គណៈកម្មការ​ពលករ​ភូមិភាគ​ភ្នំពេញ​ជួយ​ឲ្យ​កម្មករ​កម្មការិនី​ចេះ​រួម​សាមគ្គី​គ្នា

គណៈកម្មការ​ពលករ​នៃ​ព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ បាន​រៀប​ចំ​កម្មវិធី​បោះ​ជំរំ សម្រាប់​យុវកម្មករ ក្រោម​ប្រធាន​បទ «សាមគ្គីភាព និង​ភាពរុងរឿង» រយៈ​ពេល​បី​ថ្ងៃ​ពី​ថ្ងៃ​ទី ១៣-១៥ ខែ​ឧសភា ឆ្នាំ​២០១៩ នៅ​លើ​ទឹក​ដី​អង្គរ​ខេត្ត​សៀមរាប ដែល​មាន​យុវកម្មករ កម្មការិនី ចំនួន​២៤​នាក់ មក​ពី​រោងចក្រ​មួយ​ចំនួន​នៅ​តំបន់ ទួល​ពង្រ ក្នុង​សង្កាត់​ចោមចៅ រោង​ចក្រ​ដំបូល​ខៀវ និង​កាណាឌីយ៉ា។

តាម​កញ្ញា ម៉ៅ ស្រីកែវ សមាជិក​គណៈកម្មការ​ពលករ​នៃ​ព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ បាន​រៀប​រាប់​ថា គោល​ដៅ​សំខាន់​ក្នុង​កម្មវិធី​បោះជំរំ​នេះ គឺ​ជួយ​ឲ្យ​យុវកម្មករ កម្មការិនី បាន​ស្គាល់​គ្នា ចេះ​សាមគ្គី​គ្នា យក​ចិត្ត​ទុក​ដាក់​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក។ ជា​ពិសេស​នាំ​ឲ្យ​គេ​បាន​យល់ និង​ស្គាល់​នូវ​មរតក​វប្បធម៌​ដែល​ដូន​តា​បាន​បន្សល់​ទុក​មក​គឺ​ប្រាសាទ​អង្គរ​វត្ត និង​ប្រាសាទ​នានា​ដទៃ​ទៀត មាន​សំបូរ​ព្រៃ​គុក​ជា​ដើម និង​ភូមិ​វប្បធម៌ ដើម្បី​ឲ្យ​គេ​បាន​យល់​ពី​ភាព​រុង​រឿង​នៃ​វប្បធម៌​ជាតិ​យើង។  

កញ្ញា​ស្រីកែវ​បន្ត​ថា ការរួម​សាមគ្គី​គ្នា និង​ចេះ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក គឺ​សំខាន់​ណាស់​សម្រាប់​ជីវិត​រស់​នៅ​​របស់​កម្មករ ព្រោះ​ថា នៅ​កន្លែង​ធ្វើការ​បើ​កម្មករ​ចេះ​រួម​សាមគ្គី​គ្នា សហការ​គ្នា ជួយ​គ្នា​ដូច​បង​ប្អូន កិច្ច​ការ​អ្វី​ក៏​ងាយ​នឹង​ទទួល​ជោគ​ជ័យ​ដែរ។ ស្រីកែវ៖ «យើង​មាន​ល្បែង​កំសាន្ត​រិះ​គិត ដើម្បី​ឲ្យ​គេ​បាន​យល់​កាន់​តែ​ច្បាស់​ថែម​ទៀត អំពី​សាមគ្គី​ភាព និង​ការសហការ​ក្នុង​កិច្ចការ​ជា​ក្រុម»។ ក្នុង​នោះ​ការស្នាក់​នៅ​គឺ​ គ្រប់​គ្នា​ត្រូវ​គេង​ក្នុង​តង់​ម្នាក់​មួយ ជួយ​គ្នា​រៀប​ចំ​តង់ និង​កិច្ចការ​ផ្សេង​ទៀត។

យុវជន រ៉ា អាយុ​២១ ឆ្នាំ​បាន​ឲ្យ​ដឹង​ថា​ គាត់​សប្បាយ​រីក​រាយ ដោយ​បាន​ដើរ​កម្សាន្ត​ជុំ​គ្នា ទៅ​កន្លែង​កម្សាន្ត​ដ៏​ល្បី​នៅ​កម្ពុជា ដែល​ផ្ដល់​អារម្មណ៍​ថ្មី ផ្ដល់​ទាំង​ចំណេះ​ដឹង និង​បាន​ទាំង​កម្សាន្ត​ដែរ។ រ៉ា៖ «នេះជា​លើក​ទី​មួយ​ដែល​បាន​មក​សៀមរាប​នេះ​ ខ្ញុំ​សប្បាយ​ចិត្ត ជាពិសេស​បាន​ឃើញ​អង្គរ​វត្ត​ជា​អ្វី​ដែល​ចង់​ឃើញ​យូរ​ណាស់​ហើយ ខ្ញុំ​រំភើប​ចិត្ត​ណាស់ ពេល​ដែល​ឃើញ​ប្រាសាទ​ជាច្រីន​នោះ»។  

ចំណែក សេងសារិត អាយុ ២៧ឆ្នាំ ធ្វើ​ការ​ក្រុម​ហ៊ុន​ផ្នែក​អគ្គិសនី មាន​ស្រុក​កំណើត​នៅ​ខេត្ត​ស្វាយរៀង មាន​ចំណាប់​អារម្មណ៍​ថា ក្នុង​កម្មវិធី​បោះជំរំ​នេះ ពិត​ជា​សប្បាយ​រីករាយ ដោយ​បាន​ជួប​ជុំ​មិត្ត​ភក្តិ​ទាំង​ថ្មី​និង​ចាស់ មាន​ទទួល​ចំណេះ​ដឹង​ថ្មី​ដែរ។ ក្នុង​កម្មវិធី យុវ​កម្មករ​យើង​ចេះ​ជួយ​គ្នា សហការ​គ្នា​ដោយ​រៀប​តង់​ជាមួយ​គ្នា​និង​កិច្ចការ​ផ្សេង​ទៀត​ក្នុង​កម្មវិធី។

ជា​មួយ​គ្នា​នេះ​យុវនារី ហួន អ៊ីម៉ា អាយុ ២០ឆ្នាំ ជា​កម្មការិនី មក​ពី​ខេត្ត​កំពង់ស្ពឺ បាន​និយាយ​ថា៖ «ខ្ញុំ​សូម​អរគុណ​ដល់​គណៈកម្មការ​ពលករ ដែល​បាន​ជួយ​ឲ្យ​យើង​បាន​ស្គាល់​វប្បធម៌​ជាតិ​យើង និង​កម្មករ​ទាំង​អស់​ចេះ​សាមគ្គី​គ្នា មិន​រើស​អើង ចេះ​ចែក​រំលែក​គ្នា»។

គណៈកម្មការ​ពលករ​នៃ​ព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០០៧ ក្នុង​បេសកកម្ម​រួម​ដំណើរ​ជាមួយ​កម្មករ ជួយ​គេ​ឲ្យ​យល់​ពី​សិទ្ធិ​ការងារ អំពី​បំណិន​ជីវិត ការថែរទាំ​សុខភាព ជួយ​គេ​ឲ្យ​ចេះ​ក្រោក​ឈរ​ដោយ​ខ្លួន​ឯង​ជាដើម។

ការបោះ​ជំរំ​សម្រាប់​យុវកម្មករ​នេះ បាន​ប្រព្រឹត្ត​ទៅ​ជា​លើក​ទី​២ ដែល​លើក​ដំបូង​នៅ​ខេត្ត​ព្រះសីហនុ។ នេះ​បើ​តាម​ការបញ្ជាក់​របស់ កញ្ញា​ម៉ៅ​ ស្រីកែវ។ ស្រី​កែវ​បន្ត​ថា ក្រៅ​ពី​កម្មវិធី​បោះជំរំ​រួម​គ្នា​របស់​កម្មករ គណៈកម្មការ​ពលករ​ភូមិភាគ​ភ្នំពេញ​ក៏​មាន​កម្មវិធី​ផ្សេង​ទៀត​ជាមួយ​កម្មករ​ផងដែរ​ដូច​ជា៖ មណ្ឌល​យុវពលករ ដែល​មាន​បន្ទប់​ជួល​សម្រាប់​កម្មករ​ក្នុង​តម្លៃ​សមរម្យ, មហោស្រព​សិល្បៈ​ពលករ​រួមគ្នា, ជួប​ជុំ​កម្មករ​កម្មការិនី, កម្ម​វិធី​បង្រៀន​អនក្ខរកម្ម​ដល់​កម្មករ​កម្មការិនី, ជំនួប​ទិវា​ពលកម្ម​អន្តរ​ជាតិ ​១ ឧសភា, កម្មវិធី​អធិដ្ឋាន​រួមគ្នា, សង្ខេប​ព័ត៌មាន, មាន​បណ្ណាល័យ​សម្រាប់​កម្មករ​កម្មការិនី និង​កូនៗ​របស់​គេ​អាន​សៀវភៅ, ផ្សព្វផ្សាយ​ឯកសារ​សុខភាព​កម្មករ​ជា​ដើម៕

ដោយ​លី សុវណ្ណា

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី

កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ

អបអរសាទរ សិស្សវិទ្យាល័យ សន្តហ្វ្រង់ស្វ័រ បច្ចេកទេសកម្រិត៣ ប្រឡងជាប់ ១០០%

ប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ចំនួន ៤១នាក់ បានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ មួយរយភាគរយ នាសម័យប្រឡងថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦ ក្នុងនោះមានស្រី ២០នាក់។បើតាមការឱ្យដឹងពី លោក យុន សំអាត នាយកសាលាខាងលើ បានរៀបរាប់ឱ្យដឹងថា លទ្ធផលប្រឡងបញ្ចប់ឆ្នាំសិក្សា និងប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត ៣ សម័យប្រឡងថ្ងៃទី២២

លោកឪពុក យ៉ូហាន អ៊ុន រំលឹកថា៖ «ព្រះយេស៊ូទាមទារចិត្តស្រឡាញ់ និងការចែករំលែកនូវអ្វីដែលយើងមាន»

ភ្នំពេញ៖ នៅក្នុងពិធីអភិបូជានាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅព្រះវិហារកាតូលិកសន្តសិលា និងសន្តប៉ូល លោកឪពុក យ៉ូហាន អ៊ុន សុន (Fr. Jean Un Son) បានលើកឡើងនូវសារអប់រំលត់ដំផ្លូវចិត្តយ៉ាងជ្រាលជ្រៅមួយដល់គ្រីស្ដបរិស័ទទាំងអស់ អំពីការស្វែងរក «អាហារផ្លូវព្រលឹង» និងការផ្លាស់ប្តូរជីវិតតាមរយៈការចែករំលែកសេចក្ដីស្រឡាញ់។ នៅក្នុងធម្មទេសនា លោកឪពុកបានគូសបញ្ជាក់ថា មនុស្សទូទៅតែងតែខិតខំប្រឹងប្រែងធ្វើការយ៉ាងលំបាក ដើម្បីស្វែងរកអាហារចិញ្ចឹមរូបរាងកាយ និងសុវត្ថិភាពផ្លូវកាយ ប៉ុន្តែច្រើនដង មនុស្សបានមើលរំលងភាពស្រេកឃ្លាននៃ

Subscribe to our newsletter

Don't miss new updates on your email