គ្រីស្ដបរិស័ទប្រមាណ ១,០០០ នាក់ រំឭកខួប ១៥ ឆ្នាំ នៃការស្រង់រូបសំណាកព្រះនាងម៉ារីនៅអរិយក្សត្រ

កាលពីថ្ងៃសៅរ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦ ត្រូវនឹងថ្ងៃបុណ្យរំឭកព្រះនាងម៉ារីថ្វាយខ្លួនក្នុងព្រះវិហារ គ្រីស្ដបរិស័ទកាតូលិកប្រមាណ ១,០០០ នាក់ មកពីគ្រប់ទិសទី ក្នុងនិងក្រៅប្រទេសកម្ពុជា បានជួបជុំគ្នានៅព្រះវិហារក្សត្រីយ៍នៃសន្តិភាព ក្នុងក្រុងអរិយក្សត្រ ខេត្តកណ្ដាល ដើម្បីចូលរួមពិធីអភិបូជាអរព្រះគុណព្រះជាម្ចាស់ គម្រប់ខួប ១៥ ឆ្នាំ នៃការស្រង់រូបសំណាកព្រះនាងម៉ារី «ក្សត្រីនៃក្រុមគ្រួសារ» ចេញពីបាតទន្លេមេគង្គ។ ពិធីដ៏មហោឡារិកនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់លោកអភិបាល អូលីវីយ៉េ អភិបាលព្រះសហគមន៍កាតូលិកកម្ពុជាភូមិភាគភ្នំពេញ។ រូបសំណាកព្រះនាងម៉ារីពរព្រះយេស៊ូជាកុមារ ដែលតម្កល់សម្រាប់ការគោរពបូជានៅអរិយក្សត្រ គឺជារូបសំណាកព្រះនាងម៉ារីទី២ បានស្រង់ចេញពីបាតទន្លេមេគង្គ បន្ទាប់ពីរូបសំណាកទី១ ដែលបានរកឃើញកាលពីឆ្នាំ២០០៨ ដោយអ្នកនេសាទជាសាសនិកឥស្លាម។ លោកអភិបាល អូលីវីយ៉េ បានរំឭកនៅក្នុងធម្មទេសនាថា រូបសំណាកព្រះនាងម៉ារីទី២ ដែលគេគោរពជា «ក្សត្រីនៃក្រុមគ្រួសារ» នេះ ត្រូវបានរកឃើញដោយលោកតាជាអ្នកនេសាទពុទ្ធបរិស័ទម្នាក់។ តាមដំណើររឿងដែលត្រូវបានចងក្រងទុក លោកតាអ្នកនេសាទរូបនោះបានយល់សប្ដិឃើញព្រះយេស៊ូមកប្រាប់ឱ្យជួយស្រង់ព្រះអង្គចេញពីទន្លេ។ នៅព្រឹកបន្ទាប់ គាត់ និងកូនប្រុសពីរនាក់ក៏ទៅ បានរកឃើញរូបសំណាកនេះពិតមែន ហើយបានប្រគល់ជូនព្រះសហគមន៍។ ក្រោយមក លោកតា និងភរិយា ក៏បានកែប្រែចិត្តគំនិតទទួលជំនឿជាគ្រីស្ដបរិស័ទផងដែរ។ គេជឿជាក់ថា រូបសំណាកទាំងនេះត្រូវបានគេលាក់ទុកក្នុងទឹកទន្លេ ដើម្បីការពារពីការបំផ្លិចបំផ្លាញនាទសវត្សរ៍ឆ្នាំ១៩៧០។ ក្នុងឱកាសដ៏ប្រពៃនេះ លោកអភិបាល អូលីវីយ៉េ បានអញ្ជើញគ្រីស្ដបរិស័ទឱ្យសម្លឹងមើលគំរូជីវិតរបស់ព្រះនាងម៉ារី ដែលផ្ទុយស្រឡះពីគំនិតលោកិយក្នុងសតវត្សរ៍ទី២១ តាមរយៈចំណុចសំខាន់ៗចំនួន ដូចជា ទី១ ស្ងៀមស្ងាត់ និងស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់។ លោកអភិបាលបានគូសបញ្ជាក់ថា ព្រះនាងម៉ារីបានចំណាយពេលជាង ១០ ឆ្នាំ តាំងពីកុមារភាពនៅក្នុងព្រះវិហារក្រុងយេរូសាឡឹម ដើម្បីអធិដ្ឋាន និងស្ដាប់ព្រះបន្ទូល។ លោកបានដាស់តឿនគ្រីស្ដបរិស័ទសម័យបច្ចុប្បន្ន ដែលចូលចិត្តសំឡេងរំខាន និងឧបករណ៍បំពងសំឡេងឮៗ ឱ្យចេះស្វែងរកទីស្ងៀមស្ងាត់ ដ្បិតព្រះបន្ទូលរបស់ព្រះជាម្ចាស់មិនស្ថិតក្នុងខ្យល់បក់ខ្លាំង ឬរន្ទះទេ ប៉ុន្តែជាការខ្សឹបដ៏ស្រាលចូលក្នុងដួងចិត្ត ដើម្បីឱ្យយើងស្គាល់តម្លៃ និងគោលដៅនៃជីវិត។ ទី២. ការផ្ញើជីវិត និងក៏ពឹងផ្អែកទៅលើព្រះជាម្ចាស់។ លោកក៏បញ្ជាក់ថា ខុសពីសង្គមសព្វថ្ងៃដែលច្រើនវាយតម្លៃមនុស្សតាមរយៈទ្រព្យសម្បត្តិ ឋានៈ ឬការងារល្អ។ ចំណែក ព្រះនាងម៉ារីមិនបានស្វែងរកកិត្តិយស ឬកេរ្តិ៍ឈ្មោះល្បីល្បាញឡើយ ប៉ុន្តែបានផ្ញើជីវិត និងពឺងផ្អែកទាំងស្រុងលើសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់។ ទី៣. ការតស៊ូដោយលះបង់ និងដាក់ខ្លួន។ ត្រង់ចំណុចនេះលោកអភិបាលរំឭកថា ការដើរតាមព្រះជាម្ចាស់មិនមែនជារឿងមួយពេលខ្លីនោះទេ តែជាការតស៊ូអស់មួយជីវិត។ ព្រះនាងម៉ារីបានតស៊ូឆ្លងកាត់ទុក្ខលំបាកតាំងពីវ័យក្មេង រហូតដល់ឈរនៅក្បែរឈើឆ្កាងជាមួយព្រះយេស៊ូ ដោយដាក់ខ្លួន និងស្មោះត្រង់ ដើម្បីសិរីរុងរឿងរបស់ព្រះជាម្ចាស់។ ទី ៤. ចម្លើយ «សូមឱ្យបានសម្រេច តាម…» និងការក្លាយជាព្រះវិហាររបស់ព្រះជាម្ចាស់។ ដោយសារការស្ដាប់ និងការលះបង់ក្នុងសេរីភាព ព្រះនាងម៉ារីបានឆ្លើយតបទៅទេវទូតកាព្រីអែលថា៖ «នាងខ្ញុំជាអ្នកបម្រើរបស់ព្រះជាម្ចាស់  ហើយនាងខ្ញុំសុខចិត្តធ្វើតាមព្រះហឫទ័យរបស់ព្រះអង្គ» ដែលនាំឱ្យព្រះបន្ទូលប្រសូតជាមនុស្ស និងធ្វើឱ្យព្រះនាងក្លាយជាមាតារបស់ព្រះជាម្ចាស់ និងជាព្រះវិហារដ៏វិសុទ្ធរបស់ព្រះវិញ្ញាណ។ បិទបញ្ចប់ធម្មទេសនា លោកអភិបាល អូលីវីយ៉េ បានសង្កត់ធ្ងន់ថា ទីសក្ការៈព្រះនាងម៉ារីនៅអរិយក្សត្រ គឺជាគំរូដ៏ពិសេសនៃការបើកចិត្តទទួលស្វាគមន៍បងប្អូនទាំងអស់ ដោយមិនប្រកាន់ប្រទេស ជាតិសាសន៍ ឬសាសនាឡើយ ដូចដែលប្រវត្តិនៃការរកឃើញរូបសំណាកទាំងពីរបានបង្ហាញស្រាប់ គឺទី១ រកឃើញដោយបងប្អូនឥស្លាម និងទី២ ដោយបងប្អូនពុទ្ធបរិស័ទ។ លោកអភិបាលបានជំរុញឱ្យគ្រីស្ដបរិស័ទទាំងអស់បន្តធ្វើដំណើរជាមួយព្រះនាងម៉ារី ក្នុងនាមជាគ្រួសារតែមួយរបស់ព្រះជាម្ចាស់ ដើម្បីឈានទៅដល់ឋានបរមសុខជាមួយព្រះនាងនាថ្ងៃអនាគត៕

ដោយ​លី សុវណ្ណា

Facebook
Twitter
LinkedIn

អត្ថបទថ្មី

លោកអភិបាល អូលីវីយ៉េ ជ្មីតហស្ល៊ែរ ក្រើនរំឭកដល់សិស្សានុសិស្សឱ្យថែរក្សាសីលធម៌ និងមរតកវប្បធម៌ ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)

តាកែវ៖ ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ នៅសាលាបឋមសិក្សា ចំណេះទូទៅ និងសិល្បៈ និងវិទ្យាល័យសន្តហ្វ្រង់ស្វ័រ ខេត្តតាកែវ នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្ល៊ែរ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានអំពាវនាវយ៉ាងទទូចដល់លោកគ្រូ អ្នកគ្រូ មាតាបិតា និងសិស្សានុសិស្ស ឱ្យបន្តរក្សាស្មារតីភ្ញាក់រឭក ថែរក្សាតម្លៃសីលធម៌ ទំនាក់ទំនងពិតប្រាកដ និងមរតកវប្បធម៌ជាតិ ខណៈពិភពលោកកំពុងប្រឈមមុខនឹងការប្រែប្រួលយ៉ាងឆាប់រហ័សនៃអាកាសធាតុ

វិទ្យាល័យចំណេះទូទៅសន្តហ្វ្រង់ស្វ័រចុះអនុសារណៈជាមួយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តតាកែវ

កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ គណៈគ្រប់គ្រងវិទ្យាល័យចំណេះទូទៅឯកជនសន្តហ្វ្រង់ស្វ័រ បានចុះអនុសារណៈ “ស្តីពីកិច្ចសហប្រតិបត្តិការរៀបចំ និងអនុវត្តកម្មវិធីសិក្សាផ្នែកសិល្បៈវប្បធម៌កម្រិតមធ្យមសិក្សា និងការផ្តល់វិញ្ញាបនបត្របញ្ជាក់ការសិក្សា រវាងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តតាកែវ ដែលមានរយៈពេល ៣ឆ្នាំ” ដែលធ្វើឡើងនៅមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តតាកែវ។ បើតាមប្រសាសន៍របស់លោក ប៉ិច វិបុល ជានាយកវិទ្យាល័យចំណេះទូទៅសន្តហ្វ្រង់ស្វ័របានឲ្យដឹងថា ការចុះអនុសារណៈយោគយល់នេះ មានបំណងចំនួន៣។ គឺទី១ ស្នើសុំឲ្យមន្ទីរ ទទួលស្គាល់វិញ្ញាបនបត្រដែលចេញដោយសាលាផ្ទាល់ លើមុខជំនាញសិល្បៈដែលសិស្សបានសិក្សា និងមានជំនាញពិតប្រាកដ។

លោកអភិបាលអូលីវីយ៉េ អំពាវនាវឲ្យមេដឹកនាំសមាជិកLa Francophonie លើកកម្ពស់សន្តិភាព

ថ្លែងទៅកាន់គណៈប្រតិភូដែលបានចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ កាលពីថ្ងៃអាទិត្យ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាល​ព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ បាន​​អំពាវនាវ​យ៉ាង​ទទូច​ដល់​មេដឹកនាំ​ពិភព​លោក ឱ្យ «វិនិយោគឡើងវិញលើសន្តិភាព» ចំពេលដែល​ជម្លោះ​សកល​កំពុង​កើន​ឡើង គ្រោះ​មហន្ត​រាយ​អាកាស​ធាតុ និងការទន្ទ្រានរំខាន​ពីបញ្ញាសិប្បនិម្មិត​(AI)។ មានប្រសាសន៍ក្នុងអំឡុងពេលអភិបូជាថ្ងៃអាទិត្យ​ជាភាសាបារាំង ដែល​ស្របពេល​ជាមួយ​ទិវា​ជនក្រីក្រ​ពិភពលោកលើកទី១០ នៅព្រះវិហារសន្តយ៉ូសែប (ផ្សារតូច) ក្នុងរាជធានីភ្នំពេញ ដែល​មាន​អ្នកចូលរួមជិត ២០០ នាក់ លោកអភិបាល

Subscribe to our newsletter

Don't miss new updates on your email