មណ្ឌលអប់រំជំនឿកាតូលិកកម្ពុជាបង្កើតសិក្ខាសាលាស្ដីអំពីទម្រង់សិល្បៈកំណាព្យខ្មែរជាលើកដំបូង

មណ្ឌលអប់រំជំនឿកាតូលិកកម្ពុជា បានបង្កើតសិក្ខាសាលាស្ដីអំពី “ទម្រង់សិល្បៈកំណាព្យខ្មែរ” ជាលើកដំបូង នាថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ ដែលដឹកនាំដោយលោកប្រ៊ុយណូ កូសម៍ អភិបាលទទួលបន្ទុកមណ្ឌលអប់រំជំនឿកាតូលិកកម្ពុជា។ សិក្ខាសាលានេះមានសិក្ខាកាមមកពីភូមិភាគភ្នំពេញ និងកំពង់ចាមចូលរួមចំនួន២០នាក់ ដោយមានលោកយ៉ាន់ បូរិន្ទ ដែលជាសាស្ត្រាចារ្យ និងជាទីប្រឹក្សានៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមជាមួយលោក សីហា ឧត្ដម ជាគ្រូបង្គោលនៃក្លិបអភិរក្សមរតកកំណាព្យខ្មែរ និងជានាយកសាលាអភិរក្សមរតកសិល្បៈបូរាណខ្មែរ ជាវាគ្មិន។

ក្នុងឱកាសនេះដែរ លោកអភិបាល ប្រ៊ុយណូ បានមានប្រសាសន៍ថា សិល្បៈទាំងអស់សុទ្ធតែជាមធ្យោបាយដែលយើងគួរប្រើដើម្បីសម្ដែងពីជំនឿរបស់យើង។ លោកអភិបាលបញ្ជាក់ទៀតថា សិល្បៈទាំងអស់ដែលយើងប្រើជាប្រចាំថ្ងៃ ដើម្បីបង្ហាញពីសោភណ្ឌភាពឱ្យគេចាបប់អារម្មណ៍ ហើយយើងចង់ផ្ដល់សាក្ខីភាពអំពីជំនឿរបស់យើង និងអ្វីដែលទាក់ទងនឹងព្រះជាម្ចាស់។ លោកបន្តថា «ជាពិសេសថ្ងៃនេះយើងបានធ្វើសិក្ខាសាលាជាលើកទីមួយតែមួយព្រឹកអំពីកំណាព្យ អំពីទំនុកតម្កើង ព្រោះនៅពេលយើងអានព្រះគម្ពីរមិនសូវពិបាកទេ តែរបៀបស្មូត្រមិនសូវស្រួលទេ គឺមានន័យថាអ្វីៗទាំងអស់ដែលយើងចង់សម្ដែងពីព្រះបន្ទូលរបស់ព្រះជាម្ចាស់តាមរយៈវប្បធម៌ខ្មែរ នោះអាចនាំឱ្យប្រជាជនខ្មែរអាចយល់បាន ដោយសារវប្បធម៌និងសិល្បៈចូលជ្រៅក្នុងចិត្តរបស់មនុស្ស»។

លោកសាស្ត្រាចារ្យ បូរិន្ទ បានមានប្រសាសន៍ដោយស្ងើចសរសើរព្រះសហគមន៍កាតូលិកដែលបង្កើតសិក្ខាសាលានេះឡើង ដោយបានលើកយកពីបែបបទនៃការសូត្រ និងនិពន្ធកំណាព្យខ្មែរ ដើម្បីយកទៅប្រើប្រាស់នៅក្នុងលក្ខណៈខ្មែរ។ លោកបន្តថា នេះក៏ជាការផ្សព្វផ្សាយដើម្បីជួយជំរុញផ្នែកផ្លូវចិត្តនិងផ្លូវកាយរបស់អ្នកស្ដាប់ឲ្យកើតមាននូវការគោរពការស្រឡាញ់ ជាពិសេសគឺការដឹងគុណចំពោះព្រះជាម្ចាស់ដែលបានផ្ដល់នូវអ្វីៗល្អៗសម្រាប់អប់រំដល់បងប្អូនជាភាសាខ្មែរ។ លោកបន្ថែមថា «ព្រឹកនេះខ្ញុំបានបង្ហាញឱ្យស្ដាប់តាមបែបបទនៃការសូត្រកំណាព្យបានតាមទម្រង់បទផ្សេងៗ និងមានបងប្អូនបានសួរខ្ញុំថា តើទម្រង់ណាមួយដែលយើងអាចយកប្រើបាននៅក្នុងកម្មវិធីអាពាហ៍ពិពាហ៍ និងកម្មវិធីអប់រំផ្សេងៗ? តាមពិតនេះអាស្រ័យលើខ្លឹមសារ និងស៊ីសងលើដំណើរសូត្រ»។

យុវជន ឡឹម សម្បត្តិ ជាសមាជិកក្រុមចម្រៀងមកពីព្រះវិហារសន្តយ៉ូសែបផ្សារតូច បានឱ្យនិយាយថា «សិក្ខាសាលានេះពិតជាបានធ្វើឱ្យខ្ញុំមានចំណាប់អារម្មណ៍មែនទែន អំពីទំនាក់ទំនងរវាងព្រះសហគមន៍កាតូលិក និងប្រជាជន វប្បធម៌ខ្មែរ។ ហើយការអញ្ជើញសាស្ត្រាចារ្យ ដែលជាអធិរាជស្មូត្រកំណាព្យ ជាឱកាសដែលព្រះសហគមន៍អាចផ្សារភ្ជាប់ទៅនឹងវប្បធម៌ប្រពៃណី ដែលជាជំហានដែលនាំឱ្យយើងងាយស្រួលក្នុងការចែករំលែកជំនឿរបស់យើង តាមលក្ខណៈវប្បធម៌ប្រពៃណីខ្មែរ។ ជាពិសេសអាចជួយឱ្យប្រជាជនខ្មែរដែលមិនទាន់ក្លាយជាគ្រីស្តបរិស័ទ អាចឈ្វេងយល់ពីព្រះជាម្ចាស់តាមរយៈវប្បធម៌នេះ»។
សម្បត្តិបញ្ជាក់ថាសិក្ខាសាលានេះបានជួយដល់គាត់ឈ្វេងយល់បន្ថែមពីលក្ខណៈប្រពៃណីវប្បធម៌ និងចេះបែងចែកអ្វីជាស្មូត្រ និងការសូត្រ ជាពិសេសអាចដឹងពីរបៀបស្មូត្រតាមបទនីមួយៗ ដើម្បីយកទៅអនុវត្តនៅក្នុងព្រះសហគមន៍។

សិក្ខាសាលារយៈពេលមួយព្រឹកនេះ មានគ្រីស្តបរិស័ទចូលរួម ជាក្រុមចម្រៀងក្រុមយុវជន ក្រុមគ្រូអប់រំជំនឿ នៅក្នុងព្រះសហគមន៍។ សិក្ខាសាលានេះបានលើកបង្ហាញពីទម្រង់សិល្បៈដែលមាននៅក្នុងវប្បធម៌ខ្មែរ របៀបសូត្រ និងស្មូត្រកំណាព្យ ព្រមទាំងរបៀបនិពន្ធកំណាព្យផងដែរ៕
ដោយដាលីស

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី

កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ

អបអរសាទរ សិស្សវិទ្យាល័យ សន្តហ្វ្រង់ស្វ័រ បច្ចេកទេសកម្រិត៣ ប្រឡងជាប់ ១០០%

ប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ចំនួន ៤១នាក់ បានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ មួយរយភាគរយ នាសម័យប្រឡងថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦ ក្នុងនោះមានស្រី ២០នាក់។បើតាមការឱ្យដឹងពី លោក យុន សំអាត នាយកសាលាខាងលើ បានរៀបរាប់ឱ្យដឹងថា លទ្ធផលប្រឡងបញ្ចប់ឆ្នាំសិក្សា និងប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត ៣ សម័យប្រឡងថ្ងៃទី២២

លោកឪពុក យ៉ូហាន អ៊ុន រំលឹកថា៖ «ព្រះយេស៊ូទាមទារចិត្តស្រឡាញ់ និងការចែករំលែកនូវអ្វីដែលយើងមាន»

ភ្នំពេញ៖ នៅក្នុងពិធីអភិបូជានាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅព្រះវិហារកាតូលិកសន្តសិលា និងសន្តប៉ូល លោកឪពុក យ៉ូហាន អ៊ុន សុន (Fr. Jean Un Son) បានលើកឡើងនូវសារអប់រំលត់ដំផ្លូវចិត្តយ៉ាងជ្រាលជ្រៅមួយដល់គ្រីស្ដបរិស័ទទាំងអស់ អំពីការស្វែងរក «អាហារផ្លូវព្រលឹង» និងការផ្លាស់ប្តូរជីវិតតាមរយៈការចែករំលែកសេចក្ដីស្រឡាញ់។ នៅក្នុងធម្មទេសនា លោកឪពុកបានគូសបញ្ជាក់ថា មនុស្សទូទៅតែងតែខិតខំប្រឹងប្រែងធ្វើការយ៉ាងលំបាក ដើម្បីស្វែងរកអាហារចិញ្ចឹមរូបរាងកាយ និងសុវត្ថិភាពផ្លូវកាយ ប៉ុន្តែច្រើនដង មនុស្សបានមើលរំលងភាពស្រេកឃ្លាននៃ

Subscribe to our newsletter

Don't miss new updates on your email