុងពិភពលោកជាប្រចាំថ្ងៃ។ ដូច្នេះ នៅក្នុង៤០ថ្ងៃនេះយើងត្រូវការយកចិត្តទុកដាក់ ដើម្បីតមអាហារផង តមទម្លាប់អាក្រក់ដែលយើងធ្លាប់មានផង ដើម្បីទៅជាមនុស្សថ្មី ដើម្បីនឹកឃើញដល់បងប្អូនដែលពិបាកជាងយើងទៀត។ ទោះបីយើងពិបាកក៏ដោយ នៅមានគេពិបាកជាងយើងទៀត ជាពិសេសសព្វថ្ងៃពេលយើងមើលរូបថតសង្គ្រាមនៅប្រទេសអ៊ុយក្រែន មានប្រជាជនរាប់លាននាក់បានភៀសខ្លួនចេញពីប្រទេសរបស់ខ្លួន។ ប្រសិនយើងបើកភ្នែកថែមទៀត នៅប្រទេសយេម៉ែនសព្វថ្ងៃមានកូនក្មេងរាប់ម៉ឺននាក់ដែលគ្មានម្ហូបអាហារគ្រប់គ្រាន់ដោយសារសង្រ្គាមផ្ទៃក្នុង។ នៅទ្វីបអាហ្វ្រិកមានកូនក្មេងរាប់លាននាក់ដែលអត់មានម្ហូបអាហារ អត់មានទឹកញ៉ាំជាប្រចាំថ្ងៃ អត់មានមន្ទីរពេទ្យព្យាបាលជំងឺទៀត។
ដូច្នេះ ពេលយើងបើកភ្នែកតិចៗយើងឃើញនៅក្នុងពិភពលោក មានមនុស្សដែលមានទុក្ខលំបាកជាងយើងជាច្រើនទៀត។ នេះជាពេលវេលា ដើម្បីចូលរួមនៅក្នុងទុក្ខលំបាករបស់គេ ដូចព្រះយេស៊ូនៅពេលព្រះអង្គសោយទិវង្គត ដើម្បីប្រមូលទុក្ខលំបាករបស់យើងផ្ទាល់ ប្រមូលអំពើបាបរបស់យើងផ្ទាល់ ដើម្បីឲ្យយើងទទួលការសង្គ្រោះមែន។ ទី៣កុំឲ្យយើងនឿយណាយនឹងប្រព្រឹត្តអំពើល្អ ដោយធ្វើកិច្ចការសប្បុរសជាក់ស្ដែងចំពោះបងប្អូនឯទៀតៗ ដូចលោកប៉ូលនិយាយថ្ងៃ នេះកុំឲ្យយើងនិយាយតែបបូរមាត់ ប៉ុន្តែជំនឿរបស់យើងទៅលើព្រះជាម្ចាស់នៅក្នុងដួងចិត្តរបស់យើង។ កុំឲ្យយើងចេះតែថា ខ្ញុំស្រឡាញ់គេប៉ុន្តែតាមពិតយើងអត់ចេះស្រឡាញ់សោះ កុំឲ្យយើងចេះថានៅក្នុងព្រះវិហារខ្ញុំស្រឡាញ់បងប្អូនៗ ស្រឡាញ់សត្រូវ នៅពេលយើងចេញពីព្រះវិហារយើងជេរគេ យើងច្រណែនគេ យើងស្អប់គេអស់ពីសមត្ថភាព។ ផ្ទុយទៅវិញ នៅក្នុងរដូវ៤០ថ្ងៃយើងជាក្មេងក៏ដោយ យុវជនក៏ដោយ ពូមីង តាយាយក៏ដោយ ឲ្យយើងសម្រេចចិត្តថ្ងៃនេះតើយើងធ្វើអ្វីខ្លះដ៏ល្អប្រសើរសម្រាប់បងប្អូនខ្ញុំ?
មិនត្រូវការប្រកាសដល់ពិភពលោកទេ ប៉ុន្តែយើងធ្វើដោយសេចក្ដីស្រឡាញ់របស់យើងដ៏ពិតប្រាកដ ដល់អ្នកទាំងនោះឲ្យច្បាស់លាស់។ យើងធ្វើនៅក្នុងសេចក្ដីសុខរបស់យើង ដើម្បីយើងជួយមនុស្សម្នាក់ដែលកំពុងពិបាក ហើយយើងសម្រេចចិត្តរិះគិតពិចារណាដើម្បីភ្ជាប់ជាមួយព្រះហឫទ័យស្រឡាញ់របស់ព្រះជាម្ចាស់។ ដូច្នេះ បងប្អូនជាទីស្រឡាញ់ថ្ងៃនេះ យើងដឹងថាមារសាតាំងកំពុងធ្វើការ មារសាតាំងអត់ដែលចូលនិវត្តន៍ទេ យើងត្រូវការប្រុងប្រយ័ត្នដោយសារមារសាតាំងចូលចិត្តចូលទៅក្នុងចំណុចខ្សោយរបស់យើង ដើម្បីឲ្យយើងចាញ់ការល្បួង។ ប៉ុន្តែ ថ្ងៃនេះយើងមើលឃើញព្រះយេស៊ូ ព្រះយេស៊ូបានតស៊ូ ព្រះយេស៊ូបានសោយទិវង្គតដើម្បីឲ្យយើងមានកម្លាំង ឲ្យយើងមានសមត្ថភាព។ ខ្ញុំបាននិយាយពីម្សិលមិញ ដល់ប្អូនៗដែលបានទទួលពិធីត្រាស់ហៅយ៉ាងឱឡារិក យើងមានតែចំណុច២ដ៏សំខាន់បំផុត គឺអធិដ្ឋាននិងបម្រើនៅក្នុងសេចក្ដីស្រឡាញ់។ អធិដ្ឋានដើម្បីទទួលកម្លាំង ដើម្បីភ្ជាប់ជាមួយព្រះជាម្ចាស់ និងក្រោយមកអនុវត្តយ៉ាងជាក់ស្ដែង មិនមែនតែស្រឡាញ់ខ្លួនឯង ប៉ុន្តែបម្រើនៅក្នុងសេចក្ដីស្រឡាញ់ ដូចព្រះយេស៊ូបានលាងជើងឲ្យក្រុមសាវ័ក។
ដូច្នេះដើម្បីយើងមើលយ៉ាងជាក់ស្ដែង អធិដ្ឋានដើម្បីភ្ជាប់ជាមួយព្រះជាម្ចាស់ទទួលកម្លាំង និងស្រឡាញ់នៅក្នុងការបម្រើ បម្រើនៅក្នុងសេចក្ដីស្រឡាញ់។ នៅពេលហ្នឹង យើងដឹងថាយើងត្រៀមខ្លួនដើម្បីទទួលព្រះយេស៊ូ ដែលយាងមកនៅក្នុងជីវិតរបស់យើង នៅក្នុងសង្គមរបស់យើងបច្ចុប្បន្ននេះ។ អាម៉ែន៕
+ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ
អភិបាលព្រះសហគមន៍កាតូលិកកម្ពុជា
ភូមិភាគភ្នំពេញ