បងប្អូនជាទីស្រឡាញ់
ថ្ងៃនេះ យើងរួមគ្នាចូលនៅក្នុងបុណ្យមួយយ៉ាងពិសេស គឺបុណ្យគោរពព្រះកាយនិងព្រះលោហិតរបស់ព្រះយេស៊ូព្រះគ្រីស្ត។ បងប្អូនជាទីស្រឡាញ់ នៅពេលដែលយើងនិយាយអំពីគោរពព្រះកាយនិងព្រះលោហិតរបស់ព្រះយេស៊ូគ្រីស្ត យើងយល់ថាព្រះជាម្ចាស់របស់យើងមិនមែនតែជាព្រះជាម្ចាស់ដែលនៅស្ថានបរមសុខ ដែលមានព្រះវិញ្ញាណដ៏វិសុទ្ធ។ ព្រះជាម្ចាស់របស់យើង បានចាប់កំណើតជាមនុស្សនៅក្នុងព្រះយេស៊ូគ្រីស្ត ដើម្បីធ្វើដំណើរជាមួយយើងពីមួយថ្ងៃទៅមួយថ្ងៃ។ ព្រះជាម្ចាស់របស់យើង បានចាប់កំណើតជាមនុស្សនៅលើផែនដីនេះ នៅក្នុងភូមិបេថ្លេហិម បានលូតលាស់ក្នុងវ័យកុមារភាពនៅភូមិណាសារ៉េត ហើយបានចេញទៅប្រកាសដំណឹងល្អនៅស្រុកកាលីឡេ បានសោយព្រះទិវង្គតនៅទីក្រុងយេរ៉ូសាឡឹម មានព្រះជន្មរស់ឡើងវិញនៅទីក្រុងយេរ៉ូសាឡឹម ហើយព្រះអង្គបានចាប់ផ្ដើមទៅបង្ហាញខ្លួននៅក្នុងស្រុកកាលីឡេវិញ។
សប្តាហ៍មុន យើងបានគោរពបុណ្យព្រះយេស៊ូឡើងស្ថានបរមសុខ យើងបានឃើញព្រះយេស៊ូណែនាំឱ្យយើងទៅប្រកាសដំណឹងល្អនេះ។ ហេតុនេះហើយដំណឹងល្អរបស់យើង ដំណឹងល្អដែលយើងប្រកាសពីមួយថ្ងៃទៅមួយថ្ងៃ ដែលមកពីព្រះយេស៊ូផ្ទាល់មិនមែនជាដំណឹងល្អទូទៅ មិនមែនជាដំណឹងល្អដែលនាំឱ្យយើងមានទស្សនៈអស្ចារ្យ គឺជាដំណឹងល្អដែលបានចាប់កំណើតជាមនុស្សនៅក្នុងព្រះយេស៊ូគ្រីស្ត។ ថ្ងៃនេះ ដែលយើងគោរពព្រះកាយនិងព្រះលោហិតរបស់ព្រះយេស៊ូគ្រីស្ត គឺយើងគោរពរូបកាយរបស់ព្រះយេស៊ូ។ មនុស្សយើងមានរូបកាយ ព្រះយេស៊ូមានរូបកាយ មនុស្សយើងមានលោហិត ព្រះយេស៊ូមានព្រះលោហិត មនុស្សយើងមានជីវិតនៅលើផែនដីនេះគេអាចប៉ះយើង យើងអាចបង្កើតទំនាក់ទំនងរវាងគ្នានិងគ្នា។ ជាពិសេស នៅក្នុងសម័យកូវីដ-១៩នេះដែលយើងជួបគ្នាមិនបាន យើងយល់អំពីសារៈសំខាន់នៃទំនាក់ទំនងដោយផ្ទាល់។ ព្រះយេស៊ូដែលបានចាប់កំណើតជាមនុស្ស ជារូបកាយរបស់ព្រះអង្គដែលធ្វើដំណើរជាមួយយើង ដែលចូលយ៉ាងជ្រៅនៅក្នុងជីវិតរបស់យើង ដើម្បីឱ្យយើងទាំងអស់គ្នាមានជីវិត។ ឆ្នាំមុន ដូចជាទស្សនៈមួយឆ្ងាយពីយើងអត់ដែលឃើញ ប៉ុន្តែឥឡូវនេះយើងបានឃើញផ្ទាល់ភ្នែក កូវីដ–១៩បានចូលនៅក្នុងខ្លួនរបស់យើង នៅក្នុងខ្លួនមិត្តភក្កិរបស់យើង នៅក្នុងខ្លួនកូនរបស់យើង។ យើងមានគ្រីស្តបរិស័ទមួយចំនួន ដូចជានៅមណ្ឌលនិស្សិតកាតូលិកកម្ពុជា ដូចជានៅក្នុងព្រះសហគមន៍សន្តីម៉ារីញញឹម ដែលមានជំងឺកូវីដ-១៩ចូលនៅក្នុងខ្លួន យើងមានបងប្អូនប៉ុន្មាននាក់ដែលកំពុងធ្វើចត្តាឡីស័ក។
ដោយសារជំងឺកូវីដ-១៩ លែងជារឿងមួយដែលយើងនិយាយតៗគ្នា គឺផ្ទាល់ភ្នែក។ សព្វថ្ងៃនៅភូមិរបស់យើង នៅចំការទៀងជាពិសេសក៏ដូចជាភូមិនៅជុំវិញស្ងាត់ណាស់ មនុស្សនៅតែក្នុងផ្ទះហើយភ័យខ្លាច។ ប៉ុន្តែ ថ្ងៃនេះដែលយើងគោរពព្រះកាយនិងព្រះលោហិតរបស់ព្រះយេស៊ូគ្រីស្ត យើងដឹងថាព្រះយេស៊ូយាងមកដើម្បីសួរសុខទុក្ខយើង ព្រះយេស៊ូយាងមកដើម្បីចូលនៅក្នុងទុក្ខលំបាករបស់យើង ព្រះយេស៊ូយាងមកដើម្បីធ្វើដំណើរជាមួយយើង។ ជារៀងរាល់ឆ្នាំ យើងបានហែតាមវាលស្រែ តាមផ្ទះគ្រីស្តបរិស័ទនីមួយៗ ដើម្បីឱ្យព្រះកាយព្រះគ្រីស្តទៅសួរសុខទុក្ខដល់ផ្ទះរបស់បងប្អូន។ ថ្ងៃនេះយើងហែមិនបាន ប៉ុន្តែយើងដឹងថា យើងជឿថា ព្រះកាយព្រះគ្រីស្តនៅក្នុងដួងចិត្តរបស់យើង កំពុងសួរសុខទុក្ខយើង កំពុងធ្វើដំណើរជាមួយយើង ដើម្បីផ្ដល់កម្លាំងកាយកម្លាំងចិត្តឱ្យយើងទាំងអស់គ្នា។
សព្វថ្ងៃ នៅប្រទេសកម្ពុជាក្នុងYOUTUBE មានបទចម្រៀងមួយដែលល្បីមានចំណងជើងថា “កម្ពុជារឹងមាំ កម្ពុជារឹងមាំ”។ ខ្ញុំគិតថា សម្រាប់យើងជាព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញយើងត្រូវការរឹងមាំដែរ រឹងមាំដោយសារព្រះជាម្ចាស់ រឹងមាំដោយសារយើងរស់នៅក្នុងសេចក្តីសង្ឃឹម នៅក្នុងជំនឿ នៅក្នុងសេចក្តីស្រឡាញ់ ដែលព្រះជាម្ចាស់ប្រទានឱ្យ។ ប៉ុន្មានថ្ងៃកន្លងមក ខ្ញុំបានចូលរួមប្រជុំតាម ZOOM ជាមួយបូជាចារ្យ ជាមួយយុវជនយុវនារី ជាមួយជំទង់ និងការិយាល័យយុវជន។ ជួនកាលយើងស្ដាប់បងប្អូនយើង ដែលថាពិបាកណាស់ ចូលអភិបូជាពីចម្ងាយ (Online) ដូចជាពិបាកណាស់ ដោយសារពេលយើងចូលអភិបូជាពីចម្ងាយជួនកាលមានសារដែលលោតមករំខានយើង។ ជួនកាលយើងស្ដាយ ដោយសារយើងលែងមានអប់រំជំនឿ យើងមានអារម្មណ៍ថាយើងមិនដឹងធ្វើអ្វី។ ជួនកាលយើងមានអារម្មណ៍ថា យើងមិនសូវរវីរវល់អ្វីសោះ អ្វីក៏បាន មានក៏មាន អត់ក៏អត់។ អីក៏បាន ឱ្យយើងនៅតែផ្ទះហើយដេកទៅ កុំឱ្យយើងធ្វើអ្វី ដោយសារយើងគ្មានសិទ្ធិចេញ ពិតមែនយើងគ្មានសិទ្ធិចេញ ពិតមែនយើងចូលអភិបូជាដោយផ្ទាល់មិនបាន ពិតមែនយើងមិនអាចប្រជុំគ្នាច្រើនបាន ដើម្បីទទួលការអប់រំជំនឿឬដើម្បីកម្មវិធីផ្សេងៗ។
ប៉ុន្តែ បងប្អូនជាទីស្រឡាញ់កុំឱ្យយើងចេញសំឡេងដែលបង្ហាញថាយើងធុញ កុំឱ្យយើងចេញសំឡេងដែលបង្ហាញថាយើងអស់កម្លាំង កុំឱ្យយើងចេញសំឡេងដែលបង្ហាញថាយើងដូចជាលែងគិតពីអ្វីៗទាំងអស់។ បងប្អូនជាទីស្រឡាញ់ កុំឱ្យយើងរអ៊ូរទាំ កុំឱ្យយើងងងុយដេក កុំឱ្យយើងខ្ជិលច្រអូស ផ្ទុយទៅវិញឱ្យយើងមើលព្រះយេស៊ូដែលពីដើមរៀងមកបានប្រកាសដំណឹងល្អ ប៉ុន្តែមានមនុស្សជាច្រើនគេមិនយល់អំពីព្រះយេស៊ូ រហូតដល់គេចាប់ព្រះអង្គហើយសម្លាប់ព្រះអង្គ ប៉ុន្តែព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ។ សូមសម្លឹងមើលក្រុមសាវ័ក ក្រុមសាវ័កគេសប្បាយណាស់ធ្វើដំណើរជាមួយព្រះយេស៊ូ។ គេសប្បាយមែនទែន ដោយសារព្រះយេស៊ូប្រកាសដំណឹងល្អមានមហាជនដែលមកស្ដាប់ព្រះអង្គ មានរាប់ពាន់នាក់បានទទួលម្ហូបអាហារ មានរាប់ពាន់អ្នកបានជាសះស្បើយពីជំងឺដោយសារព្រះយេស៊ូ និងក្រុមសាវ័កដែលព្រះយេស៊ូបានជ្រើសរើស១២រូបឱ្យធ្វើដំណើរជាមួយព្រះអង្គ ដែលជាបរមគ្រូ ដែលពោរពេញដោយព្រះអំណាច ដែលពោរពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ។ គេមានកិត្តិយស គេមានមោទនភាព គេមានអំណរសប្បាយ ប៉ុន្តែព្រះយេស៊ូហ្នឹងដែលគេស្រឡាញ់បំផុត ដែលគេគោរពបំផុត នៅពេលព្រះអង្គសោយព្រះទិវង្គតនៅលើឈើឆ្កាង ក្រុមសាវ័កទៅអស់ហើយ។ ដោយសារការភ័យខ្លាច មានខ្លះគេក្បត់ព្រះអង្គ នៅពេលព្រះយេស៊ូសោយទិវង្គតហើយគេលែងហ៊ានទៅប្រកាសដំណឹងល្អ គេអស់សង្ឃឹមហើយប៉ុន្តែគេបន្តអធិដ្ឋាន។ នៅពេលព្រះវិញ្ញាណដ៏វិសុទ្ធយាងមក គេកំពុងអធិដ្ឋាន និងព្រះវិញ្ញាណដ៏វិសុទ្ធបានផ្ដល់កម្លាំងឱ្យគេ ដើម្បីឱ្យគេមានគំនិតថ្មីមានកម្លាំងថ្មីដើម្បីប្រកាសដំណឹងល្អទៅទៀត។
ដូច្នេះ បងប្អូនជាទីស្រឡាញ់ឱ្យយើងមើលព្រះសហគមន៍របស់យើងដែរ មុនសម័យប៉ុលពតព្រះសហគមន៍របស់យើងពោរពេញដោយកម្លាំង។ មានវិសាលវិហារ ដូចខ្ញុំបានបង្ហាញនៅក្នុងវីដេអូថ្មីៗនេះ (ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សព្វថ្ងៃ) មានផ្ទះរបស់លោកអភិបាល (សាលារាជធានីភ្នំពេញ សព្វថ្ងៃ) ដែលស្អាតបំផុត។ មានបូជាចារ្យ៦០អង្គ ៧០អង្គ មានបងប្រុសបងស្រីរាប់រយនាក់ មានគ្រីស្តបរិស័ទរាប់ម៉ឺននាក់ មានវិហារតាមទីរួមខេត្តនីមួយៗ មានសាលារៀនល្បីៗជាច្រើន (ដូចជានៅខេត្តកែប នៅរាជធានីភ្នំពេញ)។ ព្រះសហគមន៍មានមុខមានមាត់ជាមួយព្រះមហាក្សត្រ នរោត្តម សីហនុ ជាមួយរដ្ឋាភិបាលនៃប្រទេសកម្ពុជា ព្រះសហគមន៍ដូចជាព្រះសហគមន៍ដែលគេបានទទួលស្គាល់យ៉ាងខ្លាំង។ គ្រីស្តបរិស័ទនេះដដែល នៅក្នុងសម័យប៉ុលពតបានបាត់បង់ទាំងអស់ បាត់បង់សិទ្ធិសេរីភាពខាងសាសនា បាត់បង់សិទ្ធិសេរីភាពជួបជុំគ្នាដើម្បីអធិដ្ឋាន នៅសល់តែសិទ្ធិមួយគឺធ្វើស្រែ នៅសល់តែសិទ្ធិមួយគឺញុំាបបរសដែលមានតែទឹករាវៗ នៅសល់តែសិទ្ធិមួយដែលធ្វើការតាមបញ្ជារបស់អង្គការឱ្យធ្វើ។ ប៉ុន្តែ គេបានថែរក្សាជំនឿ គេបានអធិដ្ឋានដោយដឹងថា ឱព្រះបិតាអើយ បពិត្រព្រះនាងម៉ារី ជាកម្លាំងសម្រាប់យើង។
បងប្អូនជាទីស្រឡាញ់ យើងផុតសម័យប៉ុលពតពីយូរហើយ យើងផុតសម័យសង្គ្រាមពីយូរហើយ។ សព្វថ្ងៃ យើងធ្វើសង្គ្រាមថ្មីគឺសង្រ្គាមប្រឆាំងជាមួយនឹងជំងឺកូវីដ-១៩ ប៉ុន្តែសង្គ្រាមនោះមិនមែនជាសង្គ្រាមដែលណែនាំឱ្យយើងភ័យខ្លាចហួសហេតុ មិនមែនជាសង្គ្រាមដែលណែនាំឱ្យយើងត្រូវតែរអ៊ូរទាំថា “ឥឡូវនេះជំនឿរបស់ខ្ញុំនៅឆ្ងាយ ដោយសារខ្ញុំមិនអាចចូលព្រះវិហារបាន ឥឡូវនេះធម៌មេត្តាករុណារបស់ខ្ញុំនៅឆ្ងាយពីខ្ញុំ ដោយសារខ្ញុំចេញពីផ្ទះមិនបាន”។ បងប្អូនជាទីស្រឡាញ់ យើងត្រូវការស្រែកយ៉ាងខ្លាំង “ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញរឹងមាំ រឹងមាំដោយសារយើងយកចិត្តទុកដាក់ ៣កុំ ៣ការពារ យកចិត្តទុកដាក់នឹង៣ថែរក្សា”។
ប៉ុន្តែ ថ្ងៃនេះខ្ញុំថែមមួយទៀតសម្រាប់យើងជាគ្រីស្តបរិស័ទ ឱ្យយើងយកចិត្តទុកដាក់ “៣គ្រឹះដ៏សំខាន់បំផុតនៃជំនឿរបស់យើង”។
- គ្រឹះទី១គឺជំនឿ
- គ្រឹះទី២គឺធម៌មេត្តាករុណា (សេចក្តីស្រឡាញ់)
- និងគ្រឹះទី៣គឺសេចក្តីសង្ឃឹម
នេះជាសសរគ្រឹះទាំង៣សម្រាប់យើងជាគ្រីស្តបរិស័ទ ដូច្នេះយើងត្រូវការធ្វើដូចម្ដេចដើម្បីការពារថែរក្សា ៣កុំ ៣ការពារ ៣ថែរក្សា និង៣គ្រឹះហ្នឹង (ជំនឿ សេចក្តីស្រឡាញ់ សេចក្តីសង្ឃឹម) ដើម្បីណែនាំឱ្យព្រះសហគមន៍កាតូលិករបស់យើងរឹងមាំ ណែនាំឱ្យប្រទេសកម្ពុជារបស់យើងរឹងមាំ ដើម្បីឱ្យយើងទៅរកផ្លូវថ្មីៗ។
បងប្អូនជាទីស្រឡាញ់ បន្តិចទៀតដែលខ្ញុំធ្វើពិធីសាបព្រោះ គ្រាប់ស្រូវពេលវាចូលនៅក្នុងដីវាងាប់សិន ដើម្បីណែនាំឱ្យមានផ្លែយ៉ាងច្រើន។ មួយគ្រាប់ដែលងាប់ ណែនាំឱ្យមានផ្លែ៨០ទៅ១០០គ្រាប់ មួយគ្រាប់ដែលងាប់ណែនាំឱ្យយើងមានអង្ករហូបបរិបូណ៌សម្រាប់ពេញមួយឆ្នាំ។
យើងជាមនុស្សយើងប្រសើរជាងផ្កាម្លិះ យើងប្រសើរជាងផ្ការំដួល យើងប្រសើរជាងស្រូវ យើងគឺជាបុត្រធីតារបស់ព្រះជាម្ចាស់។ យើងជាបុត្រធីតារបស់ព្រះជាម្ចាស់ ដែលបានទទួលមរតកមកពីព្រះយេស៊ូផ្ទាល់ ដែលបានចាប់កំណើតជាមនុស្ស។ ជំនឿ សេចក្តីស្រឡាញ់ និងសេចក្តីសង្ឃឹម។
បងប្អូនជាទីស្រលាញ់ កុំឱ្យអស់សង្ឃឹម កុំឱ្យយើងបាត់បង់ជំនឿ កុំឱ្យយើងបាត់បង់សេចក្តីស្រឡាញ់។ ដោយសារ យើងមានព្រះជាម្ចាស់ដែលគង់នៅជាមួយយើង ដែលធ្វើដំណើរជាមួយយើង។ ដូច្នេះ យើងបន្តថែរក្សានិងគោរព ៣កុំ ៣ការពារ ៣ថែរក្សា និងជាពិសេសយើងយកចិត្តទុកដាក់នឹង៣គ្រឹះនៃព្រះសហគមន៍ គឺ ជំនឿ សេចក្តីស្រឡាញ់ និងសេចក្តីសង្ឃឹម ដើម្បីឱ្យយើងរួមគ្នា អាចទៅជាគំរូយ៉ាងជាក់ស្ដែងនៅក្នុងព្រះវិញ្ញាណដ៏វិសុទ្ធ ដែលនាំឱ្យយើងមានគំនិតច្នៃប្រឌិត មានគំនិតថ្មីៗគ្រប់ពេលវេលា សម្រាប់កម្មវិធីអប់រំជំនឿ សម្រាប់កម្មវិធីយុវជន សម្រាប់អភិបូជា សម្រាប់អធិដ្ឋាន សម្រាប់សូត្រផ្គាំ ទោះបីគាំងក៏ដោយយើងអាចធ្វើបាន។
នៅទីនេះ គេស្ដាប់ឮទូទាំងភូមិដោយសារយើងមានមេក្រូគ្រប់ទិស (ខាងកើត ខាងលិច ខាងជើង ខាងត្បូង) ដើម្បីឱ្យយើងទាំងអស់គ្នាយើងបន្តរួមរស់ជាគ្រួសារតែមួយ។ ដោយសារហ្វេសប៊ុកភេច https://www.facebook.com/LiveCatholicChannel យើងទៅដល់គ្រប់ទីកន្លែងនៅក្នុងភូមិភ្នំពេញ ឮថាសព្វថ្ងៃទៅដល់ភូមិភាគបាត់ដំបងទៀត។
បងប្អូនជាទីស្រឡាញ់យើងបន្តអធិដ្ឋាន ព្រះយេស៊ូយាងមកដើម្បីសង្គ្រោះយើង ព្រះយេស៊ូយាងមកដើម្បីឱ្យយើងរួមរស់នៅក្នុងសេចក្តីសុខ។ ថ្ងៃនេះ រួមជាមួយប្រជារាស្រ្តអ៊ីស្រាអែលពីដើម យើងប្រកាសថា “យើងខ្ញុំសុខចិត្តប្រតិបត្តិនិងធ្វើតាមសេចក្តីទាំងប៉ុន្មាន ដែលព្រះអម្ចាស់មានព្រះបន្ទូល”។
ជយោ ព្រះរាជាណាចក្រកម្ពុជា
ជយោ ព្រះសហគមន៍កាតូលិកកម្ពុជា
រួមគ្នាយើងរឹងមាំ។ អាមែន៕
+ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ
អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ
ប្រទេសកម្ពុជា