ឈើឆ្កាងជម្រះចិត្តគំនិត
បងប្អូនជាទីគោរពស្រឡាញ់!
ថ្ងៃនេះ យើងសរុបសេចក្តីដើម្បីឱ្យយើងទាំងអស់គ្នា យល់ពីអត្ថន័យខ្លះៗអំពីព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ។ ប៉ុន្តែ ដឹងថាយើងមិនអាចយល់ទេ ដោយសារដូចយើងបានស្ដាប់លោកយ៉ូហាននៅក្នុងគម្ពីរថ្ងៃនេះដែរ លោកយ៉ូហានបាននិយាយថា “ពេលនោះសាវ័កទៅដល់មុនហើយបានចូលទៅខាងក្នុងដែរ ហើយគាត់បានឃើញហើយគាត់ជឿ ប៉ុន្តែពេលនោះសាវ័កផ្សេងៗក៏មិនទាន់យល់អត្ថន័យគម្ពីរដែលបានចែងទុកថា ព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញនៅឡើយទេ”។ ខ្ញុំជឿថា សម្រាប់យើងទាំងអស់យើងអត់ទាន់ច្បាស់ដល់កំពូលដែរ ទោះបីព្រះយេស៊ូបានមានព្រះជន្មរស់ឡើងវិញ២០០០ឆ្នាំមុនមកម្ល៉េះ យើងមិនទាន់យល់អ្វីៗទាំងអស់។ ប៉ុន្តែ យើងអាចយល់ដូចលោកយ៉ូហានដែលជាសាវ័កដ៏ជាទីស្រឡាញ់របស់ព្រះយេស៊ូ គឺនៅក្នុងជំនឿរបស់យើង។ ដូច្នេះ ខ្ញុំអត់មានសមត្ថភាពដើម្បីពន្យល់បងប្អូន ប៉ុន្តែនៅក្នុងជំនឿរបស់យើងដែលជាព្រះអំណោយទានដែលយើងបានទទួលពីព្រះជាម្ចាស់ យើងជឿថាពិតមែនព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ។
នៅថ្ងៃដែលយើងគោរពបុណ្យហែស្លឹក មុនព្រះយេស៊ូយាងចូលទីក្រុងយេរ៉ូសាឡឹម ព្រះយេស៊ូបានទៅដល់ផ្ទះមួយនៅក្នុងភូមិបេថានី។ នៅទីនោះ មានស្ត្រីម្នាក់ដែលកំពុងលាងជើងព្រះយេស៊ូ ដោយប្រើប្រេងក្រអូបដ៏មានតម្លៃថ្លៃបំផុត ធ្វើឱ្យសាវ័កនិងប្រជាជនគេស្ដាយលុយដោយសារគេគិតថាប្រេងនេះថ្លៃណាស់ ប្រើលាងជើងដើម្បីអ្វី?
ម្សិលមិញយើងបានស្ដាប់ស្ត្រីៗធ្វើដំណើរ ដើម្បីទៅរៀបចំព្រះសពរបស់ព្រះយេស៊ូនៅក្នុងផ្នូរ។ ពេលគេដាក់ព្រះសពរបស់ព្រះយេស៊ូនៅថ្ងៃសុក្រ ម៉ោងបីរសៀលក្រោយពេលសោយទិវង្គត គេអត់បានរៀបចំព្រះសពរបស់ព្រះយេស៊ូ មូលហេតុដោយសារជាថ្ងៃសប្ប័ទ។ តាមប្រពៃណីយូដា គេអត់មានសិទ្ធិរៀបចំសព ដូច្នេះគេបានទុកព្រះសពរបស់ព្រះយេស៊ូនៅក្នុងផ្នូរ។ គេចាំដល់ថ្ងៃអាទិត្យព្រឹក ដើម្បីរៀបចំព្រះសពរបស់ព្រះយេស៊ូយ៉ាងត្រឹមត្រូវ ហើយដើម្បីរៀបចំព្រះសពរបស់ព្រះយេស៊ូគេបានរៀបចំប្រេងក្រអូបម្ដងទៀត។ ដូច្នេះ យើងឃើញមានទឹកក្រអូបពីរដង ប៉ុន្តែពេលគេទៅដល់ផ្នូរ គេមិនបានឃើញអ្វីសោះ ព្រះសពរបស់ព្រះយេស៊ូដូចជាបាត់អស់ហើយ។ ដូចយើងស្ដាប់ថ្ងៃនេះ ក្រុមស្ត្រីៗផ្ដល់សក្ខីភាពថា “យើងបានទៅដល់ផ្នូរហើយ ប៉ុន្តែឥតឃើញព្រះសពរបស់ព្រះអង្គ យើងអត់ដឹងគេបានដាក់ព្រះសពរបស់ព្រះអង្គនៅឯណាទេ”។
យប់មិញ នៅពេលយើងបានធ្វើពិធីជ្រមុជទឹកយើងបានប្រើប្រេងម្ដងទៀត ប្រេងនេះគឺជាប្រេងពិសិដ្ឋ។ ជាប្រេងដែលលោកអភិបាលបានរៀបចំ ជាប្រេងផ្សេងពីប្រេងសម្រាប់អ្នកជំងឺ ផ្សេងពីប្រេងសម្រាប់អ្នកដែលកំពុងទទួលការអប់រំជំនឿ គឺជាប្រេងមួយនៅពេលដែលយើងរៀបចំយើងដាក់ទឹកក្រអូបលាយគ្នា និងសូមព្រះជាម្ចាស់ប្រទានព្រះពរលើប្រេងនេះ ដើម្បីធ្វើអគ្គសញ្ញាជ្រមុជទឹក អគ្គសញ្ញាតែងតាំងជាបូជាចារ្យ ឬជាអភិបាល និងអគ្គសញ្ញាលាបថ្ងាស។ ដូច្នេះ យើងបានឃើញប្រេងនេះជាប្រេងដែលមានទឹកក្រអូប ដូចយើងបានស្ដាប់នៅក្នុងអត្ថបទទី១ថ្ងៃនេះ “ព្រះយេស៊ូបានទទួលអភិសេកដើម្បីធ្វើជាព្រះគ្រីស្ដ”។
ដូច្នេះ យើងយល់អស់ហើយតាមពិតប្រេងក្រអូបដែលគេប្រើដើម្បីលាងជើង ជាសញ្ញាសម្គាល់នៃឋានៈរបស់ព្រះយេស៊ូដែលជាព្រះគ្រីស្ត ដែលបានទទួលអភិសេក។ ស្ត្រីៗដែលបានរៀបចំទឹកក្រអូប ដើម្បីរៀបចំព្រះសពរបស់ព្រះយេស៊ូមិនអាចលាបបានទេ ដោយសារទឹកក្រអូបនេះជាទឹកក្រអូបដែលមិនស្ថិតស្ថេរ និងព្រះយេស៊ូស្ថិតស្ថេរហើយ ដូច្នេះទឹកក្រអូបនេះទុក។ ប៉ុន្តែ ប្រេងដែលយើងប្រើជារៀងរាល់ពេលវេលា ពេលយើងមានអគ្គសញ្ញាជ្រមុជទឹក អគ្គសញ្ញាលាបថ្ងាស អគ្គសញ្ញាតែងតាំងឧបដ្ឋាក តែងតាំងបូជាចារ្យ តែងតាំងអភិបាល ប្រេងនេះជាប្រេងដើម្បីតែងតាំងភ្ជាប់ជាមួយព្រះយេស៊ូអស់កល្បជានិច្ច។ ដូច្នេះ ជាប្រេងដែលមានទឹកក្រអូបដដែល ដើម្បីបង្ហាញថាព្រះយេស៊ូជ្រាបនៅក្នុងដួងចិត្តរបស់យើង នៅក្នុងជីវិតរបស់យើង។ ប្រេងមិនមែនតែលាបអត់ចូលទេ ប្រេងវាចូលនៅក្នុងថ្ងាស ចូលនៅក្នុងក្បាល ចូលនៅក្នុងខ្លួនយើង និងភ្ជាប់ជាមួយក្លិនក្រអូប ដើម្បីមើលឃើញព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញនិងគង់នៅ។ ដោយសារ សពរបស់មនុស្សម្នាក់ស្អុយ វានឹងស្អុយខ្លាំងទៅខ្លាំងទៅរហូតដល់យើងធ្វើបុណ្យសពបូជា។ ប៉ុន្តែ ព្រះសពរបស់ព្រះយេស៊ូបាត់ហើយ មិនដែលមានក្លិនស្អុយ មិនដែលរលួយ ដោយសារព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ។ ដូច្នេះ ប្រេងដែលយើងប្រើគឺជាប្រេងស្ថិតស្ថេរ ដែលមានក្លិនក្រអូប ដោយសារយើងដឹងថាព្រះយេស៊ូគង់នៅជាមួយយើងឥឡូវនេះ។
យើងនិយាយអំពីកន្សែងដ៏តូចដែលប្រឡាក់និងស្អុយ ព្រះយេស៊ូបានលាងជើងក្រុមសាវ័កដូចជាលាងជើងយើងដែរ។ ជើងគឺជាកន្លែងដែលស្អុយជាងគេនិងប្រឡាក់ជាងគេ ដោយសារយើងដើរជាមួយជើងរបស់យើង ជាកន្លែងមួយដូចជាមិនសូវមានអនាម័យប៉ុន្មានទេ។ ជាពិសេសសម្រាប់យើងនៅខ្មែរ យើងមិនសូវចូលចិត្តពាក់ស្បែកជើង ហើយម្យ៉ាងទៀតយើងមិនចូលចិត្តប្រើស្រោមជើងទៀត។ ដូច្នេះ ជើងរបស់យើងនៅពេលយើងបាញ់ទឹកឬងូតទឹក សុទ្ធតែដីក្រហម ដីខ្មៅ ធ្វើឱ្យប្រឡាក់ពេញបន្ទប់ទឹក។ ប៉ុន្តែ និមិត្តរូបដែលព្រះយេស៊ូចង់បង្ហាញ គឺដាក់ខ្លួនដោយសារជាព្រះយេស៊ូដែលលាងជើង ប៉ុន្តែព្រះយេស៊ូដូចជាបានប្រមូលអំពើបាបរបស់យើងទាំងអស់ នៅលើក្រមានេះ។ ពេលព្រះយេស៊ូនៅលើឈើឆ្កាង តាមពិតព្រះយេស៊ូនៅសល់តែក្រមាតូចមួយ គេបានហែកខោអាវរបស់ព្រះយេស៊ូទាំងអស់ចែកគ្នា។ ប៉ុន្តែ នៅលើឈើឆ្កាងព្រះយេស៊ូមិនមែននៅខ្លួនទទេទេ គឺព្រះអង្គនៅសល់ក្រមាដ៏តូចមួយ គឺជាក្រមាតែមួយដែលព្រះយេស៊ូបានប្រើដើម្បីលាងជើងឱ្យក្រុមសាវ័ក។
នៅលើឈើឆ្កាង ក្រមានោះដូចជាបានប្រមូលអំពើបាបរបស់មនុស្សលោក ទុកនៅក្នុងព្រះយេស៊ូសោយទិវង្គត។ នៅពេលស្ត្រីៗនិងសាវ័កបានទៅដល់ផ្នូរ គេបានចូលហើយបាត់ព្រះសពរបស់ព្រះយេស៊ូ នៅសល់តែសំពត់ដែលគេបានប្រើសម្រាប់រៀបចំព្រះសពរបស់ព្រះយេស៊ូ និងនៅសល់តែក្រណាត់មួយដែលគេគ្របព្រះសិរសារបស់ព្រះអង្គ។ នៅសល់នេះតែប៉ុណ្ណឹង ប៉ុន្តែនៅក្នុងលក្ខណៈថ្មី លែងប្រឡាក់ដោយសារឆ្លងឈើឆ្កាង ឆ្លងការសោយទិវង្គត អំពើបាបរបស់យើងចូលនៅក្នុងភាពងងឹតនៃឋានក្រោម។ បងប្អូនដែលបានទទួលពិធីជ្រមុជទឹក ក្នុងរាត្រីបុណ្យចម្លងពីយប់មិញ យើងបាននិយាយថា “រួមស្លាប់រួមរស់ជាមួយព្រះយេស៊ូ”។ ពិធីជ្រមុជទឹក គឺយើងចូលនៅក្នុងទឹកដើម្បីប្រមូលអំពើបាបរបស់យើង ឱ្យវាចូលនៅក្នុងទឹកនេះ ឱ្យពេលយើងចេញពីទឹកមកយើងបានស្អាតបរិសុទ្ធដោយមានជីវិតថ្មី។ នេះគឺជារបៀបនៃការធ្វើពិធីជ្រមុជទឹកពីសម័យដើមនៅក្នុងទន្លេយ័រដាន់ នេះជាអត្ថន័យនៃពិធីជ្រមុជទឹក នៅក្នុងព្រះវិញ្ញាណដ៏វិសុទ្ធព្រះយេស៊ូបានជម្រះចិត្តគំនិតរបស់យើងឱ្យស្អាតបរិសុទ្ធ។
ហេតុនេះហើយ នៅព្រឹកឡើងពេលទៅដល់ផ្នូរនៅសល់តែក្រមាមួយ នៅសល់តែកន្សែង ក្រណាត់ដែលគេបានប្រើដើម្បីរុំព្រះសពរបស់ព្រះយេស៊ូ។ នៅប៉ុន្មានសតវត្សមុន គេបានរកឃើញក្រមាហ្នឹង ហើយពេលគេដាក់ហ្វីលនៃម៉ាស៊ីនថតរូប ក្រម៉ានោះបានចេញរូបប្លែក សព្វថ្ងៃរូបហ្នឹងនៅក្នុងទីក្រុងចូរ៉ាន់នៃប្រទេសអ៊ីតាលី។ តាមប្រពៃណី នេះជាក្រណាត់ដែលគេបានរុំព្រះសពរបស់ព្រះយេស៊ូ និងពេលព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ រូបកាយនិងព្រះសិរសារបស់ព្រះអង្គ មានន័យថាព្រះភ័ក្រ្តរបស់ព្រះយេស៊ូបានភ្ជាប់នឹងក្រមានេះ។ ពីមុន ពេលយើងថតរូបយើងប្រើហ្វីល នៅពេលយើងដាក់ហ្វីលនៅកន្លែងងងឹតវានៅខ្មៅដែរ ប៉ុន្តែនៅពេលយើងដាក់ហ្វីលនៅផ្លាតជាមួយពន្លឺយើងមើលឃើញ។ ក្រមានោះក៏ដូចគ្នាដែរ តាមពិតពេលយើងដាក់នៅលើតុមួយវាស ប៉ុន្តែពេលយើងឱ្យវាផ្លាតជាមួយពន្លឺ យើងមើលឃើញបីដូចជារូបថតរបស់ព្រះយេស៊ូពេលមានព្រះជន្មរស់ឡើងវិញភ្ជាប់ជាមួយនឹងក្រមាហ្នឹង។
ដូច្នេះ ពីក្រម៉ាដ៏តូចដែលប្រឡាក់ជាមួយអំពើបាបរបស់យើង ឆ្លងតាមព្រះឈើឆ្កាងដើម្បីជម្រះចិត្តគំនិត ទៅជាក្រមាមួយដែលភ្ជាប់ជាមួយរូបកាយរបស់ព្រះយេស៊ូ ទាំងរូបកាយ ទាំងព្រះភ័ក្ររបស់ព្រះអង្គ។ នៅពេលយើងទទួលពិធីជ្រមុជទឹកយើងបានទទួលអាវស អាវសនេះគឺព្រះយេស៊ូផ្ទាល់ដែលភ្ជាប់ជាមួយយើងអស់កល្បជានិច្ច។ ដូច្នេះ យើងមាននៅក្នុងដួងចិត្តអស់មួយជីវិតសម្រាប់យើងជាគ្រីស្តបរិស័ទ យើងដឹងថាឥឡូវនេះព្រះយេស៊ូបានភ្ជាប់ជាមួយយើង ដូចព្រះយេស៊ូបានភ្ជាប់នៅលើក្រមាពេលព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ ព្រះយេស៊ូជាប់នៅក្នុងដួងចិត្តរបស់យើងអស់កល្បជានិច្ច។
យើងអរព្រះគុណព្រះអង្គ ដែលណែនាំឱ្យយើងចូលនៅក្នុងការអស្ចារ្យនៃអាថ៌កំបាំងនៃព្រះយេស៊ូសោយទិវង្គត និងព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ។
ព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ អាលេលូយ៉ា អាលេលូយ៉ា
+លោកអភិបាល អូលីវីយ៉េ ជ្មីតហរស្លេ
អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ
ប្រទេសកម្ពុជា