ប្រតិភូគ្រឹះស្ថានអប់រំកាតូលិកជួបសំណេះសំណាលជាមួយរដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា

នាយក នាយិកា​នៃគ្រឹះស្ថាន អប់រំចំណេះទូទៅ​កាតូលិកភូមិភាគភ្នំពេញដឹកនាំដោយលោក​អូលីវីយេ ជ្មិតហស្លេរ អភិបាលព្រះសហគមន៍ភូមិភាគភ្នំពេញ និងជាប្រធានអប់រំចំណេះទូទៅកាតូលិកភូមិភាគ​ភ្នំពេញ បានអញ្ជើញចូលជួបសំណេះសំណាលជាមួយ ឯកឧត្ដម​បណ្ឌិត​សភាចារ្យ ហង់ជួន ណារ៉ុន  រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១០ព្រឹក នៅទីស្តីការក្រសួង​រាជធានីភ្នំពេញ។  ក្នុងជំនួបនេះក៏មានការចូលរួមពីសំណាក់ប្រធានអង្គការការីតាសកម្ពុជាផងដែរ។

នៅក្នុងជំនួបនេះ លោកអភិបាលអូលីយេ​បានជំរាបជូនលោករដ្ឋមន្ត្រីក្រសួងអប់រំ​អំពីប្រវត្តិខ្លះៗ នៃវិស័យអប់រំកាតូលិក​នៅក្នុងប្រទេសកម្ពុជា ដែលមានប្រវត្តិយូរណាស់មកហើយ គឺតាំងពីមុនកម្ពុជាធ្លាក់ចូលក្នុងភ្លើងសង្គ្រាមមកម្ល៉េះ ហើយមានការទទួលស្គាល់យ៉ាងទូលំទូលាយ​ពីមហាជន​នាសម័យនោះ។ មនុស្សវ័យចំណាស់មួយចំនួន​នៅចាំបានឈ្មោះសាលាមីស្ស និងសាលាដូចជីកាតូលិកជាដើម។

លោកអភិបាលបានបន្តថា តែអ្វីៗទាំងអស់នោះបានរលាយបាត់បង់អស់ដោយសារសង្គ្រាម ជាពិសេសក្នុងរបបអាវខ្មៅប៉ុលពត។ ក្នុងនោះវិសាលវិហារ និងវិហារស្ទើរទាំងអស់ត្រូវបំផ្លាញចោល។ មានអាគារគេហដ្ឋានលោកអភិបាលដែលនៅសល់គឺជាសាលារាជធានីភ្នំពេញសព្វថ្ងៃ។ លោកក៏បានបង្ហាញឈើឆ្កាងលោកអភិបាល ដែលជាមរតក​មានអាយុកាលជាង១០០ឆ្នាំ ដែលត្រូវ​បាន​លាក់ទុក​​ក្រោមសំបុកមាន់​ដោយ​មាតា​អតីតអភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញជាតិខ្មែរ ដែលស្លាប់ក្នុងឆ្នាំ១៩៧៧។

លោកបន្តថា កិច្ចការក្នុងសកម្មភាពអប់រំចំណេះដឹងទូទៅ ព្រះសហគមន៍កាតូលិកបានចាប់ផ្តើមក្នុងឆ្នាំ​២០០២​ គឺបើកសាលាមត្តេយ្យ ដែលក្រសួងទទួលស្គាល់ ជាសាលាមួយដែលសព្វថ្ងៃ បានអប់រំតាមកម្មវិធីម៉ុងតេសូរី។ ក្នុងឆ្នាំ២០០៣ បានបើកសាលាមត្តេយ្យបបន្ថែម​នៅជុំគិរី ផ្លូវត្រី បឹងទំពុន… សព្វថ្ងៃមានប្រមាណ៣០កន្លែង ហើយមានអនុសារណៈយោគយល់ជាមួយក្រសួងអប់រំ។  លោកអភិបាលបន្តទៀតថា ក្នុងឆ្នាំ២០១០ រូបលោកផ្ទាល់បានបង្កើត​កម្មវិធីបង្រៀនថ្នាក់បឋមសិក្សា ថ្នាក់ទី១-ទី៣ ​ចំនួន១៥កន្លែងនៅតាមដងទន្លេមេគង្គ និងទន្លេបាសាក់។

ចំពោះថ្នាក់វិទ្យាល័យ លោកអូលីវីយេ បញ្ជាក់ថា បានបង្កើតឡើងដោយការបង្រៀន​ថ្នាក់ក្រៅម៉ោង (បង្រៀនគួ) ក្នុងឆ្នាំ២០០២ ហើយឆ្នាំ២០០៣ បានបង្កើតវិទ្យាល័យ ចាប់ពីថ្នាក់ទី១០-ទី១២ ដែលទទួលស្គាល់ដោយក្រសួងអប់រំ។ ពេលនោះក៏មានបញ្ចូលការបង្រៀនឯកទេសផងដែរ។​ ប៉ុន្តែគ្មានការទទួលស្គាល់នៅឡើយទេ ហើយសហការជាមួយសាលាកសិកម្មចំការដូង។

លោកថា ដោយមានការជ្រោមជ្រែងពីលោកចាន់ សារុន អតីតរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ក្នុងឆ្នាំ ២០១០ បាន​បើកវិទ្យាស្ថានសន្តប៉ូល។​ «ហើយ​ខ្ញុំ​ជានាយក​រហូត​ដល់​ឆ្នាំ​២០១៦ ឬ​២០១៧។ ឥឡូវនេះ យើង​មាន​​នាយក​ខ្មែរ​ពិតៗ។ សរុប​សេចក្តី វិស័យអប់រំព្រះសហគមន៍មាន​គ្រប់កម្រិត ពី​មត្តេយ្យ​សិក្សា​ រហូតដល់ឧត្តមសិក្សា។ ចំពោះ វិទ្យាល័យ និងវិទ្យាល័យ​ឯកទេស ​យើង​បានចែក​ទីតាំង​​ឲ្យ​ដើរ​ផ្សេង​គ្នា​។ ឆ្នាំ​២០១៥ គឺ​ដោយសារឯក​ឧត្តម បើ​អត់​មាន​ឯក​ឧត្តម​យើង​អត់​ទាន់​មាន។ ឯកឧត្តមបាន​ជម្រុញ​ឲ្យ​យើង​ជោគ​ជ័យ​សាលាវិទ្យាល័យ​ឯកទេស»។

ក្នុងស្ថានភាពកូវីដ១៩ លោកអភិបាលក៏បានរាយការណ៍ជូនលោក​រដ្ឋមន្ត្រីហង់ ជួនណារ៉ុន ពីការខិតខំរបស់សាលាទាំងអស់នៃព្រះសហគមន៍កាតូលិក ចូលរួមប្រយុទ្ធ​នឹងមេរោគឆ្លង​កូវីដ១៩ តាមការណែនាំរបស់ក្រសួងអប់រំ ក៏ដូចជាក្រសួងសុខាភិបាល គឺបានបិទសាលាជាបណ្ដោះអាសន្ន។ ព្រមទាំងបានខិតខំ បែងចែកសម្មភាព និងបន្តកិច្ចការអប់រំ តាមគ្រប់មធ្យោបាយ ទាំងជួបផ្ទាល់ជាមួយសិស្សតាមផ្ទះ ជួបជាមួយមាតាបិតា សម្រាប់ថ្នាក់មត្តេយ្យ និងបឋមសិក្សា។ លើកទឹកចិត្តសិស្សតាម​វេន បង្រៀនពីចម្ងាយតាមបែបប្រពៃណី(តាមប្រព័ន្ធអ៊ីនធើណែត)​សម្រាប់វិទ្យាល័យ និងវិទ្យាស្ថាន។ ដាក់កិច្ចការ​ដល់សិស្ស តាមដាន និងពិនិត្យកិច្ចការដែលបានដាក់ឲ្យសិស្ស។ ចំពោះសិស្សឯកទេស មានការអនុវត្តផ្ទាល់ជាក់ស្តែងតាមការចាត់ចែងរបស់លោកគ្រូ អ្នកគ្រូ និងសាស្ត្រាចារ្យ ក្នុងចម្ការផ្ទាល់។​

ស្របពេលដែលបានលើកអំពីការខិតខំប្រឹងប្រែង​ របស់សាលាគ្រប់កម្រិតក្នុងពេលកូវីដ១៩នេះ លោកអភិបាលប្រធានការអប់រំសិក្សាកាតូលិកក៏បាន​សរសើរ​និងអរគុណ​ក្រសួងអប់រំ ដែលបានបង្កើតកម្មវិធី បង្រៀនពីចម្ងាយ ជួយដល់សិស្សានុសិស្ស​ក្នុងគ្រាលំបាកនេះ។ ព្រមទាំងបានលើកឡើង នូវក្តីបារម្ភមួយចំនួនសម្រាប់ជាប្រយោជន៍ដល់សិស្សានុសិស្សទូទៅដែលនៅជនបទ។ លោក​មាន​ប្រសាសន៍ថា សិស្សទាំងនោះភាគច្រើនគ្មានលទ្ធភាព​ចូលក្នុងកម្មវិធីអប់រំ​ពីចម្ងាយតាមបែបប្រពៃណីបានទេ។ លោកបានសួរយោបល់ពីលោករដ្ឋមន្ត្រី តើគួរអនុញ្ញាតឲ្យគេ​បានជួបជុំតាមថ្នាក់ តាមវេន ដោយកំណត់ចំនួន​នៅក្នុងសាលាបានដែរទេ គឺបរិយាកាសល្អជាងតាមផ្ទះ?

ក្រោយពីបានស្តាប់របាយការណ៍សង្ខេបរបស់លោកអូលីវីយេ ស្តីពីការអប់រំ និងការប្រយុទ្ធនឹងកូវីដ១៩ លោករដ្ឋមន្ត្រីក្រសួងអប់រំ ហង់ ជួនណារ៉ុន បានអរគុណ​លោកអភិបាល​ដែល​បាន​មាន​ប្រសាសន៍​ក្បោះ​ក្បាយពាក់​ព័ន្ធ​នឹងរបៀប​​​អប់រំ​កាតូលិក​ទូទៅ​ក៏​ដូចជា​បញ្ហា​កូវីដ។ លោក​បាន​កោតសរសើរ លោកអភិបាល ក៏ដូចជាសហការីអប់រំសិក្សាទាំងអស់ ចំពោះកិច្ចខិតខំប្រឹងប្រែង​បង្កើតកម្មវិធីសិក្សា E-Learning ឬការបង្រៀនពីចម្ងាយ។

ចំពោះក្តីបារម្ភដែលលោកអភិបាលលើកឡើង លោករដ្ឋមន្ត្រីក៏យល់ស្រប។ លោករដ្ឋមន្ត្រីថា អ្វីដែល​លោកអភិបាល​បាន​លើក​ឡើង​គឺ​ត្រឹម​ត្រូវ​គ្រប់​រូ​បភាព ហើយជារួម​​លោក​ក៏យល់​ស្រប​តាម​គំនិត​នេះដែរ ប៉ុន្តែ​ បើ​យើង​មើល​ទៅ​ពិភព​លោក កូវីដ​១៩​​​កំពុង​តែ​រីកដុះ​ដាល។ លោកបន្តថា កម្ពុជា​មើល​ទៅ​វា​អត់​មាន​អីទេ យើង​គួរ​តែ​បើក​សាលា​បាន​ហើយ។ «ខ្ញុំ​យល់​ថា អាច​បើក​បាន ក៏​ប៉ុន្តែ​ ចុះ​ប្រសិន​បើ​មាន​ឈឺ​ឆ្លង​ជំងឺ តើ​ពីណា​អ្នក​រង​គ្រោះ? គឺ​ប្រជាជន​ក្រីក្រ​រង​គ្រោះ​ខ្លាំង​ជាង​គេ​។ ​គាត់​អត់​មាន​លទ្ធភាព​នៅ​ដេក​ពេទ្យ។​ ​ពេទ្យយើង គាត់​ធ្វើ​ការ​បាន​ល្អ  ប៉ុន្តែ​ដោយសារ​តែ​អ្នក​ឈឺ​ហ្នឹង​មាន​តែ​១២៧ ប៉ុន្តែ​បើ​ហ៊ាន​តែ​ឡើង​ដល់​ជាង​១០០០ គឺ​ខ្លាំងជាង​នៅ​អឺរ៉ុប​ទៅ​ទៀត។ នេះ​ជា​បញ្ហា​ដែល​នាយក​រដ្ឋ​មន្ត្រី​ព្រួយ​បារម្ភ។»

លោករដ្ឋមន្ត្រីក៏បានលោកឡើងដែរថា មានសាលាឯកជនជាច្រើនបានលើកឡើងដែរចំពោះការបើកសាលាវិញនេះ តែក្រសួងនឹងពិនិត្យលទ្ធភាពជាក់ស្តែងដែលសាលាឯកជនអន្តរជាតិ​អាចគ្រប់គ្រង និងអនុវត្តន៍តាមស្តង់ដារការពារបាន។  លោកបន្តថា បើកសាលាទាំងអស់បានអ្វីមកវិញ បើឆ្លងធំ កម្ពុជានឹងវឹកវរ។ អ្វីដែលខិតខំ២០ឆ្នាំ ៣០ឆ្នាំ នឹងត្រឡប់ទៅវិញក្នុងទសវត្សឆ្នាំ២០០០ ឬ ១៩៩០។ អាចបង្ករអសន្តិសុខសង្គមនានា មិនអាចគ្រប់គ្រងបាន។ លោកថា«យើង​ឆ្លង​កាត់​សង្គ្រាម​២-៣​ដង​ហើយ យើង​អត់​ចង់​ឲ្យ​រឿង​ហ្នឹង​កើត​មួយ​សារ​ទៀតទេ។ យើង​បាត់​តែ​មួយ​ឆ្នាំទេ យើង​អត់​ចង់​បាត់​៣០​ឆ្នាំ​»។

សម្រាប់ការប្រលង ទុតិយភូមិ​ថ្នាក់ទី១២ នៃវិទ្យាល័យសន្តហ្វ្រង់ស្វ័រទាំងពីរ លោករដ្ឋមន្ត្រីបានផ្តល់យោបល់ឲ្យគណៈគ្រប់គ្រងសាលា ដាក់ពាក្យ​​ស្នើសុំទៅក្រសួងអប់រំ​ដើម្បី​រៀបចំប្រឡងផ្ទាល់​ខ្លួន ហើយក្រសួងអប់រំនឹងទទួល​ស្គាល់សញ្ញាប័ត្រដែលចុះហត្ថលេខាដោយលោកអភិបាលអូលីវីយេ ជាអ្នកគ្រប់គ្រងសាលានេះ។

កិច្ចពិភាក្សាបានប្រព្រឹត្តទៅរយៈពេល​ជិតមួយម៉ោង ដែលប្រកបដោយមនោសញ្ចេតនាជ្រាលជ្រៅនិងស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ឯកឧត្តមរដ្ឋមន្ត្រី​ក្នុងភាពស្និទ្ធស្នាលជាទីបំផុត។ បន្ទាប់មកគណៈប្រតិភូ​ដឹកនាំដោយលោកអភិបាលអូលីវីយេ បានប្រគល់ជូន​ក្រសួងអប់រំនូវសំភារៈ​ពីអង្គការការីតាសកម្ពុជា មានផ្ទាំងផ្សព្វផ្សាយ covid១៩​ចំនួន​ ១០០០សន្លឹក។ ម៉ាសកាពារចំនួន១០០ប្រអប់។ សាប៊ូលាងដៃចំនួន២០០០ដុំ និងអាល់កុលចំនួន១០០លីត្រ។ ក្នុងនោះលោកអភិបាលក៏ជូនថវិកាចំនួនប្រាំមួយលានរៀលដល់ក្រសួងអប់រំ ទុកចាត់ចែងក្នុងសកម្មភាពប្រយុទ្ធនឹងជំងឺឆ្លង​មេរោគកូវីដ១៩៕

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី

កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ

អបអរសាទរ សិស្សវិទ្យាល័យ សន្តហ្វ្រង់ស្វ័រ បច្ចេកទេសកម្រិត៣ ប្រឡងជាប់ ១០០%

ប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ចំនួន ៤១នាក់ បានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ មួយរយភាគរយ នាសម័យប្រឡងថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦ ក្នុងនោះមានស្រី ២០នាក់។បើតាមការឱ្យដឹងពី លោក យុន សំអាត នាយកសាលាខាងលើ បានរៀបរាប់ឱ្យដឹងថា លទ្ធផលប្រឡងបញ្ចប់ឆ្នាំសិក្សា និងប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត ៣ សម័យប្រឡងថ្ងៃទី២២

លោកឪពុក យ៉ូហាន អ៊ុន រំលឹកថា៖ «ព្រះយេស៊ូទាមទារចិត្តស្រឡាញ់ និងការចែករំលែកនូវអ្វីដែលយើងមាន»

ភ្នំពេញ៖ នៅក្នុងពិធីអភិបូជានាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅព្រះវិហារកាតូលិកសន្តសិលា និងសន្តប៉ូល លោកឪពុក យ៉ូហាន អ៊ុន សុន (Fr. Jean Un Son) បានលើកឡើងនូវសារអប់រំលត់ដំផ្លូវចិត្តយ៉ាងជ្រាលជ្រៅមួយដល់គ្រីស្ដបរិស័ទទាំងអស់ អំពីការស្វែងរក «អាហារផ្លូវព្រលឹង» និងការផ្លាស់ប្តូរជីវិតតាមរយៈការចែករំលែកសេចក្ដីស្រឡាញ់។ នៅក្នុងធម្មទេសនា លោកឪពុកបានគូសបញ្ជាក់ថា មនុស្សទូទៅតែងតែខិតខំប្រឹងប្រែងធ្វើការយ៉ាងលំបាក ដើម្បីស្វែងរកអាហារចិញ្ចឹមរូបរាងកាយ និងសុវត្ថិភាពផ្លូវកាយ ប៉ុន្តែច្រើនដង មនុស្សបានមើលរំលងភាពស្រេកឃ្លាននៃ

Subscribe to our newsletter

Don't miss new updates on your email