អភិបូជាអគ្គសញ្ញាលាបថ្ងាស
នៅព្រះសហគមន៍សន្តសិលា និងសន្តប៉ូល ភ្នំពេញថ្មី
ភ្នំពេញថ្មី ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៣
អត្ថបទទី១៖ កិច្ចការគ្រីស្តទូត ១២,១-១១ «សូមក្រវាត់ចង្កេះ ហើយពាក់ស្បែកជើងទៅ!»។ កក ១២,៨ អត្ថបទទី២៖ ធីម៉ូថេ ទី២ ៤,៦-៨,១៧-១៨ ខ្ញុំបានរត់ដល់ទីដៅ ហើយខ្ញុំនៅតែកាន់ជំនឿជាប់ដដែល។ ២ធម ៤,៧ ដំណឹងល្អ៖ ម៉ាថាយ ១៦,១៣-១៩ នៅលើផ្ទាំងសិលានេះ ខ្ញុំនឹងសង់ព្រះសហគមន៍របស់ខ្ញុំ។ មថ ១៦,១៨ |
បងប្អូនជាទីស្រឡាញ់!
“មនុស្សទាំងឡាយថាបុត្រមនុស្សជានរណា?” នេះជាសំណួរដែលព្រះយេស៊ូបានសួរក្រុមគ្រីស្តទូតនៅព្រឹកនេះ។ នៅពេលលោកម៉ូសេ បានសួរទៅព្រះជាម្ចាស់ថា តើព្រះអង្គជានរណា? ព្រះជាម្ចាស់បានឆ្លើយថា “ខ្ញុំជាខ្ញុំ” ចម្លើយនេះជាចម្លើយដែលណែនាំឲ្យមានអាថ៌កំបាំងមែនទែន ដោយសារមានតែខ្ញុំផ្ទាល់ដែលដឹងថាខ្ញុំជានរណា។ ថ្ងៃនេះ យើងបានស្ដាប់ចម្លើយមួយយ៉ាងពិសេស ដែលណែនាំឲ្យយើងគិតពិចារណា សម្រាប់យើងដែលជាគ្រីស្តបរិស័ទ សម្រាប់យើងដែលដើរតាមព្រះយេស៊ូ តើចម្លើយខ្ញុំជាខ្ញុំជាចម្លើយគ្រប់គ្រាន់ឬទេ? សម្រាប់យើងជាគ្រីស្តបរិស័ទ យើងត្រូវការពិចារណាអំពីអត្តសញ្ញាណរបស់យើងជាគ្រីស្តបរិស័ទ។
បងប្អូនដែលទទួលអគ្គសញ្ញាលាបថ្ងាសថ្ងៃនេះ យើងដឹងថាជីវិតរបស់យើងជាគ្រីស្តបរិស័ទរកឃើញអត្ថន័យដ៏ថ្លៃថ្នូរ នៅពេលយើងបានទទួលពិធីជ្រមុជទឹក។ ថ្ងៃនេះ ដែលយើងទទួលអគ្គសញ្ញាលាបថ្ងាសជាពេលវេលាដើម្បីសួរខ្លួនឯងថា តើខ្ញុំជានរណាដែលជាសាវ័ករបស់ព្រះយេស៊ូ? តើខ្ញុំជានរណាជាខ្មែរមួយរូបដែលដើរតាមព្រះយេស៊ូ? តើអត្តសញ្ញាណរបស់ខ្ញុំមានអ្វីខ្លះ?
បងប្អូនជាទីស្រឡាញ់ ថ្ងៃនេះយើងមានសន្តសិលានិងសន្តប៉ូល ដែលជាគំរូពិសេសដើម្បីដឹកនាំយើង និងដើម្បីឲ្យយើងចូលយ៉ាងជ្រៅនៅក្នុងអត្តសញ្ញាណរបស់យើងជាគ្រីស្តបរិស័ទ។ ពិតមែន ខ្ញុំជាខ្ញុំ ប៉ុន្តែតើខ្ញុំផ្ទាល់ជានរណា? បងប្អូនជាទីស្រឡាញ់ ព្រឹកឡើងពេលយើងភ្ញាក់ពីដេក ឲ្យយើងមើលព្រះជាម្ចាស់ ឲ្យយើងជម្រាបសួរព្រះជាម្ចាស់ និងឲ្យយើងទូលអង្វរព្រះជាម្ចាស់ ឱព្រះជាម្ចាស់អើយ! ថ្ងៃនេះតើព្រះអង្គចង់ឲ្យខ្ញុំធ្វើអ្វីខ្លះ? ថ្ងៃនេះតើព្រះអង្គចង់ឲ្យខ្ញុំទៅណា? នៅក្នុងអត្ថបទទី២ ដែលយើងបានស្ដាប់អំបាញ់មិញ ជាអត្ថបទយ៉ាងពិរោះបំផុតដែលលោកប៉ូលបង្ហាញអំពីរបៀបដែលគាត់យកចិត្តទុកដាក់ រត់អស់មួយជីវិតដល់គោលដៅរបស់គាត់។ គោលដៅរបស់គាត់ គឺសូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ។ ពិតមែន យើងទទួលស្គាល់គោលដៅនៃជីវិតរបស់យើង គឺ “តយុទ្ធល្អប្រសើរដើម្បីរត់ដល់គោលដៅ ហើយខ្ញុំនៅតែកាន់ជំនឿជាប់ដដែល”។ ទោះបីពិបាកក៏ដោយ ទោះបីអស់កម្លាំងក៏ដោយ ទោះបីពោរពេញដោយសេចក្ដីសង្ឃឹមក៏ដោយ យើងមានជំនឿរបស់យើងដែលជម្រុញឲ្យយើងធ្វើដំណើរពីមួយថ្ងៃទៅមួយថ្ងៃ ឲ្យដល់គោលដៅរបស់យើង គឺលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់។
ថ្ងៃនេះ ព្រះសហគមន៍ឲ្យយើងលើកតម្កើងសន្តសិលានិងសន្តប៉ូល ដែលជាគ្រីស្តទូតទាំងពីរ ដែលបានទទួលមរណភាពជាមរណសាក្សីនៅទីក្រុងរ៉ូម។ លោកសិលាស្លាប់ ដោយគេឆ្កាងបញ្ច្រាស ឲ្យក្បាលនៅក្រោមជើងនៅលើ រីឯលោកប៉ូលបានស្លាប់នៅខាងក្រៅទីក្រុមរ៉ូមដោយគេកាត់ករបស់គាត់។ នៅពេលក្បាលរបស់សន្តប៉ូល ធ្លាក់ដល់ដីបានលោតបីដង នឹងមានទឹកផុសចេញពីកន្លែងនោះ។
បងប្អូនជាទីស្រឡាញ់ យើងមានគំរូពិសេស ថ្ងៃនេះយើងបានស្ដាប់នៅក្នុងគម្ពីរដំណឹងល្អ ព្រះយេស៊ូបានដាក់ឈ្មោះឲ្យលោកសិលា សិលាគឺថ្មដ៏ពិសេសដែលព្រះយេស៊ូបានយកដើម្បីកសាងព្រះសហគមន៍របស់ព្រះអង្គ។ ប្រសិនបើ យើងពិចារណាថ្មរឹងមាំណាស់ ពេលលោកសិលាបានឆ្លើយតបការត្រាស់ហៅរបស់ព្រះយេស៊ូ ភ្លាមគាត់លះបង់អ្វីៗទាំងអស់ដើម្បីទៅជាអ្នកនេសាទមនុស្ស។ នៅពេលព្រះយេស៊ូគង់នៅជាមួយគាត់ គាត់បានខិតខំអស់ពីសមត្ថភាពដើម្បីនៅជាមួយព្រះយេស៊ូរហូត ជាលោកសិលាដែលបានឆ្លើយមុនគេបង្អស់ “ព្រះអង្គជាព្រះសង្គ្រោះ ព្រះអង្គជាព្រះមេស៊ី”។ លោកសិលា បានប្រកាសថានៅពេលព្រះអង្គទៅណាខ្ញុំទៅដែរខ្ញុំមិនចង់ចោលព្រះអង្គទេ ជាលោកសិលាដែលបានយកចិត្តទុកដាក់ ធ្វើជាថ្មរឹងមាំដើម្បីណែនាំឲ្យព្រះសហគមន៍របស់យើងមានជំនឿទៅលើព្រះយេស៊ូគ្រីស្តជាព្រះអម្ចាស់។
ប៉ុន្តែ យើងមានថ្មល្មមដែរ ដែលគេដាក់នៅក្នុងគ្រឹះពេលគេសាងសង់ផ្ទះ លោកសិលជាថ្មហ្នឹងដើម្បីកសាងមូលដ្ឋានគ្រឹះនៃព្រះសហគមន៍ ជាថ្មសំខាន់ដែលជាត្រីវិស័យដែលណែនាំឲ្យយើងធ្វើដំណើរទៅឆ្ងាយ។ ប្រសិនបើ នៅក្នុងជីវិតរបស់យើងអត់មានគោលដៅ យើងអត់មានត្រីវិស័យដើម្បីដឹកនាំយើង អត់មានផ្កាយដែលភ្លឺនៅលើផ្ទៃមេឃនៃជីវិតរបស់យើង យើងអត់ដឹងទៅណាទេ។ លោកសិលាជាត្រីវិស័យនេះ លោកសិលាជាផ្កាយហ្នឹង ដែលដឹកនាំជីវិតរបស់យើងឲ្យយើងចេះសម្លឹងមើលព្រះយេស៊ូគ្រីស្ត ឲ្យយើងដឹងថានៅពេលយើងដើរតាមលោកសិលាយើងមិនវង្វេងផ្លូវទេ។ នៅពេលយើងប្រកាសជំនឿរបស់យើង តើជឿលើព្រះសហគមន៍? តើជឿលើព្រះយេស៊ូគ្រីស្ត? តើជឿលើព្រះជាម្ចាស់? តើជឿលើព្រះវិញ្ញាណដ៏វិសុទ្ធ? យើងឆ្លើយថាខ្ញុំជឿ។ យើងអាចជឿនៅក្នុងជំនឿរបស់លោកសិលាពីដើម នេះជាថ្មដ៏សំខាន់។
យើងមានថ្មមួយប្រភេទទៀត គឺថ្មតូចៗនៅលើផ្លូវ ជួនកាលពេលយើងដើរនៅលើផ្លូវពេលមានថ្មនេះណែនាំឲ្យយើងដួង។ យើងដឹងថា ជីវិតលោកសិលាក៏ដូចគ្នាដែរ លោកសិលាបានដួល លោកសិលាជាមនុស្សសាមញ្ញធម្មតា។ នៅពេលគេសួរគាត់ តើអ្នកជាសាវ័ករបស់យេស៊ូនេះមែនទេ?លោកសិលាបានបដិសេធ៣ដង ថាមិនស្គាល់ព្រះអង្គ។ នៅពេលមាន់រងាវហើយ លោកសិលានៅទល់មុខព្រះយេស៊ូ ព្រះអង្គបែរព្រះភ័ក្ត្រមើលលោកសិលា ពេលលោកសិលាមើលភ្នែករបស់ព្រះយេស៊ូលោកសិលាបានយំ។ ដោយសារ គាត់នឹកឃើញពិតមែនខ្ញុំជាមនុស្សទន់ខ្សោយ ខ្ញុំដួលហើយ។ នេះជាថ្មតូចណាស់ នៅតាមផ្លូវដែលណែនាំឲ្យយើងដួលជីវិតរបស់យើង។
ប៉ុន្តែ នៅពេលព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ ព្រះយេស៊ូយាងមកដើម្បីមកជួបលោកសិលាផ្ទាល់ ដោយសួរសំណួរដល់លោកសិលា៣ដងថា តើលោកស្រឡាញ់ខ្ញុំឬទេ? លោកសិលាឆ្លើយថា “ខ្ញុំស្រឡាញ់” នៅពេលនោះព្រះយេស៊ូបានលើកលែងទោសឲ្យគាត់។ អំពើបាបរបស់គាត់ ភាពទន់ខ្សោយរបស់គាត់ ជាអ្វីដែលណែនាំឲ្យគាត់ទៅជាមនុស្សដ៏ពេញលក្ខណៈ។ ជាមនុស្សទន់ខ្សោយ ដោយដឹងថាទោះបីទន់ខ្សោយក៏ដោយ មានព្រះជាម្ចាស់ដែលលើកលែងទោសឲ្យ។ បងប្អូនជាទីស្រឡាញ់ នេះជាគំរូសម្រាប់យើង ដូច្នេះនៅពេលយើងសួរខ្ញុំជានរណា? ខ្ញុំមិនមែនខ្ញុំតែប៉ុណ្ណឹង ប៉ុន្តែខ្ញុំជាសាវ័ករបស់ព្រះយេស៊ូ ខ្ញុំជាគ្រីស្តទូតមួយរូបដូចលោកសិលា ជួនកាលខ្ញុំរឹងមាំដូចភ្នំថ្ម ជួនកាលខ្ញុំជាមូលដ្ឋានគ្រឹះមួយដែលមានចិត្តស្មោះត្រង់ ជួនកាលខ្ញុំខ្សោយដែរ ខ្ញុំដួលដែរ។ នេះជាកម្លាំងរបស់យើង ដោយដឹងថានៅក្នុងព្រះយេស៊ូគ្រីស្តយើងមានសេចក្ដីសង្ឃឹមជានិច្ច ដើម្បីធ្វើដំណើរទៅមុខ។
លោកប៉ូល ដែលបានរត់អស់មួយជីវិត នៅពេលគាត់បានជួបជាមួយព្រះយេស៊ូផ្ទាល់ គាត់នឿយហត់ណាស់ គាត់ខិតខំណាស់។ ប៉ុន្មានដងគាត់អស់សង្ឃឹម ដោយសារគ្រីស្តបរិស័ទនៅក្នុងព្រះសហគមន៍ដំបូងវង្វេង ដើរតាមផ្លូវខុស អស់កម្លាំង ខ្ជិល វង្វេងផ្លូវ។ ប៉ុន្តែ លោកប៉ូលបន្តតស៊ូដើម្បីប្រកាសដំណឹងល្អ ធ្វើដំណើរពេលខ្លះសំពៅលិចទឹក ប៉ុន្តែគាត់នៅតែបន្តទៅមុខទៀត។ គាត់បានធ្វើដំណើរចេញពីភូមិមួយទៅភូមិមួយ សរសេរសារលិខិតដល់គ្រីស្តបរិស័ទនៅទីក្រុងកាឡាទី នៅថេស្សាឡូនិក នៅកូឡូស…។ គាត់បានបន្តធ្វើដំណើរដល់ពាក់កណ្ដាលនៃពិភពលោកគឺទីក្រុងរ៉ូម។ គាត់បានចេញធ្វើដំណើរនៅក្នុងពេលវេលាដ៏ពិបាកមែនទែន ឥតមានយន្តហោះ ឥតមានកប៉ាល់ដែលមានសុវត្ថិភាព មានតែសំពៅល្មមៗដើម្បីធ្វើដំណើរតាមសមុទ្រ។ ប៉ុន្តែ គាត់បានទៅដល់ទីក្រុមរ៉ូម ដោយសារដឹងថាកន្លែងនេះជាកន្លែងពិសេស ជាកណ្ដាលនៃពិភពលោក គាត់ត្រូវការទៅដល់ទីនោះដើម្បីប្រកាសដំណឹងល្អ។ ទោះបីពិបាកក៏ដោយ ទោះបីជាប់គុកក៏ដោយ ដើម្បីប្រកាសដំណឹងល្អអំពីព្រះយេស៊ូគ្រីស្តជាព្រះអម្ចាស់ អំពីព្រះយេស៊ូគ្រីស្តដែលជាជីវិតអស់កល្បជានិច្ច។
បងប្អូនជាទីស្រឡាញ់ នៅពេលយើងសម្លឹងមើលសន្តសិលានិងសន្តប៉ូល យើងរកឃើញគំរូពិសេសដើម្បីធ្វើដំណើរនៅក្នុងជីវិតរបស់យើង ជាគ្រីស្តបរិស័ទ ជាយុវជនយុវនារីនៅក្នុងភូមិភាគភ្នំពេញទាំងមូល។ យើងត្រូវដាក់សំណួរដ៏សំខាន់៣សម្រាប់យើងដែលជាគ្រីស្តបរិស័ទ៖
សំណួរទី១ តើខ្ញុំពោរពេញដោយសេចក្ដីស្រឡាញ់ ដ៏ពេញលក្ខណៈសម្រាប់ព្រះជាម្ចាស់ និងសម្រាប់ព្រះសហគមន៍របស់ខ្ញុំឬទេ? តើខ្ញុំមានសេចក្ដីស្រឡាញ់ដ៏ពេញលក្ខណៈចំពោះព្រះសហគមន៍ និងចំពោះព្រះជាម្ចាស់ឬទេ? តើសេចក្ដីស្រឡាញ់នេះ ខ្ញុំប្រើរបៀបណាដើម្បីស្រឡាញ់បងប្អូនឯទៀតៗ ដើម្បីកសាងព្រះសហគមន៍ ដើម្បីប្រកាសដំណឹងល្អ ដើម្បីរស់នៅក្នុងសង្គមបច្ចុប្បន្ននេះ ដោយថែរក្សាអត្តសញ្ញាណរបស់ខ្ញុំជាគ្រីស្តបរិស័ទ? ដូចសន្តប៉ូល សន្តសិលា គាត់រស់នៅក្នុងសង្គមដែលមានបរិយាកាសមួយដ៏ពិបាកបំផុតសម្រាប់គ្រីស្តបរិស័ទ គេស្អប់គ្រីស្តបរិស័ទ។ នៅឆ្នាំ៦៤ទីក្រុងរ៉ូមបានឆេះ នៅពេលនោះចៅអធិរាជដែលឈ្មោះ ណេរុន គាត់បានចោទប្រកាន់គ្រីស្តបរិស័ទដែលដឹកនាំដោយលោកប៉ូល ថាបានណែនាំឲ្យទីក្រុមរ៉ូមឆេះ។ បរិយាកាសនៅសម័យនោះដើម្បីប្រកាសដំណឹងល្អពិបាកណាស់ ប៉ុន្តែអត់ដែលលះបង់ចោលអ្វីសោះ។ បងប្អូនជាទីស្រឡាញ់ តើយើងមានសេចក្ដីស្រឡាញ់ដ៏ពេញលក្ខណៈនៅក្នុងបរិយាកាសសង្គមសព្វថ្ងៃនេះ ដើម្បីរស់នៅដោយថែរក្សាអត្តសញ្ញាណរបស់យើងជាគ្រីស្តបរិស័ទ ដែលប្រកាសដំណឹងល្អ ដែលពោរពេញដោយសេចក្ដីស្រឡាញ់ដែលមកពីព្រះជាម្ចាស់ឬទេ?
សំណួរទី២ តើយើងជាថ្មដ៏រឹងមាំដើម្បីឲ្យព្រះសហគមន៍របស់យើងបានសង់បន្តិចម្ដងៗ ជាព្រះសហគមន៍ដ៏មានជីវិតឬទេ? ឬយើងជាថ្មដ៏តូចដែលណែនាំឲ្យយើងដួលនៅតាមផ្លូវ ដោយសារយើងដើរមើលមិនឃើញ។ តើយើងជាថ្មរឹងមាំដែលណែនាំឲ្យព្រះសហគមន៍របស់យើង អាចសាងសង់ជាព្រះសហគមន៍ដែលពោរពេញដោយជីវិត ដែលមកពីព្រះជាម្ចាស់ឬទេ? ថ្ងៃនេះ ទូទាំងមណ្ឌលសកម្មភាពភ្នំពេញថ្មី យើងមាន៦៨នាក់ដែលត្រូវទទួលអគ្គសញ្ញាលាបថ្ងាស តើយើងមកតែថ្ងៃនេះដើម្បីទទួលអគ្គសញ្ញាលាបថ្ងាសឬ? ក្រោយមក យើងទៅកំពង់ស្ពឺវិញ យើងទៅត្រែងត្រយឹងវិញ យើងទៅពោធិ៍ចិនតុងវិញ យើងទៅភ្នំពេញថ្មីវិញ ហើយយើងលែងចូលព្រះវិហារអស់ហើយ។ យើងមិនមែនប្រលងជាប់ទេ ដើម្បីទទួលអគ្គសញ្ញាលាបថ្ងាស យើងបង្ហាញអំពីជំនឿរបស់យើង យើងបង្ហាញអំពីសេចក្ដីស្រឡាញ់ដែលយើងមាន។ ដោយសារ ពេលយើងប្រលងជាប់មានន័យថាថ្ងៃនេះខ្ញុំចែកសញ្ញាបត្រ ពេលទទួលសញ្ញាបត្រហើយយើងលែងចូលព្រះវិហារ។ ដូច្នេះ ថ្ងៃនេះយើងមិនទទួលសញ្ញាបត្រទេ ថ្ងៃនេះយើងបានទទួលអគ្គសញ្ញាលាបថ្ងាស គឺព្រះវិញ្ញាណដ៏វិសុទ្ធដែលណែនាំឲ្យខ្ញុំទៅជាថ្មដ៏រឹងមាំ ដែលខ្ញុំអាចកសាងព្រះសហគមន៍ស្អាតទៅៗ។
សំណួរទី៣ តើយើងទទួលស្គាល់ភាពទន់ខ្សោយរបស់យើងឬទេ? តើយើងប្រើភាពទន់ខ្សោយរបស់យើងដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ឬទេ? កុំឲ្យយើងគិតថាយើងជាមនុស្សអស្ចារ្យ យើងជាមនុស្សដែលមានគ្រប់សមត្ថភាព យើងជាមនុស្សដែលគ្មានភាពទន់ខ្សោយ យើងជាមនុស្សដែលអត់ត្រូវការទីពឹងទៅលើព្រះជាម្ចាស់ទេ។ ផ្ទុយទៅវិញ ភាពទន់ខ្សោយរបស់យើង ព្រះជាម្ចាស់ប្រើដើម្បីឲ្យយើងកែប្រែចិត្តគំនិតបន្តិចម្ដងៗ ដោយទទួលអគ្គសញ្ញាលើកលែងទោស ដោយទទួលព្រះកាយព្រះគ្រីស្ត។ លោកប៉ូលធ្លាប់មានប្រសាសន៍ថា “ភាពខ្សោយរបស់ខ្ញុំជាទ្រព្យសម្បត្តិដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់”។
បងប្អូនជាទីស្រឡាញ់ នៅពេលយើងស្តាប់លឺ តើខ្ញុំជានរណា? ឲ្យយើងឆ្លើយតបថា ខ្ញុំជាសាវ័ករបស់ព្រះអង្គដ៏តូចតាចម្នាក់។ ប៉ុន្តែ ដែលព្រះអង្គស្រឡាញ់ ដែលព្រះអង្គលើកលែងទោសឲ្យ ខ្ញុំមានសេចក្ដីក្លាហាន ខ្ញុំមានយោបល់ល្អ ខ្ញុំមានសេចក្ដីសុខសាន្ត ខ្ញុំមានជំនឿរឹងមាំ ខ្ញុំថែរក្សាសេចក្ដីសង្ឃឹមរបស់ខ្ញុំ ខ្ញុំមានចិត្តល្អសម្រាប់បងប្អូនឯទៀតៗ។ ប៉ុន្តែ ខ្ញុំដាក់ខ្លួនជាអ្នកបម្រើដូចសន្តប៉ូល ដូចសន្តសិលា ដូចព្រះយេស៊ូបានលាងជើងឲ្យក្រុមគ្រីស្តទូត។ ដូច្នេះ បងប្អូនជាទីស្រឡាញ់ថ្ងៃនេះជាថ្ងៃពិសេស ដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់តាមរយៈសន្តសិលានិងសន្តប៉ូល។ នៅក្នុងអគ្គសញ្ញាលាបថ្ងាស សម្រាប់ព្រះសហគមន៍យើងទាំងមូលយើងរកឃើញកម្លាំងថ្មី ដើម្បីប្រកាសដំណឹងល្អ។ ដោយដឹងថា ព្រះជាម្ចាស់បានជ្រើសរើសយើងឲ្យយើងទៅជាគ្រីស្តទូតដ៏តូចតាចម្នាក់ ប៉ុន្តែពោរពេញដោយតម្លៃ។ ដោយសារ យើងមានសមត្ថភាពដើម្បីទៅរស់នៅជាគ្រីស្តបរិស័ទនៅក្នុងសង្គមបច្ចុប្បន្ននេះ។
នៅពេលនេះ យើងអធិដ្ឋានសម្រាប់ព្រះសហគមន៍របស់យើងទាំងអស់ នៅក្នុងស្ថានភាពបច្ចុប្បន្ននេះ ឲ្យយើងទៅជាអ្នកកសាងសុខសន្តិភាព ឲ្យយើងទៅជាអ្នកដែលពោរពេញដោយកម្លាំងកាយកម្លាំងចិត្ត ដើម្បីថែរក្សាសុខដុមរមនា ដើម្បីថែរក្សាជីវិតដ៏ពិសេសដែលយើងបានទទួលពីព្រះជាម្ចាស់។ ពិតមែន គោលដៅនៃជីវិតរបស់យើង គឺលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន៕
+ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ
អភិបាលព្រះសហគមន៍កាតូលិកកម្ពុជា
ភូមិភាគភ្នំពេញ