អភិបូជាអាទិត្យទី៤នៃរដូវអប់រំពិសេស
ធ្វើនៅព្រះសហគមន៍សន្តយ៉ូសែប ជុំគិរី ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២
អត្ថបទទី១៖ យ៉ូស៊ូអា ៥,៩ក.១០-១២ យើងដកគសេចក្ដីអាម៉ាស់់ចេញឆ្ងាយពីអ្នករាល់គ្នាហើយ។ យស ៥,៩ អត្ថបទទី២៖ កូរិនថូសទី២ ៥,១៧-២១ ព្រះជាម្ចាស់បានធ្វើឲ្យព្រះអង្គទៅជាតួបាបសម្រាប់យើង។ ២ករ ៥,២១ ដំណឹងល្អ៖ លូកា ១៥,១-៣.១១-៣២ សូមលោកឪពុកចាត់ទុកកូនជាអ្នកបម្រើចុះ។ លក ១៥,១៩ |
“ព្រះបិតាស្វាគមន៍ឱ្យកែប្រែចិត្តគំនិត”
បងប្អូនជាទីស្រឡាញ់
ថ្ងៃនេះ យើងចូលនៅក្នុងអាទិត្យទី៤នៃរដូវ៤០ថ្ងៃ ជាពេលវេលាដើម្បីឱ្យយើងបន្តធ្វើដំណើរនៅក្នុងជីវិតរបស់យើង ដែលព្រះសហគមន៍អញ្ចើញយើងដើម្បីឱ្យយើងកែប្រែចិត្តគំនិត។ ជាពិសេសថ្ងៃនេះ ឱ្យយើងមើលឃើញរបៀបដែលព្រះជាម្ចាស់ស្រឡាញ់យើង របៀបដែលព្រះជាម្ចាស់លើកលែងទោសឱ្យយើង របៀបដែលព្រះជាម្ចាស់ធ្វើដំណើរជាមួយយើង ពីដើមរៀងមក។ ពីរថ្ងៃមុន យើងបានចូលនៅក្នុងពិធីមួយយ៉ាងពិសេស រួមជាមួយសម្ដេចប៉ាប នៅក្នុងឱកាសដែលយើងគោរពព្រះនាងម៉ារី ដែលទទួលដំណឹងពីទេវទូតកាព្រីអែលទៅជាមាតារបស់ព្រះជាម្ចាស់។ នៅពេលនោះ សម្ដេចប៉ាបបានអញ្ចើញឱ្យពិភពលោកទាំងមូល ជាពិសេសលោកអភិបាល លោកបូជាចារ្យម្នាក់ៗ ឱ្យអធិដ្ឋានជាមួយគ្រីស្តបរិស័ទ សម្រាប់សេចក្ដីសុខសាន្ត។ បានណែនាំឱ្យយើងថ្វាយពិភពលោករបស់យើង ថ្វាយប្រទេសអ៊ុយក្រែននិងប្រទេសរុស្ស៊ីដែលកំពុងមានសង្គ្រាមទៅដល់ព្រះបេះដូងដ៏និមលរបស់ព្រះនាងម៉ារី។
ខ្ញុំបានចាប់អារម្មណ៍ពីបៀបដែលសម្ដេចប៉ាប បានរៀបចំនៅក្នុងវិសាលវិហារនៅសន្តសិលា ក្នុងទីក្រុងរ៉ូម។ តាមពិត មុនចូលនៅក្នុងការអធិដ្ឋានមួយយ៉ាងពិសេស ដែលយើងបានថ្វាយពិភពលោក ថ្វាយអ៊ុយក្រែននិងរុស្ស៊ី ទៅដល់ព្រះនាងម៉ារី មានពេលវេលាមួយយ៉ាងយូរ ដើម្បីអធិដ្ឋាន និងដើម្បីសុំការលើកលែងទោសពីព្រះជាម្ចាស់ ដើម្បីទទួលស្គាល់អំពើបាបរបស់យើង។ នេះខ្ញុំគិតថា នៅក្នុងរដូវ៤០ថ្ងៃជាពេលវេលាមួយ ដែលយើងត្រូវតែយកដើម្បីមើលឃើញអំពើបាបរបស់យើង ដើម្បីមើលឃើញទុក្ខលំបាករបស់យើង ដើម្បីមើលឃើញភាពងងឹតនៅក្នុងខ្លួនរបស់យើង ដើម្បីសុំព្រះជាម្ចាស់លើកលែងទោសឱ្យយើង។ ប៉ុន្តែ នៅពេលសម្ដេចប៉ាបបានពន្យល់គម្ពីរដំណឹងល្អថ្ងៃនោះ សម្ដេចប៉ាបបាននិយាយថា “ទោះបីយើងមើលឃើញបាបរបស់យើង កុំឱ្យយើងមើលឃើញតែបាបរបស់យើងតែប៉ុណ្ណឹង ដោយសារប្រសិនបើយើងចេះតែមើលឃើញបាបរបស់យើង ហាក់បីដូចជាយើងមើលផ្ទាល់ខ្លួនដដែលៗ”។ ដោយដឹងថា យើងជាមនុស្សមានបាបយើងទៅមុខយ៉ាងមិចបាន តាមពិតជាពេលវេលាដើម្បីមើលឃើញព្រះជាម្ចាស់តែម្ដង ដើម្បីទទួលស្គាល់ពិតមែនព្រះជាម្ចាស់ស្រឡាញ់ខ្ញុំ ដើម្បីទទួលស្គាល់នៅពេលខ្ញុំដឹងអំពីអំពើបាបរបស់ខ្ញុំ ព្រះជាម្ចាស់លើកលែងទោសឱ្យខ្ញុំ។ ដូច្នេះ នៅពេលយើងទទួលអគ្គសញ្ញាលើកលែងទោស នៅពេលយើងកំពុងអង្គុយមើលឃើញបាបរបស់យើង ជាពេលវេលាដើម្បីមើលឃើញសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ ដើម្បីមើលឃើញរបៀបព្រះជាម្ចាស់ដែលស្រឡាញ់យើងដោយគ្មានព្រំដែន។
ថ្ងៃនេះ យើងចូលនៅក្នុងអត្ថបទគម្ពីរមួយ ដែលណែនាំឱ្យយើងមើលឃើញ ដោយសារឪពុកដែលទទួលស្វាគមន៍កូនគាត់ដែលវង្វេង ជានិមិត្តរូបនៃព្រះបិតារបស់យើង។ នេះជាឪពុកម្នាក់ ដូច្នេះបប្រសិនបើយើងមើលឃើញព្រះបិតាធំជាងឪពុកនេះដល់កម្រិតណាទៀត។ សូមចាប់អារម្មណ៍ នៅពេលកូនពៅបានត្រៀមខ្លួនត្រឡប់ទៅផ្ទះវិញ ដោយសារគាត់បានវង្វេងផ្លូវ បានប្រមូលទ្រព្យសម្បត្តិពីឪពុកទាំងអស់។ ក្រោយមក គាត់ចាយទ្រព្យសម្បត្តិនេះក្នុងរបៀបរញេរញ៉ៃ ពេលគាត់អស់លុយហើយ គាត់នឹងទៅជាអ្នកបម្រើរបស់គេ ដោយមានតែចំណីជ្រូកសម្រាប់ហូប។ គាត់ធ្លាក់មែនទែននៅក្នុងជីវិតរបស់គាត់ ដូច្នេះគោលដៅរបស់គាត់ប្រហែលគាត់មានល្បិចតិចៗដែរ គាត់បាននឹកឃើញប្រសិនបើខ្ញុំទៅផ្ទះខ្ញុំ ខ្ញុំអាចមានម្ហូបអាហារញ៉ាំ ខ្ញុំមានកន្លែងស្នាក់នៅត្រឹមត្រូវ ខ្ញុំមិនត្រូវការធ្វើជាអ្នកបម្រើគេទេ។ ហេតុនេះហើយ គាត់គិត ថាឥលូវនេះខ្ញុំទៅដល់ផ្ទះហើយខ្ញុំសុំឪពុកលើកលែងទោសឱ្យខ្ញុំ ដោយទទួលស្គាល់អំពើបាបរបស់ខ្ញុំ ដោយសារ ខ្ញុំបានធ្វើខុស។ ប៉ុន្តែ អ្វីដែលកើតឡើងគាត់មិននឹកស្មានទេ តាមពិតឪពុកគាត់ចេះតែចាំផ្លូវ ទោះបីឪពុកគាត់ចាស់ក៏ដោយនៅចាំផ្លូវកូនពីយូរហើយ ចាំផ្លូវមើលឃើញកូនរបស់គាត់។ នៅពេលនោះ “កាលឪពុកឃើញកូនពីចម្ងាយ គាត់មានចិត្តអាណិតអាសូរក្រៃលែង ក៏រត់ទៅទទួលកូន” ទោះបីគាត់ចាស់ក៏ដោយ គាត់នៅតែរត់ទៅទទួលកូន “ហើយឱបកូន ថើបកូនទៀត”។ មិនមែនចាប់កូន វាយកូន ឬស្ដីឱ្យ បានធ្វើអ្វីនឹងលុយខ្ញុំ បានធ្វើអ្វីដល់មរតកដែលខ្ញុំបានឱ្យ បានដើរលេងជាមួយស្រីៗ បានស៊ីផឹក…។ ប៉ុន្តែ ឪពុកបានរត់ទៅដើម្បីទទួលស្វាគមន៍ ឱបគាត់ ថើបគាត់ និងក្រោយមករៀបចំជប់លៀងដើម្បីបង្ហាញអំពីអំណរសប្បាយ។ ជប់លៀងដែលគេញ៉ាំម្ហូបឆ្ងាញ់បំផុត កូនគោដែលគេបានទុកពីយូរហើយ បំពាក់អាវនិងខោយ៉ាងស្អាតបំផុត ដើម្បីឱ្យទាំងអស់គ្នាជាអ្នកបម្រើ និងកូនបងចូលរួមនៅក្នុងអំណរសប្បាយ ដោយសារ រកឃើញកូនដែលបាត់បង់។
នេះជាពាក្យប្រស្នាដែលព្រះយេស៊ូកំពុងបង្ហាញឱ្យយើង ដើម្បីឱ្យយើងមើលឃើញតិចតួចអំពីរបៀបដែលព្រះបិតាស្រឡាញ់យើង។ ដូច្នេះ ឱ្យយើងនឹកឃើញនេះកុំឱ្យយើងមានល្បិច ដោយគិតថាឥលូវនេះយើងទៅទទួលស្គាល់អំពើបាបរបស់យើង ដោយដឹងថាអត់អីទេ ព្រះបិតាលើកលែងទោសឱ្យយើង ហើយយើងនៅតែធ្វើទៀត។ តាមពិត យើងត្រូវតែភ្ញាក់ស្មារតីអំពីរបៀបដែលឪពុកបានស្វាគមន៍កូន និងរបៀបដែលព្រះបិតាស្រឡាញ់យើង។ របៀបដែលព្រះបិតាចង់ឱ្យយើងទៅជាមនុស្សថ្មី របៀបដែលព្រះបិតាមានព្រះហឫទ័យប្រណីសន្តោសដ៏ពិតប្រាកដ។ មិនមែនប្រណីសន្តោសតិចតួច មិនមែនប្រណីសន្តោសល្មមៗ ប៉ុន្តែនៅពេលដែលយើងទទួលស្គាល់អំពើបាបរបស់យើងដោយពេញលក្ខណៈ នៅពេលនោះយើងទទួលការលើកលែងទោសដ៏ពេញលក្ខណៈដែរ។
ថ្ងៃនេះ ជាពេលវេលាដើម្បីសម្លឹងមើលអំណរសប្បាយរបស់ព្រះជាម្ចាស់ដែលជាព្រះបិតាយើង នៅពេលព្រះបិតាឃើញយើងដែលកំពុងខិតខំអធិដ្ឋាន ខិតខំចូលព្រះវិហារ។ ប្រសិនបើ ខ្ញុំមានមេក្រូ (ឧគ្ឃោសនាសព្ទ) ដូចគេមាននៅវត្ត ប្រហែលបងប្អូនដែលអត់ចូលព្រះវិហារថ្ងៃនេះ ដែលកំពុងបេះស្វាយនៅថ្ងៃដែលយើងត្រូវការគោរពព្រះជាម្ចាស់ អាចឮសំលេងខ្ញុំ នឹងអាចត្រឡប់មកវិញភ្លាម ដោយគិតថាពិតមែនយើងកំពុងវង្វេងអស់ហើយ យើងទៅបេះស្វាយនៅថ្ងៃដែលយើងត្រូវទទួលសេចក្ដីស្រឡាញ់ពីព្រះជាម្ចាស់ នៅក្នុងអភិបូជាដោយស្ដាប់ព្រះបន្ទូលនិងទទួលព្រះកាយព្រះគ្រីស្ត។ ដោយសារ នៅពេលហ្នឹងព្រះបិតាសប្បាយចិត្តជាមួយយើង មានព្រះហឫទ័យរំភើប មានព្រះហឫទ័យទទួលស្វាគមន៍ មានព្រះហឫទ័យរៀបចំជប់លៀងសម្រាប់យើង។ ដោយសារ យើងចូលអភិបូជាតាមពិតយើងចូលនៅក្នុងពិធីជប់លៀង ជប់លៀងដែលបន្តិចទៀតយើងធ្វើនៅលើតុអាសនៈ។ នៅពេលយើងទទួលព្រះកាយព្រះគ្រីស្ត យើងទទួលជីវិតរបស់ព្រះជាម្ចាស់ ជាពិធីជប់លៀងមហាកំពូល ជាជប់លៀងណែនាំឱ្យយើងមើលឃើញពិធីជប់លៀងអស់កល្បជានិច្ច ដែលមាននៅស្ថានបរមសុខសម្រាប់ថ្ងៃអនាគតរបស់យើង។
បងប្អូនជាទីស្រឡាញ់ ពីម្សិលមិញខ្ញុំបានចូលនៅក្នុងមណ្ឌលកែប្រែព្រៃស (ពន្ធនាគារ) ខ្ញុំបានចូលទៅថ្វាយអភិបូជាសម្រាប់បងប្អូនមួយចំនួនដែលជាកាតូលិក។ នៅក្នុងមន្ទីរឃុំឃាំងព្រៃសប្រហែលមានមនុស្សពី៧០០០ទៅ១០០០០នាក់។ ខ្ញុំរំភើបដែរ ដោយសារយើងបានអានគម្ពីរ បានថ្វាយអភិបូជាមានប្រហែល៥០នាក់ដែលចូលរួម។ ខ្ញុំបានប្រាប់គេថា មើលរបៀបដែលព្រះជាម្ចាស់ស្រឡាញ់យើង យើងជាប់ ឃុំឃាំងដោយសារច្បាប់សង្គម។ ប៉ុន្តែ នៅថ្ងៃហ្នឹងដែលយើងជួបគ្នានៅក្នុងបន្ទប់ដ៏តូចមួយ យើងដូចជាបានទទួលអំណោយមួយយ៉ាងពិសេសបំផុត គឺព្រះជាម្ចាស់។ ព្រះជាម្ចាស់កាត់ក្ដីយើងរបៀបផ្សេង មិនមែនកាត់ក្ដីយើងដូចតុលាការដែលទុកឱ្យយើងនៅក្នុងពន្ធនាគារមាន៥ឆ្នាំ ១០ឆ្នាំ ខ្លះ២០ឆ្នាំ ខ្លះ២៥ឆ្នាំ ខ្លះ៣០ឆ្នាំ។ ប៉ុន្តែ ជាមួយព្រះជាម្ចាស់ផ្សេងពេលយើងទទួលស្គាល់អំពើបាបរបស់យើងដ៏ពិតប្រាកដ យើងដឹងថាព្រះជាម្ចាស់លើកលែងទោសឱ្យយើង។ ដូច្នេះ ពេលយើងចូលនៅក្នុងបន្ទប់ដ៏តូចនេះដើម្បីថ្វាយអភិបូជា ជាពេលវេលាមួយដូចជាយើងទទួលសេរីភាព។ ទោះបីយើងជាប់ក្នុងពន្ធនាគារក៏ដោយ យើងទទួលសេរីភាពនៅក្នុងដួងចិត្តដោយដឹងថា ព្រះជាម្ចាស់ស្រឡាញ់យើង ព្រះជាម្ចាស់ធ្វើដំណើរជាមួយយើង។ យើងចូលនៅក្នុងសក្ការៈបូជា ដែលជាពិធិជប់លៀងរបស់ព្រះជាម្ចាស់ ដូចជាយើងចូលនៅក្នុងកោះមួយដ៏តូចដែលមានសេចក្ដីស្រឡាញ់ដែលមកពីព្រះជាម្ចាស់។
ថ្ងៃនេះ យើងចូលនៅក្នុងព្រះវិហារនៅជុំគិរី ដូចជាបងប្អូនទាំងអស់នៅក្នុងភូមិភាគភ្នំពេញ ជាពិសេសសម្រាប់បងប្អូនដែលធ្វើពិធីជម្រះចិត្តគំនិតទីពីរ។ ដោយសារ យើងមាន៩៥នាក់ដែលទទួលជំហានទីពីរ ហើយត្រៀមខ្លួនដើម្បីទៅជាគ្រីស្តបរិស័ទខាងមុខនេះ។ ថ្ងៃនេះ ជាពេលវេលាមួយដើម្បីឱ្យយើងនឹកឃើញសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ របៀបដែលព្រះបិតាអង្គុយដើម្បីមើលផ្លូវ។ របៀបដែលព្រះបិតាមើលយើងពីចម្ងាយ របៀបដែលព្រះបិតារត់ដើម្បីទទួលស្វាគមន៍យើងនៅពេលយើងត្រឡប់មកវិញ របៀបដែលព្រះបិតាថើបយើងនៅក្នុងសេចក្ដីស្រឡាញ់ដ៏ពេញលក្ខណៈ របៀបដែលព្រះបិតាណែនាំឱ្យយើងទៅជាមនុស្សថ្មី។ ដូច្នេះ យើងត្រូវតែអធិដ្ឋាន អធិដ្ឋានម្ដងហើយម្ដងទៀតដោយទូលអង្វរព្រះជាម្ចាស់ សូមព្រះអង្គលើកលែងទោសឱ្យយើង។ ប៉ុន្មានថ្ងៃមុន យើងបានអធិដ្ឋានរួមជាមួយព្រះនាងម៉ារី ព្រះនាងម៉ារីដែលជាតារាសមុទ្រ ព្រះនាងម៉ារីដែលជាសម្ពន្ធរវាងព្រះជាម្ចាស់នឹងយើង ដើម្បីឱ្យយើងទទួលការលើកលែងទោស។ ព្រះនាងម៉ារី ដែលជាព្រះមហាក្សត្រីនៃពិភពលោកទាំងមូល នៃក្រុមគ្រួសាររបស់យើងនៅក្នុងមនុស្សលោក ព្រះនាងម៉ារីដែលជាព្រះមហាក្សត្រីនៃសុខសន្តិភាព ណែនាំឱ្យយើងធ្វើដំណើរ។
ពីថ្ងៃដែលព្រះយេស៊ូចាប់កំណើតជាមនុស្ស ពីថ្ងៃដែលព្រះយេស៊ូបានប្រសូត ពីថ្ងៃដែលព្រះយេស៊ូចូលនៅក្នុងមង្គលការកាណា ពីថ្ងៃដែលព្រះយេស៊ូបានចូលទៅប្រកាសដំណឹងល្អ រហូតដល់ថ្ងៃដែលព្រះយេស៊ូត្រូវគេឆ្កាង។ នៅពេលនោះ ព្រះនាងម៉ារីនៅក្បែរ ព្រះនាងម៉ារីណែនាំឱ្យយើងមើលឃើញ របៀបដែលព្រះជាម្ចាស់ស្រឡាញ់មនុស្សលោក នៅក្នុងព្រះយេស៊ូលើឈើឆ្កាង។ របៀបដែលព្រះជាម្ចាស់ណែនាំឱ្យយើងទទួលជីវិតថ្មី ដោយសារនៅលើឈើឆ្កាងយើងមានព្រះយេស៊ូនៅលើឈើឆ្កាងមែន ប៉ុន្តែនៅពេលនោះព្រះយេស៊ូកំពុងប្រមូលអំពើបាបរបស់យើងទាំងអស់។ ព្រះយេស៊ូបានសោយទិវង្គតដោយអយុត្តិធម៌ ដោយសារព្រះយេស៊ូមិនបានធ្វើអ្វីខុសនោះទេ ប៉ុន្តែនៅក្នុងអយុត្តិធម៌ហ្នឹងព្រះយេស៊ូណែនាំឱ្យយើងទាំងអស់គ្នា ទទួលការសង្រ្គោះនៅក្នុងយុត្តិធម៌របស់ព្រះជាម្ចាស់ ដើម្បីឱ្យយើងទៅជាមនុស្សសុចរិត។ ព្រះយេស៊ូជាព្រះដ៏សុចរិតបំផុត ប៉ុន្តែនៅក្នុងព្រះឈើឆ្កាងហ្នឹង ព្រះយេស៊ូណែនាំឱ្យយើងទៅជាមនុស្សសុចរិត ទៅជាមនុស្សថ្មី។ ដោយសារ ពីព្រះបេះដូងរបស់ព្រះយេស៊ូបានចេញទឹកនៃជីវិត បានចេញឈាមនៃសេចក្ដីស្រឡាញ់ ដើម្បីឱ្យមនុស្សលោកជាពិសេសយើងផ្ទាល់ ទទួលជីវិតអស់កល្បជានិច្ច។
យើងអធិដ្ឋានទូលអង្វរព្រះជាម្ចាស់ នៅក្នុងព្រះវិញ្ញាណដ៏វិសុទ្ធ ឱ្យព្រះអង្គបំភ្លឺយើង ដើម្បីឱ្យយើងទៅជាមនុស្សថ្មី និងជាពិសេសដើម្បីឱ្យយើងទទួលស្គាល់អំពីព្រះហឫទ័យស្រឡាញ់របស់ព្រះជាម្ចាស់ចំពោះយើងផ្ទាល់។ អាម៉ែន៕
+ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ
អភិបាលព្រះសហគមន៍កាតូលិកកម្ពុជា
ភូមិភាគភ្នំពេញ