បុណ្យគោរពព្រះកាយនិងព្រះលោហិតរបស់ព្រះយេស៊ូគ្រីស្ត ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១ ព្រះសហគមន៍សន្តីម៉ារីញញឹម (ចំការទៀង) “៣គ្រឹះ”
បងប្អូនជាទីស្រឡាញ់ ថ្ងៃនេះ យើងរួមគ្នាចូលនៅក្នុងបុណ្យមួយយ៉ាងពិសេស គឺបុណ្យគោរពព្រះកាយនិងព្រះលោហិតរបស់ព្រះយេស៊ូព្រះគ្រីស្ត។ បងប្អូនជាទីស្រឡាញ់ នៅពេលដែលយើងនិយាយអំពីគោរពព្រះកាយនិងព្រះលោហិតរបស់ព្រះយេស៊ូគ្រីស្ត យើងយល់ថាព្រះជាម្ចាស់របស់យើងមិនមែនតែជាព្រះជាម្ចាស់ដែលនៅស្ថានបរមសុខ ដែលមានព្រះវិញ្ញាណដ៏វិសុទ្ធ។ ព្រះជាម្ចាស់របស់យើង បានចាប់កំណើតជាមនុស្សនៅក្នុងព្រះយេស៊ូគ្រីស្ត ដើម្បីធ្វើដំណើរជាមួយយើងពីមួយថ្ងៃទៅមួយថ្ងៃ។ ព្រះជាម្ចាស់របស់យើង បានចាប់កំណើតជាមនុស្សនៅលើផែនដីនេះ នៅក្នុងភូមិបេថ្លេហិម បានលូតលាស់ក្នុងវ័យកុមារភាពនៅភូមិណាសារ៉េត ហើយបានចេញទៅប្រកាសដំណឹងល្អនៅស្រុកកាលីឡេ បានសោយព្រះទិវង្គតនៅទីក្រុងយេរ៉ូសាឡឹម មានព្រះជន្មរស់ឡើងវិញនៅទីក្រុងយេរ៉ូសាឡឹម ហើយព្រះអង្គបានចាប់ផ្ដើមទៅបង្ហាញខ្លួននៅក្នុងស្រុកកាលីឡេវិញ។ សប្តាហ៍មុន យើងបានគោរពបុណ្យព្រះយេស៊ូឡើងស្ថានបរមសុខ យើងបានឃើញព្រះយេស៊ូណែនាំឱ្យយើងទៅប្រកាសដំណឹងល្អនេះ។ ហេតុនេះហើយដំណឹងល្អរបស់យើង ដំណឹងល្អដែលយើងប្រកាសពីមួយថ្ងៃទៅមួយថ្ងៃ ដែលមកពីព្រះយេស៊ូផ្ទាល់មិនមែនជាដំណឹងល្អទូទៅ មិនមែនជាដំណឹងល្អដែលនាំឱ្យយើងមានទស្សនៈអស្ចារ្យ គឺជាដំណឹងល្អដែលបានចាប់កំណើតជាមនុស្សនៅក្នុងព្រះយេស៊ូគ្រីស្ត។ ថ្ងៃនេះ ដែលយើងគោរពព្រះកាយនិងព្រះលោហិតរបស់ព្រះយេស៊ូគ្រីស្ត គឺយើងគោរពរូបកាយរបស់ព្រះយេស៊ូ។ មនុស្សយើងមានរូបកាយ ព្រះយេស៊ូមានរូបកាយ មនុស្សយើងមានលោហិត ព្រះយេស៊ូមានព្រះលោហិត មនុស្សយើងមានជីវិតនៅលើផែនដីនេះគេអាចប៉ះយើង យើងអាចបង្កើតទំនាក់ទំនងរវាងគ្នានិងគ្នា។ ជាពិសេស នៅក្នុងសម័យកូវីដ-១៩នេះដែលយើងជួបគ្នាមិនបាន យើងយល់អំពីសារៈសំខាន់នៃទំនាក់ទំនងដោយផ្ទាល់។ ព្រះយេស៊ូដែលបានចាប់កំណើតជាមនុស្ស ជារូបកាយរបស់ព្រះអង្គដែលធ្វើដំណើរជាមួយយើង ដែលចូលយ៉ាងជ្រៅនៅក្នុងជីវិតរបស់យើង ដើម្បីឱ្យយើងទាំងអស់គ្នាមានជីវិត។ ឆ្នាំមុន ដូចជាទស្សនៈមួយឆ្ងាយពីយើងអត់ដែលឃើញ ប៉ុន្តែឥឡូវនេះយើងបានឃើញផ្ទាល់ភ្នែក កូវីដ–១៩បានចូលនៅក្នុងខ្លួនរបស់យើង នៅក្នុងខ្លួនមិត្តភក្កិរបស់យើង នៅក្នុងខ្លួនកូនរបស់យើង។ យើងមានគ្រីស្តបរិស័ទមួយចំនួន ដូចជានៅមណ្ឌលនិស្សិតកាតូលិកកម្ពុជា ដូចជានៅក្នុងព្រះសហគមន៍សន្តីម៉ារីញញឹម ដែលមានជំងឺកូវីដ-១៩ចូលនៅក្នុងខ្លួន យើងមានបងប្អូនប៉ុន្មាននាក់ដែលកំពុងធ្វើចត្តាឡីស័ក។ ដោយសារជំងឺកូវីដ-១៩ …