សន្ត​សន្តី​ជា​កម្លាំង​សម្រាប់​យើង ដើម្បី​ទៅ​ជា​មនុស្ស​សុចរិត

អភិបូជា​ខួប​១២​ឆ្នាំ​ជា​អភិបាល

ធ្វើ​នៅ​ព្រះសហគមន៍​សន្ត​យ៉ូសែប

ផ្សារតូច ថ្ងៃ​ទី​២០ ខែ​មីនា ឆ្នាំ​២០២២

អត្ថបទ​ទី១៖ សេរីភាព ១៧,៣-៧
តើ​ព្រះ‌អម្ចាស់​គង់​ក្នុង​ចំណោម​ពួក​យើង​មែន ឬ​មិន​មែន? សរ ១៧,៧
អត្ថបទ​ទី២៖ រ៉ូម ៥,១-២.៥-៨
យើង​មាន​មាគ៌ា​ចូល​ទៅ​កាន់​ជីវិត​ថ្មី។ រម ៥,២
ដំណឹងល្អ៖ យ៉ូហាន ៤,៥-៤២
តើ​លោក​បាន​ទឹក​ដែល​ផ្ដល់​ជីវិត​នោះ​ពី​ណា​មក? យហ ៤,១១

“សន្ត​សន្តី​ជា​កម្លាំង​សម្រាប់​យើង ដើម្បី​ទៅ​ជា​មនុស្ស​សុចរិត”

បង​ប្អូន​ជា​ទី​ស្រឡាញ់

ថ្ងៃ​នេះ យើង​បាន​ស្ដាប់​អំពី​ព្រះជាម្ចាស់ ច្រើន​ដង​យើង​សួរ​ខ្លួន​ឯង​ថា តើ​ព្រះជាម្ចាស់ជាណា? ប៉ុន្តែ ថ្ងៃ​នេះ​ពេល​យើង​ស្ដាប់​អត្ថបទ​ទី​១ គឺ​គម្ពីរ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​សេរីភាព ទំនាក់​ទំនង​លោក​ម៉ូសេ​ជា​មួយ​នឹង​ព្រះជាម្ចាស់ ណែនាំ​ឱ្យ​យើង​ឃើញ​ព្រះជាម្ចាស់​ដូច​ជា​សម្ដែង​ព្រះហឫទ័យ​ដល់​លោក​ម៉ូសេ​និង​ដល់​យើង​ដែរ។ យើង​បាន​ស្ដាប់​ថា “យើងជាព្រះដែលឪពុកអ្នកតែងគោរពបម្រើគឺព្រះរបស់លោកអប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុប”។ នៅ​ពេល​យើង​នឹក​ឃើញ​លោក​អប្រាហាំ លោក​អ៊ីសាក លោក​យ៉ាកុប យើង​នឹក​ឃើញ​ដល់​លោក​យ៉ូហាន​បាទីស្ទ​ដែរ។ យើង​នឹក​ឃើញ​ដល់​សន្ត​យ៉ូសែប ដែល​យើង​បាន​គោរព​ពី​ម្សិល​មិញ ដោយសារ​ទាំង​អស់​គ្នា​ជា​មនុស្ស​សុចរិត។ ព្រះជាម្ចាស់​បាន​ជ្រើស​រើស​គេ ថែរក្សា​គេ ឱ្យ​គេ​ទទួល​ភាព​ដ៏​វិសុទ្ធ​របស់​ព្រះអង្គ​ទៅ​ជា​មនុស្ស​សុចរិត ដែល​រស់​នៅ​ក្នុង​ព្រះហឫទ័យ​របស់​ព្រះជាម្ចាស់​ដ៏​ពិត​ប្រាកដ។

តាម​ពិត នៅ​ពេល​ខ្ញុំ​បាន​ជ្រើស​រើស​ថ្ងៃ​តែង​តាំង​ជា​អភិបាល ខ្ញុំ​បាន​រើស​ថ្ងៃ​សន្ត​យ៉ូសែប គឺ​ថ្ងៃ​ទី​២០ ខែ​មីនា ឆ្នាំ​២០១០។ ប៉ុន្តែ ថ្ងៃ​ដែល​ព្រះជាម្ចាស់​បាន​ត្រាស់​ហៅ​ឱ្យ​ខ្ញុំ​ទៅ​ជា​លោក​អភិបាល តាមរយៈ​សម្ដេច​ប៉ាប បេណេឌីតូ​ទី​១៦​គឺ​យប់​បុណ្យ​ព្រះយេស៊ូ​ប្រសូត្រ នៅ​ថ្ងៃ​ទី​២៤ ខែ​ធ្នូ ឆ្នាំ​២០០៩។ ថ្ងៃ​ដែល​ខ្ញុំ​បាន​ទទួល​បន្ត​បេសកកម្ម​ដ៏​ពេញ​លក្ខណៈ​ពី​លោក​អភិបាល អេមីល គឺ​ថ្ងៃ​ទី​០១ ខែ​តុលា ឆ្នាំ​២០១០​គឺ​ថ្ងៃ​សន្តី​តេរេសា។ នៅ​ក្នុង​ជីវិត​របស់​យើង យើង​មាន​សន្ត​សន្តី​ដែល​ណែនាំ​ឱ្យ​យើង​រស់​នៅ​ក្នុង​ព្រះហឫទ័យ​ព្រះជាម្ចាស់។ យើង​ទាំង​អស់​គ្នា យើង​មាន​គំរូ​ដែល​ណែនាំ​ឱ្យ​យើង​ទៅ​មុខ​នៅ​ក្នុង​ជីវិត​ជា​គ្រីស្ត​បរិស័ទ។ ប្អូនៗ​ដែល​ថ្ងៃ​នេះ​ធ្វើ​ពិធី​ជម្រះ​ចិត្ត​គំនិត​លើក​ទី​១ ប៉ុន្មាន​ថ្ងៃ​មុន​នៅ​ពេល​ខ្ញុំ​ត្រាស់​ហៅ​យ៉ាង​ឱឡារិក ខ្ញុំ​បាន​ហៅ​តាម​ឈ្មោះ​សន្ត​សន្តី​ដែល​បាន​ជ្រើស​រើស​ផ្ទាល់​ខ្លួន​។ សន្ត​សន្តី​ជា​កម្លាំង​សម្រាប់​យើង ដើម្បី​ទៅ​ជា​មនុស្ស​សុចរិត ប៉ុន្តែ​យើង​ត្រូវ​ការ​ធ្វើ​ប្រយ័ត្ន។ យើង​បាន​ស្ដាប់​នៅ​ក្នុង​អត្ថបទ​ទី​២ “ប៉ុន្តែ ដោយថាបុព្វបុរសមួយចំនួនធំ មិនបានគាប់ព្រះហឫទ័យព្រះជាម្ចាស់ ពួកគេស្លាប់នៅវាលរហោស្ថាន”។ តាម​ពិត យើង​បាន​ទទួល​ការ​ត្រាស់​ហៅ​ទាំង​អស់​គ្នា ប៉ុន្តែ​ជួន​កាល​យើង​ភ្លេច​ខ្លួន នៅ​ពេល​នោះ​ដូច​ជា​យើង​ស្លាប់​នៅ​វាល​រហោ​ស្ថាន។ ប៉ុន្តែ ព្រះជាម្ចាស់​គង់​នៅ​ជា​មួយ​យើង ដើម្បី​ឱ្យ​យើង​រស់​ឡើង​វិញ​សាជាថ្មី នេះ​ជា​បទ​ពិសោធន៍​ដែល​ខ្ញុំ​មាន​នៅ​ក្នុង​រយៈ​ពេល​១២​ឆ្នាំ​កន្លង​មក។

សន្ត អូកូស្តាំង ធ្លាប់​មាន​ប្រសាសន៍​ថា “ខ្ញុំជាលោកអភិបាលដើម្បីបម្រើបងប្អូន និងខ្ញុំជាគ្រីស្តបរិស័ទដែលធ្វើដំណើរជាមួយបងប្អូន”។ ខ្ញុំ​គិត​ថា សម្រាប់​ខ្ញុំ​ជា​លោក​អភិបាល​គឺ​នេះ​ពិត​មែន ខ្ញុំ​ជា​លោក​អភិបាល​ដើម្បី​បម្រើ​បង​ប្អូន នៅ​ពេល​ខ្ញុំ​បាន​ទទួល​អគ្គ​សញ្ញា​តែង​តាំង​ជា​បូជាចារ្យ ខ្ញុំ​បាន​ឆ្លាក់​លើ​ពែង​កាលីស​របស់​ខ្ញុំ​ថា “ដោយសេចក្ដីស្រឡាញ់”។ នៅ​ពេល​ខ្ញុំ​បាន​ទទួល​អគ្គ​សញ្ញា​តែង​តាំង​ជា​អភិបាល​ខ្ញុំ​បាន​ឆ្លាក់​ថា “ដោយបម្រើ”។ យើង​ជា​លោក​អភិបាល​ដើម្បី​បម្រើ​បង​ប្អូន ប៉ុន្តែ​ជា​គ្រីស្ត​បរិស័ទ​ដែរ ជា​គ្រីស្ត​បរិស័ទ​ម្នាក់​ដែល​ដំណើរ​រួម​ជា​មួយ​បង​ប្អូន ជា​បូជាចារ្យ​ម្នាក់​ដែល​ធ្វើ​ដំណើរ​រួម​ជា​មួយ​លោក​ឪពុក ឱ្យ​យើង​រួម​គ្នា​ដើម្បី​កសាង​ព្រះសហគមន៍​នៅ​ភូមិ​ភាគ​ភ្នំពេញ។

បង​ប្អូន​ជា​ទី​ស្រឡាញ់ ថ្ងៃ​នេះ​យើង​បាន​ស្ដាប់​អត្ថបទ​ដំណឹង​ល្អ​ដែល​ស្ដី​អំពី​ស្រ្តី​សាសន៍​សាម៉ារី ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​នាង​ថា “ប្រសិនបើនាងស្គាល់ព្រះអំណោយទានរបស់ព្រះជាម្ចាស់និងស្គាល់អ្នកដែលនិយាយទៅកាន់នាងថា ខ្ញុំសុំទឹកទទួល​ទាន​បន្តិច នោះនាងមុខជាសុំទឹកពីលោកវិញពុំខាន”។ ប្រសិន​បើ​នាង​ស្គាល់​ព្រះអំណោយ​ទាន​របស់​ព្រះជាម្ចាស់ នេះ​ជា​បទ​ពិសោធន៍​ដែល​ខ្ញុំ​មាន​នៅ​ក្នុង​រយៈ​ពេល​១២​ឆ្នាំ ដែល​ខ្ញុំ​បាន​ធ្វើ​ដំណើរ​ជា​មួយ​បង​ប្អូន។ ខ្ញុំ​បាន​មើល​ឃើញ​យ៉ាង​ជាក់​ស្ដែង អំពី​ព្រះអំណោយ​ទាន​របស់​ព្រះជាម្ចាស់​សម្រាប់​ប្រជារាស្រ្ត​របស់​ព្រះអង្គ​លើ​ទឹកដី​កម្ពុជា ជា​ពិសេស​នៅ​ក្នុង​ភូមិភាគ​ភ្នំពេញ។ តាមរយៈ​មណ្ឌល​សកម្មភាព​ទាំង​៩ នៅ​ពេល​បាន​ជួប​ជា​មួយ​បង​ប្អូន​គ្រីស្ត​បរិស័ទ ជួប​ជា​មួយ​យុវជន​យុវនារី ជួប​ជា​មួយ​អ្នក​ដែល​កំពុង​ស្វែង​រក​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់ ខ្ញុំ​បាន​ឃើញ​យ៉ាង​ជាក់​ស្ដែង ពិត​មែន​ព្រះអំណោយ​ទាន​របស់​ព្រះជាម្ចាស់ កំពុង​កើត​ជា​រូប​រាង​នៅ​លើ​ទឹក​ដី​យើង។ យើង​មាន​ជីវិត យើង​មាន​កម្លាំង ទោះ​បី​មាន​កូវីដ-១៩​ក៏​ដោយ ក៏​យើង​បន្ត យើង​បាន​ធ្វើ​ដំណើរ​នៅ​ក្នុង​ការ​អធិដ្ឋាន​រួម​ជា​មួយ​គ្នា ដើម្បី​ថែរក្សា​ជំនឿ។ ជំនឿ​របស់​យើង ជា​ជំនឿ​ដែល​យើង​ទទួល​បាន​ពី​បុព្វ​បុរស​របស់​យើង ដែល​យើង​ទទួល​ថ្មីៗ​ក៏​ដោយ យើង​ដឹង​ថា​ជា​ជំនឿ​ដែល​យើង​ទទួល​បាន​ពី​បង​ប្អូន​ដែល​បាន​ផ្ដល់​សក្ខីភាព ពី​មុន​សម័យ​ប៉ុល​ពត​រហូត​ដល់​សម័យ​នេះ ដើម្បី​ឱ្យ​ព្រះសហគមន៍​ដែល​បាន​ឆ្លង​ប្រវត្តិសាស្ត្រ​ដ៏​ពិសេស​នៅ​មាន​ជីវិត។ នៅ​មាន​ជីវិត​ដដែល កំពុង​រីក​ចម្រើន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​នៅ​ក្នុង​សេចក្ដី​សុខ​សាន្ត សម្រាប់​នេះ​ខ្ញុំ​សូម​អរ​ព្រះគុណ​ព្រះជាម្ចាស់។

ខ្ញុំ​អរ​ព្រះគុណ​ព្រះជាម្ចាស់ ពេល​ខ្ញុំ​ឃើញ​ព្រះអំណោយ​ទាន​របស់​ព្រះអង្គ​តាម​រយៈ​លោក​បូជាចារ្យ បព្វជិត​បព្វជិតា ដែល​បម្រើ​ព្រះសហគមន៍​អស់​ពី​សេចក្ដី​ស្រឡាញ់។ ដែល​យក​ចិត្ត​ទុក​ដាក់​ធ្វើ​ជា​គ្រូ​គង្វាល ដើម្បី​ឱ្យ​ព្រះសហគមន៍​រួម​រស់​នៅ​ក្នុង​ព្រះហឫទ័យ​របស់​ព្រះជាម្ចាស់ មិន​ធ្លាក់​នៅ​ក្នុង​វាល​រហោ​ស្ថាន។ ខ្ញុំ​សូម​អរ​ព្រះគុណ​ព្រះជាម្ចាស់ សម្រាប់​ការ​អភិវឌ្ឍន៍ និង​ការ​ប្រកាស​ដំណឹង​ល្អ ដែល​យើង​បាន​យក​ចិត្ត​ទុក​ដាក់​ធ្វើ​អស់​រយៈ​ពេល​១២​ឆ្នាំ។ ជា​ពិសេស តាម​រយៈ​ការិយាល័យ​នីមួយៗ ការិយាល័យ​យុវជន ការិយាល័យ​ផ្សព្វផ្សាយ​ព័ត៌មាន​កាតូលិក ការិយាល័យ​អប់រំ​ជំនឿ​និង​ពិធី​បុណ្យ ការិយាល័យ​សុខភាព​និង​កម្មករ ការិយាល័យ​ការ​សិក្សា ការិយាល័យ​សិល្បៈ ការិយាល័យ​សហគ្រិន​សង្គម ការិយាល័យ​ទទួល​ស្វាគមន៍​នៅ​ភ្នំពេញ​ថ្មី និង​ការិយាល័យ​លោក​អភិបាល។ កន្លែង​នីមួយៗ យើង​មាន​តែ​បង​ប្អូន​ដែល​យក​ចិត្ត​ទុក​ដាក់​នៅ​ក្នុង​សេចក្ដី​ស្រឡាញ់ នៅ​ក្នុង​កម្លាំង​កាយ​កម្លាំង​ចិត្ត ដើម្បី​ធ្វើ​ដំណើរ​ជា​មួយ​គ្នា។

សព្វ​ថ្ងៃ ពេល​យើង​និយាយ​ថា​ធ្វើ​ដំណើរ​ជា​មួយ​គ្នា ខ្ញុំ​គិត​ថា​នៅ​ក្នុង​ភូមិភាគ​យើង យើង​មាន​បទ​ពិសោធន៍​នេះ​មែន​ទែន។ តាម​កាលៈទេសៈ​នីមួយៗ​យើង​ទៅ​មុខ​ទៀត នៅ​ពេល​យើង​មាន​អំណរ​សប្បាយ​យើង​ទៅ​មុខ ពេល​យើង​ចូល​នៅ​ក្នុង​បញ្ហា​ជា​មួយ​កូវីដ-១៩​យើង​ទៅ​មុខ​ទៀត។ សព្វ​ថ្ងៃ យើង​ខិត​ខំ​បន្ត​ប្រកាស​ដំណឹង​ល្អ ដោយ​ណែនាំ​ឱ្យ​បង​ប្អូន​រៀងៗ​ខ្លួន​អភិវឌ្ឍន៍ រីក​ចម្រើន​នៅ​ក្នុង​ជីវិត​របស់​គាត់។ ជា​កុមារ​ក្ដី ជា​យុវជន​យុវនារី​ក្ដី ជា​ពូ​មីង​ក្តី ជា​តា​យាយ​ក្ដី ដើម្បី​រក​ឃើញ​អំណោយ​ទាន​របស់​ព្រះជាម្ចាស់​នៅ​ក្នុង​ជីវិត​ផ្ទាល់​ខ្លួន។ ខ្ញុំ​បាន​ឃើញ ព្រះអំណោយ​ទាន​របស់​ព្រះជាម្ចាស់​តាម​រយៈ​អង្គការ​កាតូលិក និង​តាម​រយៈ​គ្រីស្ត​បរិស័ទ​ដែល​ផ្ញើ​ជីវិត​ទាំង​ស្រុង​ទៅ​លើ​ព្រះជាម្ចាស់។ ដែល​ជា​សញ្ញា​សម្គាល់ នៃ​ព្រះហឫទ័យ​ប្រណី​សន្តោស​របស់​ព្រះជាម្ចាស់​យ៉ាង​ជាក់​ស្ដែង នៅ​ក្នុង​សង្គម​របស់​យើង​បច្ចុប្បន្ន​នេះ។ យើង​មាន​វត្តមាន នៅ​ក្នុង​គ្រប់​វិស័យ វិស័យ​អប់រំ វិស័យ​សុខភាព វិស័យ​អ្នក​សង្គមកិច្ច វិស័យ​អភិវឌ្ឍន៍​ជនបទ វិស័យ​ដែល​ណែនាំ​ឱ្យ​មនុស្ស​ទាំង​អស់​អាច​រក​ឃើញ​សេចក្ដី​សង្ឃឹម និង​រក​ឃើញ​ទី​ពឹង​ថ្មី​នៅ​ក្នុង​សេចក្ដី​ស្រឡាញ់​របស់​ព្រះជាម្ចាស់។ ពិត​មែន នៅ​គ្រប់​ទី​កន្លែង​ក្នុង​ភូមិ​ភាគ​ភ្នំពេញ ក្នុង​រយៈ​ពេល​១២​ឆ្នាំ​កន្លង​មក​ខ្ញុំ​បាន​មើល ខ្ញុំ​បាន​ជួប​ជា​មួយ​បង​ប្អូន​ដែល​ជា​កម្លាំង កម្លាំង​សម្រាប់​ខ្ញុំ​ដែល​ជា​លោក​អភិបាល ដោយសារ​ខ្ញុំ​ជា​មនុស្ស​ខ្សោយ​ដែរ​យើង​ត្រូវ​ការ​រក​ឃើញ​កម្លាំង។ កុំ​ឱ្យ​យើង​គិត​ថា យើង​ជា​មនុស្ស​ពោរពេញ​ដោយ​កម្លាំង​គ្រប់​ពេល​វេលា រក​ឃើញ​កម្លាំង​សម្រាប់​ព្រះសហគមន៍​របស់​យើង ដែល​ចេះ​តែ​ទៅ​មុខ។ ជួន​កាល​យើង​ធ្លាក់ ជួន​កាល​យើង​អស់​សង្ឃឹម នៅ​ពេល​នឹក​ឃើញ​ដល់​ជីវិត​ដែល​យើង​មាន​នៅ​ក្នុង​ភូមិភាគ​យើង ខ្ញុំ​មាន​តែ​អរ​ព្រះគុណ​ព្រះជាម្ចាស់។ ដោយសារ ពិត​មែន​ប្រសិន​បើ​យើង​ស្គាល់​ព្រះអំណោយ​ទាន​របស់​ព្រះជាម្ចាស់ យើង​សុំ​ទឹក​ពី​ព្រះយេស៊ូ​ផ្ទាល់ ទឹក​ដែល​ផ្ដល់​ជីវិត​អស់​កល្ប​ជានិច្ច។

បង​ប្អូន​ជា​ទី​ស្រឡាញ់ យើង​ចូល​នៅ​ក្នុង​ដំណើរ​រួម​ជា​មួយ​គ្នា​ត​ទៅ​ទៀត ដើម្បី​ទៅ​ខាង​មុខ និង​អរគុណ​សម្ដេច​ប៉ាប ដែល​បាន​សុំ​ឱ្យ​ព្រះសហគមន៍​នៅ​ក្នុង​ពិភព​លោក​ទាំង​មូល ចូល​នៅ​ក្នុង​សន្និបាត​២០២១-២០២៣ ដែល​ណែនាំ​ឱ្យ​យើង​គិត​ពិចារណា តើយើងធ្វើដំណើររួមជាមួយគ្នាយ៉ាងដូចម្ដេច? ដោយ​យក​ចិត្ត​ទុក​ដាក់​នឹក​ឃើញ​ដល់​បេសកកម្ម​របស់​យើង យក​ចិត្ត​ទុក​ដាក់​ដើម្បី​ជា​អង្គ​តែ​មួយ ធ្វើ​ដំណើរ​រួម​ជា​មួយ​គ្នា ជា​មួយ​ព្រះជាម្ចាស់​នៅ​ក្នុង​ព្រះសហគមន៍​របស់​យើង។ ជា​ពិសេស ដើម្បី​ឱ្យ​យើង​រៀងៗ​ខ្លួន​ជា​គ្រីស្ត​បរិស័ទ​ក្ដី ជា​អ្នក​ដែល​កំពុង​ស្វែង​រក​ព្រះបន្ទូល​ព្រះជាម្ចាស់​ក្ដី ដែល​ជា​យុវជន​យុវនារី ដែល​ជា​បូជាចារ្យ ដែល​ជា​បង​ប្រុស​បង​ស្រី ដែល​ជា​លោក​អភិបាល ដើម្បី​ចូល​រួម​យ៉ាង​សកម្ម​នៅ​ក្នុង​បេសកកម្ម​ដែល​យើង​បាន​ទទួល​ពី​ព្រះជាម្ចាស់។ នៅ​ក្នុង​អត្ថបទ​ទី​១ យើង​បាន​មើល​ឃើញ​របៀប​ដែល​យើង​ត្រូវ​តែ​ធ្វើ ដោយសារ​កុំ​ឱ្យ​យើង​ធ្វើ​តាម​ចិត្ត កុំ​ឱ្យ​យើង​ធ្វើ​អ្វី​តាម​ការ​នឹក​ឃើញ។ យើង​ត្រូវ​ការ​ចូល​នៅ​ក្នុង​ព្រះហឫទ័យ​របស់​ព្រះជាម្ចាស់ ចូល​នៅ​ក្នុង​របៀប​ដែល​ព្រះជាម្ចាស់​ណែនាំ​យើង ដែល​ព្រះជាម្ចាស់​បង្រៀន​យើង ដែល​ព្រះជាម្ចាស់​ធ្វើ​ដំណើរ​ជា​មួយ​យើង​តាំង​ពី​ដើម​រៀង​មក។

នៅ​ពេល​យើង​និយាយ​អំពី អង្គ​តែ​មួយ ធ្លុង​តែ​មួយ យើង​ត្រូវ​ការ​ធ្វើ​យ៉ាង​ជាក់​ស្ដែង ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​ថា “ខ្ញុំជាព្រះដែលឪពុកអ្នក​តែងគោរពបម្រើ គឺព្រះរបស់លោកអប្រាហាំ លោកអ៊ីសាក លោកយ៉ាកុប”។ ហើយ​យើង​អាច​ថែម “សន្ត​យ៉ូហានបាទីស្ទ សន្តយ៉ូសែប ព្រះនាងម៉ារី សន្តសន្តីបុគ្គលទាំងឡាយ ជាព្រះជាម្ចាស់របស់យើង”។ ដូច្នេះ នៅ​ពេល​និយាយ​ថា​យើង​ជា​អង្គ​តែ​មួយ មុន​គេ​បង្អស់​យើង​ជា​អង្គ​តែ​មួយ​នៅ​ក្នុង​ព្រះជាម្ចាស់ នៅ​ក្នុង​ព្រះជាម្ចាស់​ដែល​ជា​ព្រះបិតា ព្រះបុត្រា និង​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ។ នៅ​ក្នុង​ព្រះជាម្ចាស់ ដែល​ធ្វើ​ដំណើរ​ជា​មួយ​យើង​ពី​ព្រះអង្គ​បាន​ជ្រើស​រើស​លោក​តា​អប្រាហាំ សព្វ​ថ្ងៃ​ជ្រើស​រើស​យើង​ដើម្បី​ឱ្យ​យើង​ចូល​រួម​នៅ​ក្នុង​មហា​គ្រួសារ​នៃ​គ្រីស្ត​បរិស័​ក្នុង​ពិភព​លោក​ទាំង​មូល។ អង្គ​តែ​មួយ​នៅ​ក្នុង​ព្រះសហគមន៍​សកល ជា​មួយ​លោក​អភិបាល​ទាំង​ឡាយ ជា​មួយ​សម្ដេច​ប៉ាប ជា​មួយ​គ្រីស្ត​បរិស័ទ​ទាំង​មួយ​ពាន់​បី​រយ​លាន​នាក់ ដែល​យើង​មាន​នៅ​ក្នុង​ពិភព​លោក។ អង្គ​តែ​មួយ​នៅ​ក្នុង​ភូមិភាគ​ភ្នំពេញ រួម​ជា​មួយ​បាត់ដំបង និង​កំពង់ចាម នៅ​ក្នុង​ព្រះសហគមន៍​កាតូលិក​កម្ពុជា ជា​មួយ​ព្រះសហគមន៍​ឡាវ ជា​មួយ​ព្រះសហគមន៍​នៅ​ក្នុង​ទ្វីប​អាស៊ី។ ជា​ពិសេស សម្រាប់​យើង​រួម​ជា​មួយ​លោក​អភិបាល យើង​ធ្វើ​ដំណើរ​ជា​មួយ​គ្នា​ដើម្បី​បង្ហាញ​ថា ពិត​មែន​នៅ​ក្នុង​ព្រះយេស៊ូ​គ្រីស្ត នៅ​ក្នុង​ព្រះជាម្ចាស់​ដែល​ជា​ព្រះបិតា នៅ​ក្នុង​ពន្លឺ​ដែល​ជា​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ យើង​ជា​អង្គ​តែ​មួយ​ដើម្បី​ធ្វើ​ដំណើរ​ទៅ​មុខ។

បេសកកម្ម​របស់​យើង គឺ​ឱ្យ​យើង​ស្ដាប់​អ្វី​ដែល​ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​ទៅ​លោក​ម៉ូសេ​ថ្ងៃ​នេះ ព្រះបន្ទូល​នេះ​ជា​ព្រះបន្ទូល​ពិសេស​បំផុត។ ដោយសារ ជា​លើក​ទី​១​និង​ជា​លើក​ចុង​ក្រោយ​ដែរ ដែល​ព្រះជាម្ចាស់​បង្ហាញ​ព្រះនាម​របស់​ព្រះអង្គ​ទៅ​លោក​ម៉ូសេ។ នៅ​ពេល​នោះ តាម​ពិត​អ្នក​ដែល​នៅ​ទល់​មុខ​ព្រះជាម្ចាស់​ត្រូវ​តែ​ស្លាប់ ប៉ុន្តែ​លោក​ម៉ូសេ​នៅ​ពេល​នោះ​មិន​ស្លាប់​ទេ។ លោក​ម៉ូសេ បាន​ស្ដាប់​ព្រះបន្ទូល​នេះ “អ្នកត្រូវប្រាប់ជនជាតិអ៊ីស្រាអែលថា យើង​ជា​ព្រះអម្ចាស់ដែលមានព្រះជន្ម​គង់នៅ”។ នេះ​ជា​ព្រះនាម​របស់​ព្រះជាម្ចាស់ ជា​ព្រះអម្ចាស់​ដែល​មាន​ព្រះជន្ម​គង់​នៅ នៅ​ពេល​យើង​ទទួល​ដំណឹង​នេះ យើង​យល់​អំពី​បេសកកម្ម​របស់​យើង។ យើង​យល់​អំពី​អ្វី​ដែល​យើង​ត្រូវ​តែ​ធ្វើ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ គឺ​ណែនាំ​ឱ្យ​ព្រះជាម្ចាស់​ដែល​មាន​ព្រះជន្ម​គង់ នៅ​ភ្ជាប់​ជា​មួយ​យើង​ផ្ទាល់ ភ្ជាប់​ជា​មួយ​បង​ប្អូន​ឯទៀតៗ។ យើង​នឹក​ឃើញ​ព្រះបន្ទូល​របស់​ព្រះយេស៊ូ “ខ្ញុំយាងមកនៅក្នុងពិភពលោកនេះ ដើម្បីណែនាំ​ឱ្យ​បងប្អូនមានជីវិត ជីវិតដ៏បរិបូរណ៍យ៉ូហាន ១០,១០

ខ្ញុំ​គិត​ថា ប្រសិន​បើ​យើង​ត្រូវ​ការ​សរុប​បេសកកម្ម​របស់​យើង​យ៉ាង​ខ្លី​បំផុត សម្រាប់​យើង​ដែល​ជា​គ្រីស្ត​បរិស័ទ សម្រាប់​យើង​ដែល​ជា​បូជាចារ្យ សម្រាប់​យើង​ដែល​ជា​បុព្វជិត​បុព្វជិតា សម្រាប់​យើង​ដែល​ជា​ការិយាល័យ​ក្នុង​ភូមិភាគ​របស់​យើង សម្រាប់​យើង​ដែល​ជា​អង្គការ​កាតូលិក យើង​ត្រូវ​តែ​ណែនាំ​ឱ្យ​ព្រះជន្ម​របស់​ព្រះជាម្ចាស់​ទៅ​ដល់​បង​ប្អូន។ ឱ្យ​បង​ប្អូន​មាន​ជីវិត​ជីវិត​ដ៏​បរិបូណ៌ ជីវិត​ដែល​មក​ពី​ព្រះជាម្ចាស់​ដើម្បី​ធ្វើ​ដំណើរ​ទៅ​មុខ ធ្លាក់​ឡើង​ទៅ អស់​សង្ឃឹម​មាន​សង្ឃឹម​វិញ ធ្លាក់​ទឹក​ចិត្ត​មាន​កម្លាំង​សាជាថ្មី អត់​មាន​ទី​ពឹង​មាន​ទី​ពឹង​វិញ។ ដូច​ស្ត្រី​សាម៉ារី គាត់​លាក់​ខ្លួន​ដល់​ម៉ោង​១២​ថ្ងៃ​ត្រង់​ទើប​គាត់​ទៅ​ដង​ទឹក ដោយសារ​គាត់​ដឹង​ថា​ម៉ោង​ហ្នឹង​អត់​មាន​អ្នក​ភូមិ​ដែល​នៅ ព្រោះ​ក្ដៅ​ពេក។ ស្រ្តី​សាម៉ារី គាត់​ពោរពេញ​ដោយ​បញ្ហា គាត់​មាន​ប្ដី​ច្រើន​ណាស់ ប៉ុន្តែ​ដោយសារ​គាត់​បាន​ជួប​ជា​មួយ​ព្រះយេស៊ូ​ផ្ទាល់ គាត់​បាន​ទទួល​ជីវិត ជីវិត​ដ៏​ពិត​ប្រាដក ជីវិត​ដ៏​ពេញ​លក្ខណៈ។ ណែនាំ​ឱ្យ​គាត់​ទៅ​ជា​មនុស្ស​ថ្មី ណែនាំ​ឱ្យ​គាត់​លែង​ខ្មាស់​គេ ណែនាំ​ឱ្យ​គាត់​រត់​ដល់​ភូមិ​ដើម្បី​ប្រកាស​ថា “ខ្ញុំបានជួបព្រះសង្រ្គោះហើយ ខ្ញុំបានជួបព្រះជាម្ចាស់ដែលមានជីវិត ជីវិតអស់ល្ប​ជានិច្ច សុំមក សុំមកមើលព្រះអង្គ” នេះ​ជា​បេសកកម្ម​របស់​យើង។

យើង​ធ្វើ​ដូច​ម្ដេច​ដើម្បី​ចូល​រួម​យ៉ាង​សកម្ម ចូល​រួម​យ៉ាង​សកម្ម​តាម​របៀប​របស់​ព្រះជាម្ចាស់ ថ្ងៃ​នេះ​យើង​ត្រូវ​តែ​រំភើប​នៅ​ពេល​យើង​ស្តាប់​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់ ដែល​បង្ហាញ​អំពី​របៀប​របស់​ព្រះអង្គ​ផ្ទាល់​ខ្លួន។ “យើងជាព្រះដែលបានឃើញទុក្ខលំបាករបស់ប្រជារាស្ត្រយើងនៅស្រុកអេហ្ស៊ីប យើងក៏បានសម្រែករបស់គេ ព្រោះតែអ្នកត្រួតត្រាវាយ​ដំ យើងដឹងអំពីទុក្ខវេទនារបស់ពួកគេ ដូច្នេះយើងចុះមកដើម្បីរំដោះពួកគេ​ឱ្យ​រួចពី​កណ្ដាប់ដៃរបស់ជនជាតិអេស៊ីប”។ នៅ​នេះ យើង​យល់​យ៉ាង​ច្បាស់​អំពី​របៀប​ដែល​យើង​ចង់​ចូល​រួម​យ៉ាង​សកម្ម ឱ្យ​យើង​មើល​ឃើញ​ជីវិត​ប្រចាំ​របស់​បង​ប្អូន ជីវិត​របស់​យើង​នៅ​ក្នុង​សង្គម​បច្ចុប្បន្ន​នេះ នៅ​ក្នុង​ពិភព​លោក​នេះ។ ដែល​សព្វ​ថ្ងៃ​យើង​ភ័យ​ខ្លាច​ដែរ​សម្រាប់​អនាគត យើង​ឃើញ​ចេញ​ពី​កូវីដ-១៩​ចូល​នៅ​ក្នុង​សង្គ្រាម ត្បិត​តែ​សង្គ្រាម​នៅ​ឆ្ងាយ​ប៉ុន្តែ​បាន​ជះ​ឥទ្ធិពល​ដល់​យើង។ បន្តិច​ម្ដងៗ​ពិបាក​ទៅៗ យើង​ភ័យ​ខ្លាច​ដូច្នេះ​ឱ្យ​យើង​ចេះ​មើល​ឃើញ ប៉ុន្តែ​មិន​មែន​ត្រឹម​តែ​មើល​ឃើញ​ឱ្យ​យើង​ចេះ​ស្ដាប់​ឮ ស្ដាប់​ឮ​ទុក្ខ​លំបាក​របស់​បង​ប្អូន ស្ដាប់​ឮ​សេចក្ដី​សង្ឃឹម​របស់​គេ​ដែរ។ ឱ្យ​យើង​ទទួល​ស្គាល់ ដូច​ព្រះជាម្ចាស់​ទទួល​ស្គាល់​ពិត​មែន​អ្នក​នោះ​អ្នក​នេះ មិន​មែន​ទូទៅៗ។ ពេល​ព្រះយេស៊ូ​ពេល​ធ្វើ​ដំណើរ ទោះ​បី​មាន​មហា​ជន​ច្រើន​ក៏​ដោយ នៅ​ពេល​ដល់​កន្លែង​លោក​សាខេ​ព្រះយេស៊ូ​ទត​ឃើញ​លោក​សាខេ។ ពេល​មាន​ស្ដ្រី​ដែល​ធ្លាក់​ឈាម​យូរ​ឆ្នាំ​ហើយ​ប៉ះ​ពាល់​ព្រះអង្គ ព្រះយេស៊ូ​មើល​ឃើញ​គាត់។ ព្រះយេស៊ូ​មិន​មែន​ដូច​មនុស្ស​ទូទៅ​ទេ ព្រះយេស៊ូ​មើល​ម្នាក់ៗ ដោយសារ​ព្រះយេស៊ូ​មើល​ឃើញ ស្ដាប់​ឮ និង​ទទួល​ស្គាល់។ ក្រោយ​មក យើង​ចេញ​សមត្ថភាព យើង​ចេញ​សកម្មភាព​ដូច​ព្រះយេស៊ូ “ដូច្នេះយើងចុះមកដើម្បីរំដោះពួកគេ”។

តាម​រយៈ​ព្រះសហគមន៍​របស់​យើង នៅ​ក្នុង​គណៈ​កម្មការ​សង្គហៈ តាមរយៈ​អង្គការ​នីមួយៗ តាមរយៈ​កម្មវិធី​អប់រំ​សិក្សា តាមរយៈ​កម្មវិធី​យុវជន​យុវនារី តាម​របៀប​ដែល​យើង​ផ្សព្វ​ផ្សាយ។ យើង​មាន​ឱកាស​ច្រើន​ដើម្បី​ចុះ​ពិត​ប្រាកដ​មែន ចុះ​ដល់​មូល​ដ្ឋាន ចុះ​ដល់​កន្លែង​ដែល​បង​ប្អូន​នៅ។ យើង​ឃើញ​នៅ​ព្រះសហគមន៍​សន្ត​យ៉ូសែប ផ្សាតូច ទោះបី​ក្នុង​រដូវ​សែសិប​ថ្ងៃ​នេះ ប៉ុន្មាន​ដង​បាន​ទៅ​ដល់​កន្លែង​ដែល​បង​ប្អូន​មាន​ទុក្ខ​លំបាក អ្នក​ជំងឺ​ក្ដី អ្នក​ដែល​កំពុង​ស្លាប់​ក្ដី អ្នក​ក្រីក្រ​ក្ដី ឱ្យ​យើង​ចុះ។ ប៉ុន្តែ កុំ​ឱ្យ​យើង​ទម្លាក់​លើ​គណៈ​កម្មការ​សង្គហៈ ដោយសារ​យើង​រៀងៗ​ខ្លួន​យើង​ជា​គណៈ​កម្មការ​សង្គហៈ​ដ៏​តូច​មួយ។ យើង​ជា​ព្រះជាម្ចាស់​ដ៏​តូច​មួយ ដែល​ត្រូវ​តែ​បង្ហាញ​ធម៌​មេត្តា​ករុណា​ដល់​បង​ប្អូន​ឯទៀតៗ​ផ្ទាល់ អ្នក​ជិត​ខាង បង​ប្អូន​ដែល​យើង​ស្គាល់ នៅ​ក្នុង​អំណរ​សប្បាយ​នៃ​ព្រះជាម្ចាស់។ នេះ​ជា​ផ្លូវ​របស់​ព្រះជាម្ចាស់ នេះ​ជា​ផ្លូវ​ដែល​យើង​ត្រូវ​បន្ត​រួម​ជា​មួយ​គ្នា ដើម្បី​បង្កើត​ព្រះសហគមន៍​នៅ​លើ​ទឹក​ដី​ភូមិភាគ​ភ្នំពេញ ឱ្យ​ព្រះសហគមន៍​របស់​យើង​មាន​ជីវិត។ ដោយសារ ម្នាក់ៗ​ជា​ថ្ម​ដ៏​មាន​ជីវិត នៅ​ពេល​ទទួល​ពិធី​ជ្រមុជ​ទឹក​យើង​នឹក​ឃើញ​នេះ យើង​ជា​ថ្ម​ដ៏​មាន​ជីវិត។ ដូច្នេះ អគារ​ដែល​យើង​កំពុង​ធ្វើ​យ៉ាង​ស្អាត ដើម្បី​មាន​អភិបូជា​យ៉ាង​ផ្លូវ​ការ​និង​ឱឡារិក​ឆាប់ៗ​នេះ តែ​អ្វី​ដែល​សំខាន់​ឱ្យ​បង​ប្អូន​រៀប​ចំ​ខ្លួន​យ៉ាង​ស្អាត​បំផុត​ដែរ រួម​ជា​មួយ​លោក​បូជាចារ្យ រួម​ជា​មួយ​បង​ប្រុស​បង​ស្រី រួម​ជា​មួយ​លោក​អភិបាល ដើម្បី​ឱ្យ​យើង​ទាំង​អស់​គ្នា​អាច​រស់​នៅ​ក្នុង​ព្រះហឫទ័យ​ព្រះជាម្ចាស់។ នៅ​ក្នុង​ព្រះហឫទ័យ​ស្រឡាញ់​របស់​ព្រះជាម្ចាស់ យើង​អាច​ទៅ​ជា​មនុស្ស​សុចរិត។

បង​ប្អូន​ជា​ទី​ស្រឡាញ់ មាន​តែ​ពាក្យ​មួយ​ម៉ាត់​ដើម្បី​បញ្ចប់​ធម្ម​ទេសនា​នេះ គឺ​អរគុណ​ដល់​បង​ប្អូន អរ​ព្រះគុណ​ដល់​ព្រះជាម្ចាស់។ យើង​បន្ត​ធ្វើ​ដំណើរ​ជា​មួយ​គ្នា ដើម្បី​ឱ្យ​ព្រះសហគមន៍​របស់​យើង​ទៅ​ជា​សញ្ញា​សម្គាល់ នៃ​ព្រះជន្ម​របស់​ព្រះយេស៊ូ “ពិតមែនខ្ញុំយាងមក​ដើម្បី​ឱ្យ​គេមានជីវិត ជីវិតដ៏បរិបូណ៌”។ អាម៉ែន៕

+ លោក​អភិបាល អូលីវីយ៉េ ជ្មីតហស្លេ

អភិបាល​ព្រះសហគមន៍​កាតូលិក​កម្ពុជា

ភូមិភាគ​ភ្នំពេញ

Facebook
Twitter
LinkedIn

អត្ថបទថ្មី

សាលាសន្តឡាសាលពោធិ៍ធំពង្រីកបេសកកម្មអប់រំកុមារ

នាព្រឹកថ្ងៃទី៣០​ ខែតុលាលោកអភិបាលអូលីវីយ៉េ ជ្មីតហស្លេ​ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ​ បានអញ្ជើញជាអធិបតីក្នុងពីធីបាចទឹកព្រះពរ និងសម្ពោធអគារសិក្សាថ្មីសន្តឡាសាលពោធិ៍ធំ​ ​ដែលទទួល​ខុស​ត្រូវ​ដោយ​ក្រុម​បព្វជិត​​ឡាសាល មានទីតាំងក្នុងភូមិពោធិ៍ធំ​ សង្កាត់​អរិយក្សត្រ ក្រុងអរិយក្សត្រ​ ខេត្តកណ្តាល។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោកបូជាចារ្យ​ បងប្រុស​ បងស្រី​ តំណាងអាជ្ញាធរដែនដី​ សិស្សានុសិស្ស​ អាណាព្យាបាល​ យ៉ាងច្រើនកុះករ​។ មានប្រសាសន៍​សំណេះសំណាលក្នុងពិធីកាត់ខ្សែបូ លោកអភិបាលអូលីវីយ៉េ លើកឡើងថា នៅទីនេះមាតាបិតាមានសំណាងណាស់ ដោយសារកូនៗរៀននៅសាលាដ៏ល្អ មានការអប់រំដ៏ល្អមិនគិតថ្លៃ។ លោកក៏បានថ្លែងអំណរគុណដល់​ក្រុម​បព្វជិត​ឡាសាល

សិស្សនៃ​វិទ្យាល័យសន្តហ្រ្វង់ស្វ័រ ចំនួន​៨នាក់​ ទទួលបាន​និទ្ទេស A ពីការ​​ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

សិស្សថ្នាក់ទី១២ ជំនាន់ទី១៩ ឆ្នាំ​សិក្សា​២០២៣-២០២៤ ចំនួន​៨ នាក់របស់​សាលា​ចំណេះទូទៅ​សន្តហ្វ្រង់ស្វ័រ ទទួល​បាននិទ្ទេសA ក្នុង​ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នេះ​បើ​យោង​តាម​លទ្ធផល​ដែល​បាន​បូកសរុប​ដោយ​សាលាផ្ទាល់។ លោកអូលីវីយ៉េ ជ្មីតហស្លេ ជា​ស្ថាបនិក និង​ជា​អភិបាល​ព្រះសហគមន៍កាតូលិកភូមិភាគ​ភ្នំពេញ​មានប្រសាសន៍ថា ក្នុងឆ្នាំនេះ សាលា​មាន៨នាក់ជាប់និទ្ទេសA  ស្មើនឹង២២,២២​ភាគរយនៃសិស្ស៣៦នាក់។ លោក​ថា «នេះ​ជាមោទនភាពរបស់ព្រះសហគមន៍កាតូលិកដែលបានបង្កើតគ្រឹះស្ថានអប់រំ​ដ៏ល្អបំផុត ដែលមានលទ្ធផលប្រហែលជាទទួលបាន លេខមួយនៅទូទាំងប្រទេស ដែលមាននិទ្ទេសA ច្រើនដូចនេះ។» លោក​បញ្ជាក់ថា ជោគជ័យនេះបាន​ដោយសារតែសិស្សសាលារបស់យើងសព្វថ្ងៃ ទទួលការអប់រំពីព្រះសហគមន៍កាតូលិកតាំងពីមត្តេយ្យសិក្សា

ប្រធានមណ្ឌលសិប្បកម្ម ដូងតាកែវ ចូលរួមកម្មវិធី «ASEAN HERITAGE Train» ដើម្បីបង្ហាញពីការកែច្នៃធនធានធម្មជាតិឡើងវិញ

មណ្ឌលសិប្បកម្ម ដូងតាកែវ ក្នុងនាមព្រះសហគមន៏កាតូលិក​នៅ​ព្រះរាជាណាចក្រកម្ពុជា បាន​ចូលរួម​កម្មវិធីASEAN HERITAGE Train- Enhancing Connectivity towards Cultural Diversity ដែល​បានរៀបចំឡើងរយៈពេល១៨ថ្ងៃ គឺចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤។ កម្មវិធីនេះបានចាប់ផ្តើម​ដំណើរ​​ការ​នៅ​ប្រទេស​ឡាវ រួចបន្ត​ឆ្លងកាត់ប្រទេសថៃ និង​បញ្ចប់នៅប្រទេសម៉ាឡេស៊ី។ គោលបំណងកម្មវិធីនេះ គឺដើម្បី​លើក​កម្ពស់​ភាព​សុខដុម​រមនា​ក្នុង​តំបន់ និងពង្រឹងការផ្លា​ស់ប្តូរវប្បធម៌នៅតាមប​ណ្តោយផ្លូវ​ដ៏គួរឱ្យទាក់ទាញ​ ដោយមានការ​​ចូលរួម​ក្នុង​សកម្មភាពផ្សេងៗ រួមមាន​​ ការសម្តែងជាសាធារណៈ ការតាំងពិព័រណ៌

Subscribe to our newsletter

Don't miss new updates on your email