កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ និងគ្រីស្តបរិស័ទយ៉ាងច្រើនកោះករ។
នៅក្នុងធម្មទេសនា លោកអភិបាល សិលា សួន ហង្សលី បានមានប្រសាសន៍ថា នេះជាឱកាសមួយសម្រាប់អរព្រះគុណព្រះជាម្ចាស់ និងសូមព្រះអង្គប្រទានព្រះពរដល់សាស្ត្រាចារ្យ និងសិស្សនិស្សិតទេវវិទ្យាល័យទាំងអស់ សម្រាប់ការសិក្សា និងបេសកកម្មបម្រើព្រះសហគមន៍។ លោកអភិបាលក៏បានចែករំលែកចំណាប់អារម្មណ៍ទាក់ទងនឹងឃ្លាព្រះគម្ពីរនាថ្ងៃនោះថា «ព្រះយេស៊ូបានទតឃើញមហាជន ព្រះអង្គក៏មានចិត្តអាណិតអាសូរ ព្រោះថាជនទាំងនោះប្រៀបដូចជាចៀមដែលគ្មានគង្វាល»។
ត្រង់ចំណុចនេះ លោកអភិបាលបានរំលឹកអំពីប្រវត្តិជូរចត់កាលរស់នៅជំរំ ដោយបានឃើញបងប្អូនខ្មែរជាច្រើនរងទុក្ខលំបាក រងការធ្វើបាប រត់គេចពីសង្គ្រាម គ្មានអាហារបរិភោគគ្រប់គ្រាន់ និងមានអ្នកជំងឺជាច្រើនមិនទទួលបានការព្យាបាលត្រឹមត្រូវ។ ពេលនោះដែរ លោកបានឃើញមានតែលោកបូជាចារ្យ និងបងស្រីជាជនបរទេសប៉ុណ្ណោះ ដែលបានជួយដល់បងប្អូនស្នាក់នៅជំរំ ដែលធ្វើឱ្យលោកចោទជាសំណួរ សួរខ្លួនឯងថា ហេតុអ្វីមានតែបូជាចារ្យ ឬបងស្រីជាជនបរទេសដែលជួយ? ក្រោយពីការរិះគិតជាច្រើនលើក លោកក៏សម្រេចចិត្តចូលស្វែងយល់ជីវិតជាបូជាចារ្យ ដោយឆ្លងកាត់ការខិតខំរៀនសូត្រជាច្រើនដំណាក់កាល រហូតបានក្លាយជាបូជាចារ្យ និងជាលោកអភិបាលដល់សព្វថ្ងៃ។
លោកអភិបាល សួន ហង្សលី បានបន្តថា វាពិតជាមានការលំបាកខ្លាំងចំពោះការជ្រើសរើសយកជីវិតជាអ្នកបួសបម្រើព្រះសហគមន៍ ព្រោះបច្ចុប្បន្នបច្ចេកវិទ្យារីកចម្រើនខ្លាំង ហើយមនុស្សលោកកំពុងតែរត់តាមបច្ចេកវិទ្យាទាំងនោះ រស់នៅតែលតោលដោយមិនដឹងអំពីទិសដៅពិតប្រាកដនៃជីវិតរបស់ខ្លួនឡើយ។
លោកបានបន្ថែមថា បើយើងចង់ក្លាយជាបូជាចារ្យ ត្រូវសម្លឹងមើលចំណុចសំខាន់ៗចំនួន ៣៖
- ទី១៖ ត្រូវចាប់អារម្មណ៍អំពីការដែលព្រះយេស៊ូបានទតមកមើលយើងគ្រប់គ្នា និងយល់អំពីតម្រូវការដែលទ្រង់ចង់បាន ដោយយើងម្នាក់ៗត្រូវមានសេចក្តីក្លាហានក្នុងការឆ្លើយតបចំពោះការត្រាស់ហៅក្នុងជីវិតជាអ្នកបួស។
- ទី២៖ ត្រូវមានសេចក្តីក្លាហានឆ្លងកាត់ការលំបាកក្នុងការរៀនសូត្រជាច្រើនមុខជំនាញ ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការក្នុងការបំពេញការងារបម្រើប្រជាជននាពេលខាងមុខ ដោយរំលេចនូវសេចក្តីស្រឡាញ់ឱ្យបានពេញលេញ និងដោយចិត្តស្មោះចំពោះបងប្អូននៅជុំវិញខ្លួន។
- ទី៣៖ លោកអភិបាលបានរំលឹកអំពីសន្តយ៉ូហាន ម៉ារី វីយ៉ាណែ ដែលបានផ្សារភ្ជាប់ជីវិតជាមួយការអធិដ្ឋាន និងអភិបូជា ដែលជួយឱ្យជីវិតរបស់លោកមានសេចក្តីសង្ឃឹមជានិច្ច។ ហេតុនេះ សូមឱ្យការអធិដ្ឋាននេះជួយដល់ជីវិតបូជាចារ្យ បងប្រុស បងស្រី ពិសេសនិស្សិតទេវវិទ្យាល័យ និងគ្រីស្តបរិស័ទ ឱ្យខិតខំស្វែងរកពន្លឺពិតប្រាកដដែលមកពីព្រះជាម្ចាស់។
លោក ធឿន កាន់ ជានិស្សិតឆ្នាំទី១ផ្នែកទស្សនវិជ្ជា ដែលស្នាក់នៅទេវវិទ្យាល័យ បានឱ្យដឹងថា បទពិសោធន៍ដែលទទួលបាននាពេលកន្លងមក បានជួយឱ្យចំណេះដឹងផ្នែកផ្លូវវិញ្ញាណមានការរីកចម្រើន ព្រមទាំងទទួលបានបទពិសោធន៍ក្នុងការបំពេញកិច្ចការផ្សេងៗនៅតាមព្រះសហគមន៍ ក្រោមការចាត់ចែងរបស់នាយកទេវវិទ្យាល័យ។
លោកបានបន្តថា ក្នុងនោះក៏មានការលំបាកជុំវិញការសិក្សាដែរ ព្រោះត្រូវរៀនច្រើនមុខ និងប្រឈមមុខនឹងការល្បួងជាច្រើននៅក្នុងសម័យឌីជីថលនេះ ប៉ុន្តែពួកគេបានរស់នៅជាមួយការអធិដ្ឋាន ដោយជឿទុកចិត្តលើព្រះជាម្ចាស់ និងបានថ្វាយទុក្ខលំបាកទៅព្រះអង្គ ហើយទ្រង់ក៏បានបំភ្លឺផ្លូវឱ្យមានកម្លាំងបន្តដំណើរទៅមុខទៀត។
សូមបញ្ជាក់ផងដែរថា ទេវវិទ្យាល័យរបស់ព្រះសហគមន៍កាតូលិកជាកន្លែងបណ្តុះបណ្តាលយុវ័នឲ្យក្លាយជាបូជាចារ្យកាតូលិក ដែលការសិក្សាមានដំណាក់កាលជាច្រើន និងសិក្សាយ៉ាងតិច៧ឆ្នាំ។ បច្ចុប្បន្ន មាននិស្សិតសរុបចំនួន ១៦នាក់ កំពុងស្នាក់នៅ និងសិក្សាដើម្បីក្លាយជាបូជាចារ្យនាពេលខាងមុខ៕
ដោយ៖ ឆាក លាំង










