លោកអភិបាលអូលីវីយ៉េ អំពាវនាវឲ្យមេដឹកនាំសមាជិកLa Francophonie លើកកម្ពស់សន្តិភាព

ថ្លែងទៅកាន់គណៈប្រតិភូដែលបានចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ កាលពីថ្ងៃអាទិត្យ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាល​ព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ បាន​​អំពាវនាវ​យ៉ាង​ទទូច​ដល់​មេដឹកនាំ​ពិភព​លោក ឱ្យ «វិនិយោគឡើងវិញលើសន្តិភាព» ចំពេលដែល​ជម្លោះ​សកល​កំពុង​កើន​ឡើង គ្រោះ​មហន្ត​រាយ​អាកាស​ធាតុ និងការទន្ទ្រានរំខាន​ពីបញ្ញាសិប្បនិម្មិត​(AI)។

មានប្រសាសន៍ក្នុងអំឡុងពេលអភិបូជាថ្ងៃអាទិត្យ​ជាភាសាបារាំង ដែល​ស្របពេល​ជាមួយ​ទិវា​ជនក្រីក្រ​ពិភពលោកលើកទី១០ នៅព្រះវិហារសន្តយ៉ូសែប (ផ្សារតូច) ក្នុងរាជធានីភ្នំពេញ ដែល​មាន​អ្នកចូលរួមជិត ២០០ នាក់ លោកអភិបាល អូលីវីយ៉េ​ បានផ្សារ​ភ្ជាប់​ប្រធានបទ​ស្នូល​នៃ​កិច្ច​ប្រជុំ​កំពូលនេះ ទៅនឹង​វិបុលភាពរួម និង​ស្ថិរភាព​ប្រកបដោយ​ចីរភាព ដោយ​​ប្រៀប​ប្រដូច​ពាក្យ​ប្រស្នា​ក្នុង​គម្ពីរ​ដែលនិយាយអំពី​​ប្រាក់ណែន ដោយជំរុញ​ឱ្យមេដឹកនាំ​កុំ​បណ្តោយ​ឱ្យ​អំណោយទាន​នៃ​សន្តិភាព «ស្លាប់បន្តិចម្តងៗ» ដោយសារតែភាពព្រងើយកន្តើយ។

ដើម្បីបង្ហាញពីភាពផុយស្រួយ និងតម្លៃនៃសន្តិភាព លោក​អភិបាល​បាន​ពាក់ឈើឆ្កាង​របស់​លោកអភិបាល យ៉ូសែប ឆ្មារ សាឡាស់ ដែល​ជាអតីត​អភិបាល​ព្រះសហគមន៍​កាតូលិក​ជន​ជាតិ​ខ្មែរ​ដំបូងគេ ដែលបានទទួលអគ្គសញ្ញាតែងតាំងជាអភិបាលនៅខែមេសា ឆ្នាំ១៩៧៥ តែប៉ុន្មាន​ថ្ងៃ​មុន​ពេល​ខ្មែរក្រហមចូលកាន់កាប់ទីក្រុងភ្នំពេញ។ លោកអភិបាល សាឡាស់ បាន​ទទួល​មរណភាព​​ដោយ​សារ​ការងារហួសកម្លាំង​និង​ដោយ​បង្ខំ ក្នុងឆ្នាំ១៩៧៧ រួមជាមួយជន​រួមជាតិ​ប្រមាណ ២,៥ លាននាក់។ ម្តាយរបស់លោកបានរក្សាឈើឆ្កាងនេះទុក ដោយ​លាក់​វា​នៅ​ក្រោម​សំបុក​មាន់។

លោកអភិបាល អូលីវីយ៉េ​ បានមានប្រសាសន៍ទៅកាន់សហគមន៍គ្រីស្តបរិស័ទថា៖ «នេះ​មិន​ត្រឹម​តែ​ជា​សញ្ញាសម្គាល់​នៃទុក្ខវេទនា​​ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាភាពធន់របស់ប្រជាជនមួយក្រុម ដែល​អស់​រយៈពេលជាង ៣០ ឆ្នាំមកហើយ បានតស៊ូដើម្បីកសាងសន្តិភាព»។

ដោយភ្ជាប់ស្លាកស្នាមប្រវត្តិសាស្ត្រទៅនឹងស្ថានភាព​ជាក់ស្តែង​នា​ពេលបច្ចុប្បន្ន លោក​អភិបាល​បាន​លើក​ឡើងពីភាពតានតឹងនៅតាមព្រំដែននាពេលថ្មីៗនេះរវាងប្រទេសថៃ និងកម្ពុជា​ ដោយ​កត់​សម្គាល់​ថា សន្តិភាព​មិនដែលទទួលបានជាអចិន្ត្រៃយ៍នោះទេ ហើយ​ត្រូវ​តែ​បណ្តុះ​បណ្តាល​ជារៀង​រាល់ថ្ងៃ។ លោក​បាន​រំលឹក​ពី​ផលប៉ះពាល់​ភ្លាមៗ​លើ​មនុស្សជាតិ​ពី​អស្ថិរភាព​ក្នុង​តំបន់​កាល​ពី​មួយឆ្នាំមុន ដែល​បណ្តាលឱ្យមាន​ការបិទព្រំដែន សាលារៀន​រាប់រយ​ត្រូវ​បាន​បិទទ្វារ មនុស្ស​រាប់​លាន​នាក់បាត់បង់ការងារ​ធ្វើ និងការផ្លាស់ទីលំនៅរបស់ប្រជាជនរាប់សែននាក់។

ដោយដកស្រង់បន្ទូលរបស់សម្តេចប៉ាប ឡេអូ ទី១៤ លោក​គង្វាល​រូបនេះ​ បានព្រមានថា ខណៈដែល «សន្តិភាពគឺជា​ការដក​ហូតអាវុធ» ការរីកសាយភាយ​នៃអាវុធ​បណ្តុះ​ឱ្យមាន​ការស្អប់ខ្ពើម និងបង្កគ្រោះថ្នាក់​ដល់ជនក្រីក្រ កុមារ និងមនុស្សចាស់ជាងគេ។ លោក​បាន​ជំរុញ​ឱ្យ​គណៈប្រតិភូ​ហ៊ាន​ប្រឈមមុខនឹងភាពចលាចលក្នុងសតវត្សទី២១ រួម​ទាំងទុក្ខវេទនា​ដែល​បណ្តាល​មកពីអាកាសធាតុ និងបញ្ហាក្រមសីលធម៌​ដែលបង្ក​ឡើង​ដោយ​បញ្ញាសិប្បនិម្មិត ដោយ​ដាក់​សេចក្តីថ្លៃថ្នូរ​របស់មនុស្ស​ជាស្នូលក្នុង​​គោលនយោបាយ។

តាមរយៈ​បទពិសោធន៍​និង​ប្រវត្តិផ្ទាល់ខ្លួនរបស់លោក ក្នុងនាមជាជនជាតិអាល់ហ្សាស​(Alsatian) ដែល​មានជីតា​ត្រូវ​បាន​កេណ្ឌ​ដោយ​បង្ខំ​ឱ្យ​ចូល​បម្រើ​ក្នុងកងទ័ព​អាល្លឺម៉ង់​ក្នុងអំឡុង​សង្គ្រាម​លោក​លើក​ទី២ និងបានស្លាប់​នៅប្រទេសបេឡារុស លោកអភិបាល បាន​គូស​បញ្ជាក់​ពីតួនាទី​ដ៏សំខាន់​របស់​ប្រទេសបារាំង និងអង្គការហ្វ្រង់កូហ្វូនី ក្នុងការកសាងភាពសុខដុមរមនាក្រោយសង្គ្រាម។

លោកបានលើកឡើងពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសំខាន់ៗនិងបុគ្គល​ចំនួនពីរ​ដែល​បាន​តយុទ្ធ​នឹង​សង្គ្រាម។ ក្នុងនោះ​មាន​លោក រ៉ូប៊ែរ ស្ហ៊ូម៉ាន់ (Robert Schuman) ដែល​ជា​បិតាស្ថាបនិក​ម្នាក់​នៃ​សហភាព​អឺរ៉ុប។ លោកអភិបាល​បាន​​ដកស្រង់សម្តីរបស់​គាត់ថា៖ «សន្តិភាព​ពិភពលោក​មិនអាច​ត្រូវបាន​ការពារ ដោយគ្មាន​ការខិតខំប្រឹងប្រែង​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត ទៅតាម​ទំហំ​គ្រោះថ្នាក់ដែលគំរាមកំហែងនោះទេ»។

ចំណែក​ឃ្លាមួយទៀតពីសុន្ទរកថាជាប្រវត្តិសាស្ត្ររបស់ប្រធានាធិបតីបារាំង ​លោក ហ្សាល ដឺ ហ្គោល (Charles de Gaulle) នៅទីក្រុងភ្នំពេញកាលពីខែកញ្ញា ឆ្នាំ១៩៦៦ ដែលបានអំពាវនាវឱ្យបញ្ចប់សង្គ្រាមវៀតណាមតាមផ្លូវការទូត លោក​អភិបាល​​កត់សម្គាល់ថាលោក ដឺ ហ្គោល បានចូលរួមអភិបូជាជារៀងរាល់ព្រឹកនៅព្រះវិហារព្រះមាតា (Notre-Dame)នាក្រុងភ្នំពេញ ដែលមានចម្ងាយត្រឹមតែ ២០០ ម៉ែត្រពីព្រះវិហារ​​នេះប៉ុណ្ណោះ។

នៅចុងបញ្ចប់នៃធម្មទេសនា លោកអភិបាល បានជំរុញឱ្យគណៈប្រតិភូហ្វ្រង់កូហ្វូនី បដិសេធ​ចោល «ផ្នត់គំនិត» ដែលទុកជនងាយរងគ្រោះនៅមួយឡែក ដើម្បី​ផល​ប្រយោជន៍​នៃ​គម្រោង​អភិវឌ្ឍន៍ខ្នាតធំ។ ផ្ទុយទៅវិញ លោកបានអំពាវនាវ​ឱ្យមាន​ការបែងចែក​ទ្រព្យសម្បត្តិ​ប្រកប​ដោយសមធម៌ និងការទទួលបានសេវាថែទាំសុខភាព ការអប់រំ និងវប្បធម៌ជាសកល។

លោកបានមានប្រសាសន៍ថា៖ «ស្ថិរភាពនៅក្នុងពិភពលោក និងភាពសុខដុមរមនា​នៅក្នុង​សង្គម​របស់​យើង ត្រូវបានកសាងឡើងជារៀងរាល់ថ្ងៃដោយការសម្រេចចិត្តដ៏ក្លាហាន» ដោយ​អង្វរ​សុំ​ព្រះនាង​ម៉ារីនៃទន្លេមេគង្គ ព្រះមហាក្សត្រីនៃសន្តិភាព ជួយទូលអង្វរឱ្យ និង​បាន​ដាស់តឿន​ដល់​មេដឹក​នាំ​ឱ្យពិចារណា​អំពីពិភពលោក​បែបណា​ដែល​ពួកគេ​នឹង​បន្សល់​ទុកសម្រាប់​មនុស្ស​ជំនាន់​ក្រោយ។

ប្រទេសកម្ពុជា ជា​ទីតាំងពិសេសមួយនៅក្នុងប្រវត្តិសាស្ត្ររបស់អង្គការនេះ ក្នុង​នាម​ជារដ្ឋ​ស្ថាបនិក​មួយ។ ការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅរាជធានីភ្នំពេញ នាថ្ងៃ​ទី១៥–១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់មួយ និងជាលើកទីមួយ​ដែល​កម្ពុជាបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនេះ និងជាលើកទីមួយ​ដែលកិច្ចប្រជុំកំពូល​បានវិល​ត្រឡប់​មកទ្វីបអាស៊ីវិញក្នុងរយៈពេលជិតបីទសវត្សរ៍ ដែល​លើកទី​១ បាន​ធ្វើ​ឡើង​នៅ​ទីក្រុង​ហាណូយ ប្រទេសវៀតណាម ក្នុងឆ្នាំ១៩៩៧។ កម្ពុជាបានទទួលតំណែងជាប្រធានប្តូរវេន​នៃ​កិច្ច​ប្រជុំ​កំពូលនេះបន្តពីប្រទេសបារាំង ក្រោមប្រធានបទ «វិនិយោគឡើងវិញលើសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពប្រកបដោយចីរភាព»។

អង្គការហ្វ្រង់កូហ្វូនី (La Francophonie) គឺជាអង្គការអន្តរជាតិមួយដែលតំណាងឱ្យប្រទេស និងតំបន់នានា ដែលប្រើ​ប្រាស់​​ភាសាបារាំង គឺជាភាសាប្រើប្រាស់ទូទៅ ជា​កន្លែង​ដែល​មាន ប្រជាជន​និយាយភាសាបារាំងយ៉ាងច្រើន ឬជាកន្លែងដែលមានទំនាក់ទំនងវប្បធម៌ និងប្រវត្តិសាស្ត្រគួរឱ្យកត់សម្គាល់ជាមួយប្រទេសបារាំង។ អង្គការនេះមានសមាជិកចំនួន ៩០ ប្រទេស​នៅជុំវិញពិភពលោក។

នៅថ្ងៃទី២០ ខែមីនា ឆ្នាំ១៩៧០ នៅទីក្រុងនីយ៉ាម៉េ (Niamey) ប្រទេសនីហ្សេ អង្គការនេះ​ត្រូវបាន​បង្កើតឡើងជាផ្លូវការក្រោមឈ្មោះថា ទីភ្នាក់ងារសម្រាប់កិច្ចសហប្រតិបត្តិការវប្បធម៌ និងបច្ចេកទេស (ACCT)។ អង្គការនេះត្រូវបានផ្តួចផ្តើមឡើង ដោយមេដឹកនាំដែលមាន​ចក្ខុវិស័យ​វែង​ឆ្ងាយចំនួន ៤ រូប៖

១. លោក លេអូប៉ូល សេដា សេងហ្គ័រ (Léopold Sédar Senghor) (ប្រធានាធិបតីសេណេហ្គាល់)

២. លោក ហាប៊ីប បួហ្គីបា (Habib Bourguiba) (ប្រធានាធិបតីទុយនេស៊ី)

៣. លោក ហាម៉ានី ឌីយ៉ូរី (Hamani Diori) (ប្រធានាធិបតីនីហ្សេ)

៤. ព្រះបរមរតនកោដ្ឋ សម្តេច​ព្រះបាទ នរោត្តម សីហនុ (ព្រះប្រមុខរដ្ឋនៃប្រទេសកម្ពុជា)

ស្ថាប័ននេះបានឆ្លងកាត់ការផ្លាស់ប្តូរឈ្មោះជាច្រើនដង ហើយ​ក្រោយមក​ក៏​​ក្លាយជាទីភ្នាក់ងារ​អន្តរ​រដ្ឋាភិបាល​នៃហ្វ្រង់កូហ្វូនី ក្នុងឆ្នាំ១៩៩៨ ហើយ​បាន​ប្តូរមកប្រើឈ្មោះបច្ចុប្បន្ន គឺ អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) ក្នុងឆ្នាំ២០០៥។ ទីស្នាក់ការ​កណ្តាល​របស់អង្គការនេះ មាន​ទីតាំង​នៅទីក្រុងប៉ារីស ប្រទេសបារាំង។ ការងារ​របស់​អង្គការនេះ​ត្រូវបាន​ដឹកនាំ​ដោយ​បេសកកម្ម​ស្នូល​ចំនួន ៤៖

  • លើកកម្ពស់ភាសាបារាំង និងភាពចម្រុះនៃវប្បធម៌ និងភាសា។
  • លើកកម្ពស់សន្តិភាព លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស (រួមទាំងការឃ្លាំមើលការបោះឆ្នោត និងការសម្របសម្រួលក្នុងវិបត្តិនយោបាយ)។
  • គាំទ្រការអប់រំ ការបណ្តុះបណ្តាល ឧត្តមសិក្សា និងការស្រាវជ្រាវ។
  • អភិវឌ្ឍកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដើម្បីបម្រើដល់ការអភិវឌ្ឍប្រកបដោយចីរភាព៕

ដោយ កែវ កញ្ញា

Facebook
Twitter
LinkedIn

អត្ថបទថ្មី

វិទ្យាល័យចំណេះទូទៅសន្តហ្វ្រង់ស្វ័រចុះអនុសារណៈជាមួយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តតាកែវ

កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ គណៈគ្រប់គ្រងវិទ្យាល័យចំណេះទូទៅឯកជនសន្តហ្វ្រង់ស្វ័រ បានចុះអនុសារណៈ “ស្តីពីកិច្ចសហប្រតិបត្តិការរៀបចំ និងអនុវត្តកម្មវិធីសិក្សាផ្នែកសិល្បៈវប្បធម៌កម្រិតមធ្យមសិក្សា និងការផ្តល់វិញ្ញាបនបត្របញ្ជាក់ការសិក្សា រវាងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តតាកែវ ដែលមានរយៈពេល ៣ឆ្នាំ” ដែលធ្វើឡើងនៅមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តតាកែវ។ បើតាមប្រសាសន៍របស់លោក ប៉ិច វិបុល ជានាយកវិទ្យាល័យចំណេះទូទៅសន្តហ្វ្រង់ស្វ័របានឲ្យដឹងថា ការចុះអនុសារណៈយោគយល់នេះ មានបំណងចំនួន៣។ គឺទី១ ស្នើសុំឲ្យមន្ទីរ ទទួលស្គាល់វិញ្ញាបនបត្រដែលចេញដោយសាលាផ្ទាល់ លើមុខជំនាញសិល្បៈដែលសិស្សបានសិក្សា និងមានជំនាញពិតប្រាកដ។

កិច្ចប្រជុំ CACD៖ លោកអភិបាល អូលីវីយ៉េ ក្រើនរំលឹកឲ្យយកចិត្តទុកដាក់ ពីបរិស្ថាន ឥទ្ធិពល AI និងកសាងវប្បធម៌សន្តិភាព

ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ — លោកអភិបាល អូលីវីយ៉េ បានអញ្ជើញដឹកនាំកិច្ចប្រជុំរបស់សម្ព័ន្ធអង្គការ និងសមាគមកាតូលិកដើម្បីមេត្តាករុណា និងការអភិវឌ្ឍ (CACD) ដោយមានការអញ្ជើញចូលរួមពីសំណាក់តំណាងអង្គការ និងសមាគមកាតូលិកដែលជាសមាជិក CACD។ ថ្លែងក្នុងពិធីបើកអង្គប្រជុំ លោកអភិបាល អូលីវីយ៉េ បានគូសបញ្ជាក់ថា បច្ចុប្បន្នពិភពលោកកំពុងមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ដែលទាមទារឱ្យយើងទាំងអស់គ្នាត្រូវតែភ្ញាក់ស្មារតី ដើម្បីរួមគ្នាកសាងមរតកដ៏ល្អប្រពៃទុកសម្រាប់កូនចៅជំនាន់ក្រោយ តាមរយៈគោលដៅសំខាន់ៗមាន៖ ១. ការប្រែប្រួលអាកាសធាតុ៖ គ្រោះមហន្តរាយធម្មជាតិ ទឹកជំនន់

ព្រះសហគមន៍ត្រែងត្រយឹងប្រារព្ធបុណ្យគោរពសន្តម៉ាតាំង ដឺ ប៉ូរ៉េស ជាឧបការីព្រះសហគមន៍ និងចូលរួមទិវាអ្នកក្រីក្រពិភពលោកលើកទី១០

កំពង់ស្ពឺ​៖ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ព្រះសហគមន៍កាតូលិកត្រែងត្រយឹង បានប្រារព្ធពិធីបុណ្យគោរពសន្តម៉ាតាំង ដឺ ប៉ូរ៉េស ដែលជាឧបការីនៃព្រះសហគមន៍នេះ ក្រោមអធិបតីភាព លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេអភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ។ នៅពេលចាប់ផ្តើមពិធីអភិបូជា លោកអភិបាលបានធ្វើពិធីប្រសិទ្ធពរលើរូបសំណាកព្រះនាងម៉ារី នៅលូដ៍ និងរូបសំណាកសន្ត ម៉ាតាំង ដឺ ប៉ូរ៉េស ដើម្បីជាសញ្ញានៃការគោរព និងការរួបរួមជាគ្រួសារតែមួយក្នុងព្រះគ្រីស្ត។ ក្នុងធម្មទេសនា លោកអភិបាល អូលីវីយ៉េ

Subscribe to our newsletter

Don't miss new updates on your email