ក្រុងព្រះសីហនុ៖ យុវជនប្រមាណ ២៣០នាក់ មកពីព្រះសហគមន៍នានាក្នុងប្រទេសកម្ពុជា ទាំងបីភូមិភាគ បានប្រមូលផ្តុំគ្នាចូលរួមយ៉ាងសកម្មក្នុងកម្មវិធីបោះជំរំប្រចាំឆ្នាំស្តីពី «ការត្រាស់ហៅ» ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី១ តុលា កន្លងទៅ នៅព្រះសហគមន៍សន្តមីកាអែល ក្រុងព្រះសីហនុ រៀបចំដោយគណៈកម្មការអន្តរភូមិភាគសម្រាប់ការត្រាស់ហៅ។
កម្មវិធីនេះធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកអភិបាល សិលា សួនហង្សលី ជាអភិបាលព្រះសហគមន៍កាតូលិកឧបត្ថម្ភកៈភូមិភាគភ្នំពេញនិងជាអភិបាលស្តីទីរបស់ព្រះសហគមន៍កាតូលិកភូមិភាគកំពង់ចាម រួមជាមួយវត្តមានរបស់បូជាចារ្យ បងប្រុស និងបងស្រីជាច្រើនរូបផងដែរ។
មានប្រសាសន៍ក្នុងឱកាសនោះ លោកអភិបាល សិលា សួនហង្សលី បានគូសបញ្ជាក់ថា កម្មវិធីបោះជំរំអន្តរភូមិភាគនេះ គឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់បំផុត ដោយលោកបានលើកឡើងនូវចំណុចសំខាន់ៗចំនួនបី៖ ទី១ គឺការណែនាំឲ្យយុវជនយល់ច្បាស់ថា ព្រះជាម្ចាស់នៅតែបន្តត្រាស់ហៅមនុស្សគ្រប់រូប ដើម្បីបន្តបេសកកម្មក្នុងការនាំយកដំណឹងល្អ និងចែករំលែកសេចក្តីស្រឡាញ់ ក៏ដូចជាការសង្គ្រោះដល់មនុស្សជុំវិញខ្លួន។
ទី២ គឺការបង្កើតឱកាសឱ្យយុវជនមកពីគ្រប់ទិសទីបានជួបជុំគ្នា បង្កើតទំនាក់ទំនង មិត្តភាព ស្គាល់គ្នា និងចែករំលែកបទពិសោធន៍ជីវិតរៀងៗខ្លួន។ និងទី៣ គឺការលើកកម្ពស់ការយល់ដឹងស៊ីជម្រៅអំពីជំនឿ សីលធម៌នៃការរស់នៅជាគ្រីស្តបរិស័ទ និងសេរីភាពក្នុងការពិចារណាជ្រើសរើសផ្លូវជីវិតរបស់ខ្លួនដោយមនសិការ។
ក្នុងកម្មវិធីបោះជំរំនេះ ក៏មាននូវប្រធានបទរិះគិតមួយចំនួន ដើម្បីឲ្យយុវជនអាចយកទៅអនុវត្តនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគេ ដោយផ្អែកលើជំនឿនិងសីលធម៌តាមបែបព្រះសហគមន៍កាតូលិក ដែលក្នុងនោះមាន សីលធម៌ក្នុងការរស់នៅ បកស្រាយដោយលោកអភិបាលសិលា សួនហង្សលី តើបញ្ញាសិប្បនិម្មិតអាចជួយខ្ញុំឲ្យស្តាប់លឺកាត្រាស់ហៅបានទេ? ដោយការិយាល័យផ្សព្វផ្សាយព័ត៌មានកាតូលិក ការត្រាស់ហៅដើម្បីស្រឡាញ់ព្រះជាម្ចាស់និងបម្រើបងប្អូន ដោយលោកអភិបាលសិលា សួនហង្សលី។
ការចូលរួមក្នុងវគ្គបណ្តុះបណ្តាល និងបោះជំរំនេះ បានបន្សល់ទុកនូវចំណាប់អារម្មណ៍ និងការយល់ដឹងថ្មីៗជាច្រើនដល់យុវជនដែលបានចូលរួមផ្ទាល់។
កញ្ញា ចំរើន រ៉ាតី មកពីព្រះសហគមន៍បាត់ដំបង បានរៀបរាប់ថា នេះគឺជាលើកដំបូងបំផុតរបស់នាងដែលបានចូលរួមក្នុងកម្មវិធីនេះ នាងបានរៀនអំពី ចំណុចពិសេសៗជាច្រើន ដែលមិនធ្លាប់ដឹងពីមុនមកមិនថាក្នុងជីវិតអ្នកបួស ឬការជ្រើសរើសគូស្រករនោះទេ។ នាងឲ្យដឹងថា «សម្រាប់មេរៀនទាំងអស់នេះ ធ្វើឱ្យខ្ញុំយល់បន្ថែមអំពីការសម្រេចចិត្តចំពោះខ្លួនឯង […] ជាការសម្រេចចិត្តមួយដែលឲ្យយើងជ្រើសរើសដោយខ្លួនឯង ផ្លូវណាដែលគួរជ្រើសរើស»។
លោក ទេព សីហា មកពីព្រះសហគមន៍ព្រៃកប្បាស ក្នុងខេ្តតតាកែវ បានបង្ហាញចំណាប់អារម្មណ៍ថា នេះជាលើកទីបីហើយដែលសីហាចូលរួម។ យុវ័នរូបនេះបន្តថា ឆ្នាំនេះប្លែកពីមុនត្រង់ថា កម្មវិធីឆ្នាំនេះបានបញ្ចូលនូវប្រធានបទពាក់ព័ន្ធនឹងការត្រាស់ហៅក្នុងសម័យបច្ចេកវិទ្យា និងយុគសម័យ AI ដែលជួយឱ្យយុវជនចេះប្រើប្រាស់ពេលវេលាឱ្យចំគោលដៅ មិនបណ្តោយឱ្យបច្ចេកវិទ្យាគ្របដណ្តប់លើការសម្រេចចិត្តផ្ទាល់ខ្លួន និងស្គាល់ពីព្រះហឫទ័យរបស់ព្រះជាម្ចាស់កាន់តែច្បាស់។
កញ្ញា ស្រន សាម៉ាន់ មកពីព្រះសហគមន៍ដាក់ដាំក្នុងខេត្តមណ្ឌលគិរី បានចែករំលែកដៀងគ្នាថា ប្រធានបទស្តីពីសីលធម៌ និងការស្វែងរកសេចក្តីសុខសុភមង្គលដែលបានសិក្សារួមគ្នា បានជួយដាស់តឿនស្មារតី និងជម្រុញឱ្យនាងចេះពិចារណានិងចូលរួមសកម្មភាពក្នុងព្រះសហគមន៍ផ្អែកលើស្មារតីអធិដ្ឋាន និងការកសាងទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយព្រះជាម្ចាស់ក្នុងជីវិតរស់នៅប្រចាំថ្ងៃបានកាន់តែប្រសើរជាងមុន។
លោកអភិបាលសិលា សួន ហង្សលី បានលើកទឹកចិត្តដល់យុវជនទាំងអស់ ឲ្យខិតខំស្វែងរកការត្រាស់ហៅរបស់ព្រះជាម្ចាស់ និងហ៊ានឆ្លើយតប៖ «សារជាចុងក្រោយដែលខ្ញុំចង់ជម្រាបដល់យុវជនយុវនារីយើងគឺ សូមកុំឱ្យយើងភ័យខ្លាចក្នុងការឆ្លើយតបចំពោះការត្រាស់ហៅរបស់ព្រះជាម្ចាស់។ សំខាន់គឺយើងត្រូវអធិស្ឋានស្តាប់សំឡេងរបស់ព្រះអង្គ ពិនិត្យមើលស្ថានភាពជីវិត និងសង្គមបច្ចុប្បន្ន ដើម្បីសម្រេចចិត្តជ្រើសរើសផ្លូវដ៏ត្រឹមត្រូវក្នុងការបម្រើព្រះជាម្ចាស់ និងបងប្អូន»។
កម្មវិធីបោះជំរំយុវជនអន្តរភូមិភាគអំពីការត្រាស់ហៅនេះ បានរៀបចំជារៀងរាល់បីឆ្នាំម្តង ក្រោមការណែនាំរបស់លោកអភិបាលទាំងបីភូមិភាគ ដែលមានភូមិភាគភ្នំពេញ ភូមិភាគបាត់ដំប និងភូមិភាគកំពង់ចាម៕
ដោយ កែវ កញ្ញា



























