បងប្អូនជាទីស្រឡាញ់
ប៉ុន្មានថ្ងៃមុន ពេលខ្ញុំប្រជុំជាមួយលោកបូជាចារ្យពីចម្ងាយ មានលោកឪពុកមួយចំនួនបាននិយាយថា គ្រីស្តបរិស័ទយើងមួយចំនួនមិនចូលរួមថ្វាយអភិបូជាពីចម្ងាយ។ ដោយសារ ពេលគេចូលរួមអភិបូជាពីចម្ងាយមានសារដែលចូលនៅក្នុងទូរស័ព្ទរំខានគេ។ ប៉ុន្តែ កន្លងមកខ្ញុំក៏បានឃើញគ្រីស្តបរិស័ទមួយចំនួននៅពេលចូលអភិបូជាផ្ទាល់ ក៏នៅមើល នៅលេងទូរស័ព្ទ ផ្ញើសារ លេងហ្គេម ថត… គេមិនរវីរវល់នឹងអភិបូជា ទោះបីគេចូលអភិបូជាដោយផ្ទាល់ក៏ដោយ។
ថ្ងៃនេះ យើងចូលនៅក្នុងរដូវធម្មតាដ៏ពិតប្រាកដវិញ ជាពេលវេលាមួយដើម្បីឱ្យយើងបន្តអធិដ្ឋានទូលអង្វរព្រះជាម្ចាស់សម្រាប់ជីវិតរបស់យើង សម្រាប់ប្រទេសរបស់យើង សម្រាប់ព្រះសហគមន៍របស់យើង។ សប្តាហ៍មុននៅពេលខ្ញុំទេសនា ខ្ញុំបានបន្ថែម៣គ្រឹះជាមូលដ្ឋានគ្រឹះសម្រាប់ជីវិតរបស់យើងជាគ្រីស្តបរិស័ទ។ “គ្រឹះទី១គឺជំនឿ គ្រឹះទី២គឺសេចក្តីសង្ឃឹម គ្រឹះទី៣គឺសេចក្តីស្រឡាញ់”។ ដូច្នេះ សម្រាប់៣សប្តាហ៍ខាងមុខនេះខ្ញុំសូមចូលយ៉ាងជ្រៅបន្តិចអំពីគ្រឹះទាំង៣នេះ ដើម្បីឱ្យជីវិតរបស់យើងបានចូលយ៉ាងជ្រៅនៅក្នុងមូលដ្ឋានគ្រឹះនៃជំនឿ។ ទោះបី យើងភ្ជាប់នឹងជំងឺកូវីដ-១៩ ទោះបីយើងឆ្ងាយពីព្រះវិហារដោយសារយើងចូលព្រះវិហារមិនបាន ប៉ុន្តែយើងនៅជិតជាមួយព្រះជាម្ចាស់ដដែល។
ថ្ងៃនេះយើងបាននិយាយអំពីជំនឿ “តាមពិតជំនឿជាគុណធម៌ដែលមកពីព្រះជាម្ចាស់ ដោយសារជំនឿ យើងផ្ញើជីវិតទាំងស្រុងទៅលើព្រះអង្គ ជឿលើព្រះបន្ទូលរបស់ព្រះអង្គ និងសេចក្តីដែលព្រះអង្គបានសម្តែងឱ្យយើងដឹង ហើយដែលព្រះសហគមន៍ដ៏វិសុទ្ធស្នើសុំឱ្យយើងជឿ”។ ជំនឿរបស់យើង ជាព្រះអំណោយទានយ៉ាងពិសេសដែលយើងបានទទួលពីព្រះជាម្ចាស់។ ថ្ងៃនេះនៅក្នុងអត្ថបទគម្ពីរដំណឹងល្អ “នៅពេលសាបព្រោះហើយ ទោះបីអ្នកសាបព្រោះកំពុងដេកលក់ក្តី គាត់ក្រោកឈរក្តី យប់ក្តី ថ្ងៃក្តី ក្តៅក្តី ភ្លៀងក្តី ប៉ុន្តែគ្រប់ពូជនៅតែមានពន្លកដុះឡើង ដោយគាត់ពុំបានដឹងថាមកពីណា?”។ តាមពិត ជំនឿជាអ្វីដែលព្រះជាម្ចាស់បានសាបព្រោះនៅក្នុងដួងចិត្តរបស់យើង ជំនឿនេះដែលចូលនៅក្នុងដួងចិត្តរបស់យើងចាប់ផ្តើមដុះឡើង យើងមិនដឹង ព្រោះនេះជាព្រះអំណោយទានដែលយើងបានទទួលពីព្រះជាម្ចាស់ ជាព្រះអំណោយទានដែលយើងបានទទួលពីព្រះអង្គ។ ជំនឿ មិនមែនយើងទទួលពីគ្រីស្តបរិស័ទណាម្នាក់ មិនមែនយើងទទួលពីមិត្តសម្លាញ់របស់យើង មិនមែនយើងទទួលពីគ្រូអប់រំជំនឿ មិនមែនយើងទទួលពីឪពុកម្តាយធម៌ មិនមែនយើងទទួលពីបូជាចារ្យ។ ជំនឿជាព្រះអំណោយទានដែលយើងបានទទួលពីព្រះជាម្ចាស់ ព្រះជាម្ចាស់បានសាបព្រោះនៅក្នុងដួងចិត្តរបស់យើង។ ប៉ុន្តែក្រោយមក ជំនឿនេះចាប់ផ្តើមដុះឡើង យប់ក្តី ថ្ងៃក្តី ភ្លៀងក្តី ក្តៅក្តី ជំនឿកំពុងដុះឡើងដោយព្រះជាម្ចាស់ផ្ទាល់។ ប៉ុន្តែ ជំនឿនេះអាចដុះឡើងរហូតដល់មានស្រូវដ៏ស្អាតពី១ទៅជា១០០ លុះត្រាតែដីរបស់យើង ដួងចិត្តរបស់យើង ជាដីដែលស្វាគមន៍ជំនឿនេះ ជាដីដែលថែរក្សាជំនឿនេះ។
ខ្ញុំបានសាបព្រោះនៅមុខព្រះវិហារអាទិត្យមុន យើងដឹងថាមានកសិករមួយចំនួនគាត់សើចខ្ញុំ គាត់ថា តើធ្វើដូចម្តេចដើម្បីឱ្យគ្រាប់ពូជដុះឡើងនៅលើថ្មដូចនេះ? ឥឡូវវាចាប់ផ្តើមដុះឡើងដោយសារយើងមានដីកម្រាស់ ៥សង់ទីម៉ែត្រ ប៉ុន្តែយើងចាំមើលនៅពេលវាចាក់ឬស តើវាអាចចាក់ដល់ថ្មឬវាងាប់? ដួងចិត្តរបស់យើងក៏ដូចគ្នាដែរ ប្រសិនបើយើងមានដីតិចតួចវាចាប់ផ្តើមដុះឡើងដែរ ដោយសារព្រះជាម្ចាស់ប្រទានឱ្យ។ ប៉ុន្តែ ប្រសិនបើយើងមិនកែដួងចិត្តរបស់យើង កែដីរបស់យើង នោះវាមិនអាចចាក់ឬសយ៉ាងជ្រៅ វាអាចស្រពោនឬងាប់តែម្តង មិនអាចណែនាំឱ្យយើងមានផ្លែពី១ទៅជា១០០បានទេ។
ចំណុចទី១ ឱ្យយើងយល់ថាជំនឿជាព្រះអំណោយទានដែលយើងបានទទួលពីព្រះជាម្ចាស់ ជាព្រះអំណោយទានយ៉ាងពិសេស ដែលបានណែនាំឱ្យយើងផ្ញើជីវិតទាំងស្រុងទៅលើព្រះជាម្ចាស់។ នៅពេលយើងធ្វើជំហានទី២យើងចាប់ផ្តើមហើយ ពេលយើងទទួលពិធីជ្រមុជទឹកពិតមាននៅពេលនោះយើងជាគ្រីស្តបរិស័ទដ៏ពេញលក្ខណៈ ដែលផ្ញើជីវិតទាំងស្រុងទៅលើព្រះជាម្ចាស់។
ចំណុចទី២ ណែនាំឱ្យយើងប្រព្រឹត្តអំពើផ្សេងៗដោយចិត្តស្រឡាញ់ និងជម្រុញយើងឱ្យយើងត្រូវតែប្រកាស និងផ្តល់សក្ខីភាពអំពីជំនឿនេះ។ ជំនឿជាព្រះអំណោយទានដែលយើងបានទទួល ប៉ុន្តែជាព្រះអំណោយទានមួយយ៉ាងពិសេសដែលយើងមិនអាចទុកសម្រាប់យើង ជាអំណោយមួយដែលយើងត្រូវតែប្រកាស ចែករំលែកជាមួយបងប្អូនឯទៀតៗ។ ព្រះជាម្ចាស់ប្រទានឱ្យមែន ប៉ុន្តែព្រះជាម្ចាស់បានទន្ទឹងរង់ចាំលើយើង ដើម្បីឱ្យយើងទៅជាសាក្សីនៃជំនឿនេះ ដើម្បីឱ្យយើងបន្តសាបព្រោះ។ ដូចយើងបានស្តាប់នៅក្នុងគម្ពីរថ្ងៃនេះ “យើងសាបព្រោះហើយ ព្រះជាម្ចាស់ធ្វើ និងក្រោយមកពូជល្អិតដែលជាពូជតូចបំផុត ទៅជាដំណាំធំបំផុត ទៅជាដើមឈើមួយដែលមានមែកយ៉ាងច្រើន ដែលមានម្លប់យ៉ាងច្រើន ដែលណែនាំឱ្យបក្សាបក្សីមកធ្វើសំបុកជ្រកអាស្រ័យ”។ នេះជាលទ្ធផល ផ្លែនៃជំនឿរបស់យើង យើងប្រកាសជំនឿនេះ យើងប្រកាសនៅក្នុងសេចក្តីស្រឡាញ់ យើងប្រព្រឹត្តអំពើល្អ។
សេចក្តីស្រឡាញ់មកពីជំនឿរបស់យើង ជំនឿរបស់យើងដែលឥតមានផ្លែជាជំនឿអា ជំនឿរបស់យើងដែលឥតមានសេចក្តីស្រឡាញ់ជាជំនឿអា។ ប៉ុន្តែ ព្រះជាម្ចាស់បានណែនាំនៅក្នុងព្រះវិញ្ញាណដ៏វិសុទ្ធឱ្យយើងមានសមត្ថភាពឱ្យយើងផ្តល់សក្ខីភាព។ នេះស៊ីសងលើយើងដែរ ប្រសិនបើយើងដេកលក់ឥតមានអ្វីកើតឡើង ប្រសិនបើយើងមិនយកចិត្តទុកដាក់ឥតមានអ្វីកើតឡើង។ ផ្ទុយទៅវិញ ប្រសិនបើយើងយកចិត្តទុកដាក់យើងនឹងឃើញផ្លែ ជំនឿដែលយើងប្រកាសពោរពេញដោយសេចក្តីស្រឡាញ់ ណែនាំឱ្យយើងឃើញព្រះសហគមន៍។ ព្រះសហគមន៍របស់យើងដូចជាដើមឈើមួយយ៉ាងធំ ដែលបែកមែកសាខាយ៉ាងច្រើន ដែលមានម្លប់យ៉ាងត្រជាក់ ដែលណែនាំឱ្យបក្សាបក្សីគ្រប់ប្រភេទអាចមកធ្វើសំបុកនៅក្នុងអំណរសប្បាយ។ នេះជាព្រះសហគមន៍របស់យើង ព្រះសហគមន៍របស់យើងត្រូវទៅជាកន្លែងមួយដើម្បីទទួលស្វាគមន៍បងប្អូនទាំងអស់។ អ្នកក្រីក្រក្តី អ្នកមានក្តី អ្នកដែលអស់សង្ឃឹម អ្នកដែលមានសេចក្តីសង្ឃឹម គ្រប់សញ្ជាតិ ព្រះសហគមន៍ជាកន្លែងមួយដែលយើងត្រូវការយល់ថា ជាកន្លែងកក់ក្តៅ។ ដោយសារ មានម្លប់យ៉ាងត្រជាក់ ដោយសារមានគ្រីស្តបរិស័ទដែលចេះស្វាគមន៍និងចេះស្រឡាញ់ ដោយសារមានផ្លែដែលមានរសជាតិណែនាំឱ្យយើងអាចចិញ្ចឹមជីវិតរបស់យើង ដោយសារមានផ្កាយ៉ាងស្អាតដែលមានក្លិនក្រអូប ណែនាំឱ្យយើងមានសេចក្តីសុខនៅក្នុងខ្លួន។ នេះជាផ្លែនៃជំនឿរបស់យើង នៅក្នុងសេចក្តីស្រឡាញ់ យើងបង្កើតដើមឈើមួយយ៉ាងស្អាតបំផុត ដែលមានផ្កាគ្រប់ប្រភេទ ដែលមានផ្លែគ្រប់ប្រភេទ ដើម្បីណែនាំឱ្យមនុស្សគ្រប់ប្រភេទអាចមកចូលរួមនៅក្នុងអំណរសប្បាយនឹងសេចក្តីសុខ ដើម្បីបន្តធ្វើដំណើរនៅលើផែនដីនេះ។
ពិបាកក្តី យ៉ាប់ក្តី យើងដឹងថាព្រះសហគមន៍គង់នៅ យើងបានឃើញបទពិសោធន៍នេះនៅក្នុងរដូវកូវីដ-១៩ ព្រះសហគមន៍យើង គ្រីស្តបរិស័ទយើងបានចូលនៅក្នុងកន្លែងយ៉ាងច្រើន ទាំងនៅរាជធានីភ្នំពេញ ទាំងនៅតាមខេត្ត។ ដើម្បីទៅសួរសុខទុក្ខ ដើម្បីទៅចែករំលែកសេចក្តីស្រឡាញ់យ៉ាងជាក់ស្តែង តាមរយៈម្ហូបអាហារ តាមរយៈថ្នាំ តាមរយៈការលើកទឹកចិត្ត នេះជាផ្លែនៃជំនឿដែលយើងបានឃើញយ៉ាងជាក់ស្តែង។ ដូច្នេះ ថ្ងៃនេះយើងបន្តអធិដ្ឋានដើម្បីឱ្យជំនឿយាងចូលនៅក្នុងខ្លួនយើង ដើម្បីយើងប្រកាសជំនឿនេះ និងដើម្បីឱ្យយើងប្រព្រឹត្តនៅក្នុងសេចក្តីស្រឡាញ់ ដើម្បីឱ្យចំការរបស់ព្រះជាម្ចាស់ពោរពេញដោយដើមឈើយ៉ាងស្អាតបំផុត ពោរពេញដោយផ្លែឈើយ៉ាងមានរសជាតិ ពោរពេញដោយផ្កាយ៉ាងស្អាតនិងក្រអូបបំផុត។ នេះជាព្រះសហគមន៍ដែលយើងចង់មាន ព្រះសហគមន៍ជាគ្រួសារតែមួយដ៏ពិតប្រាកដមែន។
ចំណុចទី៣ ជំនឿនេះយើងត្រូវតែប្រកាសនៅគ្រប់កាលៈទេសៈ “នៅពេលមានគេបៀតបៀនធ្វើបាបព្រះសហគមន៍ គ្រីស្តបរិស័ទត្រូវសុខចិត្តដើរតាមព្រះអង្គរហូតដល់ឈើឆ្កាង” នេះជាការអប់រំពីលទ្ធិព្រះសហគមន៍កាតូលិក។ សព្វថ្ងៃ យើងអាចនិយាយបានថាកូវីដ-១៩បៀតបៀនយើង កូវីដ-១៩ធ្វើបាបយើង ដោយសារកូវីដ-១៩យើងមិនអាចចូលព្រះវិហារដូចពីមុន ដោយសារកូវីដ-១៩ពីប៉ុន្មានខែកន្លងមកអស់អភិបូជានៅក្នុងភូមិភាគភ្នំពេញ ដោយសារកូវីដ-១៩ពីប៉ុន្មានខែកន្លងមកអស់អប់រំជំនឿរបៀបផ្លូវការ។ កូវីដ-១៩បានបៀតបៀនយើង ធ្វើឱ្យយើងពិបាក ក៏ប៉ុន្តែទោះបីកូវីដ-១៩បៀតបៀនយើង យើងជាគ្រីស្តបរិស័ទយើងសុខចិត្តដើរតាមព្រះអង្គរហូតដល់ឈើឆ្កាង។ នៅពេលហ្នឹង ឈើឆ្កាងរបស់យើងមិនមែនស្លាប់ទេ ប៉ុន្តែកូវីដ-១៩កំពុងសម្លាប់ព្រលឹងរបស់យើង កំពុងសម្លាប់វិញ្ញាណរបស់យើង កំពុងសម្លាប់ទំនាក់ទំនងដែលយើងបង្កើតរវាងគ្នានឹងគ្នា។ ដោយសារ កូវីដ-១៩យើងចេះតែសង្ស័យប្រហែលគាត់ជាប់ប្រយោលទី១ ទី២ ទី៣ ដោយសារកូវីដ-១៩យើងមិនហ៊ានជួបជុំគ្នា ដោយសារកូវីដ-១៩យើងបិទទ្វារព្រះវិហាររបស់យើង ឥឡូវនេះយើងបិទសកម្មភាពទាំងអស់ ដោយសារយើងមិនដឹងច្បាស់ប្រហែលៗ ប្រហែលគេមានកូវីដ ប្រហែលគេជួបអ្នកមានកូវីដ…។
កូវីដ-១៩កំពុងបៀតបៀនយើង ដូច្នេះនៅពេលនេះជាពេលវេលាដើម្បីឱ្យយើងភ្ញាក់មែនទែននៅក្នុងព្រះសហគមន៍។ ដោយដឹងថា ព្រះយេស៊ូបានទទួលការបៀតបៀនរហូតដល់សោយទិវង្គត មរណៈសាក្សីទាំងអស់ជាពិសេសនៅក្នុងទ្វីបអាស៊ីយើង បានទទួលការបៀតបៀនរហូតដល់ទទួលមរណៈភាពដោយសារជំនឿ។ ប៉ុន្តែ ជំងឺកូវីដ-១៩មិនអាចសម្លាប់ជំនឿរបស់យើងបានទេ ហេតុនេះហើយយើងជាព្រះសហគមន៍ យើងត្រូវតែគិត តើយើងត្រូវធ្វើដូចម្តេច ដើម្បីរកផ្លូវថ្មី? អ្វីដែលយើងកំពុងធ្វើនៅក្នុងខែមិថុនានេះ ជាមួយកូនក្មេងនៅក្នុងទិវាកុមារអន្តរជាតិ។ ពីប៉ុន្មានថ្ងៃកន្លងមកនៅក្នុងភូមិភាគភ្នំពេញយើងបានឃើញ យើងមានមេកាយរិទ្ធិ យើងមានមេយុវជនដែលបានដើរតាមកន្លែងមួយៗ ដើម្បីឱ្យកូនក្មេងទទួលការអប់រំខ្លះ ទទួលអំណរសប្បាយខ្លះ។ នេះជាផ្លូវដែលយើងអាចរកបាន ពីម្សិលមិញខ្ញុំបានចូលរួមនៅក្នុងសិក្ខាសាលាយុវជនភូមិភាគភ្នំពេញ មានយុវជន៩០នាក់ដែលបានចូលរួមពីចម្ងាយ (ZOOM) ដើម្បីទទួលវគ្គទី១នៃការអប់រំក្រោមប្រធានបទ “ខ្ញុំជាអ្នកដឹកនាំ” យើងមាន២វគ្គទៀត។ យើងមានរបៀបដើម្បីទៅមុខ ដូច្នេះខ្ញុំសូមរំលឹកដល់គ្រូអប់រំជំនឿទាំងអស់ក្នុងភូមិភាគភ្នំពេញ មានជាង១៥០នាក់ តើកម្មវិធីពីចម្ងាយ ឬផ្ញើឯកសារផ្ទាល់បានចាប់ផ្តើមហើយឬនៅ? ខ្ញុំមិនទាន់បានទទួលរបាយការណ៍ឬរូបថតណាមួយឡើយ ប៉ុន្តែខ្ញុំបានទទួលចំនួនបេក្ខជនដែលបានទទួលការអប់រំជំនឿ ទូទាំងភូមិភាគភ្នំពេញមានជាង៥០០នាក់។ ដូច្នេះ នេះជាពេលវេលាដើម្បីឱ្យយើងយល់ថាពិតមែនមានអ្វីមកបៀតបៀនយើង ក៏ប៉ុន្តែយើងមានមធ្យោបាយនៅក្នុងព្រះវិញ្ញាណដ៏វិសុទ្ធ ដើម្បីទៅមុខតទៅទៀត។ ការអប់រំនៃព្រះសហគមន៍ “ត្រូវតែបម្រើ និងផ្តល់សក្ខីភាពពីជំនឿ ដើម្បីទទួលការសង្រ្គោះ” បងប្អូនជាទីស្រឡាញ់ យើងមិនទទួលការសង្រ្គោះដោយអំពើដែលយើងប្រព្រឹត្ត យើងទទួលការសង្រ្គោះដោយសារជំនឿរបស់យើង។ អំពើល្អដែលយើងប្រព្រឹត្តជាផ្លែនៃជំនឿ ប៉ុន្តែជំនឿរបស់យើងសង្រ្គោះយើង។
នៅពេលនេះ យើងអធិដ្ឋានដើម្បីភ្ជាប់ជាមួយព្រះជាម្ចាស់ជានិច្ច ដើម្បីភ្ជាប់ជាមួយព្រះវិញ្ញាណដ៏វិសុទ្ធដែលណែនាំឱ្យយើងពោរពេញដោយជំនឿ និងសេចក្តីស្រឡាញ់ ដើម្បីឱ្យជំនឿរបស់យើងរីកចម្រើន ដុះឡើងនៅក្នុងដួងចិត្តរបស់យើង។ ទៅជាជំនឿមួយដែលណែនាំឱ្យយើងអាចលើកភ្នំចេញពីកន្លែងមួយទៅកន្លែងមួយ ដកដើមឈើពីកន្លែងមួយទៅកន្លែងមួយបាន លុបចោលឧបសគ្គទាំងអស់ដែលរារាំងផ្លូវដើម្បីទៅប្រកាសដំណឹងល្អ ដោយសារជំនឿយើងទទួលការសង្រ្គោះ។ អាម៉ែន៕
+ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ
អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ
ប្រទេសកម្ពុជា