បុណ្យឆ្លងព្រះវិហារ​តាអំ

គ្រីស្ត​បរិស័ទ​ជិត​១០០០នាក់ បាន​ចូលរួម​កម្មវិធីបុណ្យ​ឆ្លង​ព្រះវិហារ​ព្រះនាងម៉ារីជាមាតា​ព្រះសហគមន៍​ ដែលជាព្រះវិហារ​ចំណាស់​​សល់​ពីសង្គ្រាម​បាន​ជួសជុលឡើងវិញ ​និងដាក់​ឲ្យ​ប្រើប្រាស់​​ដើម្បីលើកតម្កើង​សិរីរុងរឿងរបស់​ព្រះជាម្ចាស់ ស្ថិត​នៅ​ក្នុងភូមិ​តាអំ ឃុំប្រាសាទ ស្រុកព្រះនេត្រព្រះ ខេត្ត​បន្ទាយមានជ័យ មានចម្ងាយ​២៨១គីឡូមែត្រពី​រាជធានីភ្នំពេញ ស្ថិតនៅ​ប៉ែក​ពាយ័ព្យនៃប្រទេស។

កម្មវិធីនេះ​បានចាប់ផ្តើម​ឡើង​ដោយ​មាន​ដង្ហែរូបព្រះនាងម៉ារី​ប្រទាក់ក្សិណ​ជុំវិញ​ព្រះវិហារ​ចំនួន​៣​ជុំ ​ក្រោមអធិបតីភាព​របស់​លោក​អេនរីគេ ហ្វីការេដូ អភិបាលព្រះសហគមន៍​កាតូលិក​ភូមិភាគ​បាត់ដំបង និងលោកអភិបាល​ព្រះសហគមន៍​ភូមិភាគភ្នំពេញ​និង​កំពង់ចាម ​លោកបូជាចារ្យជាច្រើន​អង្គ និង​មន្ត្រី​រាជការជាច្រើន​នាក់​​។

តាម​ប្រសាសន៍​របស់​លោក​បូជាចារ្យ តូតែត បាណេណាល់ បូជាចារ្យ​ទទួល​ខុស​ត្រូវ​តំបន់អង្គរ​ឲ្យដឹងថា ព្រះវិហារនេះ​ត្រូវ​បាន​កសាង​ឡើង​ដោយ​បូជាចារ្យសាសនទូត​នៃទីក្រុង​ប៉ារីសនៅ​ក្នុង​ឆ្នាំ​ប្រមាណ​១៩១០-១៩២០ ហើយភូមិ​តាអំនេះ ជា​ភូមិ​ដែល​មាន​គ្រីស្ត​បរិស័ទ​កាតូលិក​រស់នៅ​ច្រើន​រស់នៅ។​

ព្រះសហគមន៍​តំបន់​អង្គរ​ស្ថិត​ក្នុងភូមិភាគ​បាត់ដំបង​ មានព្រះសហគមន៍​ចំនួន​១២ ដោយ​រួម​ទាំង​ព្រះសហគមន៍​តាអំ។​

ក្នុងធម្មទេសនានាថ្ងៃទី​២៧ ខែ​វិច្ឆិកា​ លោក​បូជាចារ្យ​ឲ្យដឹងទៀតថា​ តុ​អាសនៈ​ដែលមាននៅក្នុងព្រះវិហារ​គឺយក​ពីសំណល់​ដំបូល​ព្រះវិហារដែល​មាន​អាយុ​១០០ឆ្នាំ​ហើយ។ លោក​បន្តថា «ដូច្នេះ តុអាសនៈនេះ បាន​ស្រូបពាក្យអធិដ្ឋាន​​របស់​ដូនតា​របស់​យើង គឺ​បាន​ឮពាក្យអង្វររបស់​បងប្អូន​ទាំងអស់និង​ពាក្យកោតសរសើររបស់​បងប្អូនចំពោះព្រះជាម្ចាស់​ ដែល​ឥឡូវនេះ​គង់នៅជាមួយយើង​ដដែល»។

ព្រះវិហារ​ដែលមានរចនាបទ​បែប​បារាំង​ លាប​ពណ៌​លឿង​អាច​ផ្ទុក​មនុស្ស​បាន​ប្រមាណ​៣០០នាក់មួយនេះ មាន​ស្លាកស្នាមនៃ​គ្រាប់កាំភ្លើង​​ជាច្រើន ព្រោះបាន​រង​ការ​បំផ្លាញ​ពី​សង្គ្រាម​ក្នុង​អំឡុង​ឆ្នាំ​១៩៧០-១៩៧៥។ យើង​អាច​មើល​ឃើញសំណល់​ចាស់ៗទាំងនេះ នៅ​តាម​កន្លែង​មួយ​ចំនួន​នៅ​តួព្រះវិហារផ្នែក​ខាង​ក្រៅ​។

លោក​តូតែត​ បញ្ជាក់ថា ស្នាម​របួស​ជាច្រើននេះ​ កំពុង​និ​ទានអំពីជីវិត​របស់បងប្អូន ដែល​មាន​ទាំង​អំណរនិង​ស្នាម​របួស ហើយស្ថិតនៅក្នុង​ព្រះហស្ដ​របស់​ព្រះនាង​ម៉ារីដែលជាមាតា។ 

បន្ទាប់ពីធម្មទេសនា គ្រីស្តបរិស័ទ​តំណាង​ព្រះសហគមន៍​នីមួយៗ ជាពិសេសក្នុងភូមិភាគ​បាត់ដំបង បាន​យក​បំណែក​ដី​ពីព្រះសហគមន៍របស់​ខ្លួន​មក​បញ្ចុះ​នៅក្រោម​តុអាសនៈ ជា​និមិត្តរូបនៃ​ការរួបរួម​គ្នាជា​បងប្អូន ​ និង​ដើម្បីបញ្ជាក់ថា គ្រីស្តបរិស័ទ​​ទាំងអស់គ្នាជា​កូនចៅរបស់​ព្រះនាងម៉ារី​ សូម​ជ្រកក្រោម​ម្លប់​របស់​ព្រះនាង។ ក្នុងនោះដែរក៏មានដី​មក​ពី​ប្រទេស​បារាំង​ដែល​ជា​ទីកន្លែង​របស់​សាសនទូត​នៃទីក្រុងប៉ារីស​មក​កាន់​ស្រុក​ខ្មែរនិង​បាន​បំពេញ​បេសកកម្មនៅ​តំបន់​តាអំផងដែរ។

នេះ​ជា​ដំណើរនៃ​ការរួម​គ្នាជា​ធ្លុង​តែមួយ ដោយ​មាន​ព្រះនាង​ម៉ារី​នៅពីមុខ​យើង ​ដើម្បីណែនាំ​យើង​ទៅ​ឯព្រះយេស៊ូ​និង​ព្រះបិតា​ តាមព្រះវិញ្ញាណ​ដ៏វិសុទ្ធ។ លោក​តូតែត​បញ្ជាក់។

លោក​បូជាចារ្យ​បាន​រំលឹក​ថា ក្នុងសម័យ​សង្គ្រាម គេ​យក​ព្រះវិហារ​នេះ ធ្វើ​ជា​កន្លែង​កិនស្រូវ ប៉ុន្តែ​គេ​មិន​សូវ​ហ៊ាន​ប្រើ​ទីនេះទេ ទោះបី​ជា​ស្រុក​សាន្តត្រាន​ហើយ​ក៏ដោយ ព្រោះប្រជាជន​ក្នុងភូមិ​បាន​ដំណាលថា មានស្ត្រីម្នាក់​ស្លៀកសំលៀក​បំពាក់​ពណ៌សបង្ហាញ​ខ្លួន​នៅក្នុងព្រះវិហារនេះ ជា​ហេតុ​អ្នក​ភូមិ​និង​អាជ្ញាធរ​សម្រេចចិត្ត​ផ្ទេរ​ព្រះវិហារ​នេះ​ទៅ​ព្រះសហគមន៍​ក្នុង​ឆ្នាំ​២០០៣។ លោក​បន្ថែមថា «យើង​ដឹងថា នៅទីនេះ មាន​ព្រះនាង​ម៉ារី​ចាំ​ជួយ​ថែរក្សា​និង​ការពារ»។

តាមឯកសារ​មួយ​ចំនួន​បាន​រក​ឃើញ​ថា ព្រះសហគមន៍តាអំ​បាន​កកើត​ឡើង​ក្នុង​អំឡុង​ឆ្នាំ​១៨៨១ តែដោយសារ​សង្គ្រាម​គ្រីស្ត​បរិស័ទ​ត្រូវ​បានជម្លៀស​ចេញ​ដែល​មាន​ចំនួន​ប្រមាណ​៨៥០នាក់។ លោក​បូជាចារ្យតូតែត បន្តថា សព្វ​ថ្ងៃនេះ​ មាន​គ្រីស្តបរិស័ទ​ប្រមាណ​៩០នាក់ដែល​បានទទួល​អគ្គសញ្ញាជ្រមុជទឹក​ ហើយ​នៅទីនេះ ​គ្រីស្ត​បរិស័ទ​និង​ពុទ្ធបរិស័ទ​​មាន​កិច្ច​សហការគ្នា​ល្អ​ប្រសើរ ដើម្បី​កសាង​ជីវិត​ប្រកបដោយ​សេចក្តីស្រឡាញ់និង​យុត្តិធម៌ ​ និងក្តីអាណិតអាសូរ​ឲ្យ​គ្នាទៅវិញ​ទៅមក​។​

បច្ចុប្បន្ន​ ព្រះសហគមន៍​តាអំ ​​មានសកម្មភាព​មួយ​ចំនួន​ ដូចជា អប់រំ​ជំនឿ សាលាមត្តេយ្យ​និង​បឋម​សិក្សា កិច្ចការងារ​ធម៌មេត្តាករុណា​ដូចជា ផ្តល់អាហាររូបករណ៍​ដល់​សិស្ស​និស្សិត ចែក​ទាន​ដល់​អ្នក​ក្រីក្រ សួរសុខទុក្ខ​និង​ចែករំលែក​នូវ​សេចក្តីស្រឡាញ់​និង​ក្តីសង្ឃឹម​ដល់​អ្នក​តូចតាច​ជាដើម។ គ្រីស្ត​បរិស័ទ​នៅ​តំបន់នេះ​ភាគ​ច្រើន​ជាអ្នក​ស្រែចម្ការ និង​ប្រកបរបរ​ស៊ីឈ្នួល​គេ​(នៅក្នុងស្រុក​និង​ប្រទេសថៃ)។

ព្រះវិហារ​ដែលមាន​ចំណាស់​ជាង​១០០ឆ្នាំ​នេះ​បាន​ស្ថាបនា និង​ជួសជុលឡើងវិញ ដោយ​មាន​ជំនួយ​ពី​សប្បុរសជន​ពី​ប្រទេស​សិង្ហបុរី ដោយ​ចំណាយ​ថវិកា​ជាង​១ម៉ឺនដុល្លារ​អាមេរិក៕

ដោយ​កែវ កញ្ញា

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី

កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ

អបអរសាទរ សិស្សវិទ្យាល័យ សន្តហ្វ្រង់ស្វ័រ បច្ចេកទេសកម្រិត៣ ប្រឡងជាប់ ១០០%

ប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ចំនួន ៤១នាក់ បានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ មួយរយភាគរយ នាសម័យប្រឡងថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦ ក្នុងនោះមានស្រី ២០នាក់។បើតាមការឱ្យដឹងពី លោក យុន សំអាត នាយកសាលាខាងលើ បានរៀបរាប់ឱ្យដឹងថា លទ្ធផលប្រឡងបញ្ចប់ឆ្នាំសិក្សា និងប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត ៣ សម័យប្រឡងថ្ងៃទី២២

លោកឪពុក យ៉ូហាន អ៊ុន រំលឹកថា៖ «ព្រះយេស៊ូទាមទារចិត្តស្រឡាញ់ និងការចែករំលែកនូវអ្វីដែលយើងមាន»

ភ្នំពេញ៖ នៅក្នុងពិធីអភិបូជានាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅព្រះវិហារកាតូលិកសន្តសិលា និងសន្តប៉ូល លោកឪពុក យ៉ូហាន អ៊ុន សុន (Fr. Jean Un Son) បានលើកឡើងនូវសារអប់រំលត់ដំផ្លូវចិត្តយ៉ាងជ្រាលជ្រៅមួយដល់គ្រីស្ដបរិស័ទទាំងអស់ អំពីការស្វែងរក «អាហារផ្លូវព្រលឹង» និងការផ្លាស់ប្តូរជីវិតតាមរយៈការចែករំលែកសេចក្ដីស្រឡាញ់។ នៅក្នុងធម្មទេសនា លោកឪពុកបានគូសបញ្ជាក់ថា មនុស្សទូទៅតែងតែខិតខំប្រឹងប្រែងធ្វើការយ៉ាងលំបាក ដើម្បីស្វែងរកអាហារចិញ្ចឹមរូបរាងកាយ និងសុវត្ថិភាពផ្លូវកាយ ប៉ុន្តែច្រើនដង មនុស្សបានមើលរំលងភាពស្រេកឃ្លាននៃ

Subscribe to our newsletter

Don't miss new updates on your email